ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា 


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​CCHR ​អាច​ប្រឈម​នឹង​ការ​បិទ​ទ្វារ ក្រោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា អង្គការ​នេះ​ធ្វើ​តាម​បញ្ជា​បរទេស។

នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​បាន​បញ្ជា​ឱ្យ​ក្រសួង​មហាផ្ទៃ ​ពិនិត្យ​មើល​លទ្ធភាពផ្លូវច្បាប់​ ឈាន​ទៅ​បិទ​ទ្វារ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​CCHR ​ក្រោម​ហេតុ​ផល​ថា ​អង្គការ​សិទ្ធិ​មនុស្សក្នុងស្រុក​ដ៏​សកម្ម​មួយ​នេះ​ត្រូវ​បាន​បង្កើត​ក្រោម​បញ្ជា​របស់​បរទេស។

​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​មួយ​ជាមួយ​កម្មករ​ឧស្សាហកម្ម​វាយនភណ្ឌ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅកោះ​ពេជ្រកាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ដែល​កាន់​អំណាច​៣២​ឆ្នាំ​មក​ហើយ ​បានព្យាយាម​ភ្ជាប់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​CCHR​ ទៅ​នឹង​អតីត​ប្រធាន​ស្ថាបនិក​របស់​ខ្លួន​គឺប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម ​សុខា ​ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ឃុំ​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ កឹម ​សុខា ​ដែលដណ្ដើម​បាន​ការ​គាំទ្រ​ប្រមាណ​បី​លាន​សំឡេង​កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ខែ​មិថុនា​កន្លង​ទៅ និង​កាន់​កាប់​អាសនៈ​សភា​ចំនួន​៥៥​ ត្រូវ​បាន​តុលាការ​កំពូល​ដែល​មាន​ចៅក្រម​មួយ​ចំនួន​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា​ សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ។ដោយ​យោង​លើ​វីដេអូ​ឃ្លីប​ដែល​រដ្ឋាភិបាល​ប្រើ​សម្រាប់​ដាក់​បន្ទុក​លើ​មេ​បក្ស​ជំទាស់ ​លោក ​ហ៊ុន ​សែន ​បាន​និយាយ​ថា៖

«វា​ឆ្ងាញ់​បំផុត​ត្រង់​ថា៖​ «នែ! ​គេ​ឱ្យ​ខ្ញុំ​ធ្វើ​នេះ​ហ្អែ!​ ​គេ​ឱ្យ​ធ្វើ​អ៊ីចេះ!»។ ​តាម​ពិត​ អា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​[កម្ពុជា] ​នៅ​ទី​ក្រុង​ភ្នំពេញ អា​ហ្នឹង​ត្រូវ​តែ​បិទ​ចោល​ហ្អែ ​ព្រោះ​អា​ហ្នឹង​ធ្វើ​តាម​បរទេស​ណា ​អា​ហ្នឹង​គួរ​មើល ​ក្រសួង​មហាផ្ទៃ​មើល ​ព្រោះ​ថា​អា​ហ្នឹង​បរទេស​អ្នក​ឱ្យ​បង្កើត​ មិន​មែន​ខ្មែរ​អ្នក​ឱ្យ​បង្កើត​ទេ»។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​និង​អ្នកស្រី ​ចក់ ​សុភាព ​នាយិកា​ប្រតិបត្តិ​នៃ ​CCHR ​មិន​អាច​ត្រូវ​បាន​ទាក់​ទងសុំការ​បំភ្លឺ​បាន​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ ​តែ​អ្នកស្រី ​ចក់ ​សុភាព ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅលើគណនី​អេឡិចត្រូនិក​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​ដដែល​នេះ​ថា ​CCHR​ នៅ​រក្សា​ឯករាជ្យភាព​ផ្នែក​នយោបាយ​របស់​ខ្លួន បើ​ទោះ​ជា​មាន​អតីត​បុគ្គលិក​មួយ​ចំនួន ​បាន​ហក់​ចូល​ទៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​យ៉ាង​ណា​ក្ដី។​

​អ្នក​ស្រី ​ចក់ ​សុភាព ​បាន​សរ​សេរ​ថា៖

​«ខ្ញុំ​មាន​កិត្តិយស​ដ៏​ធំ​ធេង​ក្នុង​ការ​បម្រើ​ការងារ​ឱ្យ ​CCHR ​ជាមួយ​មិត្ត​រួម​ក្រុម​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​របស់​យើង​ ​ហើយ​យើង​នៅ​រក្សា​ជំហរ ​បន្ត​បេសកកម្ម​របស់​យើង ​ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្សនៅ​ប្រទេស​កម្ពុជា​ ក្នុងមូលដ្ឋាន​នៃ​តម្លៃ​ស្ថាប័ន​ជា​ស្នូល​របស់​ខ្លួន​រួម​មាន ​ឯករាជ​ភាព ​តម្លា​ភាព ​សម​ភាព​ និងគ្មាន​ការ​រើស​អើង»។​

​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រូប​នេះបាន​បន្ត​ថា៖​

​«យើង​មាន​ជំនឿ​ចិត្ត​ថា ​រាល់​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​និងដោយ​មិន​លម្អៀង​ នឹង​ពុំ​អាច​រក​ឃើញ​សោះ​ឡើយ​នូវ​អំពើ​ឆ្គាំ​ឆ្គង​នានា ​[ប្រព្រឹត្ត​ដោយ] ​ខាង​CCHR»។​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​២០០២ ​ដោយ​លោក ​កឹម​ សុខា ​ដែល​គ្រា​នោះទើបនឹង​លា​ឈប់​ពី​តំណែង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ស្ថាប័ន​នេះ​រង​ការ​រង្គោះ​រង្គើ នៅ​ពេលលោក កឹម ​សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៥ ​និង​ក្រោយ​មក ពេល​ដែល​លោក​លា​ឈប់ទៅ​បង្កើត គណ​បក្សសិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០០៧។ ​

​លោក ​អ៊ូ វីរៈ ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នេះ ​បន្ត​ពី​លោក កឹម​ សុខា ​មុន​នឹង​លោក​លា​ឈប់​នៅ​ចុង​ឆ្នាំ​២០១៤ ​ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ​ត្រូវ​បាន​ដឹកនាំ​ជំនួស​ដោយ​អ្នកស្រី ​ចក់ ​សុភាព​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG