ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ​ណែ​នាំ​​ក្រសួង​ការពារ​ជាតិ​ ពង្រឹង​សន្តិ​សុខ​បច្ចេកវិទ្យា​ក្នុង​ផ្នែក​កង​ទ័ព


រូបឯកសារ៖ លោក​ ហ៊ុន ម៉ាណែត​ ដែល​ជាមេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ មុនក្លាយជានាយករដ្ឋមន្ត្រី បានចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក​ ហ៊ុន ម៉ាណែត​ ដែល​ជាមេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ មុនក្លាយជានាយករដ្ឋមន្ត្រី បានចូលរួមពិធីប្រគល់និងទទួលរថយន្តជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ​នេះ បាន​ណែ​នាំក្រសួង​ការពារ​ជាតិ​ឱ្យធ្វើ​ទំនើប​កម្ម​កង​ទ័ព​លើ​ការ​ហ្វឹក​ហ្វឺន គ្រឿង​បំពាក់​កង​ទ័ព ​និង​រៀប​ចំ​រចនា​សម្ព័ន្ធ ​នៃ​ក្រុម​ការងារបច្ចេក​វិទ្យា ដោយ​ផ្តោត​លើ​សន្តិ​សុខ​បច្ចេក​វិជ្ជា ដើម្បីបញ្ចៀស​ការ​វាយ​ប្រហារ​ផ្នែក​បច្ចេក​វិទ្យា​ណាមួយ។

​នៅ​ក្នុងពិធី​អប​អរ​សាទរ ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​២៨ នៃថ្ងៃ​បង្កើត​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​(៩ វិច្ឆិកា ១៩៩៥ ដល់​ថ្ងៃទី​៩ ​វិច្ឆិកា ​២០២៣) ​នៅ​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិ​សេស ​លោក ហ៊ុន ម៉ាណែត ​បាន​ណែ​នាំ​ឱ្យ​ក្រសួង​ការពារ​ជាតិ​ ​អគ្គ​បញ្ជា​ការ​ដ្ឋាន និង​បញ្ជា​ការ​ដ្ឋាន ទ័ព​ទាំង​អស់ ​យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​សន្តិ​សុខ​បច្ចេក​វិទ្យា ​ឬ​ហៅ​ថា ​Cyber-​Security។

បើ​តាម​លោក ហ៊ុន ម៉ាណែត កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កា​រប្រឈម​ហានិ​ភ័យ​សន្តិ​សុខ​«បែប​មិន​ប្រពៃណី» ដែល​រួម​មាន​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ភារវ​កម្ម ឧក្រិដ្ឋ​កម្ម​ផ្សេងៗ ​ការ​ប្រឈម​គ្រោះ​មហន្ត​រាយ​គ្រប់​ប្រភេទ និង​ហានិ​ភ័យ​សន្តិ​សុខ​ផ្នែក​ប្រព័ន្ធ​បច្ចេក​វិទ្យា។

លោកបន្ថែម​ថា​ការ​គំរាម​កំហែង​សន្តិ​សុខ​បច្ចេក​វិទ្យា គឺ​ជា​ការ​គំរាម​កំហែង​នាបច្ចុប្បន្ន ​និង​ទៅ​អនា​គត​។

លោក​ថ្លែង​ថា៖ ​«​កិច្ច​ការ​ងារ​នេះ ​គឺ​យើង​ត្រូ​វ​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ ព្រោះ​កង​ទ័ព​របស់​យើង​ទំនើប​កម្ម​ហើយ។ សូម្បី​តែ​រថ​យន្ត​ដែល​យើង​ប្រើ​សុទ្ធ​តែ​Electronic [គ្រឿង​បច្ចេកវិទ្យា​] ​រថយន្ត​ដឹក​ជញ្ជូនអំបាញ់​ម៉ិញ​នេះ ​[រថ​យន្ត​ក្បួន​] រថ​យន្ត​ខ្លះ បើ​ខូច​ទាល់​តែ​ចូល​ទៅក្នុង​រោង​ជាង​ ​ដែល​មាន​កុំព្យូទ័រ។ ​បើ​សិន​ជា​យើង​មិន​អាច​មាន​សមត្ថ​ភាព​ក្នុង​ការ​គ្រប់គ្រងនូវ​សុវត្ថិ​ភាព​ទិន្ន​ន័យ ​សុវត្ថិ​ភាព​ប្រព័ន្ធ​ទំនាក់​ទំនង​របស់​យើង ជាពិសេស​កង​ទ័ពដែល​ចាំ​បាច់​ត្រូវ​មាន​ការ​លាក់​ការ​ខ្ពស់ ​យើង​ពិបាក​»។

លោក​បន្ថែម​ថា​៖ «អ៊ីចឹង​នាយក​ដ្ឋាន​បញ្ជូន​សារ​ ទី​ចាត់​ការ​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារសូម​ពិនិត្យ​មើល​រចនា​សម្ព័ន្ធ ថា​តើ​គ្រប់​គ្រាន់​ឬទេ​បច្ចុប្បន្ន​នេះ​។ តើ​ក្រុម​IT [ក្រុម​បច្ចេកវិទ្យា] ដែល​យើ​ងមាន ត្រឹមតែ​រៀប​ចំ Internet ​នៅ​ក្នុង​អង្គភាព​ ឬ​មួយ​ប្រទាក់​ក្រឡាគ្នា​ ដើម្បីការពារ​ប្រព័ន្ធ​Cyber នៅ​ក្នុង​ ​ទូទាំង​កង​ទ័ព​ទាំង​មូល»។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគន៍​លោក ​សូ វិសុទ្ធី ​និង​លោក លីវ សុផា​ណារិទ្ធ បាន​នៅ​ឡើយ​ទេ។

លោក ជី សុផាត ​អ្នក​ស្រាវ​ជ្រាវ​លើ​វិស័យ​បច្ចេកវិទ្យា និង​ជា​អ្នកបង្កើត​មាតិកា​លើ​បណ្ដាញ​សង្គម យល់​ឃើញ​ថា ​កម្ពុជា​មិន​ទាន់​មាន​ការ​វាយ​ប្រហា​រ​ខ្លាំង​ទាក់ទង​នឹង​សន្តិ​សុខ​បច្ចេក​វិទ្យា​នេះ​នៅ​ឡើយ​ទេ។ លោក​ថា​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ឱ្យពង្រឹ​ង​និង​យក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ​បច្ចេក​វិទ្យា​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​រដ្ឋ​ ​គឺ​ជា​រឿង​ល្អ​មួយ។

​លោក​បន្ថែមថា​ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​មន្ត្រី គឺ​រដ្ឋ​ក៏​គួរ​តែប្រមូល​អ្នក​ជំនាញពី​វិស័យ​ឯក​ជន​ ដើម្បីបណ្តុះ​បណ្តាល​ប្រជា​ពល​រដ្ឋ​ឱ្យ​យល់​ដឹង​អំពី​សុវត្ថិ​ភាពបច្ចេក​វិទ្យា​នេះ​ផង​ដែរ ​ព្រោះ​វាក៏​ជា​ផ្នែក​មួយ​ ដែល​ជួយ​សន្តិ​សុខ​បច្ចេក​វិទ្យា​ មាន​ភាព​ល្អ​ប្រសើរ​ និង​កាត់​បន្ថយ​ហានិ​ភ័យ។

លោក​ប្រាប់​វីអូអេ​ថា​៖ ​«ខ្ញុំ​គិត​ថា​ជា​ឱកាស​មួយ​សម្រាប់​ទាំង​រដ្ឋាភិបាល​ ដែល​គាត់​ប្រមែ​ប្រមូល​អ្នក​បច្ចេក​ទេស ក៏​ដូចជា​ក្រុម​ហ៊ុន​ឯក​ជន​ ពង្រឹង​បន្ថែម​នៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​ ក៏​ដូច​ជា​សាលារៀន​ និង​ឧត្តម​សិក្សា​មួយ​ចំនួន​គួរតែ​រួម​បញ្ជូលមុខវិជ្ជា ព័ត៌មាន​វិទ្យា​ ដើម្បី​បង្កើន​នូវ​ធនធាន​ផ្នែក​សុវត្ថិភាព​ហ្នឹង ព្រោះ​ខ្ញុំគិតថាទាំង​អស់​ហ្នឹ​ង គឺ​ជា​ចំណុច​សំខាន់ មិន​ត្រឹម​តែ​រដ្ឋាភិបាល​ទេ សូម្បី​ក្រុម​ហ៊ុន​ឯក​ជន​ ហើយ​ជាមួយ​ប្រជា​ពល​រដ្ឋរបស់​យើង​ត្រូវ​រួម​រួមគ្នា​»។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ ក្រសួង​ប្រៃសណីយ៍​ក៏​បាន​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ស្តីពី«ការ​វាយ​តម្លៃ​កម្រិត​សន្តិសុខ​សាយ​ប័រ»ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ។

រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ លោក ខូវ ​មករា​ បាន​ថ្លែង​កាល​ពី​ខែ​កញ្ញា​ថា​ការលើក​កម្ពស់​កម្រិត​សន្តិ​សុខ​សាយប័រ​នឹង​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​លំហ​សាយប័រ​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​ធន់​ខ្ពស់ សុវត្ថិ​ភាព និង​ភាព​ជឿ​ជាក់​ពី​សំណាក់​ប្រជា​ពល​រដ្ឋ ធុរកិច្ច​ជន និង​មន្រ្តី​សាធារណៈ ហើយ​ក៏​នឹង​ចូល​រួម​ចំណែក​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​សន្តិសុខ​សាយ​ប័រ​ក្នុង​តំបន់ ក៏​ដូចជា​អន្តរ​ជាតិ ដើម្បី​រួមគ្នា​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ទាន់​ពេល​វេលា​លើ​ឧប្បត្តិ​ហេតុ​សាយប័រ ដែលលោក​ថាមាន​«លក្ខណៈ​កាន់​តែ​ស្មុគ​ស្មាញ និង​គ្មាន​ព្រំដែន​កំណត់»​។ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគម​នាគមន៍ ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កញ្ញា ​ឆ្នាំ​២០២៣​៕

XS
SM
MD
LG