ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​ បញ្ជា​ឲ្យ​ប្រើ​ធម៌ក្តៅ​ចំពោះ​បទ​ល្មើស​ក្នុង​ខេត្ត​ព្រះ​សីហនុ


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

នៅ​ថ្ងៃ​ពុធ​នេះ​ ​លោក​ ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​ជា​នាយករដ្ឋ​មន្រ្តី​ស្តីទី​ ​បាន​បញ្ជា​ឲ្យ​បង្កើត​ក្រុម​ការងារ​បន្ថែម​ទៀត​ដើម្បី​ជួយ​ទប់ស្កាត់​បទ​ល្មើស​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ខណៈ​ដែល​កំណើន​ជនជាតិ​ចិន​យ៉ាង​គំហុក​នៅ​ទីនោះ​បាន​បណ្តាល​​ឲ្យ​កើត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។​ ​ការ​បញ្ជា​របស់​លោក​​ស ខេង​​ធ្វើឡើង ​ខណៈ​លោក​នាយក​រដ្ឋមន្រ្តី​​ហ៊ុន សែន​​​កំពុង​អំពាវនាវ​ឲ្យ​វិនិ​យោគិន​ចិន​ជា​ច្រើន​ទៀត​​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

លោកស ខេង​ ​នាយករដ្ឋមន្រ្តី​ស្តីទីនិង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បានបញ្ជា​ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​ ​ចុះទៅ​ខេត្ត​ព្រះ​សីហនុដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ ​និង​បង្ក្រាប​បទ​ល្មើស​ ខណៈ​ភាព​មិន​ប្រក្រតី​ ​និង​បទ​ល្មើស​ជាច្រើនកើត​ឡើងដោយ​សារកំណើន​ជនជាតិ​ចិន​យ៉ាង​គំហុក។​

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ជាច្រើន​រូប​ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​ ​លោកស ខេង ថ្លែង​ថា​ ​នា​ពេល​ថ្មីៗ​នេះ​កំណើន​ជនបរទេស​ដែល​ភាគ​ច្រើន​ជាជនជាតិ​ចិនកំពុង​ហក់​ឡើង​យ៉ាង​គំហុករហូត​ដល់​ទៅ​៧​ម៉ឺន​នាក់​ ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ ​លោក​បន្ថែម​ថា​ ​កំណើន​យ៉ាង​គំហុក​នេះ​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហនុ​ប្រឈម​នឹងការ​កើតមាន​នូវ​បទ​ល្មើស​ផ្សេងៗ​ ​ដូចជា​ឃាតកម្ម ​គ្រឿងញៀន​ ​អនាម័យ បរិស្ថាន​ជាដើម​ ​ខណៈ​ខេត្ត​នេះ​មិនទាន់​ត្រៀម​លក្ខណៈ​បាន​គ្រប់គ្រា​ន់នៅ​ឡើយ។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​ពេល​ដែល​ខេត្ត​ព្រះសីហនុមិន​ទាន់​បាន​រៀប​ចំ​ខ្លួន​ឲ្យបាន​សមស្រប​ ​តាម​ការ​វិវឌ្ឍ​នេះ​ ​ អ៊ីចឹង​ហើយ​វា​កើត​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ ​ដូចជា​បទ​ល្មើស​សម្លាប់​ ​ ការប្រើ​ប្រាស់​គ្រឿង​ញៀន​ ​បញ្ហា​បរិស្ថាន​ ​អនាម័យ​ ​ដែល​យើង​បារម្ភ​បំផុត​ខ្លាច​ថា​ ​ទឹក​សមុទ្រ​ដែល​កំពុងតែ​ជាទី​ពេញ​និយម​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​យើង​ ​ក៏​ដូចជា​ភ្ញៀវ​អន្តរជាតិ​ ​គេ​កោត​សរសើរ​ថា ​ល្អនោះ​ បើសិនយើង​មិនយក​ចិត្ត​ទុកដាក់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ​ ​វា​អាច​ធ្វើឲ្យ​ទឹក​សមុទ្រ​នេះក្លាយទៅ​ជាទឹក​សមុទ្រ​ដែល​ប្រើ​លែង​កើត»។​

លោកស ខេង បាន​បញ្ជា​ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ​មួយ​ ដែល​មាន​សមាសភាព​មកពី​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​ ​អគ្គស្នងការដ្ឋាន​នគរបាល​ អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ​និង​ក្រុម​អ្នក​ច្បាប់​របស់​ក្រសួង​មហាផ្ទៃ​ ដើម្បី​ជួយ​ទប់ស្កាត់​ និង​បង្រ្កាប​បទ​ល្មើស​នៅទី​នោះ។

លោក​មាន​ប្រសាសន៍​ថា៖​

«រៀបចំ​ជា​ក្រុម​មួយ​ ​គេ​ហៅ​ថា ​ក្រុម​ប្រតិបត្តិការ​ ឬ​មួយ​ក៏ក្រុម​គាំទ្រ​ ប៉ុន្តែ​កម្រិត​ស្រាល​ ​មិនមែន​ទៅ​ធ្វើ​ជំនួស​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ទេ​ ​ក៏​ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយ​ណា​ដែល​ខេត្តមិ​នមាន​លទ្ធភាព​ ​រាប់​ទាំង​ការ​បង្ក្រាប​បទ​ល្មើស​ផង។​ ​កន្លង​ទៅ​គឺ​អគ្គ​នាយកដ្ឋានអន្តោ​ប្រវេសន៍​បាន​បញ្ជូន​មួយ​ក្រុម​ទៅ​ហើយតែមិន​ទាន់​គ្រប់គ្រាន់​ទេ​ ​ហើយ​អគ្គ​នគរបាល​ក៏​ដូច​ជាបាន​បញ្ជូន​មន្រ្តី​ទៅខ្លះ​ដែរ​ដើម្បី​ជួយ​គាំទ្រ​ ​ប៉ុន្តែ​មិន​ទាន់​គ្រប់​គ្រាន់»។​

ជនជាតិ​ចិន​មួយ​ចំនួន​ដែល​ជា​មនុស្ស​ចំណូល​ថ្មី​លើ​ទឹក​ដី​កម្ពុជាកំពុង​បង្ក​ឲ្យ​មាន​បទ​ល្មើស​ជាច្រើន​ ​ដែល​មួយ​ចំនួន​ធំ​នៃ​បទ​ល្មើស​ធ្ងន់​គឺ​ពាក់ព័ន្ធ​នឹង​ ​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នា​ឯង​ធ្វើ​ទារុណកម្ម​ ​និង​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អ៊ីន​ធឺណេត​ជាដើម។​ ​គេ​សង្កេត​ឃើញ​ថា​ ​ជនជាតិ​ចិន​រាប់​ពាន់​នាក់ក៏​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​ផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចិន​បន្ត​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ ​ដោយ​ថា​ ​កម្ពុជា​មាន​សក្តានុពល​ច្រើន​សម្រាប់​ការ​វិនិយោគ​ ​ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​រវាង​ប្រទេស​ទាំង​ពីរ។​ ​ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោកជួប​សន្ទនា​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ធំៗ​របស់​ចិន​ ខណៈ​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន។​

​កំណើន​ជនជាតិ​ចិន​មក​ស្នាក់​នៅនិង​ធ្វើ​ការ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ ​និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​តាម​រយៈ​ការ​ដែល​ជនជាតិ​ចិន​ទាំង​នោះ​ចូល​មក​ធ្វើការ​ ​រកស៊ី​ ​និង​បើក​បន​ល្បែង​កាស៊ីណូ​ ​ព្រម​ទាំង​បាន​ប្រើ​ពាក្យ​សម្ដី​អសីលធម៌ ​ស្រែក​ឡូឡា ​មិន​គោរព​ច្បាប់​កម្ពុជា​ជា​ដើម។​

លោក​មាស នី​ ​អ្នក​សិក្សា​អំពី​ការ​អភិវឌ្ឍ​សង្គម​ បានប្រាប់​ ​VOA​ ​ថា​ ​ការ​បង្កើន​ក្រុម​ការងារ​ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗដែល​បណ្តាល​មកពី​កំណើន​ជនជាតិ​ចិន​នៅ​កម្ពុជា​ ​នឹង​អាច​មានប្រសិទ្ធ​ភាព​ លុះ​ត្រា​តែ​សមត្ថ​កិច្ច​មាន​ឆន្ទៈ​អនុវត្ត​ដោយ​ប្រើប្រាស់​ច្បាប់​ជាធំ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវមាន​ការ​ត្រួត​ពិនិត្យ ​និងមាន​យន្ត​ការ​ច្បាប់ច្បាស់លាស់​ក្នុង​ការ​ធានា​ថា​ ​ជន​បរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់ត្រឹមត្រូវ​ និង​មិន​បង្ក​បញ្ហា។​

លោក​បញ្ជាក់​ថា៖​

«វាជា​កាតព្វកិច្ច​មួយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​តែធ្វើការ​គ្រប់គ្រង​ឲ្យ​បាន​តឹង​រ៉ឹង​ ​មិនមែន​គ្រាន់តែ​ដើរ​បបួល​គេ​ឲ្យ​ចូល​រក​ស៊ី​នៅ​ស្រុក​យើង​ទេ។​ ​ប៉ុន្តែ​យើង​ត្រូវ​មាន​ច្បាប់​ឲ្យ​បាន​រឹងមាំ​ផង​ដែរ​ដើម្បី​ត្រួត​ពិនិត្យ​ ​ទី១​ ​ថា​តើ​វិនិយោគទុនមក​ហ្នឹង​ មក​ដោយ​សុច្ចរិត​ទេ? ​មិន​មាន​យក​លុយ​កខ្វក់​មក​លាង​ទេ?​ ហើយ​រឿង​ទី២​ទៀត យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ការ​វិនិយោគ​ហ្នឹង​មាន​ការ​បង់​ពន្ធ​ឲ្យ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ហើយ​ការ​រក​ស៊ី​នេះ​គឺ​មិន​មាន​ផលប៉ះ​ពាល់​ទៅ​ដល់​ពលរដ្ឋ​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស​ នៅ​ក្នុង​មូលដ្ឋាន»។

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍ ​ក្នុង​រយៈពេល​៧​ខែដើម​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរចិន​មក​កម្ពុជាមាន​ចំនួន​ជាង​១៦​ម៉ឺន​នាក់។​

ទំនាក់​ទំនង​កម្ពុជា-ចិន​មាន​ភាព​ស្អិតល្មួត​ ​តាម​រយៈ​ទំនាក់​ទំនង​រវាង​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​មេដឹកនាំ​ចិន។​ ​ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ​និង​កម្ចី​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ ​ខណៈ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិកមាន​ភាព​មិន​ល្អ​រហូត​មក​ដល់​ពេល​នេះ។​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន បាន​បង្ហោះសារលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិនមាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​ដោយ​បាន​កើន​ឡើង​ដល់​៥,៨ពាន់​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​ឆ្នាំ​២០១៧​ កើន​ឡើង​ប្រមាណ​ជា​២២%ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។

លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ថ្មីនៃ​អាណត្តិ​ទី​៦​ ​នៅ​តែ​បន្ត​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​ធុរកិច្ច​ ​និង​វិនិយោគ​ដ៏​ល្អ​សម្រាប់​វិនិយោគិន​បរទេស​ ​ជា​ពិសេស​វិនិយោគិន​ពី​ប្រទេស​ចិន៕

XS
SM
MD
LG