ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo (ស្យុង ប៉)ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជានៅថ្ងៃសុក្រនេះ បានបង្ហាញពីការពេញចិត្តរបស់លោកទាក់ទងនឹងការបង្ក្រាបជនជាតិចិនខិលខូចនៅចំពោះមុខនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីរាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងផងដែរថា ក្នុងជំនួបរវាង លោក Xiong Bo និងលោក ស ខេង នៅឯទីស្តីការក្រសួងមហាផ្ទៃ ក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃសុក្រ ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាមានិតចិន លោក Xiong Bo បានថ្លែងអរគុណកងកម្លាំងមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ចំពោះ «ការបង្រ្កាបរាល់ជនជាតិចិនដែលបានប្រព្រឹត្តបទល្មើសបានទាន់ពេលវេលា ក្រោយពីជនជាតិចិនទាំងនោះ បានបង្កភាពអនាធិបតេយ្យ និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាកត្តាធ្វើឲ្យមានការព្រួយបារម្ភដល់ពលរដ្ឋខ្មែរនោះ»។
អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា លោក ស្យុង ប៉ បានលើកឡើងថា អាជ្ញាធរកម្ពុជាបានជួយលើការងារសន្តិសុខដូចជាការបង្រ្កាបបទល្មើសផ្សេងៗរួមមានបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើពេស្យាចារផ្សេងៗនៅក្នុងទឹកដីប្រទេសកម្ពុជា ហើយរាល់ទង្វើរបស់ជនជាតិចិនទាំងនោះ បានធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ពលរដ្ឋកម្ពុជាទាំងមូល។
ឯកអគ្គរដ្ឋទូតរូបនេះត្រូវបានស្រង់សម្តីក្នុងន័យដើមថា៖
«មានជនល្មើសជាជនជាតិចិនមួយចំនួនបានឆ្លៀតឱកាសធ្វើសកម្មភាពបទល្មើសផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងទឹកចិត្តរបស់ពលរដ្ឋខ្មែរ»។
ជនជាតិចិនមួយចំនួនដែលជាមនុស្សចំណូលថ្មីលើទឹកដីកម្ពុជាត្រូវគេរាយការណ៍ថា បានកំពុងបង្កឲ្យមានបទល្មើសជាច្រើន ដែលមួយចំនួនធំនៃបទល្មើសធ្ងន់គឺពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិនគ្នាឯងធ្វើទារុណកម្មនិងបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។ ជនជាតិចិនរាប់ពាន់នាក់ក៏ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសចិនវិញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទាំងនោះផងដែរ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបង្កើនប្រតិបត្តិការចុះស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបបទល្មើស ខណៈភាពមិនប្រក្រតីនិងបទល្មើសជាច្រើនបានកើតឡើងដោយសារកំណើនជនជាតិចិនយ៉ាងគំហុក ជាពិសេសនៅឯខេត្តព្រះសីហនុ ជាទីដែលជនជាតិចិនបានកើនឡើងដល់ទៅ៧ម៉ឺននាក់។
នៅពេលជួបជាមួយឯកអគ្គរដ្ឋទូតចិនដែលផុតអាណតិ្តនៅកម្ពុជា លោក ស ខេង បានផ្តល់ការគំាទ្រដល់ការអធិប្បាយរបស់លោក Xiong Bo ទាក់ទងនឹងការប្រព្រឹត្តរបស់ជនជាតិចិនមួយចំនួនតូចនិងសន្យាថា នឹងខិតខំសហការគ្នាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការបង្ក្រាបជនល្មើសទាំងនោះ។ នេះបើយោងតាមសេចក្តីរាយការណ៍ដដែលរបស់អគ្គស្នងការនគរបាលជាតិ។
លោក ស ខេង ក៏បានអគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ន ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចនិងការអភិវឌ្ឍនៅប្រទេសកម្ពុជា។
លោក ប៉ោ ភ័ក្ត អគ្គលេខាធិការក្រសួងមហាផ្ទៃ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា មានការលើកឡើងពីកិច្ចសហប្រតិបត្តិការបីសំខាន់ៗក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងលោក Xiong Bo ទាក់ទិនបញ្ហាសិនិ្តសុខ និងការអនុវត្តច្បាប់។
លោកមានប្រសាសន៍ថា៖
«ទីមួយគឺជំនួបនេះ ទាក់ទងនឹងការវាយតម្លៃអំពីសមិទ្ធផលដែលទទួលបាន នៅក្នុងកំឡុងពេលនៃការបំពេញតួនាទី ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ហើយរឿងទីពីរគឺទាក់ទងនឹងកិច្ចសហប្រតិបត្តិការនឹងកិច្ចសហប្រតិបតិ្តការផ្នែកការងារអនុវត្តន៍ច្បាប់ ជាពិសេសគឺសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃជាមួយក្រសួងសន្តិសុខសាធារណៈ ហើយទាំងក្រសួងសនិ្តសុខជាតិរបស់ខាងសាធារណរដ្ឋប្រជាមានិតចិន ហើយទីបី ការប្តេជ្ញាចិត្តទាក់ទងទៅនឹងការបន្តសហការគ្នា ដើម្បីបម្រើឲ្យផលប្រយោជន៍ទាំងកម្ពុជា និងចិន»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមបានប្រាប់ VOA កាលពីដើមខែកញ្ញា នេះថា អាជ្ញាធរកម្ពុជាត្រូវបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងការគ្រប់គ្រងលំហូរជនជាតិចិន ដើម្បីទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ច និងទប់ស្កាត់ផលវិបាកដែលអាចបង្កឡើងដល់សង្គមកម្ពុជា។
«នៅក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ វាទាក់ទងនឹងសេដ្ឋកិច្ចដែរ បើសិនជាប្រទេសយើង ប្រទេសមួយ ហើយយើងបណ្តោយឲ្យគេមកនៅតាមចិត្ត ហើយយើងអត់មានបានប្រយោជន៍អីពីគេសោះ អាហ្នឹងក៏វាជាផលវិបាកមួយដែរ ទីចុងបំផុត យើងទឹកដីយើងគ្រាន់តែក្លាយជាមួយដែលគេសម្រាប់គេមករកស៊ីហើយ គេប្រមូលលុយទៅស្រុកគេវិញ។ អ៊ីចឹងច្បាប់សម្រាប់គ្រប់គ្រងជនអន្តោប្រវេសន៍នេះ វាមិនមែនគ្រាន់តែមានសារៈសំខាន់ក្នុងការគ្រប់គ្រងមនុស្សទេ ក៏ប៉ុន្តែវាមានសារៈសំខាន់ទៅលើការគ្រប់គ្រងសេដ្ឋកិច្ចជាតិផងដែរ»។
ទំនាក់ទំនងកម្ពុជា-ចិន បន្តមានភាពស្អិតល្មួត នៅគ្រាប្រទេសចិនបានបន្តផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ហើយប្រទេសទាំងពីរក៏បានពង្រឹងចំណងយោធាបន្ថែមទៀតផងដែរ។ ភាពស្អិតល្មួតរវាងចំណងទាក់ទងចិន និងខ្មែរ កើតមានឡើងផងដែរ នៅពេលទំនាក់ទំនងកម្ពុជា និងអាមេរិក ត្រូវគេមើលឃើញថា មានភាពរកាំរកូសទាក់ទិនដំណើរថយក្រោយនៃការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងបញ្ហាបំណុលដែលកម្ពុជាមិនទាន់ទូទាត់ឲ្យសហរដ្ឋអាមេរិក ក៏ដូចជាការចាប់បញ្ជូនជនភៀសខ្លួនខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
កាលពីពេលកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពេលនេះកំពុងពេញបេសកកម្មការទូតនៅអង្គការសហប្រជាជាតិនាបុរីញូវយ៉ក សហរដ្ឋអាមេរិក បានថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់៥,៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ កើនឡើងប្រមាណជា២២%ធៀបនឹងឆ្នាំកន្លងទៅ៕