របាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា ផលិតផលអាភៀន បានកើនឡើងដល់ទៅ៦៥ភាគរយ ពោលគឺ ១០,៥០០ តោន ពីឆ្នាំ ២០១៦ ដល់២០១៧។ នៅក្នុងឆ្នាំ២០១៦ ផលិតផលកូកាអ៊ីនចំនួន១,៤០០តោន ត្រូវបានផលិតនៅទូទាំងពិភពលោក ដែលនេះ គឺជាកម្រិតខ្ពស់បំផុតនៅក្នុងកំណត់ត្រាពិភពលោក។
របាយការណ៍របស់អង្គការសហប្រជាជាតិនេះ បានឲ្យដឹងទៀតថា ផលិតផលកូកាអ៊ីនភាគច្រើនបំផុតក្នុងពិភពលោក បាននាំចេញពីប្រទេស កូឡុំប៊ី ហើយត្រូវបានលក់នៅក្នុងទ្វីបអាមេរិកខាងជើង។ របាយការណ៍នេះក៏បានបញ្ជាក់ដែរថា ទ្វីបអាហ្វ្រិក និងអាស៊ី កំពុងក្លាយជាតំបន់ដែលមានការកើនឡើងនូវចរាចរណ៍ថ្នាំញៀន និងការប្រើប្រាស់គ្រឿងញៀន ដោយហេតុថា ទ្វីបទាំងពីរនេះក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន និងជួញដូរថ្នាំញៀននេះ។ របាយការណ៍នេះបានបង្ហាញថា ផលិតផលអាភៀនមួយផ្នែកធំ ត្រូវបានផលិតនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ហើយត្រូវបានដឹកជញ្ជូនតាមផ្លូវ បាល់កង់ ទៅកាន់ប្រទេសតួកគី និងបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុបភាគខាងលិច។
ប្រធានផ្នែកប្រតិបត្តិការនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកខាងថ្នាំញៀននិងឧក្រិដ្ឋកម្ម លោកស្រី Miwa Kato បានប្រាប់ VOA ថា ការកើនឡើងនៃការប្រើប្រាស់ថ្នាំលើសកម្រិតដែលអាចធ្វើឲ្យញៀន ដែលថ្នាំទាំងនេះអាចរកទិញប្រើប្រាស់បានដោយមិនចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យ កំពុងក្លាយជាការគំរាមកំហែងដ៏ចំបងសម្រាប់សុខភាពសាធារណៈ និងការអនុត្តន៍ច្បាប់នៅជុំវិញពិភពលោក។
លោកស្រី Kato បានថ្លែងថា៖
«បច្ចុប្បន្ននេះ ការស្លាប់ដោយសារតែការប្រើប្រាស់ថ្នាំលើសកម្រិតដែលអាចធ្វើឲ្យញៀន មានចំនួនប្រហែលជា៣ភាគ៤នៃការស្លាប់ដោយសារសារធាតុញៀន។ បញ្ហានេះ បានធ្វើឲ្យមានកង្វល់ជាខ្លាំង ក្នុងទ្វីបអាមេរិកខាងជើង ដែលជាទូទៅយើងឃើញថា បណ្តាញសារព័ត៌មានបានផ្តោតជាខ្លាំង និងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាហ្រ្វិកនិងអាស៊ី ដែលយើងមើលឃើញថា កើតមានបញ្ហាស្រដៀងគ្នានេះ»។
របាយការណ៍របស់អង្គការសហប្រជាជាតិនេះ បានគូសបញ្ជាក់ថា កាលពីឆ្នាំមុន មនុស្សប្រមាណជា២៧៥លាននាក់ ដែលមានអាយុចន្លោះ ពី១៥ ទៅ៦៤ឆ្នាំ បានប្រើប្រាស់ថ្នាំញៀន យ៉ាងហោចណាស់ក៏ម្តងដែរ។ អ្នកញៀនថ្នាំប្រមាណជា១លាន៥សែននាក់ទៀត បានស្លាប់ក្នុងអំឡុងពេលដូចគ្នានេះ។ លោកស្រី Kato បានលើកឡើងថា ទិន្នន័យជាទូទៅ គឺនៅមានកម្រិតទាបជាងទិន្នន័យពិតប្រាកដ។ ដូច្នេះចំនួនសរុបនៃអ្នកប្រើប្រាស់ និងអ្នកដែលបានស្លាប់ដោយសារថ្នាំញៀន ទំនងជាមានចំនួនច្រើនជាងនេះ។
របាយការណ៍នេះបង្ហាញថា កញ្ឆា គឺជាគ្រឿងញៀនមួយដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងឆ្នាំ២០១៦។ របាយការណ៍នេះ ក៏បានបញ្ជាក់ថា វាឆាប់ពេក ក្នុងការប្រាប់អំពីផលប៉ះពាល់នៃការធ្វើឲ្យស្របច្បាប់លើការប្រើប្រាស់កញ្ឆាជាការកម្សាន្ត។
របាយការណ៍ក៏បានលើកឡើងផងដែរថា រដ្ឋ Calorado គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដំបូងគេក្នុងការធ្វើឲ្យផលិតផលកញ្ឆា ជាផលិតផលស្របច្បាប់។ ទិន្នន័យពីរដ្ឋនេះ បានបង្ហាញពីការកើនឡើងនៃការបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ ដោយសារតែការបាត់បង់ម្ចាស់ការលើខ្លួនឯង ក្រោយពីប្រើប្រាស់កញ្ឆា និងការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់៕
ប្រែសម្រួលដោយ យូ សុធារី