ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន The Cambodia Daily លុបចោលឃ្លាខ្លះរបស់មន្រ្តីអាដហុក ខណៈលោក ហ៊ុន សែន ប្តឹងតុលាការ


រូបឯកសារ៖ រូបភាពបង្ហាញ​ពី​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់ The Cambodia Daily ដែល​ប្រតិបត្តិការ​តាម​អនឡាញ បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ​បាន​បិទ​ដំណើរការ​របស់​ខ្លួន​នៅក្នុង​ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧។ (Facebook/The Cambodia Daily Khmer)
រូបឯកសារ៖ រូបភាពបង្ហាញ​ពី​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់ The Cambodia Daily ដែល​ប្រតិបត្តិការ​តាម​អនឡាញ បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ​បាន​បិទ​ដំណើរការ​របស់​ខ្លួន​នៅក្នុង​ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧។ (Facebook/The Cambodia Daily Khmer)

សារព័ត៌មាន​ The Cambodia Daily ដែល​ផ្សាយ​ចេញ​ពី​ក្រៅ​ប្រទេសតាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក និង​គេហ​ទំព័រ បាន​លុប​ចោល​ការ​ដក​ស្រង់​សម្តី​មួយ​ចំនួន​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ខណៈ​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ ​៥០ ​ម៉ឺន​ដុល្លារ​អាមេរិក។

បើ​តាម​អត្ថបទ​កែ​សម្រួល​ចុង​ក្រោយ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន ​The Cambodia Daily ​ត្រង់​ចំណុច​ថា៖ «វិវាទ​របស់​អ្នក​នយោបាយ​គួរ​បញ្ចប់​ដោយ​នយោ​បាយ​មិន​គួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ» និង​ឃ្លា​ត្រង់​ចំណុច​ថា៖ «ប្រភព​ដដែល​បាន​បន្ដថា​ គណបក្ស​នយោបាយ​ទាំង​អស់​គួរ​តែ​ប្រើ​វិធី​ចាស់​ទុំ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​គ្នា គួរ​បញ្ឈប់​នូវ​វប្បធម៌​គំរាម​កំហែង​ដៃគូ​នយោបាយ​របស់​ខ្លួន ដើម្បី​ទុក​ជា​គំរូ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ»។

កាល​ពី​ថ្ងៃ​ទី ​២ ខែ​កុម្ភៈ សារព័ត៌មាន ​The Cambodia Daily បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន និង​គេហទំព័រ ពាក់ព័ន្ធ​នឹង​អត្ថបទ​មួយ​៖ «លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុង​ក្រោយ​របស់​លោក​ជាង​១​លាន​ដុល្លារ ដើម្បី​សង​ជំងឺ​ចិត្ត​បក្ស​កាន់​អំណាច»។ លោក ស៊ឹង សែនករុណា ដែល​ជា​អ្នក​នាំពាក្យ​របស់​សមាគម​អាដហុក ​ត្រូវ​បាន​យោង​សម្តី​មួយ​ចំនួន​ក្នុង​អត្ថបទ​នោះ ដោយ​លើក​ឡើង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ​មាន​ធនធាន​ថវិកា​ច្រើន ដូច្នេះ​គួរ​យោគ​យល់​ដល់​លោក សុន ឆ័យ។ លោក ស៊ឹង សែន​ករុណា ត្រូវ​បាន​ដក​ស្រង់​សម្តី​បន្ថែម ត្រង់​ចំណុច​មួយ​ដែល​ទំនង​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​របស់​លោក ហ៊ុន សែន ថា៖ «ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ គណ​បក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»។

កាល​ពី​ថ្ងៃ​ចន្ទ ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ​២ ​ពាន់​លាន​រៀល ឬប្រមាណ ​៥០ ​ម៉ឺន​ដុល្លារ។ នេះ​បើ​យោង​តាមពាក្យ​បណ្តឹង​ដែល​ផ្សព្វផ្សាយ​លើ​សារព័ត៌មាន ​Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។ ពាក្យ​បណ្តឹង​បញ្ជាក់​ថា ​ការ​ថ្លែង​ទាំង​នោះ ជា​ការ​«ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត និង​មូល​បង្កាច់​នាំ​ឱ្យ​ប៉ះ​ពាល់ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្សប្រជាជន​កម្ពុជា»។

នៅ​ពេល​វីអូអេ​ទាក់ទង​ទៅ លោក ស៊ឹង សែន​ករុណា បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ ដោយ​លោក​ថា ​លោក​ចង់​រក្សា​ភាព​ស្ងប់​ស្ងាត់។ លោក នី សុខា ប្រធាន​សមាគមសិទ្ធិ​មនុស្ស​អាដហុក ​ក៏​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ចន្ទ លោក ស៊ឹង សែនករុណា បាន​បដិសេធ​ថា ​លោក​មិន​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ចំៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​ឡើយ។ លោក​ប្រាប់​វីអូអេ​ថា ​លោក​ធ្វើ​ការងារ​ក្នុង​បេសកកម្ម និង​សកម្មភាព​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់​និង​ចង់​បាន​យុត្តិធម៌​សង្គម និង​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ។ លោក​បន្ថែម​ថា​ ការ​ផ្តល់​បទ​សម្ភាសន៍​កាល​ពី​កន្លង​ទៅ លោក​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ក៏​គ្មាន​គោល​ដៅ​វាយ​ប្រហារ​គណបក្ស​ណាមួយ​ឡើយ។ លោក​ស្នើ​ឱ្យ​ពិនិត្យ​មើល​សម្តី​ដើម​របស់​លោក។

លោក ប្លង់ សុផល អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​អ្នកសារព័ត៌​មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖ «តំណាង​អយ្យការ ​នឹង​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​ ព្រម​ទាំង​ភស្តុតាង​នានា ក្នុង​សំណុំ​រឿង​ ហើយ​នីតិវិធី​នឹង​បន្ត​តាម​ច្បាប់»។

រូបឯកសារ៖ លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់អ្នកកាសែត​ រាជធានីភ្នំពេញ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់អ្នកកាសែត​ រាជធានីភ្នំពេញ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៩។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក តាំង សារ៉ាដា ប្រធាន​សារព័ត៌មាន The Cambodia Daily បាន​នៅ​ឡើយ​ទេ។

មួយ​រយៈ​ចុង​ក្រោយ​នេះ សារព័ត៌មាន ​The Cambodia Daily ដែល​បិទ​ការិយាល័យ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​ ២០១៧ ពាក់ព័ន្ធ​នឹង​រឿង​ពន្ធ​ជាង​ ៦ លាន​ដុល្លារ ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ទៅ​លើ​ការ​ចុះ​ផ្សាយ​នានាថា ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់។

អតីត​នាយិកា​នៃ​មជ្ឃ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR) អ្នកស្រី ចក់ សុភាព កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្ហោះ​សារ​អម​ជា​មួយ​រូប​ភាព​លោក ស៊ឹង សែន​ករុណា នៅ​លើ​ហ្វេស​ប៊ុក​របស់​អ្នកស្រី​ថា​ លោក ស៊ឹង សែន​ករុណា តែង​តែ​ប្រកាន់​ខ្ជាប់​វិជ្ជាជីវៈ និង​បំពេញ​បេសក​កម្មការងារ​របស់​ខ្លួន​ដោយ​ឥត​រួញរា។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​តុលាការ​នឹង​ឈរ​លើ​មូលដ្ឋាន​យុត្តិធម៌​លើ​ករណី​បងប្រុស និង​អំពាវ​នាវ​ឱ្យ​មាន​ការយោគយល់​ ធានា និង​ការពារ​ដល់​ការ​បំពេញ​តួនាទី​របស់​តួអង្គ​សង្គម​ស៊ីវិល ដែល​មាន​ទស្សនវិស័យ​ចូលរួម​ធានា​លើក​កម្ពស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​ស្គាល់»។

ចំណែក​នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន យុធ្យា សង្ឃឹម​ថា​តុ លាការ​នឹង​ផ្តល់​សុភវិនិច្ឆយ​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ករណី​នេះ។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំ​យល់​ថា អត់​មាន​ជា​យោបល់​អី​ទេ គ្រាន់​តែ​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​សុភវិនិច្ឆយ​ឱ្យ​បាន​ត្រឹមត្រូវ​ ទាក់​ទង​នឹង​ប្តឹង​នេះ មាន​ពិរុទ្ធ​ឬ​ក៏​មាន​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​គ្រប់​គ្រាន់​តែ​ឬ​ទេ។ យើង​សង្ឃឹម​ថា ​តុលាការ​ពិចារណា​ដោយ​មាន​សុភវិនិច្ឆយ ដោយ​ឆន្ទាគតិ​ ហើយ​និង​សម្រេច​ទៅ​លើ​ការ​ចោទ​ប្រកាន់​នេះ ឬ​ក៏​មិន​ចោទ​ប្រកាន់​នេះ​ផ្អែក​ទៅ​លើ​គោល​ការណ៍​ច្បាប់ និង​សិទ្ធិ​មនុស្ស»។

គួរបញ្ជាក់​ថា​ នៅ​ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​The Cambodia Daily​ នេះ រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​ពី​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​លោក សុន ឆ័យ អ្នក​នយោបាយ​ជំទាស់​ជើង​ចាស់​មួយ​រូប កាល​ពី​ខែ​មិថុនា ឆ្នាំ ​២០២២ ទាក់ទង​នឹង​ការ​រិះគន់​ថា ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​ ៥ កន្លង​ទៅ​ថា ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ មាន​ការ​បំភិត​បំភ័យ និង​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម។ តុលាការ​បាន​បង្គាប់​ឱ្យ​លោក សុន ឆ័យ បង់​ប្រាក់​ជំងឺ​ចិត្ត​ប្រមាណ ​៧៥ ​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG