លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះ បានជំរុញមិនឲ្យប្រជាជនកម្ពុជាអត់ឱនចំពោះការប្រមាទលើតម្លៃសញ្ញាប័ត្រក្នុងប្រទេសកម្ពុជា។ លោកបានថ្លែងយ៉ាងដូច្នេះក្នុងការឆ្លើយតបធ្ងន់ៗចំពោះការិះគន់របស់លោក សម រង្ស៊ី កាលពីដើមខែតុលានេះ ដែលថាសញ្ញាប័ត្រក្នុងប្រទេសកម្ពុជាភាគច្រើនគឺអត់តម្លៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទនេះ បានរិះគន់ធ្ងន់ៗចំពោះការថ្លែងរបស់មេគណបក្សជំទាស់ ដែលថា សញ្ញាប័ត្រក្នុងប្រទេសកម្ពុជាគឺភាគច្រើន«អត់តម្លៃ»។
លោកបានចំអកថា នេះគឺជាការប្រមាថដល់ប្រជាជនគ្រប់រូប ហើយលោកស្នើឲ្យមាតាបិតា សិស្សនិស្សិតកុំអត់ឱនទោសចំពោះការប្រមាថបែបនេះ។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះមិនបានប៉ុន្មានសប្តាហ៍ផង បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងពិធីបិទវគ្គកុំព្យូទ័រខ្លីដែលរៀបចំឡើងដោយគណបក្សរបស់លោក ក្នុងនោះលោកបានបញ្ជាក់ថា សញ្ញាប័ត្រដែលមិនបានទទួលពីការអប់រំត្រឹមត្រូវគឺធ្វើឲ្យខូចតម្លៃនៃការសិក្សានិងខូចតម្លៃអ្នកដែលចែកសញ្ញាប័ត្រឲ្យផងដែរ។
យោងតាមវីដេអូខ្លី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី កាលពីដើមខែតុលានេះ លោក សម រង្ស៊ី បានរិះគន់ប្រព័ន្ធអប់រំនៅកម្ពុជាយ៉ាងដូច្នេះថា៖ «សញ្ញាប័ត្រនៅស្រុកខ្មែរភាគច្រើនគឺអត់មានតម្លៃ ប្រព័ន្ធសិក្សាអប់រំនៅកម្ពុជានៅទន់ខ្យោយជាទីបំផុត។ គណបក្សសង្គ្រោះជាតិនឹងចូលទៅរៀបចំប្រទេសឡើងវិញ រៀបចំប្រទេសឡើងវិញ ឲ្យមានការផ្លាស់ប្តូរ ព្រោះវានៅសូន្យច្រើនណាស់ ឲ្យក្មួយៗយុវជនមានអនាគត ឲ្យស្រុកយើងមានការលូតលាស់ មានសេដ្ឋកិច្ចរីកចម្រើនរុងរឿងពិតប្រាកដ»។
សូមចុចស្តាប់សម្តីដើមរបស់លោក សម រង្ស៊ី ត្រង់នេះ៖
ថ្លែងទៅកាន់និស្សិតជាងមួយពាន់នាក់ក្នុងពិធីចែកសញ្ញាប័ត្រនាព្រឹកថ្ងៃច័ន្ទនេះ លោកនាយករដ្ឋន្ត្រីហ៊ុន សែនបានរិះគន់ដដែលៗថា សម្តីរបស់លោក សម រង្ស៊ី ជាការប្រមាថចំពោះប្រជាជនគ្រប់រូប រួមទាំងអ្នកដែលឧបត្ថម្ភដល់សិស្ស និសិ្សត និងអ្នកដែលធ្លាប់ឆ្លងកាត់ការអប់រំក្នុងស្រុក ដែលរដ្ឋាភិបាលកំពុងនិងបានព្យាយាមស្តារនិងពង្រឹងគុណភាពអប់រំចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមមក។
«ក្នុងពេលដែលប្រធានគណបក្សប្រឆាំងចាត់ទុកថា ជាសញ្ញាប័ត្រអត់មានតម្លៃ មើលងាយម៉ាប្រទេស មិនមែនត្រឹមតែអ្នកធ្លាប់រៀនទេ។ ថ្ងៃនេះក្រៅពីនិស្សិត ១៧៦៨នាក់ នៅមានមាតា បិតា ក្រុមគ្រួសារក៏អត់មានតម្លៃដែរ។ តែក្នុងកែវភ្នែកហ៊ុន សែន អ្នកទាំងនេះគឺមានតម្លៃ។ ជាធនធានមនុស្សរបស់សង្គមជាតិដែលបានបំពេញបន្ថែមនៅថ្ងៃនេះ»។
លោកបានបញ្ជាក់ថា៖
«ការប្រមាថមាក់ងាយមួយនេះគឺវាប៉ះពាល់ទាំងអស់ ទាំងស្ថាប័នអប់រំជាតិដែលបានប្រឹងប្រែង ទាំងពីទ្រឹស្តីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ»។
ក្នុងពេលថ្មីៗនេះ គណបក្សធំៗទាំងពីរគឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជនកម្ពុជា ដែលជាគូប្រជែងនយោបាយដ៏ស្រួចស្រាវ បានធ្វើការរិះគន់គ្នាទៅវិញទៅមកតាមរយៈបណ្តាញព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក។ កាលពីសប្តាហ៍កន្លងទៅ លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងជាឧបនាយករដ្ឋមន្ត្រី បានចោទថា គណបក្សជំទាស់ព្យាយាមញុះញ៉ង់ឲ្យមានកុប្បកម្មប្រឆាំងរដ្ឋាភិបាលលោកហ៊ុន សែន ពេលមុន និងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ខណៈដែលលោក សម រង្ស៊ី អះអាងថា គណបក្សរបស់លោកនឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលបានចំអកអ្នកគាំទ្រគណបក្សជំទាស់កាលពីថ្ងៃច័ន្ទយ៉ាងដូច្នេះថា៖
«អញ្ចឹងមនុស្សម៉ាប្រទេសគឺអត់តម្លៃទាំងអស់ រួមទាំងអ្នកដែលបានបោះឆ្នោតនិងអ្នកធ្វើការឲ្យគណបក្សប្រឆាំងផងដែរ។ ត្រង់ន្លែងនេះ សូមប្រជាជនទូទាំងប្រទេស និងអ្នកដែលនៅក្នុងជួរគណបក្សប្រឆាំង តើគួរនៅបម្រើគេតទៅទៀត ក្នុងពេលដែលគេមើលថា ជាអ្នកអត់តម្លៃ ឬនៅតែបោះឆ្នោតគាំទ្រគេតទៅទៀត?»
ក៏ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការរិះគន់របស់លោក សម រង្ស៊ី លើប្រព័ន្ធអប់រំនៅកម្ពុជាគឺក្នុង«ន័យរិះគន់ស្ថាបនា» ដែលចង់ឲ្យមានការពង្រឹងគុណភាពនៃវិស័យដ៏មានសារៈសំខាន់នេះ។ លោកបន្ថែមថា ការចំអករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះអ្នកគាំទ្រគណបក្សជំទាស់គឺជារឿងធម្មតា ក៏ប៉ុន្តែការធ្វើនយោបាយរបស់គណបក្សលោកគឺដើរលើផ្លូវត្រូវដែលនាំឲ្យគណបក្សសង្គ្រោះជាតិមានការកើនអាសនៈនៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតនាឆ្នាំ២០១៣នោះ។
លោកយឹម សុវណ្ណបានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំយល់ឃើញថា ទុកឲ្យប្រជាពលរដ្ឋ គាត់អ្នកសម្រេចពេលចុងក្រោយទៅចុះ! យើងមិនចង់ស្តាប់ មិនចង់ឮ មិនចង់ឃើញ ពេលណាក៏យើងមានតែភាពខុសគ្នា ចេះតែមានការវាយប្រហារគ្នា។ យើងមិនចង់ឃើញបែបហ្នឹងទេ។ យើងចង់ជជែកគ្នាក្នុងន័យស្ថាបនា វប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាតិសំខាន់ៗ ដែលប្រទេសជាតិកំពុងតែជួបប្រទះ»។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានបញ្ជាក់ថា ការផ្តោះផ្តងពាក្យសម្តី រិះគន់ស្ថាបនារវាងគណបក្សធំៗទាំងពីរគឺជារឿងធម្មតាក្នុងប្រទេសប្រជាធិបតេយ្យ ដែលវាជារឿងល្អ និងចំណេញដល់ប្រទេសជាតិ។ លោកយល់ថា នេះមិនមែនជា«រឿងរញ៉េរញ៉ៃ»នោះទេ តែជាការធ្វើឲ្យមានភាពចាស់ទុំផ្នែកនយោបាយ។
«ការតវ៉ាបែបហ្នឹងជាសាធារណៈគឺជារឿងធម្មតា ហើយជារឿងចាំបាច់ទៀតដើម្បីឲ្យមានការចូលរួមជរជែកគ្នា ហើយប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ។ ហើយការតវ៉ាគ្នានេះក៏បានជួយផ្តល់គំនិតដល់អ្នកនយោបាយ ហើយក៏ជាការជំរុញឲ្យមានការប្រឹងប្រែង កុំឲ្យមានការជិះសេះលេងដៃ។ ដូច្នេះជារឿងធម្មតាទេ»។
ស្រដៀងគ្នានោះដែរ កាលពីឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានជំរុញឲ្យមានការចាត់វិធានការផ្លូវច្បាប់ដល់អ្នករិះគន់សញ្ញាប័ត្រយោធាដែលផ្តល់ឲ្យមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២២រូបពីវិទ្យាស្ថានកងទ័ពជើងគោកវៀតណាមផងដែរ៕