ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​អាមេរិកាំង​លោក Nate Thayer ដែល​បាន​សម្ភាស​ប៉ុល ពត​ ជាចុង​ក្រោយ​បាន​ស្លាប់​ក្នុង​អាយុ​៦២​ឆ្នាំ


រូបឯកសារ៖ លោក Nate Thayer អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

អ្នក​កាសែត​ជនជាតិ​អាមេរិកាំង​លោក​ Nate Thayer​ ដែល​បាន​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​រាយ​ការណ៍​អំពី​ក្រុម​ខ្មែរក្រហម ​និង​ស្ថានភាព​នយោបាយ​កម្ពុជា បាន​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​អាយុ​ ៦២ ​ឆ្នាំ ​ដោយ​ជំងឺ។ ​លោកគឺ​ជា​អ្នក​កាសែត​មក​ពី​ប្រទេស​លោក​ខាង​លិច​ម្នាក់​គត់ ​ដែល​បាន​សម្ភាស​មេ​ដឹកនាំខ្មែរ​ក្រហម​ ប៉ុល ពត​ បន្ទាប់ពី​ការ​ដួល​រំលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​របប​ខ្មែរ​ក្រហម។

លោក​ Nate Thayer ​ធ្លាប់​ជា​អ្នក​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ (The Phnom Penh Post) ​អំឡុង​ទសវត្សរ៍ ១៩៩០។​ អតីត​អ្នក​កាសែត​ខ្មែរ​មួយ​ចំនួន​ ​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​ Thayerនៅ​ចងចាំ​ថា ​អ្នក​កាសែត​អាមេរិកាំង​រូប​នេះ​ជាអ្នក​ចូល​ចិត្ត​រាយការណ៍​ព័ត៌មាន​រសើប​ និង​ហ៊ាន​ប្រថុយ​ប្រថាន​ចុះ​យក​ព័ត៌មាន​សម្រាប់​ការ​ធ្វើ​សេចក្តី​រាយការណ៍​របស់​លោក។​

អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​លោក មឿន ឈានណារិទ្ធ ​ដែល​បច្ចុប្បន្ន​ជា​សាស្ត្រា​ចារ្យ​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ បាន​បង្ហាញ​សេចក្តី​ក្រៀម​ក្រំ​ ក្រោយ​ទទួល​ដំណឹង​មរណភាព​របស់​លោក​ Thayer ដែល​លោក​ធ្លាប់​ធ្វើ​ការ​ជាមួយ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ ៣០ ​ឆ្នាំមុន។​

លោក​ មឿន ឈានណារិទ្ធ​ បាន​អធិប្បាយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ដោយ​រំឭក​ដល់​អត្ថបទ​ព័ត៌មាន​របស់លោក Nate Thayer ​ក្នុង​ន័យ​ដើមថា៖​ «ខ្ញុំតែង​តែ​អាន​អត្ថបទ​របស់​លោក​ពី​ដើម​ដល់​ចប់​ ដោយ​សារ​ទឹកដៃ​ល្អ​របស់​លោ​ក ​ទោះ​បីជា​អត្ថបទ​វែង​យ៉ាង​ណា»។​

លោក​បន្ថែម​ថា៖ ​«នៅ​ឆ្នាំ​ ១៩៩៦​ ខ្ញុំ​បាន​ទៅ​បក​ប្រែ​ឲ្យ​លោក​ ពេល​សម្ភាស​ អៀង សារី​ ក្រោយ​ផ្តាច់​ខ្លួន​ពី​ខ្មែរក្រហម។ ​នៅ​ឆ្នាំ​ ១៩៩៧ ​លោក​សុំ​ឲ្យ​ខ្ញុំ​ទៅ​បក​ប្រែ​ជូន​លោក​ ពេល​សម្ភាស​មេខ្មែរ​ក្រហម​ ប៉ុល ពត ​នៅ​តំបន់ខ្មែរ​ក្រហម។ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ ក្រោយ​ពេល​ខ្មែរ​ក្រហម​បាន​សម្លាប់​អ្នក​ដោះមីន​ជនជាតិ​អង់គ្លេស​ និង​អ្នក​បក​ប្រែ​ម្នាក់»។​

លោក ​Nate Thayer ​គឺ​ជា​អ្នក​កាសែត​ដែល​មាន​សេចក្តី​ក្លាហាន​ ក្នុង​ការ​ធ្វើ​សេចក្តី​រាយ​ការណ៍​ជុំវិញ​ក្រុម​ខ្មែរក្រហម​ និង​ជាអ្នក​ហ៊ាន​ចោទ​សួរ​សំណួរ​ដែល​ចម្រូង​ចម្រាស​ តួយ៉ាង​ពេល​លោក​ជួប​សម្ភាស​លោក​ អៀង សារី ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈ​កម្មាធិការ​មជ្ឈិម​នៃ​បក្សកុម្មុយនីស្ត​កម្ពុជា។ ​នេះ​បើ​តាម​លោក មឿន ឈានណារិទ្ធ​ ដែល​បាន​ប្រាប់​វីអូអេ​បន្ថែមនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​

រូបឯកសារ៖ លោក Nate Thayer ថ្លែងនៅក្នុងក្លឹបអ្នកសារព័ត៌មានបរទេសនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៩៧។
រូបឯកសារ៖ លោក Nate Thayer ថ្លែងនៅក្នុងក្លឹបអ្នកសារព័ត៌មានបរទេសនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៩៧។

លោក​ថ្លែង​ថា៖ ​«ទំនៀម​ទម្លាប់​វប្បធម៌​របស់​យើង​ យើង​តែង​តែ​ការ​រារែក​នឹង​សួរ​សំណួរ​ដែល​ចម្រូង​ចម្រាស សំណួរ​ដែល​ចាក់​ដោត​ខ្លាំង​ ប៉ុន្តែ​សម្រាប់​អ្នក​សារ​ព័ត៌មាន​បែប​វិជ្ជាជីវៈ​ ដូច​លោក​ Nate Thayer​ គឺ​ថា​ ទោះ​បី​ជា​ប្រឈម​មុខ​នឹង​ អៀង សារី​ ក៏​ដោយ​ អ្នក​ណា​ក៏​ដោយ​ គឺ​ថា​ សំណួរ​គាត់​គឺ​ចំ​គោល​ដៅ​របស់​គាត់​ គឺ​សំណួរ​ដែល​ចាក់​ដោត​បំផុតដើម្បី​ឆ្កឹះ​ឲ្យ​ អៀង​ សារី​ ហ្នឹង​ឆ្លើយ​សារភាព​អំពី​ទោស​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​សម័យ​ខ្មែរក្រហម។​ អាហ្នឹង​ ខ្ញុំ​ចង់​និយាយ​ថា​ ខ្ញុំ​បាន​ទៅ​បក​ប្រែ​ជា​មួយ​គាត់​ គឺ​សេចក្តី​ក្លាហាន​គាត់​ត្រង់ ​ត្រង់ហ្នឹង​មួយ»។​

លោក​បន្ថែម​ថា៖ ​«ហើយ​អ្វី​យើង​ចង​ចាំ​បំផុត​គឺ​លោក ​Nate Thayer ​បាន​បន្សល់​ទុក​នូវ​ភស្តុតាង​ប្រវត្តិសាស្ត្រ​ចុង​ក្រោយ​ក្នុង​របប​ខ្មែរក្រហម​ ដែល​បាន​សម្ភាស​ ប៉ុល ពត​ មុន​គាត់​ស្លាប់»។ ​

លោក​បន្ថែមថា​ លោក​ Nate Thayer​ បាន​សម្ភាស​ ប៉ុល ពត មុន​បងធំ​ទី ១ ​នៃ​របស់​ខ្មែរក្រហម​បាន​ស្លាប់​ ដើម្បី​ឲ្យ​គាត់​សារភាព​អំពី​ទោស​កំហុសក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​

«អ៊ីចឹងខ្ញុំ​ឃើញ​ថា ទី ១ គាត់​មាន​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​សារ​ព័ត៌មាន​ច្បាស់​លាស់។​ ទី ២ គាត់​មាន​សេចក្តី​ក្លាហាន​បំផុត​ដែល​គាត់​ជា​ជន​ជាតិ​អាមេរិកាំង​ហ្នឹង​ហើយ​ ហ៊ាន​ចូល​ដល់​តំបន់​ខ្មែរ​ក្រហម​ នៅ​អន្លង់​វែង​ រហូត​ដល់​សម្ភាស​ ប៉ុល ពត​ ទៀត។ ​ប៉ុន្តែ​ប្រហែល​ជា​គាត់​មាន​...​ចង់​និយាយ​ថា​...​បណ្តាញ​របស់​គាត់​ក្នុង​តំបន់​ខ្មែរ​ក្រហម​ ដែល​គាត់​សម្រេច​ចិត្ត​ចូល​ទៅ​ដោយ​សុវត្ថិភាព»។​

លោក ​មឿន ឈានណារិទ្ធ​ លើក​ឡើង​ទៀត​ថា ​ទឹក​ដៃ​សរសេរ​អត្ថបទ​ព័ត៌មានលោក ​Nate Thayer ​អំពី​បញ្ហា​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​នយោបាយ​ និង​បញ្ហា​ប្រទេស​ជាតិ​ផ្សេង​ទៀត​ បាន​ជំរុញ​ទឹក​ចិត្ត​លោក​ប្រែ​ក្លាយ​ខ្លួន​ជាអ្នកសរសេរ​អត្ថបទ​ព័ត៌មានស្រាលៗ​មក​ជា​ការ​សរសេរ​ព័ត៌មាន​នយោបាយ​ធំៗ​ និង​ពេល​ខ្លះ​ជា​ព័ត៌មាន​បែប​វិភាគ។​

លោក​ថ្លែង​ថា៖ ​«គាត់​តែង​សរសេរ​ព័ត៌មាន​ស៊ីជម្រៅ​ ព័ត៌​មាន​បែប​ស៊ើប​អង្កេត​ ព័ត៌មាន​ទាក់​ទង​នឹង​នយោបាយ​ធំៗ​ ទាក់​ទង​នឹង​បញ្ហា​ប្រទេស​ជាតិ​ធំៗ​ អ៊ីចឹង ខ្ញុំចាប់​ផ្តើម​មើល​ទឹកដៃ​របស់​គាត់​ របៀប​សរសេរ​របស់​គាត់​ តើ​គាត់​សរសេរ​យ៉ាង​ម៉េច​ ហើយ​ខ្ញុំ​រៀន​ធ្វើ​តាម។...អ៊ីចឹង​ ខ្ញុំ​រៀន​ធ្វើ​តាម​គាត់​រហូត​ដល់​ខ្ញុំ​អាច​កែប្រែ​ខ្លួន​ជា​អ្នក​សរសរ​ព័ត៌មាន​របៀប​កំប្លុក​កំប្លែង​ ព័ត៌មាន​ស្រាលៗ​ហ្នឹងទៅ​ជា​អ្នក​សរសេរ​ព័ត៌មាន​បែប​ស៊ីជម្រៅ​ដូច​គាត់​ដែរ។ ​ខ្ញុំ​អាច​សរសេរ​ព័ត៌​មាន​បែប​ស៊ើប​អង្កេត ​សរសេរ​ព័ត៌មាន​បែប​វិភាគ»។

បើ​តាម​លោក ​មឿន ឈានណារិទ្ធ​ ដែល​ចូល​បម្រើ​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​កក្កដា​ ​ឆ្នាំ​ ១៩៩២​ នោះ​ លោក​ Nate Thayer​ ក្រៅ​តែ​ជា​អ្នក​កាសែត​ដែល​ចូល​ចិត្ត​រាយ​ការណ៍​ពី​ដំណឹង​រសើប​ និង​បែប​ស៊ើប​អង្កេត​នោះ​ លោក​ក៏ជា​អ្នក​ស្រឡាញ់​បរិស្ថាន​ និង​សត្វ​ព្រៃមួយ​រូប​ផង​ដែរ​ ដោយ​លោក​ធ្លាប់​ស្រាវជ្រាវរក​គោ​ព្រៃ​នៅ​ប្រទេស​កម្ពុជា។​

លោក​ Nate Thayer ​អ្នក​កាសែត​សញ្ជាតិ​អាមេរិកាំង​ដែល​តាម​ប្រមាញ់​រឿង​រ៉ាវ​នៃ​ជម្លោះ​ក្នុង​តំបន់​ព្រៃ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ ហើយ​ក៏ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​នៅ​លោក​ខាង​លិច​ចុង​ក្រោយ​គេ​ ដែល​បាន​សម្ភាស​មេ​ដឹកនាំ​របប​ប្រល័យ​ពូជសាសន៍​គឺ​ ប៉ុល ពត​ នោះ​ បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ Massachusetts ​សហរដ្ឋ​អាមេរិក​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ នេះ​បើ​តាម​កាសែត The Washington Post។

កាសែត​ The Washington Post ​បាន​ស្រង់​ពាក្យ​ពេចន៍​កោត​សរសើរ​របស់​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរ​ជាតិ​ (International Consortium of Investigative Journalist)​ ចំពោះ​លោក​ Nate Thayer ​កាលពី​ឆ្នាំ​ ១៩៩៨​ ក្នុង​ន័យ​ដើម​ថា៖ «លោក [Nate Thayer] ​បាន​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ដែល​អាច​បាត់​បង់ បើ​គាត់​មិន​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ក្នុង​តំបន់​ព្រៃ​នៅ​ប្រទេស​កម្ពុជា»។​

កាសែត​ The Washington Post ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ទៀត​ថា អ្នក​កាសែត​នៅ​លោក​ខាង​លិច​ផ្សេង​ទៀត​ដែល​បាន​ធ្វើដូច​លោក​ Nate Thayer ​គឺ​មាន​អ្នកស្រី ​Elizabeth Becker ​និង​លោក​ Richard Dudman។ ​

រូបឯកសារ៖ ប៉ុល ពត​ មេដឹកនាំខ្មែរក្រហម ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅអន្លង់វែង នៃប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩៨។
រូបឯកសារ៖ ប៉ុល ពត​ មេដឹកនាំខ្មែរក្រហម ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅអន្លង់វែង នៃប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩៨។

ក្នុង​ពេល​សម្ភាស​ជាមួយ​ ប៉ុល ពត​ នោះ​ លោក​ Thayer ​បាន​សួរ​អំពី​ការ​សម្លាប់​រង្គាល​ ដោយ​លើក​ឡើង​ថា៖ ​«តើ​អ្នក​ឯង​ទទួល​ត្រូវ​ទេ?»។ ​ប៉ុល​ ពត​ ឆ្លើយ​ថា៖ ​«ខ្ញុំ​គ្រាន់​តែ​បាន​សម្រេច​ចិត្ត​លើ​កិច្ចការ​ដែល​ពាក់​ព័ន្ធ​មនុស្ស​សំខាន់ៗ​ប៉ុណ្ណោះ»។ ​ប៉ុល ពត ​បន្ថែម​ថា៖ ​«ខ្ញុំមិន​មើល​ការ​ខុស​ត្រូវ​អ្នក​មាន​ឋានៈ​ទាប​ទេ»។ ​នេះ​បើ​តាម​កាសែត​ The Washington Post ​ដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រួសារ​លោក​ Thayer ​មាន​ទំនាក់​ទំនង​ស៊ីជម្រៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​សារ​ឪពុក​បង្កើត​លោក​ធ្លាប់​ធ្វើការ​ងារ​ទូត​នៅ​ទីក្រុង​ហុងកុង ​និង​តៃប៉ិ។​

បើតាម​គេហទំព័រ​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ​ (International Consortium of Investigative Journalist)​ លោក​ Nate Thayer ​ក៏ធ្លាប់​ជាអ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា​ (Far Eastern Economic Review) ​ដែល​ស្ថិត​ក្នុង​ទីក្រុង​ហុងកុង។ ​

គេហទំព័រ​នេះ​ឲ្យដឹង​ថា ​កាលពី​ខែ​តុលា​ ឆ្នាំ​ ១៩៩៧​ លោក​ Thayer ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទី​បញ្ជាការ​ខ្មែរ​ក្រហម​នៅ​តំបន់​ដាច់​ស្រយាល​ប៉ែក​ខាងជើង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ ​ប៉ុល ពត ​ដែល​ជា​បទ​សម្ភាសន៍​ដំបូង​គេ​ ក្នុង​រយៈពេល​ ១៨​ ឆ្នាំ​ចុង​ក្រោយ មុន​ការ​ស្លាប់​របស់ ​ប៉ុល ពត​ ដែល​ជា​មេដឹកនាំ​ខ្មែរក្រហម​ ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​ពលរដ្ឋ​កម្ពុជា​ជាង​ ១​ លាន​នាក់​ នៅ​ចន្លោះ​ឆ្នាំ ១៩៧៥​ និង​ ១៩៧៨។ ​ប៉ុល ពត ត្រូវ​បាន​គេ​ឃុំខ្លួន​ក្នុង​ផ្ទះ​ និង​នាំ​មក​កាត់​ទោស​ពី​ក្បត់​ជាតិ ​ដោយ​ថ្នាក់​ដឹកនាំ​ខ្មែរក្រហម​ដែល​បាន​ដក​គាត់​ចេញ​ពី​មុខ​តំណែង​ដឹកនាំ។ ​

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ហៅកាត់​ថា​ DC-CAM​ លោក​ ឆាំង យុ ​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មរណភាព​របស់​លោក ​Nate Thayer ​គឺ​ជា​ការ​បាត់​បង់​ធន​ធាន​នៃ​អ្នក​យក​ព័ត៌មាន​ដ៏​កម្រ​មួយ។ ហើយ​លោក​ថា អ្នក​កាសែត​អាមេរិកាំង​រូប​នេះ​បាន​ជួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ទាក់​ទិន​នឹងរបប​ខ្មែរ​ក្រហម។​

លោក​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​តាម​ន័យ​ដើម​ថា៖​ «យើង​ដឹង​ថា គាត់​ឈឺ​ខ្លាំង​ មុន​ពេល​គាត់​ស្លាប់។ ​ប៉ុន្តែ​វាជា​អារម្មណ៍​គួរ​ឲ្យ​សោក​សង្រេង​ចំពោះ​ការ​បាត់​បង់​អ្នក​យក​ព័ត៌មាន​ឯករាជ្យ​រូប​នេះ​ ដែល​ជា​ធន​ធាន​ពិបាក​រក​បាន​នា​ពេល​បច្ចុប្បន្ន​នេះ»។​

លោក​បន្ថែម​ថា៖​ «គាត់​បាន​ជួយ​យើង​ស្វែង​រក​ការ​ពិត​ នៅ​ពេល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ចាប់​ផ្តើម​ស៊ើប​អង្កេត​កាន់​តែ​ជ្រៅ​នៅ​តំបន់​អន្លង់​វែង»។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ខៀវ កាញារីទ្ធ ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម ​តែ​គ្មាន​ការ​ឆ្លើយ​តប​ គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ប៉ុន្តែ​លោក​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​បញ្ជាក់​ពី​ការ​ស្លាប់​របស់​លោក​ Nate ​Thayer ​កាល​ពី​ពីរ​ថ្ងៃ​មុន។ ​លោក​អត្ថាធិប្បាយ​ថា៖ ​«Nate Thayer ​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ និង​ជា​អ្នក​កាសែត​បស្ចិម​ប្រទេស​តែ​ម្នាក់​គត់​ ដែល​បាន​ធ្វើ​សម្ភាស​ ប៉ុល ពត ​ក្រោយ​ ៧ ​មករា​ ១៩៧៩​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី ​៣ ​មករា​ ២០២៣​ នេះ​ហើយ។ ​សូម​ព្រលឹង​លោក​បាន​ទៅ​កាន់​សុគតិភព»។​

ក្នុង​អាជីព​ជាអ្នក​កាសែត​ លោក​ Nate Thayer ​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជាច្រើន​ផង​ដែរ ​ក្នុង​នោះ​មាន​ពាន​រង្វាន់​ខ្លះ​លោក​ទទួល​បាន​ពី ​Overseas Press Club of America Award British Press Award និង​ក្រុម​អ្នក​កាសែត​ស៊ើប​អង្កេត​អន្តរជាតិ​ (International Consortium of Investigative Journalist)។​

អ្នក​កាសែត​ខ្មែរ​ខ្លះ​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក​ Thayer​ ថា អ្នក​កាសែត​អាមេរិកាំង​រូប​នោះ​ ពេល​ធ្វើ​ការ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ជា​មនុស្ស​រួស​រាយ​ និង​ជា​អ្នក​ចូល​ចិត្ត​ហែល​ទឹក​ផង​ដែរ ​ដោយ​លោក​អាច​ហែល​ទឹក​ពី​មុខ​ព្រះ​បរម​រាជ​វាំង​ទៅ​ត្រើយ​ម្ខាង​ទៀត​ រួច​ហែល​ត្រឡប់​មក​វិញ៕

XS
SM
MD
LG