លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យបិទអង្គការសិទ្ធិមនុស្សដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដោយសារតែអង្គការនេះ ត្រូវបានបង្កើតឡើងដោយមេដឹកនាំបក្សប្រឆាំងគឺលោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំង។
ការបង្ក្រាបទៅលើអ្នករិះគន់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី កាន់អំណាចយូរជាងគេលើលោកនេះ បានឈានទៅដល់ការរំលាយគណបក្សប្រឆាំងដ៏សំខាន់រួចទៅហើយ ហើយក៏បានគ្រប់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លះដែរ។ ការណ៍នេះ បានញ៉ាំងឲ្យមានការរិះគន់ពីប្រទេសផ្ដល់ជំនួយពីលោកខាងលិច។
លោក ហ៊ុន សែន បានថ្លែងទៅកាន់ក្រុមកម្មកររោងចក្រកាត់ដេរនៅថ្ងៃអាទិត្យនេះថា៖ «តាមពិត អាមជ្ឈមណ្ឌលសិទ្ធិមនុស្ស[កម្ពុជា] នៅទីក្រុងភ្នំពេញ អាហ្នឹងត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃមើល ព្រោះថាអាហ្នឹងបរទេសអ្នកឱ្យបង្កើត មិនមែនខ្មែរអ្នកឱ្យបង្កើតទេ»។
លោក ហ៊ុន សែន បានហៅគណបក្សប្រឆាំងថាជា«កូន»របស់អាមេរិក ហើយលោកថ្លែងទៀតថា លោកបានប្រាប់រឿងនេះ ដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅពេលដែលលោកទាំងពីរ បានជួបគ្នាក្នុងប្រទេសហ្វីលីពីនកាលពីដើមខែនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា កាលពីឆ្នាំ២០០២ មុនពេលដែលលោក បានវិលត្រឡប់ចូលឆាកនយោបាយវិញក្នុងឆ្នាំ២០០៧។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា កន្លងទៅនេះ ហើយក្រោយមក លោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារការចោទថា លោកបានរៀបចំផែនការដណ្ដើមអំណាច ដោយមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។ គណបក្សសង្គ្រោះជាតិរបស់លោក ត្រូវបានរំលាយដោយតុលាការកំពូលតាមសំណើរបស់រដ្ឋាភិបាលនៅថ្ងៃទី១៦ខែវិច្ឆិកា។
លោក កឹម សុខា បានបដិសេធការចោទប្រកាន់ប្រឆាំងនឹងរូបលោក ដោយគណបក្សប្រឆាំងចាត់ទុកថា ការណ៍នេះ គឺជាល្បិចកល ក្នុងការធានាថាលោក ហ៊ុន សែន នៅតែអាចបន្តកាន់អំណាចជាង៣ទសវត្សរ៍មកហើយនេះតទៅទៀត ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
ប្រទេសជាច្រើននៅលោកខាងលិច បានថ្កោលទោសការបង្ក្រាបរបស់រដ្ឋាភិបាលនេះ។ សហរដ្ឋអាមេរិក បានឈប់ផ្ដល់ការគាំទ្រហិរញ្ញវត្ថុសម្រាប់ការបោះឆ្នោត ហើយសហភាពអឺរ៉ុប ក៏បានគំរាមផ្ដាច់ការអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា ប្រសិនបើប្រទេសនេះ មិនគោរពសិទ្ធិមនុស្សនោះ។
តែទោះជាយ៉ាងនេះក្តី លោក ហ៊ុន សែន បានទាត់ចោលការរិះគន់នេះ។ ប្រទេសផ្តល់ជំនួយដ៏ធំជាងគេរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺប្រទេសចិន ដែលបានសម្ដែងការគាំទ្រវិធានការនានារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធានាស្ថិរភាពក្នុងប្រទេស៕