ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹងឈប់​បោះពុម្ពផ្សាយកាសែត​​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ ប៉ុន្តែ​នឹង​បន្ត​ផ្សាយ​ព័ត៌មាន​តាម​​អនឡាញ


Local newspapers the Phnom Penh Post, left, and Khmer Times, right, are for sale at a newspaper's stand on a sidewalk near Monument Independence in Phnom Penh, Cambodia, Friday, Mach 1, 2024.
កាសែតភ្នំពេញប៉ុស្តិ៍ដាក់លក់នៅតូបកាសែតមួយនៅលើចិញ្ចើមផ្លូវក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍(The Phnom Penh Post) ដែល​បាន​បោះពុម្ព​ផ្សាយ​ពី​រាជធានី​ភ្នំពេញ​អស់​ជាង​៣​ទសវត្សរ៍​មក​ហើយ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១​ខែ​មីនា​ថា​ខ្លួន​នឹង​ឈប់​បោះពុម្ព​ផ្សាយ​កាសែត​ទាំង​ជាភាសាអង់គ្លេស​និង​ភាសា​ខ្មែរ​ទៀត​ហើយ​នៅ​ត្រឹម​ចុង​ខែ​នេះ ដោយសារ​ចំណូល​និង​ចំនួន​អ្នក​អាន​ធ្លាក់​ចុះ ហើយ​ម្ចាស់​ភាគហ៊ុនគ្មាន​លទ្ធភាព​ទ្រាំទ្រ​«ការ​ខាត​បែប​នេះ»​តទៅ​ទៀត​បាន។

ការផ្អាក​ការបោះពុម្ពផ្សាយកាសែត​នេះ ជា​ការ​ប៉ះពាល់​មួយទៀត​ទៅលើសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដែល​បាន​រង​សម្ពាធ​រួច​ទៅ​ហើយ​តាំង​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សំឡេង​នយោបាយ​ប្រឆាំង ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន កាល​ពី​ប្រមាណ​៨​ឆ្នាំមុន។

គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​កាសែត​នេះ បាន​ប្រកាស​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១​ខែ​មីនា​ថា៖

«ម្ចាស់​ភាគហ៊ុន​របស់​យើង បាន​ព្យាយាម​បន្ថែម​ថវិកា ហើយ​រក​ចំណូល​តាម​គ្រប់​មធ្យោបាយ ​ដើម្បី​ស្តារ​ស្ថានភាពហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​បន្ត​បោះពុម្ព​ផ្សាយ​កាសែតវិជ្ជាជីវៈ​និង​ឯករាជ្យនេះ ដែល​បាន​ដំណើរ​ការ​អស់​ជាង​៣០​ឆ្នាំ​មកហើយ»។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា៖

«អាស្រ័យ​ហេតុ​នេះ ម្ចាស់​ភាគហ៊ុន​របស់​យើង បាន​សម្រេច​ដោយ​សោកស្តាយ​យ៉ាង​ខ្លាំង​ ឈប់​បោះពុម្ព​ផ្សាយ​កាសែត​នេះ​តទៅទៀត ទាំងភាសា​អង់គ្លេស ទាំងភាសា​ខ្មែរ នៅ​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​មីនា​ឆ្នាំ​២០២៤»។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​បង្កើត​ដោយ​ជនជាតិ​អាមេរិកាំង​លោកMichael Hayes និង​អ្នក​ស្រី Kathleen O’Keefe នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រើ​ប្រាក់​ដែល​ពួកគេ​បានសន្សំ​ពេញ​មួយ​ជីវិតចំនួន​៥​ម៉ឺន​ដុល្លារ ពេល​ដែល​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ បាន​មក​ដល់​ប្រទេស​កម្ពុជាហើយ​ប្រទេស​នេះ​កំពុង​នៅ​មាន​សង្គ្រាម​នៅ​ឡើយ។

កាសែត​នេះ មានកេរ្ត៍​ឈ្មោះ​ល្បី​យ៉ាង​លឿន​ដោយ​សារ​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ​ដែល​រាយការណ៍​ចំៗ​ឥត​លាក់​លៀម ខណៈ​រក្សា​សមាន​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​និង​ប្រវត្តិ​ដ៏​ជូរចត់​របស់​ពួកគេ។ កាសែត​នេះ ក៏​ជា​ថ្នាល​បណ្តុះបណ្តាល​អ្នក​កាសែត​វ័យ​ក្មេង ដើម្បី​ចាប់​យក​អាជីព​នេះ​ដែរ។

ពេល​កាសែត​នេះ​ រំឭក​ខួប​១០​ឆ្នាំ​របស់​ខ្លួន លោក Hayes បាន​និយាយ​ថា៖ «ខ្ញុំ​ចំណាយ​ពេល​១០​ឆ្នាំ​មក​នេះ ដោយ​គ្មាន​ប្រាក់​ខែ ដោយ​ព្រួយ​អំពី​រឿង​លុយ​រាល់​ថ្ងៃ។ ការណ៍​ដែល​កាសែត​នេះ​រស់​បាន ​ជា​អាថ៌កំបាំង​សុទ្ធសាធ​ចំពោះ​ខ្ញុំ»។

លោក Hayes បាន​លក់​កាសែត​នេះ​ទៅ​ឲ្យ​សេដ្ឋី​ក្រុមហ៊ុន​រ៉ែ​អូស្ត្រាលី​លោក Bill Clough ​នៅ​ឆ្នាំ​២០០៨។ ឯករាជ្យ​ភាព​កាសែត​នៅ​រក្សា​ដដែល​ពេល​កាសែត​នេះ ត្រូវ​បាន​ប្រែ​ពី​ការ​ចេញ​ផ្សាយ​ពីរ​សប្តាហ៍​ម្តង​ទៅ​ជា​កាសែត​ប្រចាំ​ថ្ងៃ​វិញ។

ប៉ុន្តែ ពេល​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៨​ខិត​ចូល​មក​ដល់ កាសែត​នេះ ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ពន្ធ​ច្រើន​លើស​លុប ហួស​ពី​លទ្ធភាពដែល​ខ្លួន​អាច​បង់​បាន ហើយ​ក៏​ត្រូវ​បាន​លក់​ទៅ​ឱ្យ​អ្នក​ជំនួញ​ម៉ាឡេស៊ី លោក Sivakumar S. Ganapathy (ដែល​គេ​ហៅ​ថា​លោក Siva) នាយក​គ្រប់គ្រង​ក្រុមហ៊ុន AsiaPR ​ដែល​ជា​ក្រុមហ៊ុន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ម៉ាឡេស៊ី ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

កាសែត​ឯករាជ្យ​មួយ​ទៀត​គឺ​កាសែត The Cambodia Daily ក៏​បាន​បិទ​កាល​ពី​៨​ខែ​មុន​ពេល​នោះ ក្រោយ​ពី​កាសែត​នេះ ក៏​ត្រូវ​បាន​តម្រូវ​ឱ្យ​បង់​ពន្ធ​ហួស​ប្រមាណ ដោយ​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​និង​សេរីភាព​សារព័ត៌មាន​និយាយ​ថា​កាសែត​ទាំង​ពីរ​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​ដោយសារ​កាសែត​ទាំង​ពីរ​នេះ រិះគន់​រដ្ឋាភិបាល។

សេចក្តី​ថ្លែងការណ៍​របស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​ខែ​មីនា​ ​រៀបរាប់​ថា៖ «ការ​វិវត្តន៍​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​និង​ការ​ចែកចេញ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក៏​បាន​បង្ក​ការ​លំបាក​ខាង​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ដែរ»។

សេចក្តី​ថ្លែងការណ៍បន្ត​ថា៖ «តាំង​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់​មក ចំណូល​របស់​ក្រុមហ៊ុន ក៏​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង»។

កាសែត​ជា​ភាសាអង់គ្លេស ក៏​មាន​ចំនួន​អ្នក​អាន​ជា​ជន​បរទេស​ធ្លាក់ចុះ​ដែរ។ ការ​ធ្លាក់ចុះ​នេះ ចាប់​ផ្តើម​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សំឡេង​នយោបាយស​ប្រឆាំង និង​កាន់តែ​ធ្លាក់​លឿន​ថែម​ទៀត​ក្នុង​អំឡុង​និង​ក្រោយ​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។​

លោក Alan Parkhouse អតីត​និពន្ធ​នាយក​នៃ​កាសែត​នេះ បាន​និយាយ​ពី​គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​ Kamphaeng Phet ប្រទេស​ថៃ​ ថា៖ «នេះ​ជា​ថ្ងៃ​ដ៏​ក្រៀមក្រំ​និង​ជា​ការ​អាម៉ាស់​ជា​ពន់ពេក ដោយ​ឃើញ​កាសែត​ជា​ក្រដាស​បិទ។ ខ្ញុំ​គិត​ថា​កាសែត​នេះ​នៅ​ប្រឹង​ត្រដរ​បាន​មួយ​រយៈ​ដែរ ព្រោះ​វា​មិន​ចំណេញ​យូរ​មក​ហើយ។ សូម្បី​កាល​ខ្ញុំ​នៅ​គ្រប់គ្រង កាសែត​នេះ ខាត​ប្រហែល​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ឬ​ច្រើន​ជាង​នេះ»។

លោក Parkhouse ធ្វើ​ជា​និពន្ធ​នាយក ពី​ឆ្នាំ​២០១១​ដល់​២០១៥ ពេល​ដែល​កាសែត​នេះ ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​ចំនួន​២៦។

លោក​ប្រាប់​VOA​ថា៖«ខ្ញុំ​មាន​មោទនភាព​ណាស់​ចំពោះ​ជោគជ័យ​នោះ។ ទន្ទឹម​ពេល​គ្នា​នេះ វា​គួរ​ឲ្យ​អាម៉ាស់​ដែល​ឃើញ​របៀប​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​វិវត្ត ហើយ​ក្លាយ​ជា​ប្រព័ន្ធ​មិន​រិះគន់​រដ្ឋាភិបាល»។

លោក Parkhouse បន្ថែមថា៖«បទដ្ឋាន​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា បាន​ធ្លាក់ចុះ​ដល់​បាត​ក្នុង​ពេល​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ។ ខណៈ​វា​គួរ​ឲ្យ​អាម៉ាស់​ដែល​ឃើញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បិទ កាសែត​នេះ ក៏​លែង​ធ្វើ​រឿង​ទាន់​ហេតុការណ៍​និង​ដំណឹង​ក្តៅៗ ដែល​កាសែត​នេះ​ធ្លាប់​ល្បី​ឈ្មោះ​ដោយសារ​ព័ត៌មាន​ទាំងនោះ»។

លោក Bradley Murg អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស​កម្ពុជា​នៃ​អង្គការ Pacific Forum ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Honolulu សហរដ្ឋ​អាមេរិក ក៏​មាន​អារម្មណ៍​ដូច​លោក Parkhouseដែរ។

លោក​ Murg ថ្លែង​ថា៖«កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នឹង​ត្រូវ​គេ​គេ​ចងចាំ​ជា​ពិសេស​ព្រោះ​វា​ជា​កាសែត​ភាសា​អង់គ្លេសចុងក្រោយ​គេ ដែល​រាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស៊ី​ជម្រៅ​ក្នុង​ព្រះ​រាជាណាចក្រ​នេះ»។

ប៉ុន្តែចាងហ្វាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក លី តាយសេង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​បើ​ទោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​របស់​ខ្លួន ប៉ុន្តែ​សារព័ត៌មាន​នៅ​តែ​បន្ត​ដំណើរ​ការ​លើ​ប្រព័ន្ធ​អនឡាញ​ជាធម្មតា។ លោក​បន្ត​ថា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​បញ្ឈប់​បុគ្គលិក​ផ្នែក​បោះ​ពុម្ព​កាសែត​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖ «ចំពោះ​បុគ្គលិក​គឺ​យើង​នឹង​បញ្ឈប់​បុគ្គលិក​ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ពុម្ព ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ធ្វើការ​ទាក់​ទង​រឿង​អនឡាញ អ្នក​យក​សារព័ត៌មាន​ធ្វើ សរសេរ​ព័ត៌មាន​ហ្នឹង​គឺ​នៅ​រក្សា​ធម្មតា​ដដែល»៕

ប្រែសម្រួល​ដោយ លោក សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG