ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ប្រកាស​ឈប់​បោះពុម្ព​កាសែត ដោយសារ​បញ្ហា​ហរិញ្ញវត្ថុ


បុរសម្នាក់កំពុងឈរអានកាសែតភ្នំពេញប៉ុស្តិ៍ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
បុរសម្នាក់កំពុងឈរអានកាសែតភ្នំពេញប៉ុស្តិ៍ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ជា​កាសែត​វ័យ​ចំណាស់​មួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​របស់​ខ្លួន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ចាប់ពី​ថ្ងៃទី​ ២៩ ខែ​មីនា ឆ្នាំ​ ២០២៤ តទៅ ក្រោម​ហេតុ​ផល​បញ្ហា​ហរិញ្ញវត្ថុ និង​ការ​វិវត្ត​ឆាប់​រហ័ស​នៃ​បច្ចេកវិទ្យា។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញ​ផ្សាយ​នា​ថ្ងៃទី​ ១ ខែ​មីនា ឆ្នាំ​ ២០២៤។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ប្រតិបត្តិ​ការ​អស់​រយៈ​ពេល ​៣០​ ឆ្នាំ ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា៖ «តាំង​ពី​មាន​វិបត្តិ​កូវីដ​១៩ និង​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​ថម​ថយ​ក្រោយ​កូវីដ​១៩ ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ជា​ចំណូល​ចម្បង​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ម្យ៉ាង​ទៀត ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ»។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា ​ម្ចាស់​ភាគ​ហ៊ុន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​បណ្តាក់​ទុន​បន្ថែម ដើម្បី​ស្តារ​ស្ថានភាព និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​ក្រុមហ៊ុន និង​បន្ត​ការ​បោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទ្រទ្រង់​ការ​ខាត​បង់​បន្ត​ទៀត​បាន។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សម្រេច​បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ​កាសែត​ទាំង​ភាសាខ្មែរ និង​ភាសា​អង់គ្លេស ត្រឹម​ថ្ងៃទី​ ២៩ ខែ​មីនា ឆ្នាំ​ ២០២៤។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង។

ចាងហ្វាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក លី តាយសេង ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ទោះបីជា​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​បញ្ឈប់​ការ​បោះ​ពុម្ព​ផ្សាយ​ជា​កាសែត​របស់​ខ្លួន​ក៏ដោយ ក៏សារព័ត៌មាន​នៅ​តែ​បន្ត​ដំណើរ​ការ​លើ​ប្រព័ន្ធ​អនឡាញ​ជាធម្មតា។ លោក​បន្ត​ថា ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នឹង​បញ្ឈប់​បុគ្គលិក​ផ្នែក​បោះ​ពុម្ព​កាសែត​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា៖ «ចំពោះ​បុគ្គលិក​គឺ​យើង​នឹង​បញ្ឈប់​បុគ្គលិក​ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ពុម្ព ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ធ្វើការ​ទាក់​ទង​រឿង​អនឡាញ អ្នក​យក​ព័ត៌មាន​ សរសេរ​ព័ត៌មាន​ហ្នឹង​គឺ​នៅ​រក្សា​ធម្មតា​ដដែល»។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ផ្លាស់​ប្តូរ​ម្ចាស់​ភាគហ៊ុន​ជា​បន្ត​បន្ទាប់។ កាសែត​មួយ​នេះ​រង​ការ​រិះគន់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៨ ​ថា​បាន​ផ្លាស់​ប្តូរ​ការ​យក​ព័ត៌មាន​របស់​ខ្លួន មិន​ដូច​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​មុន ដែល​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​ណា។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩២ ដោយ​លោក Michael Hayes ជា​ជនជាតិ​អាមេរិក ក្នុង​គោល​បំណង​ផ្តល់​ព័ត៌មាន​ឯករាជ្យ និង​មិន​លម្អៀង។ បន្ទាប់​មក​ក្នុង​ឆ្នាំ​ ២០០៨ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​ទិញ​ដោយ​ជនជាតិ​អូស្ត្រាលី​លោក Ross Dunkley និង​បាន​ផ្សាយ​ចេញ​ជា​ភាសាខ្មែរ​នៅ​ក្នុង​ឆ្នាំ ​២០០៩។

ក្នុង​ឆ្នាំ​ ២០១៨ កាសែត​មួយ​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ទិញដោយ​ពាណិជ្ជករ​ម៉ាឡេស៊ី​ម្នាក់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​មិន​ដឹង​ច្បាស់​ឡើយ​ថា​តើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មាន​ម្ចាស់​ភាគ​ហ៊ុន​ជា​អ្នកណា។

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ខេម​បូចា​ លោក ​ណុប វី បង្ហាញ​ពី​ការ​សោក​ស្តាយ​ចំពោះ​ការ​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​កាសែត​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍។ លោក​បន្ថែម​ថា ​មួយ​រយៈ​ក្រោយ​នេះ​មាន​កាសែត​ល្បីឈ្មោះ​មួយ​ចំនួនបាន​សម្រេច​ចិត្ត​បញ្ចប់​ និងផ្អាក​ការ​ផ្សាយ​របស់​ខ្លួន ដែល​អាច​ជះ​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ជា​ការ​ពិត​ហើយ​ការ​បិទ​ ការ​បញ្ចប់​ការ​ផ្សព្វផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ហ្នឹង​ ជារួម​វា​ប្រាកដ​ជា​មាន​ផល​ប៉ះពាល់​ហើយ​ដល់​ទី​មួយ​គឺ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ ទី​ ២ ​ដល់​អ្នក​សារព័ត៌មាន​ដែល​បំពេញ​ការងារ​នៅ​ទីកន្លែង​នោះ។ អ៊ីចឹង​ពួក​គាត់​ប្រឈម​មុខ​ជាមួយ​នឹង​ការ​បាត់​បង់​ការងារ​ ហើយ​បើ​និយាយ​អំពី​រឿង​ការ​ផ្តល់​ព័ត៌មាន​ទោះ​នោះ​កម្រិត​ណា​ក៏​ដោយ​គឺ​ប្រជាពលរដ្ឋ​គាត់​ត្រូវ​បាត់​បង់​ជម្រើស​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​មួយ​បន្ថែម​ទៀត»។

កាល​ពី​ចុង​ឆ្នាំ​ ២០២៣ កាសែត​រស្មី​កម្ពុជា​ដែល​មាន​អាយុ​កាល​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ ​ក៏​បាន​បិទ​ដំណើរ​ការ​ទាំង​ស្រុង ក្រោម​ហេតុ​ផល​ថា​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ប្រកាស​ថា​មិន​មាន​ចំណូល​គ្រប់​គ្រាន់​សម្រាប់​បុគ្គលិក។ ការ​បញ្ចប់​វត្ត​មាន​កាសែត​រស្មី​កម្ពុជា ក្រោយ​កាសែត​មួយ​នេះ​បាន​សម្រេច​ចិត្ត​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​របស់​ខ្លួន កាល​ពី​ខែ​តុលា​ឆ្នាំ ២០២០ ដោយ​សារ​មាន​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG