ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​ហ៊ុន សែន​ហាម​អ្នក​កាសែត​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​ដែល​នាំ​ដល់​បដិវត្តន៍​ពណ៌​


រូប​ឯកសារ៖ ស្ត្រីម្នាក់​​ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)
រូប​ឯកសារ៖ ស្ត្រីម្នាក់​​ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)

ចាប់​ពី​ខែ​កញ្ញា​មក​ សារ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ស្ថិត​ក្រោម​ការ​រឹតត្បិត​ដោយ​សារ​ការ​ប្រើ​ច្បាប់​ពន្ធដារ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​អះអាង​ថា​ វិស័យ​សារព័ត៌មាន​ ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ប៉ុន្តែ​ព្រមាន​ពួកគេ​មិន​ឱ្យ​ផ្សាយ​ព័ត៌មាន​ណា​ដែល​ឈាន​ដល់​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។

បើ​យោង​តាម​សារ​លិខិតរបស់​លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ផ្ញើ​ជូន «វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា»​ ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​វិច្ឆិកា​ ​ខាងមុខ​បានចាត់​ទុក​ថា​ វិស័យ​នេះ​ជា​អាវុធ​មុខ​ពីរ​ដែល​អាច​ជួយ​កសាង​ប្រទេស​ជាតិ​ផង​ តែ​ក៏​អាច​បំផ្លាញ​សុខ​សន្តិភាព​របស់​ជាតិ​បាន​ផង​ដែរ។

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា៖

«យើង​ក៏​ត្រូវ​មើល​ឃើញ​ផង​ដែរ​ថា​ សារព័ត៌មាន​ពិត​ជា​អាវុធ​មុខ​ពីរ។ ប្រសិន​បើ​ការ​សេរីភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ សារព័ត៌មាន​ពិត​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិមនុស្ស​ ការ​កសាង​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រើប្រាស់​សេរីភាព​ហួស​ព្រំដែន​ដោយ​បំពាន​ច្បាប់​ សារព័ត៌មាន​ពិត​ជា​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ បំផ្លាញ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជាតិ​ ហើយ​រុញច្រាន​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​យ៉ាង​ពិត​ប្រាកដ‍»។

សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ ចុះ​ថ្ងៃ​ទី​ ២៣​ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​បាន​សរសេរ​បន្ថែម​ថា៖

«រាជរដ្ឋាភិបាល​ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​សេរីភាព​តាម​បែប​អនាធិបតេយ្យ​ដោយ​បំពាន​ច្បាប់​ ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ស្រប​ច្បាប់​ជា​ដាច់ខាត»។​

ក្រៅពី​ការ​ព្រមាន​នេះ​លោក ​ហ៊ុន សែន​ បាន​អះអាង​ថា​ ដោយ​សារការ​បើកទូលាយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​វិស័យ​នេះ​មានការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​អង្គភាព​សារព័ត៌មាន​ជាតិ​ និង​អង្គភាព​សារព័ត៌មាន​បរទេស​ដែល​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៥៣០​អង្គភាព។ ​ ក្នុង​នោះ​មាន​ដូចជា​កាសែត​ផ្សាយ​ជា​ភាសា​ខ្មែរ​មាន​ចំនួន​ ១៣៩​អង្គភាព​ កាសែត​ផ្សាយ​ជា​ភាសា​បរទេស​មាន​ចំនួន​ ៤៣​អង្គភាព​ ទស្សនាវដ្ដី​មាន​ចំនួន​៣០៦​អង្គភាព​ ព្រឹត្តិបត្រ​ព័ត៌មាន​ចំនួន​៤២​អង្គភាព។ ចំណែក​វិទ្យុ​មាន​ចំនួន​២១១​ស្ថានីយ ​ទូរទស្សន៍​អនឡាញ​មាន​ចំនួន​៥៨​អង្គភាព​ និង​ការិយាល័យ​តំណាង​ទីភ្នាក់ងារ​សារព័ត៌មាន​ ការិយាល័យ​តំណាង​វិទ្យុ-ទូរទស្សន៍​បរទេស​ប្រចាំ​ការ​អចិន្ត្រៃយ៍​មាន​ចំនួន​ ២១​អង្គភាព​ជាដើម។​

ចាប់​ពី​ខែ​កញ្ញា​មក​ សារ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ស្ថិត​ក្រោម​ការ​រឹតត្បិត​ដោយ​សារ​ការ​ប្រើ​ច្បាប់​ពន្ធដារ។ ​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន​ ​ដែល​ការពារ​សេរីភាព​ព័ត៌មាន​ ​និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ស្ថានភាព​សេរីភាព​ព័ត៌មាន​ ​និង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ​ ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ភ្លាមៗ​ ​និង​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។​

កាល​ពីដើម​ខែ​កញ្ញា​ ម្ចាស់កាសែត​ ​The Cambodia Daily​ ​ដែល​បាន​ដំណើរការ​ដោយ​ពលរដ្ឋ​អាមេរិកាំង​តាំង​ពី​ឆ្នាំ​ ១៩៩៣​ បាន​បង្ខំចិត្ត​បិទ​ទ្វារ​របស់​ខ្លួន​ ដោយសារ​ខ្លួន​គ្មាន​លទ្ធភាព​បង់​ពន្ធ​ជាង ៦​លាន​ដុល្លារ​ ដែល​ខ្លួន​ចោទអាជ្ញាធរ​កម្ពុជា​ថា​ យក​តួលេខ​មិន​ច្បាស់​លាស់​មក​គាបសង្កត់​ខ្លួន​ ហើយ​ថា​ ចំណាត់​ពន្ធដារ​របស់​អាជ្ញាធរ​មាន​ចរិត​នយោបាយ។

ក្នុងខែ​កញ្ញាដដែល​នោះ​វិទ្យុ​អាស៊ីសេរី​ ​ដែល​ជា​អង្គភាព​ព័ត៌មាន​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ ​វិទ្យុ​អាស៊ីសេរី​ចោទ​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ទុក្ខ​បុកម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ និង​គូ​បដិបក្ខ ​នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​។​

ជាង​នេះទៅទៀត​ ​វិទ្យុFM​ ​ក្នុង​ស្រុក​ជាច្រើន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ពី​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​(VOD)​ក៏​ត្រូវ​បាន​ហាមឃាត់។​

ក្រុម​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ ​និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត​ ​បាន​ធ្វើ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ ការ​បង្ក្រាប​លើ​អង្គភាព​ផ្សព្វផ្សាយ​ទាំងនេះ។ អ្នកស្រី​ ​Annika Ben David​ ​ឯកអគ្គរាជ​ទូត​ស៊ុយអែត​ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​បាន​មក​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កាលពី​ខែ​តុលា បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ បើក​ឲ្យ​មាន​លំហ​ប្រជាធិបតេយ្យ​ ដូច​ដែល​ធ្លាប់​មាន​ពី​មុន​មក​ ហើយ​វិល​ត្រឡប់​ទៅ​ស្ថានភាព​ដែល​មាន​សេរីភាព​ខ្លាំង​ឡើង​វិញ​ ​និង​មាន​ការ​រឹត​បន្តឹង​តិចតួច​ សម្រាប់​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ប្រតិបត្តិការ។​

តែ​ទោះជា​យ៉ាង​ណា​ក្តី​ ​បរិយាកាស​នៃ​ការ​រឹត​បន្តឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ត្រូវ​គេ​មើល​ឃើញ​ថា​នៅ​តែ​បន្ត ហើយ​ក៏​មាន​ការ​បង្រ្កាប​លើ​អ្នកសារព័ត៌មាន​ដែល​ធ្លាប់​បម្រើ​ការ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ផង​ដែរ។ ថ្មីៗ​នេះ​ អយ្យការ​អម​តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ពីរ​រូប​ គឺ​លោកអ៊ួន ឈិន​ ​និង​លោក​យាង សុធារិន​ហៅ​យាង​សុជាមេត្តា ​ ​ពី​បទ​«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ​តាម​មាត្រា​៤៤៥​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​នឹង​ការ​ជាប់​ទោស​ ​ពី៧​ ​ទៅ​១៥ឆ្នាំ។​

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១៤​ ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៧​ ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដោយ​សង្ស័យ​ថា​ ​បាន​រាយ​ការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់​ការ​កណ្តាល​វិទ្យុ​អាស៊ីសេរី​ ​នៅ​សហរដ្ឋ​អាមេរិក។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​បាន​ពណ៌នា​ហេតុការណ៍​នៃ​សកម្មភាព​បង្ក្រាប​លើ​អង្គភាព​ព័ត៌មាន​ខាង​លើ​នេះ​ទេ​ តែ​លោក​បាន​លើក​សរសើរអ្នកសារព័ត៌មាន​ និង​ស្ថាប័ន​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ហ៊ុន សែន​ បាន​ចាត់​ទុក​ថា ​សារព័ត៌មាន​ទាំងនោះបាន​ចូលរួម​«យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​អំពី​ស្ថានភាព​នយោបាយ​ ការ​អភិវឌ្ឍ​ និង​សភាព​ការណ៍​ពិត​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ដំណាក់​កាល​ប្រទេស​ជាតិ​មាន​សង្គ្រាម​ និង​ដំណាក់កាល​ស្វែង​រក​សន្តិភាព​ រហូត​ដល់​ប្រទេស​បាន​ទទួល​សុខ​សន្តិភាព​ពេញលេញ​ និង​មាន​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន»។​

លោក​ ហ៊ុន សែន​ ក៏​បាន​ព្រមាន​អ្នក​សារព័ត៌មាន​ មិន​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ​បំប៉ោង​សភាពការណ៍​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ភាព​វឹកវរ​ អស្ថិរភាព​នយោបាយ បង្ក​ឲ្យ​កើត​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិត​ខាង​ និង​ធ្វើ​ឲ្យ​សង្គម​កើត​ចលាចល​ឈាន​ទៅ​រក​ការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ តាម​រយៈ​ចលនា​បដិវត្តន៍​ពណ៌​ដែល​ជា​អំពើ​ខុស​ច្បាប់​ មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG