ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅហ្វាយ​ថ្មី​របស់​កាសែត​ឌឹ​ភ្នំពេញ​ប៉ុស្តិ៍​ បណ្ដេញ​បុគ្គលិក​ខ្លួន​ចេញ​ពី​ការងារ


លោក កៃ គឹមសុង (ពាក់វែនតា) និពន្ធនាយកកាសែតឌឹ​ភ្នំពេញ​ប៉ុស្តិ៍ និយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីរូបលោកត្រូវបានបណ្តេញចេញពីការងារ​ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

លោក កៃ​ គឹមសុង និពន្ធ​នាយក​កាសែត​ឌឹ​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ​បាន​បញ្ជាក់​ថា​ លោក​បាន​ធ្វើ​ការ​ទៅតាម​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​លោក​ ហើយ​ថា​ការ​បណ្ដេញ​ចេញ​នេះ​ ជា​សិទ្ធិ​របស់​​ម្ចាស់​ថ្មី​នៃ​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​(The Phnom Penh Post)​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​បណ្ដេញ​និពន្ធ​នាយក​របស់ខ្លួន​ដែល​ជា​ជន​ជាតិខ្មែរ​ចេញ​ពី​ការងារ បន្ទាប់​ពី​ការ​ចេញផ្សាយ​អត្ថបទ​មួយ​ ​ដែល​ភ្ជាប់​ម្ចាស់​ថ្មី​របស់​កាសែត​នេះ​ ទៅ​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ ​ហ៊ុន សែន។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​និពន្ធ​នាយក​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ ​និង​បុគ្គលិក​របស់​កាសែត​នេះ។

លោក កៃ គឹមសុង​ ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ ​បាន​ប្រាប់​ ​VOA​ ​ក្រោយ​ការ​ប្រជុំ​មួយ​ជា​មួយ​ក្រុម​សហការី​របស់​លោក​ដែល​ស្ថិត​ក្នុង​កម្រិត​ដឹកនាំ​នៃ​កាសែត​នេះ​ថា៖​ ​

​«តាម​ ​owner[ម្ចាស់] ​ថ្មី​ ​គាត់​គិត​ថា​ ​បង​បាន​សាង​កំហុស​ដ៏​ធំ​មួយ​ គឺ​អនុញ្ញាត​ឲ្យ​អត្ថបទ​មួយ​ចេញ​នៅ​ទំព័រ​មុខ​ គឺ​អត្ថបទ​ពាក់​ព័ន្ធ​រឿង​លក់​ភ្នំពេញ​ប៉ុស្តិ៍​ ហើយ​ក្នុង​នាម​ជា​ ​editor-in-chief ​ ​[និពន្ធ​នាយក] គេ​គិត​ថា​ មិន​គួរ​ឲ្យ​ចេញ​អត្ថបទ​ហ្នឹង​ទេ​ កាលណា​ចេញ​អត្ថបទ​ហ្នឹង​គឺ​ គឺ​ជា​ការ​សាង​កំហុស​ដ៏​ធំ​មួយ។​អ៊ីចឹង​ក្រុមហ៊ុន​មិន​អាច​ទទួលយក​បាន​ ក្រុមហ៊ុន​ថ្មី​មិន​អាច​ទទួល​យក​បាន​ទេ»។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ១៩៩២ ​ដោយ​មាន​លោក Bill Clough​ ​សញ្ជាតិ​អូស្ត្រាលី​ជា​ម្ចាស់​ ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​វិនិយោគ​សញ្ជាតិ​ម៉ាឡេស៊ី​ឈ្មោះ​ Sivakumar S.Ganapathy (Siva)​ ​ដែល​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ឈ្មោះ​ Asia PR​ ​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​ម៉ាឡេស៊ី។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​លោក​ Bill Clough ​ប្រធាន​ក្រុមហ៊ុន​ ​Post Media Ltd និង​សេចក្ដី​រាយការណ៍​ជាតិ​ និង​អន្តរជាតិនានា​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

សេចក្ដី​រាយ​ការណ៍​របស់​សាជីវកម្ម​ផ្សាយ​របស់​អូស្ត្រាលី​ ​(ABC)​បាន​ឱ្យ​ដឹង​ថា ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​បាន​ប្រឈម​នឹង​ការ​កំណត់​បង់​ពន្ធ​ ជា​ទឹក​ប្រាក់​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​មុន។

ទីតាំងស្លាកកាសែតភ្នំពេញប៉ុស្ដិ៍នាបន្ទប់ព័ត៌មានរបស់ខ្លួនក្នុងខណ្ឌចំការមន រាជ​ធានីភ្នំពេញ កាលពីល្ងាច​ថ្ងៃទី០៧ ​ខែឧសភា​ ឆ្នាំ២០១៨​ ពេល​ដែល​លោក​និពន្ធ​នាយក ​កៃ ​គឹមសុង ​ត្រូវ​បាន​បណ្ដេញ​ចេញ​
ទីតាំងស្លាកកាសែតភ្នំពេញប៉ុស្ដិ៍នាបន្ទប់ព័ត៌មានរបស់ខ្លួនក្នុងខណ្ឌចំការមន រាជ​ធានីភ្នំពេញ កាលពីល្ងាច​ថ្ងៃទី០៧ ​ខែឧសភា​ ឆ្នាំ២០១៨​ ពេល​ដែល​លោក​និពន្ធ​នាយក ​កៃ ​គឹមសុង ​ត្រូវ​បាន​បណ្ដេញ​ចេញ​

សេចក្ដី​ប្រកាស​របស់​លោក Clough បាន​និយាយ​ថា ​បញ្ហា​ពន្ធដារ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​ពេល​កន្លងមក​ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​កាសែត​នេះ ​ត្រូវ​បាន​លុបចោល​រហូត​ដល់​បណ្ដឹង​ឧទ្ធរណ៍​បាន​បញ្ចប់។​

​លោក​បាន​អះ​អាង​ថា ​ការ​លក់​នេះ​គឺ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។

​ក្រោយ​ការ​ប្រកាស​ផ្ទេរ​សិទ្ធ​របស់​កាសែត ទៅ​ឱ្យ​អ្នក​វិនិយោគ​សញ្ជាតិ​ម៉ាឡេស៊ី ​ឈ្មោះ​ ​Sivakumar S. Ganapathy​ អ្នក​សារព័ត៌មាន​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​អត្ថបទ​ទំព័រ​មុខ​មួយ​ស្តីពី​ការ​លក់​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ​ដោយ​បញ្ជាក់​ថា​ ម្ចាស់​ថ្មី​របស់​ពួកគេ​ ធ្លាប់​បាន​ជួយ​ដល់​ ​លោក​ ​ហ៊ុន សែន​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​ឱ្យ​ទទួល​បាន​ការ​គាំទ្រ​និង​ស្ថិត​ក្នុង​អំណាច។

លោក​ ​កៃ គឹមសុង​ ​ថ្លែង​ថា​ការ​បណ្ដេញ​រូប​លោក​ចេញ​ពី​ការងារ​នៅ​ថ្ងៃ​ចន្ទ​នេះ​ គឺ​ការ​សម្រេចចិត្ត​របស់​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្មី​ ​ហើយ​ថា​ការ​បណ្ដេញ​ចេញ​នេះ​ គឺ​ធ្វើ​ឡើង​ភ្លាមៗ​ ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​នោះ​ឡើយ។

លោក​មាន​ប្រសាសន៍​ទៀត​ថា​ ​ពេលវេលា​ដែល​លោក​បាន​បម្រើការ​ជាមួយ​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចាស់​ គឺ​ជា​ដំណើរ​មាន​ន័យ​មួយ​ តែ​សម្រាប់​តែ​អ្នក​ថ្មី​ គឺ​ជា​អ្វី​ដែល​លោក​មិន​អាច​ពណ៌នា​បាន។

លោក ​កៃ​ គឹមសុង​ ​ដែល​ជា​អតីត​អ្នក​យក​ព័ត៌មាន​ ​និង​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​របស់​កាសែត​ The Cambodia Daily​ ​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​លោក​មិន​ដឹង​ប្រាកដ​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ក្រោយ​ការ​បណ្ដេញ​ចេញ​នេះ​នៅឡើយ​ទេ។

«ហ្នឹង​ហើយ​ ព្រោះ​ជំនាញ​របស់​បង​មាន​ខាង​សារព័ត៌មាន​ហ្នឹង​ ព្រោះ​បង​អត់​ដឹង​ថា​ត្រូវ​ធ្វើ​អី​ផ្សេង​ទៀត​ទេ។ មាន​តែ​ពីរ​ បើ​មិន​ទៅ​ធ្វើ​កាសែត​ ទៅ​លក់​លត​ឆា»។

ទស្សនាវីដែអូខ្លីជំុវិញការបណ្តេញលោក កៃ គឹមសុង នាយកនិពន្ធនៃកាសែតឌឺភ្នំពេញបុស្តិ៍

អត្ថបទ​ដែល​នាំ​ដល់​ការ​បណ្ដេញ​លោក​ កៃ គឹមសុង​ ​ត្រូវ​បាន​ចេញ​ផ្សាយ​លើទំព័រមុខ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​មាន​ដាក់​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា​ ​PR Firm linked to PM buys The Post​ ​ឬ​ជា​ភាសា​ខ្មែរ​ថា «ក្រុមហ៊ុន​ PR ​មាន​ទំនាក់​ទំនង​នឹង​នាយក​រដ្ឋ​មន្ត្រី​ទិញ​ឌឹ​ ប៉ុស្តិ៍»។​

សេចក្ដី​រាយការណ៍​នោះ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ត្រូវ​បាន​លក់​ទៅ​ឲ្យ​លោក Sivakumar​ Ganapathy​ ​ដែល​ជា​វិនិយោគិន​សញ្ជាតិ​ម៉ាឡេស៊ី​ ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ ​ដែល​កាល​ពី​ពេល​កន្លង​មក​បាន​ធ្វើ​ការ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

សេចក្ដី​រាយការណ៍​ដដែល​ ត្រូវ​បាន​សរសេរ​ដោយ​យោង​ទៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន Asia PR ក្នុង​ន័យ​ដើម​ថា​ ​អតិថិជន​ចាស់​របស់​ក្រុមហ៊ុន​ Asia PR​ ​រួមមាន​ «ប្រទេស​កម្ពុជា​ និង​ការ​ចូល​ទៅ​កាន់​តំណែងរដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​»​ ឬ​ជា​ភាសា​អង់គ្លេស​ ត្រូវ​បាន​សរសេរ​ថា​ «Cambodia and Hun Sen's entry into the Government seat»។​

សេចក្ដី​រាយការណ៍​បាន​បញ្ជាក់​ឲ្យដឹង​បន្ត​ថា​ក្រុមហ៊ុន​ Asia PR​ ​ធ្លាប់​បាន​ដំណើរ​ការ​កាសែត​គាំទ្រ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ ​The Cambodia Times​ ​អស់ រយៈពេល​ជាច្រើន​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ទសវត្សរ៍​១៩៩០។

សេចក្ដីរាយការណ៍ ​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ​សេចក្ដី​រាយការណ៍​ដាច់​ដោយ​ឡែក​បី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​លោក​ ​Chen Lip Koeng​ ​ដែល​ជា​នាយក​ប្រតិបត្តិកាស៊ីណូ​ ​NagaCorp​ ​គឺ​ជា​ម្ចាស់​កាសែត​ The Cambodia Times។​

សេចក្តីថ្លែងការរបស់លោក Sivakumar​ Ganapathy ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញ Twitter

​របាយការណ៍​បាន​ពណ៌នា​ថា​ លោក​ ​T Mohan​ ​គឺ​ជា​ការី​និពន្ធ​គ្រប់​គ្រង​កាសែត​ The Cambodia Times​ ​ដែល​ឥឡូវ​លោក​ជា​ម្ចាស់​កាសែត​ Khmer Times​ ដែល​តាម​សារ​បែក​ធ្លាយ​ដ៏​មាន​សក្ដានុពល​មួយ​បាន​ឲ្យដឹង​ពី​ទំនាក់​ទំនង​របស់​កាសែត Khmer Times​ ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ NagaCorp​ និង​សមាជិក​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​លើកឡើង​តែ​ឈ្មោះ​ Manith​ ដែល​បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ដល់​សេចក្ដី​រាយការណ៍​របស់​ខ្លួន​ និង​លោក​ ​Mohan​ ​ដែល​បាន​ផ្ដល់​ការ​បំភ្លឺ​ថា​ ​លោក​មិន​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ ​Sivakumar​ ​នោះ​ទេ។​

​លោក​ Sivakumar​ ​បាន​ទាត់​ចោល​ខ្លឹម​សារ​អត្ថបទ​ទំព័រ​មុខរបស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​ដែល​និយាយ​ពី​ការ​ជាប់​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​កាស៊ីណូ​ NagaCorp​ និង​ឈ្មោះ Manith ដែល​លោក​អះអាង​ថា​លោក​មិន​ស្គាល់​នោះ​ឡើយ។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​លោកSivakumar​ ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​អាទិត្យ។​ ​សេចក្ដី​ប្រកាស​នោះ​ ក៏បាន​បញ្ជាក់​ឲ្យដឹង​ពី​ការ​លុបចោល​កុងត្រា​អ្នកកាសែត​ពីរ​នាក់​ទៀត​ ​រួម​មាន​លោក​ Brendan O'Byrne ​និង​លោក​ Ananth Baliga​ ដែល​សរសេរ​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

លោក​ Ananth​ ​បាន​សរសេរ​លើ​គណនី​ប្រព័ន្ធ​ ​Twitter របស់​លោក​តាម​ន័យ​ដើម​ថា៖

«ម្ចាស់​កាសែត​ @phnompenhpost បាន​បញ្ជា​ឲ្យ​ពួក​យើង​ទម្លាក់​ចោល​អត្ថបទ​និយាយ​លម្អិត​ពី​ការ​លក់​កាសែត។​ ​ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ធ្វើការ​នៅ​ឌឹ​ប៉ុស្តិ៍​វិញ​ទេ។ ខ្ញុំ​ត្រូវ​បាន​ធ្វើ​ឲ្យ​កើត​ទុក្ខ​ជាទីបំផុតដោយ​ការណ៍​ដែល​មិន​អាច​បាន​ធ្វើ​ការ​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​អ្នកកាសែត​ឆ្នើមៗ​ដែល​ខ្ញុំ​បាន​ស្គាល់។​ ខ្ញុំ​សូម​ជូនពរ​ឲ្យ​ពួកគេ​ជួប​អ្វី​ដែល​ល្អ»។

ចំណែក​លោក​ ​Chad Williams​ ​អតីត​និពន្ធ​នាយក​កាសែត​នេះ​ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​របស់​ Reuters ថា ​រដ្ឋាភិបាល​ប្រហែល​ជា​បង្ខិតបង្ខំ​ឲ្យ​មាន​ការ​លក់​កាសែត​នេះ។​ ​លោក​ត្រូវ​បាន​ស្រង់​សម្ដី​ក្នុង​ន័យ​ដើម​ថា៖

«មើល​ពី​ខាង​ក្រៅ​ឃើញ​ថា ​បញ្ហា​រំខាន​បំផុត​នោះ​គឺ​ពេល​វេលា​នៃ​ការ​ទូទាត់​វិក្កយបត្រ​ពន្ធ ​និង​ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍»។

លោក Williams ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ​«នេះ​ជា​ការ​រំខាន​ខ្លាំង​ណាស់​ ព្រោះ​វា​នាំឲ្យ​គេ​អាច​យល់​បាន​ថា​រដ្ឋាភិបាល​កម្ពុជា​អាច​ប្រើប្រាស់​ការ​គំរាម​កំហែង​បិទ​កាសែត​នេះ​ដើម្បី​បង្ខំ​ឲ្យ​លក់»។

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ដ៏​យូរ​មួយ​របស់​កម្ពុជា​ យល់ថា​ ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ គ្មាន​ទាក់ទង​អ្វី​ជាមួយ​រដ្ឋាភិបាល​ទេ។

«ទៅ​និយាយ​ចុង​ អា​ហ្នឹង​គេ​លក់​ដូរ​ គេ​ធ្វើ​កិច្ច​សន្យា​ទ្វេភាគី​ មាន​រដ្ឋាភិបាល​ណា​ទៅ​លូក​ដៃ​ចូល​ហ្នឹង។ អា​ហ្នឹង​អ្នកណា​ អ្នក​និយាយ​អា​ហ្នឹង​ជា​ការ​និយាយ​ដោយ​លម្អៀង​ទៀត​ហើយ​បាទ។​ អា​ហ្នឹង​មាន​ទៅ​ គេ​លក់​ដូរ​មានតែ​អ្នកទិញ​មាន​អ្នក​លក់​តែ​ប៉ុណ្ណឹង​ទេ​ ហើយ​បើ​ទៅ​និយាយ​គឺថា​ អ្នក​នេះ​លូក​ដៃ​ អ្នក​នេះ​លូក​ជើង​ អា​ហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ​បាទ»។

លោក​បាន​ស្នើ​ឲ្យ​អ្នកចូលចិត្ត​អាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ឃ្លាំមើល​ជំហរ​របស់​កាសែត​នេះ​ ថា​កាសែត​នេះ​មាន​ជំហរ​ឬ​ឯករាជ្យ​ទៀត​ឬ​យ៉ាង​ណា​ ក្រោយ​ការ​លក់​ដូរ​នេះ។

អ្នកស្រី​ ឆាយ​ ច័ន្ទនីដា​ ប្រធាន​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​កាសែត​ភ្នំពេញប៉ុស្ត៍ សំដែង​ការ​បារម្ភ​អំពី​ឯករាជ្យ​ភាព​នៃ​ការ​សរសេរ​ព័ត៌មាន​សម្រាប់​កាសែត​ដ៏​វ័យ​ចំណាស់​មួយ​នេះ​ផង​ដែរ។

«នេះ​ជា​អ្វី​ដែល​ពួក​យើង​បារម្ភ​ ព្រោះ​នៅ​ពេល​អត្ថបទ​ថ្ងៃ​ដំបូង​ ដែល​មាន​មេ​ថ្មី​ ឬក៏​ក្រុមហ៊ុន​ថ្មី​មក​គឺ​ គាត់​បាន​មក​សុំ​ឲ្យ​យើង​ដក​អត្ថបទ​ ដែល​យើង​សរសេរ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​យើង​ គាត់​សុំ​ឲ្យ​ដក​ចេញ​ចឹង​ យើង​មាន​ការ​ព្រួយបារម្ភ​នៅ​លើ​ចំណុច​ហ្នឹង​ថា​ ថ្ងៃ​ខាង​មុខ​ទៅ​ អត្ថបទ​កាសែត​របស់​យើង​នឹង​ត្រូវ​បាន​ពួកគាត់​គ្រប់​គ្រ​ង។ ខ្ញុំ​មិន​ចង់​និយាយ​ថា​ទៅ​ថា​អ្នកណា​ជា​អ្នកគ្រប់គ្រង​ គ្រាន់​ថា​ គឺ​គាត់​ដាក់​សម្ពាធ​ទៅ​លើការងារ​យើង​លែងឲ្យមាន​ភាព​ឯករាជ្យ» ។

តាម​សេចក្ដី​ប្រកាស​ដដែល​របស់​លោក Clough ​ម្ចាស់​មុន​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ថ្លែង​ថា ​កាសែត​នេះ ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យមើល​ មុន​ការ​បោះឆ្នោត​ ព្រោះ​ជា​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ពិត​ប្រាកដ​នៅ​សល់​ចុងក្រោយ​បំផុត​នៅ​កម្ពុជា។

កាសែត​ភ្នំពេញ​ប៉ុស្ត​ ​ចាប់ដំណើរការ​តាំងពី​១៩៩២​ ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​ប្រជាជនទូទៅចាត់ទុកថា​ជា​សារព័ត៌មាន​ឯករាជ្យមួយ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/VOA)
កាសែត​ភ្នំពេញ​ប៉ុស្ត​ ​ចាប់ដំណើរការ​តាំងពី​១៩៩២​ ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​ប្រជាជនទូទៅចាត់ទុកថា​ជា​សារព័ត៌មាន​ឯករាជ្យមួយ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/VOA)

ការ​លក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នេះ​ បាន​កើត​ឡើង​ ​ក្រោយ​ការ​បិទ​ទ្វារ​របស់កាសែត The Cambodia Daily។ កាសែត The Cambodia Daily ​ដែល​លោក​ កៃ គឹមសុង​ ធ្លាប់​បម្រើការ​ឲ្យ​ដែរ​នោះ ​ត្រូវ​បាន​បិទ​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ​បន្ទាប់ពី​រដ្ឋាភិបាល​កំណត់​ឲ្យ​កាសែត​នេះបង់ពន្ធ​៦​លាន​៣​សែន​ដុល្លារ​ ជា​ចំនួន​ពន្ធ​ដែល​ម្ចាស់​កាសែត​ The Cambodia Daily​ ​បាន​អះអាង​មាន​ជាប់​ហេតុផល​នយោបាយ​ ​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ។

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រាកដ​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ឆ្នាំមុន​ តាម​សំណើ​របស់​គណបក្ស​របស់​លោក​ហ៊ុន សែន។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ភ្នាក់​ងារ​ព័ត៌មាន​ Reuters។

លោក ​កៃ​ គឹមសុង​ បាន​បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ នៅ​ពេល​លោក​ត្រូវ​បាន​ ​VOA សួរ​ថា​ ​តើ​កាសែត ​ភ្នំពេញ​ប៉ុស្តិ៍​ នឹង​មាន​ជំហរ​ឯករាជ្យ​ឬ​យ៉ាងណា​នៅ​ពេល​មានការ​ប្ដូរ​ម្ចាស់​ថ្មី​នោះ។​ ​លោក​ក៏​សុំ​មិន​អធិប្បាយ​ថា​ ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នឹង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច​ឬ​យ៉ាង​នោះ​ដែរ។

មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ VOA​ ​ បាន​សួរ​ សម្ដែងការ​សោកស្ដាយ​មួយ​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បាត់​បង់​អ្នក​ដឹកនាំ​ អ្នក​ហ៊ាន​ផ្ដល់​សេចក្ដី​រាយការណ៍​ពិត​ដល់​ប្រជាជន​ ​ដើម្បី​ជា​ទុន​ក្នុង​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​របស់​ពួកគេ​ក្នុង​ពេល​បោះឆ្នោត​រើស​មេដឹកនាំ​ប្រទេស៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG