ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ចៅ​សង្កាត់​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​សង្គ្រោះ​ជាតិ​ ​​មួយ​ចំនួន​កំពុង​ភៀស​ខ្លួន​ ​ក្រោយ​រង​ការ​គំរាម​កំហែង


រូបឯកសារ៖ ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតថ្មីនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក ជិន សុខង៉េង។(វីន ធីតា/VOA)
រូបឯកសារ៖ ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតថ្មីនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោក ជិន សុខង៉េង។(វីន ធីតា/VOA)

​រហូត​មក​ដល់​ពេល​នេះ ​អតីត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នោះ​មួយ​ចំនួន ​បាន​ចុះចូល​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក៏​ប៉ុន្តែ​ ​ភាគច្រើន​នៅ​តែ​បន្ត​ប្ដេជ្ញា​មិន​ព្រម​ចុះ​ចូល​ដែល​ជា​មូល​ហេតុ​ធ្វើ​មួយ​ពួក​គាត់​ប្រឈម​នឹង​ការ​គំរាមកំហែង​តាមរយៈ​រូប​ភាព​ផ្សេងៗ។​នេះ​បើ​តាម​ការ​អះអាង​របស់​អតីត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នេះ។​

អតីត​មេឃុំ​ ចៅ​សង្កាត់​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់មួយ​ចំនួនមក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ភៀស​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​គេ​គំរាម​កំហែង​អោយចុះចូល​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

​រហូត​មក​ដល់​ពេល​នេះ ​អតីត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នោះ​មួយ​ចំនួន ​បាន​ចុះចូល​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក៏​ប៉ុន្តែ​ ​ភាគច្រើន​នៅ​តែ​បន្ត​ប្ដេជ្ញា​មិន​ព្រម​ចុះ​ចូល​ដែល​ជា​មូល​ហេតុ​ធ្វើ​មួយ​ពួក​គាត់​ប្រឈម​នឹង​ការ​គំរាមកំហែង​តាមរយៈ​រូប​ភាព​ផ្សេងៗ។​នេះ​បើ​តាម​ការ​អះអាង​របស់​អតីត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នេះ។​

លោក​ ​ជិន សុខង៉េង​ ​អតីត​ចៅ​សង្កាត់​សាលា​កម្រើក​ ​នៅ​ខេត្ត​សៀមរាប​ ​បានកំពុង​ភៀសខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​ បន្ទាប់​ពី​លោក​បដិសេធ ​មិន​ចុះចូល​ជា​មួយ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន។

លោក​ ​ជិន សុខង៉េង​ ​បាន​អោយ​ដឹង​ថា​ពេល​នេះ​លោក​កំពុង​ភៀសខ្លួន​នៅ​ទី​ដែល​មានសុវត្ថិភាព​ ​ដោយសារ​លោក​ ត្រូវ​បាន​គេ​តាមដាន​គ្រប់​សកម្មភាព​ទាំងអស់ មិន​ថា​គាត់​នៅ​កន្លែង​ណា ឬ​ធ្វើ​អ្វី​នោះ​ទេ។​

«មាន​ក្រុម​ស្លៀកពាក់​អាវ​មិន​ស្គាល់​អត្តសញ្ញាណ ព្យាយាម​តាម​យើង​នូវ​រាល់​សកម្មភាព​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្នាក់​មូលដ្ឋាន​ សកម្មភាព​យើង​ទៅ​ណា​មាន​គេ​តាម​ឃ្លាំមើល។ ថ្មីៗ​នេះ​គឺ​មាន​សារព័ត៌មាន មាន​ការ​លេចឡើង​នូវ​ការព្រមាន​ចាប់​សកម្មជន​ហើយ​ប្ដឹង​សកម្មជន​មេ​ឃុំ​ចៅ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ ឡើង តុលាការ​ទៀត​ពាក់ព័ន្ធ​នឹង​ថា​បើ​យើង​មិន​ចូល​គណបក្ស​ប្រជាជន​ គឺ​យើង​ជា​ជន​ក្បត់ជាតិ‍»។

លោក​ ​ជិន សុខង៉េង​ ​បាន​អោយ​ដឹង​បន្ត​ថា​ នៅ​ពេល​នេះ​យ៉ាង​ហោច​ណាស់​អតីត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​ជា​៥០​នាក់​ បាន​កំពុង​ភៀស​ខ្លួន ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​

ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រី​ ​សេង ចាន់ថូ​ ​ជា​អតីត​មេឃុំ​ទ្រាល​ ​ខេត្ត​កំពង់ធំ​ បាន​អោយ​ដឹងដែរ​ថា ​ពេល​នេះ​អ្នកស្រី​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ខ្លាំង​មែនទែន ​ពី​ព្រោះ ក្រៅ​ពី​មាន​សមត្ថកិច្ច​បាន​មក​បញ្ចុះបញ្ចូល​ ​អោយ​ចុះចូល​ជា​មួយ​គណបក្សប្រជាជន​ជា​ច្រើន​លើក​ច្រើន​សារ ​ក៏​មាន​ការ​តាមដាន​អ្នក​ស្រី​ផង​ដែរ។​

អ្នកស្រី​ក៏​បាន​អោយ​ដឹង​ដែរ​ ​ទោះបី​ជា​គេ​ព្យាយាម​រក​វិធី​ដាក់​ទោស​ទណ្ឌ​បែប​ណា​ក៏​ដោយ​ ក៏​អ្នកស្រី​មិន​ចុះចូល​ដាច់ខាត។

«បើ​គេ​រក​មនុស្ស​សព្វ​បែប​សព្វ​យ៉ាង​មក​អូសទាញ​យើង​ ហើយ​យើង​នៅតែ​រឹង​ទទឹង បើ​យើង​អត់​ចុះចូល ​វា​នឹង​មាន​នីតិវិធី​ផ្សេងៗ​ដើម្បី​ធ្វើ​បាប​យើង ។ ប៉ូលិស​ឃើញ​តែ​ឆ្វែល​មួយ​ថ្ងៃ​៣​ទៅ​៤ ឬ​៥​ដង យើង​អត់​ដឹង​ថា​គេ​តាម​ពី​ណា​ប៉ុន្តែ​សំខាន់​យើង​ទៅ​ផ្សារ​ទៅ​អី​ហ្នឹង​គេ​ជិះ​ពី​ក្រោយ ។ កូន​ក៏​ច្រើន ហើយ​ខ្លួន​ឯង​ ក៏​អត់​ថវិកា​ ក៏​មិន​ដឹង​ចេញ​ទៅ​ណា ចង់​ចាកចេញ​ពី​ផ្ទះ​ដែរ​ តែ​មិន​ដឹង​ទៅ​ណា ពីព្រោះ​កូន​នៅ​តូចៗ​ច្រើន​ណាស់ ខ្ញុំ​ព្រួយបារម្ភ​ដែរ​តែ​អត់​ដឹង​ទៅ​ណា‍»។​

រូបឯកសារ៖ ទិដ្ឋភាពនៅមុខតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ខណៈពេលដែលតុលាការកំពូលរៀប​ចំ​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ទិដ្ឋភាពនៅមុខតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ខណៈពេលដែលតុលាការកំពូលរៀប​ចំ​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ (ខាន់ សុគុំមនោ/VOA)

ទើប​តែ​ឡើង​កាន់​តំណែង​បាន​ប្រមាណ​ជាង​៤​ខែ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ធ្វើការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ អតីត​ចៅ​សង្កាត់​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៥.០០០​នាក់​ បាន​បាត់​បង់​តំណែង​ភ្លាមៗ​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​គេ​រំលាយកាល​ពី​ថ្ងៃ​ទី​១៦ ​វិច្ឆិកា​នេះ។

