ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​យល់​ខុស​គ្នា​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៤​ឆ្នាំ​មក​នេះ​


រូបថត​ឯកសារ៖ អតីត​ព្រះ​អម្ចាស់​ នរោត្តម សីហនុ ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP
រូបថត​ឯកសារ៖ អតីត​ព្រះ​អម្ចាស់​ នរោត្តម សីហនុ ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ AFP

រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​លុប​ចោល​ថ្ងៃ​២៣​តុលា ​នេះ​ចេញពី​ប្រតិទិន​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់រដ្ឋ​ជា​ច្រើន​ឆ្នាំ ​ហើយ​ចាប់​ផ្តើម​បើក​វិញ​កាល​ពីឆ្នាំ​២០១២។​

ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​នឹក​ចាំ​មិន​ភ្លេច​ថា ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសកាលពី​២៤​ឆ្នាំ​មុន​បាន​កំណត់​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ មាន​របប​ប្រជាធិបតេយ្យ​សេរីនិយម​ពហុបក្ស​ ការ​ការពារ​បូរណភាព​ទឹកដី​ ហើយ​នឹង​ការ​អភិវឌ្ឍ។ ​ក្រុម​អ្នក​តាមតាន​ការ​វិវត្តជាង​២​ទសវត្សរ៍​របស់​កម្ពុជា​មាន​ការ​យល់​ឃើញ​មិន​ដូច​គ្នា​ទេ​ចំពោះ​ការ​កសាង​ប្រទេសកន្លង​មក​នេះ។​

ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​កម្ពុជា​ខ្លះ​មើល​ឃើញ​ផ្សេងៗ​គ្នា​អំពី​ការ​វិវត្ត​ទៅមុខ​នៃ​ប្រទេស​កម្ពុជា​ ​រយៈ​ពេល២៤​ឆ្នាំ​ ដែល​ភាគី​ជម្លោះ​ខ្មែរ​ទាំងបួន​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​សង្គ្រាម។​ ​បណ្តាប្រទេស​ទាំង​១៨​ និង​អ.ស.ប.​បាន​សន្យា​ថា ​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​មាន​របប​ប្រជា​ធិបតេយ្យ​សេរី​និយម​ ធានា​បូរណភាព​ទឹកដី​ ហើយ​នឹង​ការ​អភិវឌ្ឍ​ពេញលេញ។​ តែ​ក្រុម​អ្នក​តាម​ដាន​ខ្លះ​យល់​ថា​ កម្ពុជា​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ ជាពិសេស​លើ​បញ្ហា​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​មូលដ្ឋាន​សំខាន់​នៃ​យុត្តិធម៌​សម្រាប់​ការ​អភិវឌ្ឍ​ ​ហើយនឹង​ការ​រួមគ្នា​ការពារ​បូរណភាព​ទឹកដី​នៅ​ឡើយ​ទេ។​

លោក​ សុន ឆៃ​ អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ ​បាន​ថ្លែង​ថា​ កម្ពុជា​មាន​ការ​បណ្តែត​បណ្តោយ​មិន​បាន​ពង្រឹង​ស្ថាប័ន​រដ្ឋ​ដើម្បី​បម្រើ​ឆន្ទៈ​ប្រជា​ពលរដ្ឋ ​ដើម្បី​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​រង​ការ​រិះគន់​មិន​ចេះ​ចប់។ ​ហើយ​ការ​ការពារ​បូរណភាព​ទឹកដី​នៅមាន​ការ​មិនយល់​ស្រប​គ្នា ​ដែល​លោក​និយាយ​ថា​ អន្តរជាតិ​និង​មហាអំណាច​នានា​គួរ​ជួយ​ដោះស្រាយ​បញ្ចប់​រឿង​ខ្មែរ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។​

«ដូច្នេះ​រឿង​ទាំង​នេះ​ជារឿង​សេស​សល់​ ហើយ​វា​អាច​ជា​គ្រោះថ្នាក់​ដែរ​ទៅ​លើ​អនាគត​របស់​ប្រទេស​កម្ពុជា​ បើ​សិន​ណា​ជា​យើង​មិន​បាន​ដោះស្រាយ​ចំពោះ​ការ​ពង្រឹង​ស្ថាប័ន​ជាតិ​ឲ្យ​មាន​ការ​បម្រើសេវា​ពលរដ្ឋ ​ឲ្យ​ធានា​សិទ្ធិ​មនុស្ស​ឲ្យមាន​ការគោរព​ឆន្ទៈ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជាដើម»។​

អ្នក​គាំទ្រគណបក្សប្រឆាំង​ប្រមូល​ផ្តុះ​នៅមុខ​ប៉ូលិស​បង្ក្រាប​បាតុកម្មដែល​បាន​បិទ​ផ្លូវ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៤។
អ្នក​គាំទ្រគណបក្សប្រឆាំង​ប្រមូល​ផ្តុះ​នៅមុខ​ប៉ូលិស​បង្ក្រាប​បាតុកម្មដែល​បាន​បិទ​ផ្លូវ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក​និយាយ​ថា​ ការ​គោរព​សន្ធិ​សញ្ញា​ក្រុង​បារីស​ ជា​សង្ខេប​ត្រូវ​ធានា​ជា​មូលដ្ឋាន​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​អាច​រស់​នៅជា​មួយ​គ្នា​បាន ​ហើយ​ឲ្យ​ពលរដ្ឋ​ជា​អ្នក​កំណត់​ថា​ ក្រុមណា​មួយ​អាច​ដឹកនាំ​ប្រទេស​តាម​បែប​ប្រជា​ធិបតេយ្យ។​

លោក​បាន​ថ្លែង​ថា​ ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីស​មាន​ភាព​រអាក់​រអួល​តាំង​ពី​ដើម ​ដោយសារ​ភាគី​ខ្លះ​ដែល​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ដើម ​មាន​ការ​ពេញ​ចិត្ត ​តែ​អ្នក​ខ្លះ​មាន​ការ​ប្រឆាំង ​ដោយ​យល់​ខុស​ថា​ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​គឺ​ជា​ការ​បង្កើត​ឡើង​ដោយ​ប្រទេស​លោក​សេរី​ ហើយ​អាច​នឹង​ផ្តួល​រំលំ​អំណាច​របស់​ខ្លួន។​

«ម្ល៉ោះ​ហើយ​ការ​អនុវត្ត​ហ្នឹង​មិន​បាន​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ»។​

សកម្មជន​ដីធ្លី​មកពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី។ (ហេង រស្មី/VOA)
សកម្មជន​ដីធ្លី​មកពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី។ (ហេង រស្មី/VOA)

លោក​ Phil Robertson ​អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​គឺ​ជា​បញ្ហា​ស្នូល​មួយ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​វិស័យទាំង​នេះ​ តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ទេ។

«ហើយ​អ្វី​ដែល​យើង​ឃើញ​ម្តង​ហើយម្តង​ទៀត​គឺ​ថា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​រំលោភ​ការ​សន្យា​ក្នុង​ការ​គាំពារ​សិទ្ធិ​មនុស្ស ​ហើយ​បាន​បង្កើត​ឲ្យ​មាន​វប្បធម៌​រួចទោស​ពៃរ៍​ដើម្បី​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ​កម្លាំង​សន្តិសុខ​មកពី​យោធា ​និង​ប៉ូលិស​ ហើយ​ម្តង​ហើយម្តង​ទៀត​យើងបាន​ឃើញ​ការ​ប្រើប្រាស់​តុលាការ​តាម​វិធី​មិន​សមរម្យ​ដើម្បីកាត់​ទោស​អ្នក​នយោបាយ​ជំទាស់ ​ហើយ​នឹង​សកម្មជន​សង្គម​ស៊ីវិល​ដែរ»។​

លោក​ក៏​បាន​ថ្លែង​ថា ​ពួក​គេ​តែងតែ​ត្រូវ​ចាប់ខ្លួនដាក់ទោស​ និង​ចោទ​ប្រកាន់​ចំពោះ​ការ​និយាយ​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​រឿង​ដីធ្លី​ និង​បញ្ហា​ផ្សេងៗ​ទៀត​ ដែល​ប៉ះពាល់​ទៅលើ​ក្រុមហ៊ុន​ដែល​មាន​ជាប់ទាក់​ទង​នឹង​រដ្ឋាភិបាល ​ហើយ​នឹង​មនុស្ស​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​

