ប្រតិកម្មនានាពីអង្គការសិទ្ធិមនុស្សអន្តរជាតិនឹងមិនអាចបង្អាក់ដំណើរការរបស់រដ្ឋាភិបាលក្នុងការបើកកិច្ចអង្កេតលើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលត្រូវបានបង្កើតឡើងដោយលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់គណបក្សកាន់អំណាចនៅថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យបិទអង្គការសិទ្ធិមនុស្សដ៏សំខាន់មួយនេះក្នុងប្រទេសកម្ពុជា ដោយលោកបានដាក់សង្ស័យលើអង្គការនេះថា បានបំពេញការងារតាមការបញ្ជាពីជនបរទេស។
ភ្លាមៗក្រោយការអំពាវនាវរបស់លោក ហ៊ុន សែន អង្គការសិទ្ធិមនុស្សសំខាន់ៗចំនួនពីរ គឺក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនិងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានធ្វើការរិះគន់យ៉ាងខ្លាំង ហើយចោទរដ្ឋាភិបាលបច្ចុប្បន្នថា បានប្រើអំណាចផ្តាច់ការបំបិទសិទ្ធិរបស់អង្គការសង្គមស៊ីវិល និងបានស្នើឲ្យប្រទេសម្ចាស់ជំនួយអន្តរាគមន៍បញ្ឈប់ជាបន្ទាន់នូវការប៉ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សមួយនេះ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅកាត់ថា APHR បានចាត់ទុកការប៉ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) ថាជា«ទង្វើឥតមេត្តាធម៌របស់ជនផ្ដាច់ការ»។ ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលនានានៃប្រទេសម្ចាស់ជំនួយ គួរតែស្នើជាបន្ទាន់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់កិច្ចស៊ើបអង្កេតដែលគ្មានភស្តុតាងច្បាស់លាស់មកលើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ទោះយ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ប្រតិកម្មរបស់អង្គការសិទ្ធិមនុស្សទាំងនោះ គ្រាន់តែជាការសម្តែងមតិគាំទ្រក្រុមប្រឆាំងនៅកម្ពុជា ហើយថា កម្ពុជាដែលជារដ្ឋមានឯករាជ្យភាព និងអធិបតេយ្យមិនអាចធ្វើតាមការស្នើសុំរបស់ភាគីណាមួយបាននោះឡើយ។ លោកបញ្ជាក់ថា៖
«ខ្ញុំយល់ថា ដូចជាគ្មានបញ្ហាអីពាក់ព័ន្ធជាមួយនឹងឯករាជ្យភាព និងអធិបតេយ្យកម្ពុជាដែលទទួលយកការនិយាយរបស់គាត់ទេបាទ គឺកម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យ គឺថា យើងធ្វើអ្វីត្រូវផ្អែកទៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តនីតិរដ្ឋនៅកម្ពុជា។ បាទ អត់មានប៉ះពាល់ដល់ប្រទេសណាទេ យើងធ្វើតែក្នុងក្របខណ្ឌប្រទេសយើង»។
ទាក់ទិនសេចក្តីអំពាវនាវរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលសុំឲ្យម្ចាស់ជំនួយអន្តរាគមន៍បញ្ឈប់កិច្ចស៊ើបអង្កេតនោះ លោក សុខ ឥសាន ថ្លែងយ៉ាងដូច្នេះ៖
«ហើយចំពោះការណ៍ដែលពិនិត្យលទ្ធភាពនូវអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អាហ្នឹងយើងត្រូវមើលអង្គហេតុ និងអង្គច្បាប់ឲ្យបានច្បាស់លាស់។ ហើយបើសិនណាជាអង្គហេតុ អង្គច្បាស់លាស់ហើយបាននែ៎មានពិរុទ្ធភាព ជាក់ស្តែងហើយ អាហ្នឹងគឺថា យើងមិនអាចទុកបានទេ អាហ្នឹងវាត្រូវតែអីចឹង»។
នៅក្នុងពិធីជួបជុំមួយជាមួយកម្មករក្នុងឧស្សាហកម្មកាត់ដេរ ធ្វើឡើងនៅកោះពេជ្រកាលពីព្រឹកថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច៣២ឆ្នាំមកហើយ បានព្យាយាមភ្ជាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ទៅនឹងអតីតស្ថាបនិករបស់ខ្លួន គឺប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវបានរដ្ឋាភិបាលឃុំខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិ។ លោក ហ៊ុន សែន បានលើកឡើងថា មជ្ឈមណ្ឌលនេះ គួរត្រូវបានបិទ ដោយហេតុមជ្ឈមណ្ឌលនេះ ធ្វើការបម្រើប្រយោជន៍បរទេស៖
«ការពិត អាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ អាហ្នឹងត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសហ្អ៎ា អាហ្នឹងគួរមើលក្រសួងមហាផ្ទៃ មើល។ ព្រោះអាហ្នឹង គឺថា បរទេសជាអ្នកឲ្យបង្កើត មិនមែនខ្មែរអ្នកបង្កើតទេ អាហ្នឹង។ បរទេសអ្នកឲ្យបង្កើត។ មើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញ ហ្នឹងមួយទៀត ព្រោះអាហ្នឹង ព្រោះគេថា គេឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយរយៈ ហើយគេឲ្យខ្ញុំទៅបង្កើតអង្គការក្រៅរដ្ឋាភិបាលឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស អីចឹងទេ អានេះបរទេសឲ្យបង្កើត។ អាហ្នឹងវាខុសរឿង ខុសរឿង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ដោយសំដៅទៅដល់ការអធិប្បាយរបស់លោក កឹម សុខា ពាក់ព័ន្ធនឹងការណ៍ដែលលោកថា រដ្ឋាភិបាលអាមេរិកស្នើឲ្យលោកដកខ្លួនចេញពីឆាកនយោបាយ ហើយមកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ២០០២។
VOA ព្យាយាមសុំការអធិប្បាយពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃច័ន្ទនេះ។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនិងជាសមាជិកមួយរូបរបស់សភាប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយតាមសារអេឡិចត្រូនិក ដែល VOA ទទួលបានកាលពីថ្ងៃអាទិត្យថា៖
«ការជំរុញឲ្យបិទអង្គការសិទ្ធិមនុស្សដ៏គួរឲ្យគោរពមួយនេះ គឺជាទង្វើឥតមេត្តាធម៌របស់ជនផ្ដាច់ការ ហើយវានឹងធ្វើឲ្យមានការរីករាលដាលនៃការភ័យខ្លាចក្នុងចំណោមអង្គការសង្គមស៊ីវិល»។
លោក Charles Santiago បន្តទៀតថា៖
«ការវាយប្រហាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ CCHR [មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា] គឺជាភស្តុតាងបន្ថែមទៀតនៃការរអិលកាន់តែជ្រៅទៅៗរបស់កម្ពុជាទៅក្នុងភាពផ្ដាច់ការ»។
លោក Brad Adams នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលម្ចាស់ជំនួយកម្ពុជា ត្រូវអំពាវនាវឲ្យមានការអនុញ្ញាតឲ្យមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ដែលជាក្រុមការពារសិទ្ធិមនុស្សនាំមុខមួយ បានបន្តការងាររបស់ខ្លួន។
លោកត្រូវបានដកស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍នោះ ដោយមានន័យដើមថា៖
«លោកនាយករដ្ឋមន្ត្រី កំពុងបង្ហាញការភ័យខ្លាចមិនត្រឹមតែជាមួយការបោះឆ្នោតដោយសេរីនោះទេ តែលោកថែមទាំងភ័យខ្លាចចំពោះការបញ្ចេញមតិ និងសមាគម»។
លោកបានបន្តក្នុងន័យដើមថា៖
«ដោយគ្មានក្រុមប្រឆាំងដែលស្របច្បាប់មួយក្នុងប្រទេស ប្រជាពលរដ្ឋខ្មែរត្រូវការសង្គមស៊ីវិល ដែលរស់រវើក និងមានភាពឯករាជ្យជាងពេលណាៗទាំងអស់»។
អ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា យល់ឃើញផ្សេងៗគ្នា អំពីចេតនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប៉ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាស្ថាបនិកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក ថ្លែងថា ការចោទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថាមានគម្រោងរួមគំនិតធ្វើអំពើទុច្ចរិត គឺជារឿងមួយដែលពិបាកឲ្យសាធារណជនជឿបាន ខណៈដែលមនុស្សភាគច្រើនបានយល់ឃើញដោយការពេញចិត្តទៅលើបស្ចិមប្រទេស ហើយគិតថា ចំណងទាក់ទងដែលកក់ក្តៅរបស់រដ្ឋាភិបាលនិងប្រទេសចិន បានធ្វើឲ្យខូចប្រយោជន៍ដល់ភាពដែលគួរឲ្យទុកចិត្តបានរបស់រដ្ឋាភិបាល នៅពេលធ្វើចោទប្រកាន់អំពីការជ្រៀតជ្រែករបស់បរទេស។ លោកថ្លែងយ៉ាងដូច្នេះ៖
«វាមើលទៅដូចជា វិធានការក្តៅដើម្បីស្ថិតក្នុងអំណាច ប៉ុន្តែខ្ញុំគិតថា រាល់ពេលដែលគាត់បិទអង្គការក្រៅរដ្ឋាភិបាលមួយជាឧទាហរណ៍ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្ស គាត់នឹងទាញបានការរិះគន់និងការខកចិត្តកាន់តែច្រើនឡើងពីសាធារណជនខ្មែរ»។
លោក អ៊ូ វីរៈ បានបន្ថែមថា៖
«វាគួរឲ្យចាប់អារម្មណ៍ដើម្បីមើលទៅលើហេតុផលអ្វី បានជាគាត់ចង់ធ្វើអីចឹងនៅពេលឥឡូវនេះ។ ជាយុទ្ធសាស្ត្រ វាមិនមានន័យអ្វីទាល់តែសោះ ដើម្បីបិទអង្គការដូចជា CCHR»។
អ្នកស្រី Naly Pilorge នាយកនៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា វាជាការព្រួយបារម្ភមួយចំពោះ សារាចរណែនាំរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៤ ខែសីហា ដែលបានបញ្ជូនទៅកាន់អាជ្ញាធរតាមខេត្តនានា។ សារចរនោះ បានឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលទាំងឡាយ ត្រូវជូនដំណឹងទៅអាជ្ញាធរអំពី «សកម្មភាពអ្វីក៏ដោយ» ដែលពួកគេបានធ្វើ។
អ្នកស្រីបានថ្លែងថា៖
«ខ្ញុំយល់ថា នេះប៉ះពាល់លើសង្គមទាំងមូល ដូច្នេះ វាពិតជាធ្ងន់ធ្ងរណាស់»។
អ្នកស្រី Naly Pilorge បានថ្លែងបន្តទៀតថា មិនមែនមានតែអង្គការក្រៅរដ្ឋាភិបាលទេដែលត្រូវបានគេសំដៅរក ក៏ប៉ុន្តែអ្នកកាសែត និងសូម្បីតែពលរដ្ឋក៏ត្រូវបានគេយកទៅដាក់ក្នុងពន្ធនាគារសម្រាប់ការអធិប្បាយដែលពួកគេធ្វើលើបណ្តាញសង្គមហ្វេសប៊ុក។
VOA ព្យាយាមសុំការអធិប្បាយពីអ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃច័ន្ទនេះ។ យ៉ាងណាក៏ដោយអ្នកស្រី បានបង្ហោះសារលើបណ្តាញសង្គម Twitter របស់អ្នកស្រីនៅថ្ងៃច័ន្ទនេះ ដោយបានសរសេរថា៖
«ជាកិត្តិយសរបស់ខ្ញុំ ដែលបានបម្រើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាមួយនឹងក្រុមការងារដែលមានការប្តេជ្ញាចិត្ត។ យើងតាំងចិត្តនឹងបន្តបេសកកម្មរបស់ពួកយើង ជាមួយតម្លៃស្នូលនៃអង្គការដែលមានឯករាជ្យភាព»។
កាលពីថ្ងៃអាទិត្យ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មនឹងការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេដឹងថា ត្រូវបានលើកបន្តុបឲ្យកាន់អំណាចដោយរដ្ឋាភិបាលទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយទេ ហើយថា អង្គការនេះមានឯករាជ្យដាច់ខាតពីគណបក្សនយោបាយទាំងអស់ ទោះបីជាអតីតបុគ្គលិករបស់ខ្លួនមួយចំនួន បានចូលប្រឡូកក្នុងវិស័យនយោបាយ ឬបានចូលរួមជាមួយគណបក្សនយោបាយផ្សេងៗក៏ដោយ។
សេចក្ដីថ្លែងការណ៍ដដែលនោះសរសេរថា៖
«ទោះបីជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គាំទ្រសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយយ៉ាងណាក្ដី ក៏មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពុំដែលទទួលរងឥទ្ធិពលអ្វីទាំងអស់ពីអតីតបុគ្គលិកដែលបានចូលប្រឡូកក្នុងវិស័យនយោបាយ ទោះតាមមធ្យោបាយណាក៏ដោយ»។
ចាប់តាំងពីការលាលែងពីតំណែងរបស់លោក កឹម សុខា ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះកាលពីឆ្នាំ២០០៧មក អង្គការក្រៅរដ្ឋាភិបាលមួយនេះ បានផ្លាស់ប្ដូរមេដឹកនាំចំនួនពីរលើករួចមកហើយ។
ការបិទនិងផ្អាកសកម្មភាពអង្គការក្រៅរដ្ឋាភិបាលនានា បានកើតឡើងជាបន្តបន្ទាប់ក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ដែលលទ្ធផលបានបង្ហាញថា គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូល បានទទួលការគាំទ្រជាង៤០ភាគរយ ដោយបានដណ្តើមកាន់កាប់កៅអីក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមូលដ្ឋាន ដែលធ្លាប់គ្រប់គ្រងដោយគណបក្សកាន់អំណាច។
កាលពីខែសីហា ក្រសួងការបរទេសកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការមួយធ្វើការពាក់ព័ន្ធនឹងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយលើកឡើងថា ការបិទនេះដោយសារ NDI មិនបានគោរពច្បាប់កម្ពុជា។
អង្គការ National Democratic Institute ឬវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានចាត់ទុកថា ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងបង្កើតបរិយាកាសភ័យខ្លាចគ្រប់ទិសទី ខណៈការបោះឆ្នោតជាតិ ខិតចូលមកដល់នៅឆ្នាំ២០១៨។ បន្ថែមលើអង្គការ NDI នេះ ក្រសួងមហាផ្ទៃក៏បានបិទចោល និងព្យួរអង្គការសង្គមស៊ីវិលមួយចំនួនទៀត ក្នុងនោះមានអង្គការការពារបរិស្ថានមាតាធម្មជាតិ និងអង្គការតស៊ូមតិក្នុងបញ្ហាដីធ្លី សមធម៌កម្ពុជា៕