ការ​រំលាយ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​នេះ​គឺ​ ​លោក​ ​កឹម សុខា​ ​ដោយ​ចោទ​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​បរទេស ប្រព្រឹត្ត​ ​«អំពើ​ក្បត់​ជាតិ»​ ​ដោយ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រោយ​ការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​មើល​ឃើញ​ថា ​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​របស់​បក្ស​កាន់​អំណាច​ក្នុង​ពេល​បោះ​ឆ្នោត​២០១៨​ ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ក្រុងនា​នា ​បង្កើត​ក្រុម​ការងារ​តាម​ដាន​បណ្ដាញ​ និង​សកម្ម​ភាព​ក្បត់ជាតិ​ ​ហើយ​រាយការណ៍​ជា​ប្រចាំ​ទៅ​ក្រសួង​វិញ។​

រហូត​មក​ដល់​ថ្ងៃសុក្រ​នេះ ​អតីត​ចៅ​សង្កាត់​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​ជិត​១.០០០​នាក់​នៃ​ចំនួន​សរុប​ជាង ​៥.០០០​នាក់​ បាន​ចុះចូលជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​នេះ​បើ​យោង​តាម​ការ​អះ​អាង​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជាជន។ ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង អះអាង​ថា ចំនួន​អ្នក​ចុះចូល​នោះ មាន​តិចតួច​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ ​អតីត​ចៅ​សង្កាត់ ​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​បាន​ចុះចូល​សុទ្ធតែ​បាន​អះអាង​ស្រដៀង​គ្នា​ថា ​ពួក​គាត់​ត្រូវ​បាន​គេ​បង្ខំ​ ​ហើយ​ការ​ចុះចូល​នោះ​ ក៏​ព្រោះតែ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​គំរាមកំហែង​អោយ​ចុះចូល​គណ​បក្ស​ប្រជាជន​កម្ពុជា។​

លោក​បាន​អោយ​ដឹង​ថា​ ​គណបក្ស​ប្រជាជន​ មាន​សមាជិក​គ្រប់គ្រាន់​ហើយ​ ​តែ​ការ​បើកចំហ ​អោយ​មាន​ការ​ចុះចូល​នោះ​ គឺ​គណបក្ស​ប្រជាជន​ គ្រាន់តែ​ចង់​បង្រួបបង្រួម​គ្នា ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ភូមិ​ឃុំ​ទាំងអស់​គ្នា​តែ​ប៉ុណ្ណោះ។​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា (ហ៊ាន សុជាតា/VOA)

លោក​ ​សុខ ឥសាន ​បាន​ចាត់​ទុក​ការ​ភៀសខ្លួន​របស់​អតីត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​ការ​ ​ខ្លាច​រអើល​តាម​គ្នា​តែ​ប៉ុណ្ណោះ។

«ក្នុង​ការ​ឃោសនា​ចលនា​នយោបាយ​ វា​តែងតែ​មាន​ហើយ​ តែ​បើ​អោយ​មាន​ការ​សម្លុត​គំរាមកំហែង​ គឺ​អត់​មាន​ដាច់​ខាត​ហើយ។ ការ​ញុះញង់​របស់​បងប្អូន​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង​បំភ័យ​គ្នា​ឥឡូវ​គេ​នៅ​ហ្នឹង​រាប់​រយ​រាប់​ពាន់​នាក់​ មាន​នរណា​ទៅ​ចាប់​ចង​អី​ វា​អត់។ កុំ​អោយ​តែ​យើង​ល្មើស​ច្បាប់​ អា​ហ្នឹង ​មិន​ដឹង​ធ្វើ​ម៉េច​ អា​ហ្នឹង ​រឿង​ដោយ​ឡែក។ រអើល តាម​គេ​ញុះញង់​ រអើល​តាម​គេ​ បង្អើល អា​ហ្នឹង​ចឹង‍»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​អោយ​ដឹង​តាម​រយៈ​ការ​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ លោក​នឹង​ស្វាគមន៍​ការ​ចុះចូល​ពី​អតីតមន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​គេ​រំលាយ​រហូត​ដល់​យប់​ថ្ងៃ​ទី២៦​ខែ​វិច្ឆិកា​នេះ ​ដោយ​រក្សា​តំណែង​អោយ​នៅ​ដដែល។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ លោក​បណ្ឌិត​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​ឯករាជ្យ​ បាន​ចាត់ ទុក​ការ​គំរាមកំហែង​ទៅ​លើ​អតីត​ចៅ​សង្កាត់​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គឺ​ជា​ ការ​ប្រើ​អំណាច​ ​គ្មាន​ដែន​កំណត់​របស់​គណបក្ស​កាន់​អំណាច។​ ​

លោក​បាន​បញ្ជាក់​ថា​សកម្មភាព​ទាំង​នេះ គឺ​ជា​យុទ្ធសាស្រ្ត​ក្នុង​ការ​ទាក់​ទាញ​ដើម្បី​ជំរុញ​អោយ​មាន​ការ​ចុះចូល​ ​ក៏​ប៉ុន្តែ​ វាធ្វើ​អោយ​ប៉ះ​ពាល់​ជា​ខ្លាំង​ខាង​ផ្នែក​ស្មារតី​របស់​ប្រជាជន។

«ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ទាក់ទាញ​សមាជិក​សកម្ម​របស់​គណបក្ស​ប្រឆាំង​ហ្នឹង អោយ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ហើយ​ក៏​មាន​ការ​អោយ​រង្វាន់​ផង​ ការ​កៀបសង្កត់​ផង​គឺ​ មក​ទល់​សព្វថ្ងៃ​នេះ​គឺ​ បាន​ជោគជ័យ​តិចតួច​នៅ​ឡើយ​ ដូច្នេះ​ការ​កៀប​សង្កត់​ឬ​ក៏​ការ​ទាក់ទាញ​ចេះ​តែ​នៅ​បន្ត​អញ្ចឹង​ទៅ។ ម្ល៉ោះ​ហើយ​ចេះ​តែ​មាន​ការ​ភិតភ័យ។​ អ្នក​ខ្លះ​ក៏​រត់​ចេញ​ក្រៅ​ អ្នក​ខ្លះ​នៅ​ក្នុង​ ក៏​ចេះ​តែ​ទ្រាំ​អញ្ចឹង​ទៅ។ អំណាច​ឥឡូវ​នេះ​ វា​អត់មាន​អី​ទប់​ទេ​ ពីព្រោះ ​លែង​គោរព​រដ្ឋធម្មនុញ្ញ លែង​គោរព​ច្បាប់​ដែល​មាន ‍»។

ក្រៅ​ពី​អតីត​មន្ត្រី​ឃុំ​សង្កាត់​យ៉ាងហោចណាស់​ប្រមាណ៥០​នាក់​ ដែលបាន​កំពុង​ភៀស​ខ្លួន​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ​ក្រោយ​ពី​បដិសេធ​មិន​ចុះចូល​ជា​មួយ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន ​ ​អតីត​មន្ត្រី​សំខាន់ៗ​ និង​តំណាង​រាស្ត្រ​នៃ​បក្សសង្គ្រោះ​ជាតិ ​ក៏​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

ការ​រំលាយ​ និង​ការ​បង្ក្រាប​លើ​បក្ស​ជំទាស់​ ដែល​មាន​សំឡេង​គាំទ្រ​ជាង​៤០ភាគ​រយ​ទូទាំង​ប្រទេស​នេះ​ ​រង​ការ​រិះគន់​និង​គំនាប​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរ​ជាតិ។​ ​ពួក​គេ ​បាន​ដាក់​ការ​មន្ទិល​សង្ស័យ​ទៅលើ​ការ​បោះឆ្នោត​មួយ​ ដែល​មិន​ប្រកប​ដោយ​ភាព​សេរី​ និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ខាងមុខ៕

XS
SM
MD
LG