«ពេល​យើង​និយាយ​ពី​សិទ្ធិ​មនុស្ស​តាម​ការ​សន្យា​ក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីសនោះ​គឺ​គ្មាន​ការ​គោរព​តាម​ទេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​រឿង​នេះ​ជា​រឿង​អាម៉ាស​ពិត​ប្រាកដ។​ នេះ​ជា​រឿងសំខាន់ ​ដែល​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​គួរតែ​លើក​ឡើងជាមួយ​នឹង​រដ្ឋាភិបាល ​ហើយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​វិធី​ជា​ប្រព័ន្ធ​ដែល​គេ​កំពុង​ប្រើប្រាស់»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ តាម​ទំព័រ Facebook ​ដើម្បី​អបអរសាទរខួប​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ប្រវត្តិ​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ដែល​លោក បាន​ចរចា​ជាមួយ​សម្តេច​ឪ ​សម្តេច​ព្រះនរោត្តម ​សីហនុ​ ដើម្បី​សន្តិភាព​និង​បទ​ឈប់​បាញ់​គ្នាកាលពី​ទសវត្សរ៍​១៩៨០​នោះ។​ តែ​លោក​នាយក​រដ្ឋមន្ត្រី​ពុំ​បាន​បញ្ជាក់​ពីការ​ដឹកនាំ​ប្រទេស​ជាង​៣០ឆ្នាំ​របស់​លោក ​និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នោះ​ទេ។​

រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ធ្លាប់​លុប​ចោល​ថ្ងៃ​២៣​តុលា ​នេះ​ចេញពី​ប្រតិទិន​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់រដ្ឋ​ជា​ច្រើន​ឆ្នាំ ​ហើយ​ចាប់​ផ្តើម​បើក​វិញ​កាល​ពីឆ្នាំ​២០១២។​

ភាគីខ្មែរ​ចំនួន​៣​ដឹកនាំ​ដោយ​សម្តេចឪ​ សម្តេច​ព្រះ​នរោត្តម​ សីហនុ​ និង​ភាគី​រដ្ឋកម្ពុជា ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ចាប់​ផ្តើម​ចរចា​គ្នា​កាលពី​ឆ្នាំ​១៩៨៧ ​នៅ​ប្រទេស​បារាំង​ ក្រោយពី​បាន​វាយ​ប្រយុទ្ធគ្នា​ជា​ច្រើន​ឆ្នាំ​មុនឈាន​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​កាលពី​ថ្ងៃ​ទី២៣ ​តុលា ​ឆ្នាំ​១៩៩១។​ ក្រោយ​មក​ កម្ពុជា​ក៏​ចាប់​ផ្តើម​ការ​អភិវឌ្ឍ​ប្រទេស​បណ្តើរៗ​ដល់​ឆ្នាំ​១៩៩៨​ ដែល​មាន​សន្តិភាព​ពេញ​លេញ​ ក្រោយ​ពេល​កងទ័ព​ខ្មែរក្រហម​បាន​ធ្វើ​សមាហរណ​កម្ម​មក​ជា​កម្លាំង​កងទ័ព​តែមួយ​និង​ទឹកដី​តែ​មួយ។​

លោកស្រី ​ជា វណ្ណាត ​អ្នកតាម​ឃ្លាំមើល​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ដល់​លោក សុខ ខេមរា នៅ​គេហដ្ឋាន​លោក​ស្រី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សុខ ខេមរា/VOA)
លោកស្រី ​ជា វណ្ណាត ​អ្នកតាម​ឃ្លាំមើល​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ដល់​លោក សុខ ខេមរា នៅ​គេហដ្ឋាន​លោក​ស្រី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សុខ ខេមរា/VOA)

លោក​ស្រី ​ជា វណ្ណាត ​អ្នកតាម​ឃ្លាំមើល​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ស្គាល់​ថា មាន​ការ​អភិវឌ្ឍ​ និង​ការ​វិវត្ត​ផ្នែក​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ។​

«ខ្ញុំ​មើល​ទៅឃើញ​ថា​ មាន​ដំណើរការ​ទៅ​មុខ​ល្អ​ ដូច​ថា ​យឺត ​មិនមែន​ថា​ មាន​អី​ស្ទុះ ស្ទារ​ ហក់លោត​អី​ទេ។​ តែ​ដើរ​ទៅ​វា​ត្រូវ​តាម​ទិសដៅ​ ដែល​ប្រជាពលរដ្ឋ​ជាទូទៅ​លោក​ចង់បាន ​ទាំងផ្នែក​សិទ្ធិ​មនុស្ស ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយនឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»។​

លោកស្រី​បាន​ថ្លែង​ដូច្នេះ​គឺ​ប្រៀប​ធៀប​ពេល​នេះ​ទៅ​នឹង​ទស​វត្សរ៍​១៩៩០​ ​ហើយ​លោក​ស្រី​បាន​ចាត់ទុក​ការ​រិះគន់​របស់សង្គម​ស៊ីវិល​ និង​គណបក្ស​ជំទាស់​ថា​ ជា​រឿង​ធម្មតា​ ​ដោយសារ​ប្រទេសកម្ពុជា ដែល​ទើប​តែ​ចេញ​ពី​សង្គ្រាម​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំ​មក​នេះ​ បាន​បើក​ចំហ​ធំពេក​ដើម្បី​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​ពិភព​លោក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​លឿន។​

«ហើយ​ក្នុងការ​ធ្វើឲ្យ​លឿន​ហ្នឹង​ យើង​តែង​តែ​មាន​ភាព​ខ្វះ​ចន្លោះ​គ្រប់​ផ្នែក​ទាំង​អស់។ ​ទោះណា​ជា​ខ្ញុំ​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​ក៏ដោយ​ ក៏​មិន​មែន​ថា ​សុក្រិត្យទេ ​អត់មាន​ទេ​ ពាក្យ​សុក្រិត្យ។ ​ល្អ​ប្រសើរ​នេះ​គឺ​គ្រាន់​តែ​ខ្ញុំ​ប្រៀបធៀប​ពេល​ឥឡួវ​ហើយនឹង​ពេល​មុន​តែ​ប៉ុណ្ណឹង​ទេ។ ​ហើយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​អញ្ចឹង​ដែរ​ ដែល​ខ្ញុំ​ថា​ ល្អ​ប្រសើរ​ហ្នឹង​គឺខ្ញុំ​ប្រៀប​ធៀប​នឹង​ ពេល​បច្ចុប្បន្ន​គឺ​ឆ្នាំ​២០១៥​ទៅ​នឹង​ឆ្នាំ​១៩៩៥ ​គឺ២០​ឆ្នាំមុន។ ​ហ្នឹង​ដែល​ខ្ញុំ​និយាយ​ថា​ ល្អ​ប្រសើរ​នៅក្នុង​ន័យ​ហ្នឹង។​ តែ​បញ្ហា​នៅ​តែ​មាន​ ជា​ពិសេស​គឺ បញ្ហា​ថ្មីៗ​ទៅ​ទៀត»។​

លោកស្រី​បាន​អះអាង​ថា​ បញ្ហា​ថ្មីៗ​នោះ​គឺ​ការ​ទាមទារ​ប្រាក់​បៀរវត្សរ៍​របស់​កម្មករ ​កម្មការិនី​ ដែល​ត្រូវការ​ប្រាក់​ឈ្នួល​ខ្ពស់​ដើម្បីឲ្យ​សមាមាត្រ​នឹង​ទំនិញ​លើ​ទីផ្សារ។ ​ហើយ​មាន​បញ្ហា​យ៉ាងតិច​ពីរ​គឺ​ការ​អប់រំ​ ដែល​គុណភាព​នៅ​ទាប ​ឬ​មិន​ត្រូវ​តាម​ទីផ្សារ​ ក្នុង​ពេល​មាន​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន​ដែល​មាន​ប្រទេស​ចំនួន​១០​ជាសមាជិក​ ​ហើយ​នឹង​បញ្ហា​សុខភាព​ បញ្ហា​អនាម័យ​សម្រាប់​ពលរដ្ឋ ​សហគមន៍។​ កម្ពុជា​ត្រូវរួម​គ្នា ​មាន​ឯកភាព​ជាតិ​ខ្ពស់​ជាង​មុន​ដើម្បីគិតគូរ​ដោះស្រាយ​បញ្ហា​ធំៗ​របស់​ជាតិ​ ​និង​ដើម្បីជា​និមិត្តរូប​ជាតិ​ ជាជាង​ជម្លោះ​ឥត​ប្រយោជន៍។​

លោកស្រី​បាន​ព្រមាន​ឲ្យដឹង​ថា ​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ទាក់ទង​នឹង​ថ្ងៃ​៧​មករា ​និង​២៣​តុលា​គឺ​ជា​រឿង​ឥត​បាន​ការ។​ លោកស្រី​និយាយ​ថា បញ្ហា​ទាំង​ពីរ​នេះជា​រឿង​ប្រវត្តិ​សាស្ត្រ​ទៅ​ហើយ​ ហើយ​ពលរដ្ឋ​បោះឆ្នោត​ម្តងៗ​មិនមែន​ទៅតាម​រឿង​នោះទេ​គឺ​ថា ​ពួកគាត់បោះ ​ឆ្នោត​ ដោយ​ផ្អែក​ទៅលើ​ ថា​តើអ្នក​ដឹកនាំ​ណា​ដែល​គិត​រាស្ត្រ ​យល់ចិត្ត​រាស្ត្រនិង​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជារាស្ត្រ ​គឺ​មិនមែន​មេ​ដឹកនាំ​ណា​ដែល​មិន​គិតគូរ​ជួយ​រាស្ត្រ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG