ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​បណ្តេញ​ជនល្មើស​អ៊ីនធឺណិត​ជាតិ​ចិន​ជាង​១០០​នាក់


រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

ជនជាតិ​ចិន​ដែល​ជា​ចំណូល​ថ្មី​​មួយ​ចំនួន​លើ​ទឹក​ដី​កម្ពុជា ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​និង​​កំពុង​បង្ក​​បទ​ល្មើស​ជាច្រើន​ ​ដែល​មួយ​ចំនួន​ធំ​នៃ​បទ​ល្មើស​ធ្ងន់ ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នា​ឯង​ការ​ធ្វើ​ទារុណកម្ម​ ​និង​បទ​ល្មើស​ជម្រិត​​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​ជាដើម។

កម្ពុជា​ត្រៀម​បណ្តេញ​ជនជាតិ​ចិន​ជាង​១០០នាក់​ ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ទៅ​ប្រទេស​ចិន​វិញ​ ​បន្ទាប់​ពី​ពួកគេ​ត្រូវ​បានឃាត់​ខ្លួននៅ​រាជធានី​ភ្នំពេញនិង​ខេត្ត​កំពត។​

លោក​ ​អ៊ុក ហៃសីឡា​ ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​ ​និង​អនុវត្ត​នីតិវិធី​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នា​ថ្ងៃ​ច័ន្ទ​នេះថា​ ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​១០៣​នាក់​ ​កាល​ពី​សប្តាហ៍​មុន​ ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជម្រិត​ទារ​ប្រាក់​តាមប្រព័ន្ធ​អ៊ីនធឺណិត។​ ​លោក​ថា​ ជនជាតិ​ចិន​ចំនួន​១២​នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ ​និងចំនួន​៩១នាក់​ផ្សេង​ទៀតត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខេត្ត​កំពត​ ​កាល​ពី​ថ្ងៃទី​២៩​ ខែកញ្ញា​ ​ឆ្នាំ​២០១៨។​

លោក​បន្ថែម​ថា​ ​ជនជាតិ​ចិន​ចំនួន​១២​នាក់​ដែល​ឃាត់​ខ្លួន​បាន​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ប្រទេស​ចិន​ ​និង​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​ស្នើ​ឲ្យ​តាម​ចាប់​ខ្លួន​ដើម្បី​បញ្ជូន​ចេញ។​ ​ចំណែក​ជាង​៩០​នាក់​ផ្សេង​ទៀត​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​ពួកគេ​យក​កម្ពុជា​ធ្វើជា​ទីតាំង​ដើម្បី​ជម្រិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា​ ដែល​កំពុង​រស់​នៅ​ប្រទេស​ចិន។​

លោក​បញ្ជាក់​ថា៖​

«អា១២​នាក់​ហ្នឹង​ វា​ប្រព្រឹត្ត​នៅ​ចិន​ ​វារត់​គច​ខ្លួនមក។​ ​សមត្ថកិច្ច​ប៉ូលិស​ ​ឲ្យ​យើង​តាម​រក​ ​និង​ចាប់​ខ្លួន ប៉ុន្តែ​អា​៩១​នាក់​នោះ​ វា​ប្រព្រឹត្ត​ឆបោក​ហ្នឹង​ ​វា​យក​ទីតាំង​នៅ​ប្រទេស​កម្ពុជា។​ ​ការពិត​ទៅ​មិនមែន​តែ​កម្ពុជា​ទេ​ ​គ្រប់​ប្រទេស​ដែល​វា​យក​ធ្វើ​ ​មាន​ទាំង​នៅហ្វីលីពីន​ ​នៅថៃ​ ​ឥណ្ឌូនេស៊ី​ ​ម៉ាឡេស៊ី​ហ្នឹង​ ​ក៏​គេ​មាន​ចាប់​អី​ដូចគ្នា​ដែរ»។​

លោក​ ​អ៊ុក ហៃសីឡា​ ​បន្ថែម​ថា​ ​ជនជាតិ​ចិន​ទាំង​១០៣​នាក់​នោះ​ ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​ ដោយបញ្ជូន​ចេញ​ពី​រាជធានី​ភ្នំពេញ​ ​តាមរយៈ​យន្តហោះ​ដែលរដ្ឋាភិបាល​ចិន​បញ្ជូន​ដើម្បី​ដឹក​ចេញ​ នៅ​យប់​ថ្ងៃទី​៤​ និង​ថ្ងៃទី១០ ខែ​តុលា​នេះ។​

លោក​បញ្ជាក់​ថា៖​

«ប្រហែល​ជា​ថ្ងៃ​១០។​ ​គេ​មក​យក។​ ​យន្ត​ហោះ​មក​យក​ពីខេត្ត​ឆុងឈីង។​ ​១០៣​នាក់​ដែល​យើង​ឃាត់​បាន​ ​ហើយ​១២​នាក់​ហ្នឹង​ ​វា​ទៅ​ខេត្ត​ផ្សេង​ ​អញ្ចឹង​ថ្ងៃទី​៤​ ​នឹង​បញ្ជូន​ចេញ។​ ​យើង​បណ្តេញ​ចេញ​តាម​ប្រកាស​ក្រសួង»។​

បើតាម​គេហទំព័រ​នគរ​បាល​ជាតិ​ ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ​ផ្សាយ​ថា​ ​ជនជាតិ​ចិន១១​នាក់​ ​ក្នុង​នោះ​ស្រី​២​នាក់​ ​ត្រូវ​បាន​នគរ​បាលអន្តោរ​ប្រវេសន៍​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៩​ ​ខែកញ្ញា​ ​ឆ្នាំ​២០១៨​ ​វេលា​ម៉ោង​២​រសៀល ​នៅ​ភោជនីយដ្ឋាន​កាលី​ហ្វ័​រ​ញ៉ា​ ផ្លូវ​សហ​ព័ន្ធ​រុ​ស្សី​ ​សង្កាត់​កាកាប​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។​ ​ដែល​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​១១​នាក់​ ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ការ​ស្នើ​របស់​សមត្ថកិច្ច​ចិន។​

បើតាម​លោក​ ​អ៊ុក ហៃសីឡា​ ​បញ្ជាក់​ថា​ ​រហូត​មក​ដល់ពេល​នេះ​មាន​ជនជាតិ​ចិន​ជិត​ ​២​.០០០​នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចាប់​ជម្រិត​តាម​បណ្តាញ​អ៊ីនធឺណិត​ ​ហើយ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេសចិន​វិញ។

ជនជាតិ​ចិន​ដែល​ជា​ចំណូល​ថ្មីមួយ​ចំនួន​លើ​ទឹក​ដី​កម្ពុជា ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​និងកំពុង​បង្កបទ​ល្មើស​ជាច្រើន​ ​ដែល​មួយ​ចំនួន​ធំ​នៃ​បទ​ល្មើស​ធ្ងន់ ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​បង្ខាំង​ជនជាតិ​ចិន​គ្នា​ឯង​ការ​ធ្វើ​ទារុណកម្ម​ ​និង​បទ​ល្មើស​ជម្រិតទារ​ប្រាក់​តាម​អ៊ីនធឺណិត​ជាដើម។​

ក្រុម​អ្នក​ឃ្លាំមើលស្ថានការណ៍​សង្គម​ ​និង​ជា​អ្នកវិភាគ​ឯករាជ្យ​ ​ដូចជា​លោក​បណ្ឌិត​ ​ឡៅ ម៉ុងហៃ​ ​និង​លោក​បណ្ឌិត​ ​មាស នី​ ​ជាដើម​ ​បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រងលើ​ជន​បរទេស​ ​ពិសេស​ជនជាតិ​ចិន​ដែល​ជា​ចំណូល​ថ្មី​ ​ធ្វើ​យ៉ាង​ណា​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹង​តែង​ជៀសវាង​ជនជាតិ​ចិន​ទាំង​នោះ​ប្រព្រឹត្ត​បទ​ល្មើស​តាម​ទំ​នើង​ចិត្ត​ ​ដែលអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា ​និង​អាច​ធ្វើ​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍​កើត​ឡើង​ផង​ដែរ។​

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ​ពោល​គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​ជាង​១០០នាក់​ ​ឯក​អគ្គរដ្ឋ​ទូត​ចិន​លោក​ ​Xiong Bo​ ​(ស្យុង ប៉)​ ​ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​របស់​លោក​ ​ទាក់ទង​នឹង​ការ​បង្ក្រាប​ជនជាតិ​ចិន​ខិលខូច​នៅ​ចំពោះ​មុខលោក​ ​ស ខេង​ រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយរបស់​អគ្គ​ស្នងការ​នគរបាល​ជាតិ។​

ក្នុង​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ដដែល​នោះ​ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា​ ​លោក​ ​ស្យុង ប៉​ ​បាន​លើក​ឡើង​ថា​ ​អាជ្ញាធរ​កម្ពុជា​បាន​ជួយ​លើ​ការងារ​សន្តិសុខ​ដូច​ជា​ការ​បង្រ្កាប​បទ​ល្មើស​ផ្សេងៗ​រួមមាន​បទ​ល្មើស​ឆ្លង​ដែន​ ​ការ​ជួញដូរ​គ្រឿងញៀន​ ​និង​ការប្រព្រឹត្ត​អំពើ​ពេស្យាចារ​ផ្សេងៗ​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ ​ហើយ​រាល់​ទង្វើ​របស់​ជនជាតិ​ចិន​ទាំង​នោះ​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​មូល៕

XS
SM
MD
LG