ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​រំពឹងថា ​កម្មករ​នឹង​បោះឆ្នោត​ឲ្យ​លោក​ ហើយ​អាមេរិក​នឹង​លុបបំណុល​ដែល​កម្ពុជា​ជំពាក់


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

នៅ​មុន​ការ​រំលាយ​គណបក្ស​ប្រឆាំងកាល​ពី​ថ្ងៃព្រហស្បតិ៍ទី​១៦ ខែ​វិច្ឆិកា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​រំឭក​ឡើង​វិញ​ពី​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាម​ក្នុង​ស្រុក ​ដែល​បាន​កើត​ឡើង​ក្នុង​របប​លោក​សេនា​ប្រមុខ ​លន់ នល់​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។​ លោក​ក៏​រំពឹង​ថា​ សហរដ្ឋ​អាមេរិក​ក៏​នឹង​ទម្លាក់​ចោល​បំណុល​ ដែល​កម្ពុជា​បានជំពាក់​អាមេរិក​ផង​ដែរ។​

លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ឲ្យ​ដឹង​ពី​ក្តី​រំពឹង​របស់​លោក​ថា​ កម្មករ​រោងចក្រ​នឹងបោះឆ្នោត​ ​ឲ្យ​លោក​បាន​ស្ថិត​ក្នុង​អំណាច ​១០​ឆ្នាំ​ ​បន្ត​ទៀត​ ​ដើម្បី​បើក​ផ្លូវឲ្យ​លោក​បាន​ថែរក្សា​សន្តិភាព​ ក្នុង​ប្រទេស​សម្រាប់​ការ​អភិវឌ្ឍ។​

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​ក្រុម​កម្មករ​រោងចក្រ​ស្ថិត​ក្នុងតំបន់​ឧស្សាហកម្មមួយ​កន្លែង​នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​ ​៣០​ឆ្នាំ​បាន​រៀបរាប់ពី​ការលះបង់​ពេលវេលា​ជាង​ពាក់​កណ្តាល​ជីវិត​របស់​លោក ​ដើម្បី​នាំ​សន្តិភាព​ពេញលេញ​មក​ដល់​កម្ពុជា​ ដែល​ធ្លាប់​រង​ការ​ខ្ទេច​ខ្ទាំ​ដោយ​សង្គ្រាម​ក្នុង​ស្រុក។​ លោក​បាន​អះអាង​ថា​ ​លោក​បាន​បម្រើប្រទេស​កម្ពុជា​ តាំង​ពី​ប្រជាជន​ខ្មែរ​ចំនួន​ប្រមាណ​៥លាន​នាក់​ខ្វះ​ស្បៀង​ហូបចុក​ រហូត​ដល់​ប្រទេស​នេះ​មាន​ស្បៀង​ហូបចុក​គ្រប់​គ្រាន់​ ​ខណៈ​ដែល​ចំនួន​ប្រជាជន​បាន​កើន​ឡើង​ដល់​ ១៥​លាន​នាក់។​

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ពី​ក្តី​រំពឹង​របស់​លោក​ចំពោះ​ ​ការ​សម្រេច​ចិត្ត​របស់​កម្មករ​ ​យ៉ាង​ដូច្នេះ៖​

«តាំង​ពី​ប្រជាជន​ដែល​នៅ​សេស​សល់​ពី​ការ​ស្លាប់​ ​ប្រមាណ​ ​៥លាននាក់​អត់​អង្ករ​ស៊ី​ ​ឥឡូវ​ជាង​១៥​លាន​នាក់​ សល់​អង្ករ​ ដោយ​ក្តី​មោទនភាព​ ដែល​ពូ​បាន​រួម​ដំណើរ​ជាមួយ​ជីដូន​ជីតា​ ​ឪពុក​ម្តាយ​ ​និង​មក​ដល់​ក្មួយៗ​ ហើយ​សង្ឃឹម​ថា​ ជីដូន​ជីតា​ ឪពុក​ម្តាយ​ក្មួយៗ​ ​ក៏​ដូច​ជា​ ក្មួយៗ​ផ្ទាល់​ ​នឹង​បន្ត​ការ​បោះឆ្នោត​ គាំទ្រ​គណបក្ស​ប្រជាជន​ និង​ផ្តល់​ឱកាស​ឲ្យ​ពូ​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត​ ១០​ឆ្នាំ​តទៅ​ទៀត»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហមមួយ​រូប​ និង​ត្រូវ​បាន​លើក​បន្តុប​ពី​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ​ឲ្យ​ដឹកនាំ​ប្រទេស​កម្ពុជា​ ​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀតឲ្យប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ដែល​លោក​យល់​ថា ធ្លាប់​បាន​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិនាសកម្ម។​

​ដោយ​ភ្ជាប់​ពី​ការ​ថ្លែង​របស់​លោក​អំពី​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​នេះ​ លោក​ ហ៊ុន សែន​ ​បាន​លើក​ឡើងអំពី​ការ​កើត​មាន​សង្គ្រាម​ក្នុង​ស្រុក​ នៅ​ពេល​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សេនាប្រមុខ​ លន់​ នល់​ ដែល​ទទួលការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។​ លោក​ថា​ ​របប​លោក​ លន់ នល់​ នេះ​ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ជំពាក់បំណុល​ ដែល​កម្ពុជា​មិន​ត្រូវ​សង​ ហើយ​សហរដ្ឋ​អាមេរិក​ទៅ​វិញ​ទេ​ ដែល​គួរ​ប្រើប្រាស់​បំណុល​នេះ​ ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​ លោក​បាន​អះអាង​នៅ​ចំពោះមុខ​កម្មករ​ថា​ លោក​បាន​លើកឡើង​ពី​បញ្ហា​នេះ​ នៅ​ចំពោះ​មុខ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Donald Trump ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មួយ​ ធ្វើ​ឡើង​ ​នៅ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​កាល​ពី​ពេល​ថ្មីៗ​នេះ។

«ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​អាមេរិក​ បង្វែរ​បំណុល​ដែល​ពួក​ លន់ នល់​ ជំពាក់​ទៅ​ជា​ជំនួយ​អភិវឌ្ឍន៍​ សម្រាប់​កម្ពុជា​វិញ។ ខ្ញុំ​បាន​ប្រើ​ពាក្យ​ថា​ វា​ប្រៀប​ដូច​ជា​ យក​ញញួរ​មក​វាយ​យើង​ខ្ញុំ​ ហើយ​ឲ្យ​យើង​ខ្ញុំ​សង​ថ្លៃ​ញញួរ​ទៀត»។​

លោក​ David Josar ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA ​តាម​សារ​អេឡិចត្រូនិក​ ឬ​ email ​ថា​ ស្ថានទូត​មិន​មាន​ការ​អធិប្បាយ​លើ​បញ្ហា​បំណុល​នេះ​ទេ។ ​លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​នឹង​មិន​មាន​ការ​អធិប្បាយ​ណាមួយ​ទៅ​លើ​ការ​អធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អំពី​បំណុល​អាមេរិក»។​

យ៉ាង​ណា​ក្តី​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​កម្មករ​ឲ្យដឹង​ទៀត​ថា​ លោក​បាន​សុំ​ទោស​លោក​ប្រធានាធិបតី​ ត្រាំ​ ក្រោយ​ពី​ការ​អធិប្បាយ​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កាលពី​ពេល​ថ្មីៗ​នេះ។ ​លោក​អះអាង​ថា លោក​ត្រាំ​ បាន​ឆ្លើយ​តប​នឹង​លោក​ថា មិន​មាន​បញ្ហា​អ្វី​ក្នុង​ការណ៍​ដែល​លោក​លើក​អំពី​បញ្ហា​បំណុល​នេះ។​

​លោក ​ហ៊ុន សែន​ បាន​រៀបរាប់​យ៉ាង​ដូច្នេះ៖

«និយាយ​ចប់​ ពេល​បិទ​អង្គប្រជុំ​ ខ្ញុំ​បាន​មក​ជួប​ចាប់​ដៃ​គាត់​ ខ្ញុំ​បាន​និយាយ​ថា​ សុំទោស។ ខ្ញុំ​មិន​ប្រើ​ពាក្យ​សុំ​ទោស​ទេ​ ពាក្យ​ sorry ​គេ​ប្រើ​ពាក្យ​ មិន​មែន​ជា​ការ​សោក​ស្តាយ​ទេ​ ប៉ុន្តែ​អា​នេះ​ ភាសា​ការ​ទូត​ អង់គ្លេស​របស់​ខ្ញុំ​វា​មិន​ច្បាស់​ទេ​ ខ្ញុំ​បាន​និយាយ​ថា​ 'Sorry, I raised this issue.' គាត់​បាន​ឆ្លើយ​ជាមួយ​ខ្ញុំ​ថា​ 'No problem, thank you.' គាត់​ឆ្លើយតប​ថា​ 'អត់​បញ្ហា​ សូម​អរគុណ'។ អីចឹង​មាន​ន័យ​ថា​ គាត់​ស្តាប់​យ៉ាង​ច្បាស់»។​

ការ​រំពឹង​ទុក​របស់​លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ចំពោះ​សំឡេង​គាំទ្រ​ពី​ក្រុម​កម្មករ​ កើត​មាន​ឡើង​ នៅ​ពេល​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨​ និង​នៅ​មុន​ពេល​ដែល​តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេ​ដឹង​ថា​ ជា​គណបក្ស​ប្រជែង​ដ៏​សំខាន់​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​នយោបាយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ដោយ​បានយក​ប្រៀប​លើ​គូ​ប្រកួត​ប្រជែង​របស់​គណបក្ស​លោក គឺ​គណបក្ស​ប្រឆាំង​ដែលត្រូវ​បាន​រំលាយ​ចោល​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​នេះ។​

លោក​ យឿង សុធារ៉ា​ មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ ​បាន​ប្រាប់​ ​VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ឃោសនា​នយោបាយ​ទាញ​រក​សំឡេង​ឆ្នោត​នៅ​មុន​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ ជា​សិទ្ធិ​របស់​អ្នកនយោបាយ។​ តែ​លោក​ថា​ លំហ​នៃ​ការ​ឃោសនា​នេះ​ គួរ​ត្រូវ​បាន​ផ្តល់​ឲ្យ​ស្មើ​ភាព​ដល់​គណបក្ស​ដទៃ​ទៀត​ ដើម្បី​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌។​

«វេទិកា​ ឬក៏លំហរប្រជាធិប​តេយ្យ​ទាំង​អស់​នេះ​ ត្រូវ​បើក​ឲ្យ​ស្មើគ្នា​ ចំពោះ​គ្រប់​មេដឹកនាំ​ អ្នក​នយោ​បាយ​ គ្រប់​និន្នាការ​ ទោះ​បី​ជា​និន្នា​ការ​ប្រឆាំង​ និន្នាការ​យ៉ាង​ម៉េចក៏ដោយ​ គឺត្រូវ​តែបើក​ space [លំហរ]​ បើក​អាលំហរ​ហ្នឹង​ឲ្យបាន​ស្មើៗ​គ្នា​ មានន័យ​ថា​ ធ្វើឲ្យបាន​ប្រសើរ​ មានន័យ​មិនមែន​ វាយ​ដៃ​គូ​ម្ខាង​ឲ្យ​ដួល​ ហើយ​ខ្លួន​មាន​ឱកាស​តែ​ម្នាក់​ឯង​ ដើម្បី​ប្រកូកប្រកាស​ ដើម្បី​បញ្ចេញ​សំឡេង​ តែម្នាក់​ឯង​ ដើម្បី​ទាក់​ទាញការ​គាំទ្រ​ ហើយ​មិន​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​ដែរ​ គឺ​មិន​ជា​ការប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​ទេ​បាទ»។​

​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ ​ទម្លាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​ និង​នៅ​មុន​ពេល​តុលាការ​កំពូល​ប្រកាស​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បង្ហោះ​សារ​ជូន​ដំណឹង​មួយនៅ​លើ​ ​ទំព័រ​ហ្វេសប៊ុករបស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​បញ្ជាក់​ថា​ ការិយាល័យ​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ហៅ​កាត់​ថា​ (USTR)​ បាន​ប្រកាស​ពី​កិច្ច​ខិត​ខំ​ថ្មី​មួយ​ ដើម្បី​ធានា​ដល់​ប្រទេស​ ដែល​ទទួល​ផល​ប្រយោជន៍​ទាំងឡាយ​ឲ្យ​បំពេញ​បាន​នូវ​តម្រូវការ​របស់​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទូទៅ​ (Generalized System of Preference) ​ហៅ​កាត់​ថា​ GSP។​ ដំណើរការ​ថ្មី​នេះ​ ​មាន​ការពាក់ព័ន្ធ​នឹង​ការ​វាយ​តម្លៃ​របស់​ USTR ​ទៅ​លើ​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​ GSP។​ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ GSP​ នៅ​ឆ្នាំ​ ១៩៩៧​ និង​នៅ​ឆ្នាំ​២០១៦​ កម្ពុជា​បាន​នាំ​ចេញ​ក្នុង​ទឹកប្រាក់​ចំនួន​ ១៧៩​លាន​ដុល្លារ​អាមេរិក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​កម្មវិធី​នេះ។ ​

លោក ​David Josar ​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ ​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ​ទាក់​ទិន​ការ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ប្រទេស​ដែល​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​ GSP​ ​នេះ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​ការិយាល័យ​អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ដែល​មិន​ទាន់​បាន​ឆ្លើយ​សំណួរ​របស់​ VOA ​មកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG