ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដូវផ្ការីក​អារ៉ាប់​បង្កការព្រួយបារម្ភ​ពី​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា


នៅក្នុង​រូបឯកសារ ដែល​បាន​ថត​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១១ បង្ហាញ​អំពី​ក្រុម​យុវជន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​រូបថត​របស់​យុវជន Mohamed Bouazizi ក្នុង​ក្រុង Sidi Bouzid កណ្តាល​ប្រទេស​ទុយនេស៊ី។ ការស្លាប់​របស់​យុវជន Mohamed Bouazizi បាន​ធ្វើឲ្យ​មាន​ការ​បះបោរ​នៅ​ប្រទេស​អារ៉ាប់​ផ្សេង​ៗទៀត។ (AP Photo/Salah Habibi)
នៅក្នុង​រូបឯកសារ ដែល​បាន​ថត​នៅ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១១ បង្ហាញ​អំពី​ក្រុម​យុវជន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​រូបថត​របស់​យុវជន Mohamed Bouazizi ក្នុង​ក្រុង Sidi Bouzid កណ្តាល​ប្រទេស​ទុយនេស៊ី។ ការស្លាប់​របស់​យុវជន Mohamed Bouazizi បាន​ធ្វើឲ្យ​មាន​ការ​បះបោរ​នៅ​ប្រទេស​អារ៉ាប់​ផ្សេង​ៗទៀត។ (AP Photo/Salah Habibi)

ដោយ​ទ្រាំទ្រ​មិនបាន​នឹង​ការ​ញាំ​ញី​ជាប្រចាំ​ពី​អាជ្ញាធរ​ដែល​រឹបអូស​រទេះ​លក់​បន្លែ​របស់​គាត់​ដោយសារ​តែ​គាត់​ពុំ​មានលិខិត​អនុញ្ញាត​ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ឈ្មោះ​ Mohamed Bouazizi ​បាន​យក​សាំង​ចាក់​លើ​ខ្លួន​រួច​ដុត​សម្លាប់​ខ្លួន​ឯង​នៅ​ចំកណ្តាល​ទី​ក្រុងBen Arous​ក្នុង​ប្រទេស​ទុយណេស៊ី។ ​ ​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​កើត​មាន​ឡើង​កាលពី​ជិត​ប្រាំ​ឆ្នាំ​មុន។ ​

ក្រោយ​ពី​ការ​ដុត​ខ្លួន​និង​ការ​ស្លាប់​របស់​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​គ្មាន​ការងារ​ធ្វើ​រូបនេះ​ កោ​លា​ហល​សង្គម​បាន​ផ្ទុះឡើង​ ដោយ​ប្រជាជន​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ដែល​រងវិបត្តិ​អត់ការងារ​ធ្វើ​មួយ​នេះ​ បាន​ក្រោក​ឈ​រប្រឆាំង​នឹង​ការ​ដឹក​នាំ​ដោយ​បុគ្គល​ម្នាក់អស់​ជាយូរ​ឆ្នាំ។​ មេដឹកនាំ​ដែលស្ថិត​ក្នុង​អំណាច​២៣ឆ្នាំ​ ហើយ​បាន​រត់​គេច​ចេញ​ពី​ប្រទេស​នៅ​ពេល​មាន​ការពុះកញ្ជ្រោល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ នោះ​គឺ​លោក​ Zine El Abidine Ben Ali។​

ចំហាយ​នៃ​ការ​បះបោរ​នេះ​ បាន​រីករាល​ដាល​ទៅ​ដល់​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របៀប​ផ្តាច់ការ រហូត​កើត​មាន​ជាពាក្យ​ថា​ «និទាឃៈរដូវ​ក្នុង​តំបន់​អារ៉ាប់» ឬ​ «រដូវ​ផ្ការីក​ក្នុង​តំបន់អារ៉ាប់»​ ជាភាសា​អង់គ្លេស​ហៅថា​ Arab Spring។​ ដោយសារ​តែ​រង​ឥទ្ធិពល​ពី​ផ្ការីក​មិន​មាន​ក្លិន​តែ​ពោរពេញ​ដោយ​អនុភាព​នេះ​ រដ្ឋាភិបាលក្នុង​តំបន់​អារ៉ាប់មួយ​ចំនួនបាន​ដួល​រលំ​ទៅ​បន្ត​កន្ទុយ​គ្នា។

ប្រទេស​ដែល​គួរ​ជា​ទី​កត់សម្គាល់ទាំង​នោះ​រួម​មាន​ប្រទេស​ទុយណេស៊ី​ ដឹកនាំ​ដោយ​ លោក​Ben Ali ប្រទេស​អហ្ស៊ីព​ដឹកនាំ​ដោយ​លោក Hosni Mubarak ​ប្រទេស​លីប៊ី​ដឹកនាំ​ដោយលោក Muammar Gaddafi។​ លោក Hosni Mubarak ​ដឹកនាំ​ប្រទេស​អេហ្ស៊ីប​ជិត៣០​ឆ្នាំ​ ហើយ​លោកវរៈសេនីយ៍ឯក​ Muammar Gaddafi​ដឹកនាំ​ប្រទេស​លីប៊ី​៤២ឆ្នាំ។​

ប្រទេស​នៅ​អឺរ៉ុប​ក៏​មាន​ប៉ះពាល់​ដោយ​បដិវត្តន៍​ផងដែរ។ ជាក់​ស្តែង​បដិវត្តន៍​នៅ​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ​២០១៤។

ការ​រលំ​គ្រេង​ទៅ​នៃ​រដ្ឋាភិបាល​ក្រុង​គៀវ​នៃ​ប្រទេស​អ៊ុយក្រែនដែល​ទន់​ទោរ​ទៅ​រករដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ ប្រទេស​រុស្សី​បាន​ធ្វើ​ឲ្យ​ រដ្ឋាភិបាល​មួយ​ចំនួននៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​កើត​ក្តី​ព្រួយ​បារម្ភ​ពី​ជោគ​វាសនា​របស់​ខ្លួនដែល​បានក្តោប​ក្តាប់​អំណាច​ជាង​៣០​ឆ្នាំ។ ​ក្នុង​ចំណោម​នេះ​មាន​រដ្ឋាភិបាល​ទីក្រុងភ្នំពេញ​ ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​។​ ក្តី​បារម្ភ​នៃ​រដ្ឋាភិបាល​លោក​ហ៊ុន​ សែន​កើន​ដល់​កម្រិត​ខ្ពស់​មួយគួរ​ឲ្យ​បារម្ភ រហូត​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ថា​ សង្គ្រាម​នឹង​កើត​មាន​ឡើង​ប្រសិន​បើ​ អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ក្រុម​ប្រឆាំងយក​គំរូ​តាម​ប្រទេសអ៊ុយ​ក្រែន​ ឬ​ប្រទេស​លីប៊ី។

​ការ​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រីនៅពេល​នោះ​ ធ្វើ​ឡើង​នៅ​ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​កំពុង​រកផ្លូវ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ បន្ទាប់​ពី​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ទាំង​៥៥​រូប​បាន​បញ្ចប់​ពហិការ​មិន​ចូល​ក្នុង​សភាជាតិ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣។​

លទ្ធផល​នៃ​ការបោះ​ឆ្នោត​ឆ្នាំ​២០១៣​នេះ​ហើយ ​ដែល​តាម​បន្លាច​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណ​បក្សប្រជាជន​កម្ពុជា​ពី​ព្រោះ​កៅអី​បក្សប្រឆាំង​បាន​កើន​ឡើង​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​រដ្ឋសភា​ ហើយក្រុម​បាតុករ​នៃ​បក្ស​ប្រឆាំង​រាប់ម៉ឺន​នាក់​ក៏បាន​ចេញ​មុខ​តវ៉ា​ប្រឆាំងលទ្ធ​ផល​ឆ្នោត​នៅ​មុន​ពេល​តំណាង​រាស្រ្ត​បក្សប្រឆាំងសម្រេច​ចូលកាន់​កាប់​កៅ​អី​របស់​ពួក​គេក្នុង​រដ្ឋសភា។​

រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ ការ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ ហើយ​នឹង​ការ​បង្រ្កាប​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ​លើ​ក្រុម​បាតុករ​រហូត​ដល់​មាន​ការស្លាប់​បាត់​បង់​ជីវិត​ក៏​ពុំមាន​ទៀត​ដែរ។ ក៏​ប៉ុន្តែ​ ប្រជាពលរដ្ឋបែរ​ជា​ឮ​យូរៗ​ម្តង​ អំពី​ពាក្យ​មួយ​ថ្មី​ គឺ​«បដិវត្តន៍​ពណ៌»​ដែល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ប្រើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ដ៏មាន​ឥទ្ធិពល​ គឺ​លោក​ហ៊ុន សែន​ និង​មេទ័ព​ដែល​ស្មោះ​ស្ម័គ្រ​នឹង​របប​របស់​លោក។​

នៅ​គ្រប់​គ្រា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ប្រើ​ប្រាស់​ពាក្យ​បដិវត្តន៍​ពណ៌​ លោក​មិន​បាន​ផ្សារភ្ជាប់​ទៅ​នឹង ការ​តវ៉ា​ប្រឆាំង​ផ្តួល​រំលំ​រដ្ឋាភិបាល​ នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ និង​តំបន់​អាហ្វ្រិក​ខាងជើង​ ហើយនឹង​តំបន់​អឺរ៉ុប​ជា​ទី​ដែល​រដ្ឋាភិបាល​ជា​ច្រើន​បាន​ដួល​រំលំ​ទៅ​ក្រោយ​ការ​ចាប់​ផ្តើម​នៃរដូវ​ផ្ការីកនោះ​ឡើយ។​ លោក​គ្រាន់​តែ​រំឭក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា​ ប្រសិន​ជា​ រដ្ឋាភិបាល​លោក​ឈប់​គ្រប់​គ្រង​ប្រទេសកម្ពុជា​ ប្រទេស​ដែល​នៅ​ពឹង​លើ​ជំនួយ​បរទេស​មួយ​នេះ​នឹង​ជួប​អស្ថិរភាព។​

ថ្មីៗ​នេះ​ នៅ​ក្នុង​ពិធី​ដាក់ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ក្នុង​ខេត្ត​កណ្តាល​ លោក​នាយក​រដ្ឋមន្ត្រី​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០ឆ្នាំ​ បាន​រិៈគន់​ទៅ​លើរបៀបដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជំហរ​ទន់​ខ្សោយ​ក្នុង​ការ​ចរចា​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឡើង​នៅ​ក្រោយ​បោះ​ឆ្នោត​ជាតិ។​ លោក​សង្កត់ ​ធ្ងន់​ថា​ ប្រទេស​កម្ពុជា​នឹង​ជួប​អស្ថិរភាព​ ប្រសិន​ជា​គណបក្ស​ផ្សេង​ដឹកនាំ​ប្រទេស​កម្ពុជា។​

«ខ្ញុំ​នៅ​តែ​បន្ត​ថា​ បើ​ក្រៅ​ពី​គណបក្ស​ប្រជាជន​ដឹកនាំ​ គណបក្ស​ដទៃ​នឹង​នាំ​មក​នូវ​អស្ថិរភាព‍»

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា៖«ខ្ញុំ​ហ៊ាន​អះអាង​ថា​ បើ​របៀប​ដឹកនាំ​បែប​នេះ អស្ថិរភាព​វានឹង​កើត​មាន​ពេលនោះ​នឹង​រត់​លូន​មួយ​សារ​ជា​ថ្មី​ម្តង​ទៀត»។

អ្នក​វិភាគ​ស្ថាន​ភាព​នយោបាយ​ និង​សង្គម​យ៉ាង​ដិត​ដល់​នៅក្នុង​ប្រទេស​កម្ពុជា​ ព្យាករណ៍​ថា​ បដិ​វត្តន៍ពណ៌​ អាច​នឹង​មិន​កើត​មាន​តាម​ផ្លូវ​សេដ្ឋកិច្ច​នោះ​ទេ​ តែ​វា​អាច​កើត​ចេញ​ពីភាពធុញ​ទ្រាន់​នឹង​អ្នក​ដឹក​នាំ​ជា​មនុស្ស​ដដែលៗ​ដែល​ធ្វើ​ឲ្យ​គម្លាត​ជីវភាព​ខុសឆ្ងាយ​ពី​គ្នា​នៃ​អ្នក​ក្រនិង​អ្នកមាន​ និងចលនា​ជាតិ​និយម​ទាក់​ទិន​នឹងបូរណភាព​ទឹក​ដី​និង​ជនអន្តោប្រវេសន៍ហើយ​នឹង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។

ពួកគេ​ថា​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺ​ត្រឹម​តែ​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ មិន​មែន​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ​ ដូច​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ដែល​ប្រទេស​ខ្លះ​ទើប​តែ​បាន​ឃើញ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​ក្រោយ​ការ​កើតឡើង​នូវ«រដូវផ្ការីក​ក្នុង​តំបន់​អារ៉ាប់»​ឬ​Arab Spring​ទេ។​

លោក​បណ្ឌិត​សុខ​ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នក​វិភាគ​ដំណើរ​វិវត្តន៍​ នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មើល​ឃើញ​ទិដ្ឋភាព​បី​ដែល​អាច​ពន្យុះ​ឲ្យ​មាន​ចលនា​ជាតិ​និយម​បង្តើតបដិវត្តន៍​ពណ៌​នេះ​ឡើង។​

ធាតុ​បី​សំខាន់​ៗ​នោះ​ រួម​មាន​រឿង​រ៉ាវ​ព្រំដែន​ ដែល​បរទេស​ក្បែរ​ខាង​អាច​យករឿង​នេះ​ មក​បញ្ឆេះ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​កំពុង​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​ប្រទេស។​ ចំណុច​រសើប​មួយ​ទៀត​នោះ​គឺការ​លេង​នយោបាយ​បញ្ចើច​បញ្ចើគ្នា​ រវាង​បក្ស​កាន់​អំណាច​ និង​បក្ស​ជំទាស់​ ជុំវិញ​ភាពមិន​ប្រាកដ​ប្រជា​នៃ​ផែន​ទី​របស់​ប្រទេស​កម្ពុជា។​ លោក​បាន​ផ្សារ​ភ្ជាប់ការកក្រើក​ឡើង​វិញ​នៃ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ទៅនឹង​ភាព​ដែល​អាច​ទៅរួច​នៃ​ការ​ផ្ទុះ​ឡើង​បដិវត្តន៍​ពណ៌​ថា៖

«យើង​ឃើញ​ថា​រឿង​អី​សុខ​ៗ ​វៀតណាម​មក​ជីក​ស្រះ​ មក​បង្ខិត​ព្រំ​ដែន​ មក​ធ្វើ​បាញ់​ថ្នាំ​បាញ់​អី​ ទាំង​អស់ហ្នឹង​ វាសុទ្ធ​តែ​ជារឿង​រៀប​ចំ​ នៅក្នុង​ទិស​ដៅ​ហ្នឹង​ឯង​ ពីព្រោះ​យើង​ឃើញ​ហើយនូវប​ដិ​វត្ត​ន៍​ពណ៌​នៅមជ្ឈិម​បូព៌ា​ ដូច​ជា​នៅ​ទុយនេស៊ី​ ត្រឹម​តែ​អ្នក​លក់​បន្លែ​មួយ​ធុង​ បង្កើត​ទៅ​ជា​បដិវត្តន៍​បាន​ ចុះ​ទម្រាំ​ព្រំ​ដែន​ជារឿង​ប្រវ​ត្តិសាស្រ្ត​ ជារឿង​ជាតិ​ អាអញ្ចឹង​ហើយ​ដែល​វា​ជាការ​ព្រួយ​បារម្ភ»។​

ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ការ​ពុំមាន​ឯករាជ្យភាព បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ ដួល​រលំ​ទៅ​ បន្ទាប់​ពី​លោកប្រធានា​ធិបតីViktor Yanukovychបាន​ដឹកនាំ​ប្រទេស​អ៊ុយ​ក្រែនរយៈពេល​៤​ឆ្នាំ​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែងពី​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ។​ លោក​ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ផ្តួល​រំលំ​នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ​ពីព្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​នេះបាន​ដើរ​ចេញ​ស្រែក​តវ៉ា​នៅ​តាម​ដងផ្លូវ​តាំង​ពី​ឆ្នាំ​២០១៣​ ក្រោយ​ពី​លោកច្រាន​ចោល​ការ​ចង​សម្ព័ន្ធ​ភាព​ធ្វើ​ពាណិជ្ជ​កម្មសេរី​ជាមួយ​សហភាព​អឺរ៉ុប ខណៈដែល​ប្រទេស​នេះ​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។​ ប្រធានាធិបតី​រួប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ លោក​ក៏​មាន​សម្ព័ន្តភាព​ស្និទ្ធស្នាល​ជាមួយ​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិស្តុកស្តម​ផង​ដែរ។​

លោកអ៊ូ វីរៈ​ប្រធាន​វេទិការ​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ បាន​ប្រៀបធៀបពី​ភាព​ស្រដៀង​គ្នា​នៃ​ទំនាក់​ទំនង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ទីក្រុង​ហា​ណូយ​ប្រទេស​វៀតណាម​ទៅនឹង​ទំនាក់​ទំនងរដ្ឋាភិបាល​ទីក្រុង​គៀវ​នៃ​លោកViktor Yanukovych ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។​ ប៉ុន្តែ​លោក​មាន​ប្រសាសន៍ថា​ ភាព​ស្រដៀង​គ្នា​នៃ​ទំនាក់​ទំនង​នេះ​ មិនអាច​បង្ក​ឲ្យមាន​បដិវត្តន៍​ពណ៌​នោះ​ទេ​ ពីព្រោះ​កម្ពុជា​មិន​ទាន់​មាន​ការ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​ដូច​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

«ប៉ុន្តែ​បើ​សិន​ ប្រហែល​ជា​បើ​សិន​ជាមាន​អំពើ​ពុករលួយ​ខ្លាំង​ ហើយ​គម្លាត​អ្នក​មាន​ និង​អ្នក​ក្រ​កាន់​តែ​ខ្លាំង​ អាហ្នឹង​អាច​ជា​មូលដ្ឋាន​មួយ​ឲ្យ​ការ​ចង​កំហឹង​របស់​ប្រជាពលរដ្ឋ​ច្រើន​ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ក្រី​ក្រ​ ហើយ​កូន​ចៅ​គាត់​ទៅ​ខំពិបាក​ ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​គេមើល​ងាយ​គេ​មើល​អី​ហ្នឹង​ វាអាចជា​ប្រភព​នៃ​ការ​ឈឺ​ចិត្ត​នឹង​របប​ ឈឺចាប់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ»។​

លោកប៉ាន់​ស្មាន​ថា​ ការ​រំជើប​រំជួល​ណាមួយ​ទាំង​ក្នុង​វិស័យ​សង្គម​ និង​នយោបាយ​នឹង​មិន​អាច​កើត​ឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ​ តែ​វា​អាច​កើត​ឡើង​បាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ប្រសិន​ជា​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រងគ្រោះ​នឹង​ភាព​មិន​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ និង​វិបត្តិ​ដីធ្លី​ជាដើម។​ ទោះបី​ជា​យ៉ាង​ណាក៏ដោយ​ ​លោក​យល់​ឃើញ​ថា​ វិបត្តិ​សង្គម​ទាំង​នេះ​គ្រាន់​តែ​ឈើ​អុស​តូច​មួយ​ដែលមិនអាចបញ្ឆេះ​ការងើប​បះបោរ​ឲ្យ​ឆេះរោល​រាល​ខ្លាំង​នោះ​ទេ ហើយ​ថាបញ្ហា​ព្រំដែន​ជា​ចំណុច​ស្រួចស្រាល់​មួយ​ដែល​ងាយ​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល។​

«រឿង​ព្រំដែន​អាច​ជាចំណុច​រសើប​ជាង​គេ​ ប៉ុន្តែ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​មើល​ទៅ​បើសិន​ជា​មាន​មែន​ ក៏មិនមុន​២០១៨​ដែរ​ ព្រោះ​ប្រជាពលរដ្ឋ​នឹង​រង់​ចាំ​ ដល់​ពេលនោះ​ដើម្បី​ ធ្វើការ​សម្រេចចិត្ត​បោះ​ឆ្នោត ​តាម​រយៈការ​បោះ​ឆ្នោត ប្រសិនបើ​ពួកគាត់​ចង់​ប្តូរ​រដ្ឋាភិបាល​មែន»។​

ការរង្គោះ​រង្គើ​ប្រព័ន្ធ​ដឹកនាំ​នៅ​ក្នុងប្រទេស​អារ៉ាប់​ស្ថិត​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ និង​តំបន់​អាហ្វ្រិក ​ហើយ​រាល​ដាល​មក​ដល់​តំបន់​អឺរ៉ុប​នេះ​ គឺ​កើត​មាន​ចេញ​រោគសញ្ញា​នៃ​វិបត្តិ​សង្គម​និង​នយោបាយ​ធំៗ រួម​នឹង​ជម្លោះ​សាសនានៅក្នុង​ប្រទេស​ទាំង​នោះ។​ វិបត្តិ​ទាំងនោះ​រួមមាន​ ការ​រីករាល​ដាល​នៃ​ភាព​ក្រី​ក្រ​ អំពើ​ពុក​រលួយ​ គម្លាតទ្រព្យ​សម្បត្តិ ការ​ប្រមូលផ្តុំ​អំណាច​នៅ​លើ​តែថ្នាក់កណ្តាលរបស់​រដ្ឋាភិបាល ការធ្លាក់​ចុះ​ដុនដាប​នៃ​សេដ្ឋកិច្ច​ ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ ហើយ​នឹង​ការ​សិ្ថត​នៅ​ក្នុង​អំណាច​យូរ​ហួស​ហេតុ​របស់​មេដឹកនាំ។

លោក​កែម ឡី ​អ្នក​សិក្សាស្រាវជ្រាវ​សង្គម​ យល់​ឃើញ​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​លេច​ចេញ​ឡើង​នូវ​បដិវត្តន៍​ពណ៌​នេះ​ គួរ​សម្លឹង​ទៅ​មើល​វិបត្តិ​សង្គម​និង​នយោបាយ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេសអារ៉ាប់​ទាំងនោះ។​ លោក​លើក​ឡើង​ថារដ្ឋា​ភិ​បាល​គួរ​រក​មធ្យោបាយ​ដើម្បី​លុបបំបាត់​ចោល​នូវ​វិបត្តិ​ទាំងនោះ​ ជា​ជាង​ការ​ប្រើ​ធម៌ក្តៅ​ដោយ​កងកម្លាំង។​ ​

«បើយើង​ចង់​ទប់​ស្កាត់​ វាមិនមែន​រៀប​ចំកម្លាំង​បង្ក្រាប​ទប់​ស្កាត់​ទេ​ វាត្រូវ​ទៅ​កាត់​ឫស​គល់​នៃ​ ឬ​ក៏​រោគ​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​នោះ ទើប​អាច​ទៅ​រួច»។

លោក​កែម ឡី​សង្កត់​ធ្ងន់​ថា​ ការប្រើ​ប្រាស់​ពាក្យបដិវត្តន៍​ពណ៌​ ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​រដ្ឋា​ភិ​បាល​កម្ពុជា​ គឺ​គ្រាន់​តែ​ជាយុទ្ធសាស្រ្ត​ចិត្ត​សាស្រ្ត​មួយ​ ដើម្បី​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំឲ្យ​ក្រោក​តវ៉ា​កែចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ដូច​ជា​វិបត្តិ​ដីធ្លី​ និង​បញ្ហា​ព្រំដែន​ដែល​កំពុង​កើនកម្តៅ​ឡើង​សារ​ជា​ថ្មី។ លោក​សង្កត់ធ្ងន់​ថា​ ​អ្វី​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កំពុង​ធ្វើ​ គឺគាំពារ​ផលប្រយោជន៍​របស់​ក្រុមគាត់​ច្រើន​ជាង​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​។​ លោក​និយាយ​ថា៖

«តាមពិត​ប្រយោជន៍​ក្រុមគាត់​ ប្រយោជន៍​បក្សពួក​គាត់​ ប្រយោជន៍​គាត់​ហ្នឹង​វា​ខ្លាំង​ជាង​ ប៉ុន្តែ​បើ​យើង​មើល​របប​ឥណ្ឌូនេស៊ី ​បើ​ទោះ​បី​ជាក្រុម​គ្រួសារ​ ត្រូវ​បាន​គេ​ផ្តួល​រំលំ​ត្រូវ​បាន​ក៏ដោយ​ ប៉ុន្តែ​អ្នក​ឡើង​ថ្មី​មក​ ដូច​ជា​អត់មានធ្វើ​បាប​អ្វី​ទេ។ ​ ក្រុម​ឧត្តមសេនីយ៍​ អ្នកមាន​គាត់រស់​នៅ​ដោយ​ស្រួល​ ឥឡូវ​កូន​គាត់​បន្ត​មក​ មក​ធ្វើ​នយោបាយ​ហ្នឹង​ ជិតៗឈ្នះ​ទៅ​ទៀត​ អញ្ជឹង​ប្រហែល​ជា​គាត់​ត្រូវ​រៀន​អាមេសូត្រ​ ពី​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិ​វិធី​នៅ​ប្រទេស​នានា​ ហើយ​មិន​មាន​ចលាចល​ មិនមាន​ការ​សងសឹក​វិញ»។​

ក្រុមអ្នក​វិភាគ​ដំណើរ​វិវត្តន៍​សង្គម​ និង​ស្ថានភាព​នយោបាយ​បាន​រំឭក​ថា​ រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើ​ប្រាស់​យុទ្ធសាស្រ្តផ្សេងៗ​ក្នុង​ការ​រក្សាអំណាច​ដ៏យូរ​ឆ្នាំ​មកនេះ ​ក្នុង​នោះ​គឺ​ការ​ដែល​រំឮក​ដល់​របប​ខ្មែរ​ក្រហម​ដ៏​ប្រល័យ។​ យុទ្ធសាស្រ្តថ្មី​នេះ​ គឺការ​បំភិតបំភ័យ​នៃ​ការ​កើត​ឡើង​បដិវត្តន៍​ពណ៌​នេះ​តែ​ម្តង។ ពួកគេ​បន្ត​ថា​ ​រដ្ឋាភិបាល​កាន់​តែ​បារម្ភ​ នៅ​ពេលបាន​ឃើញក្រុម​បាតុករ​នៃ​បក្ស​ប្រឆាំង​ដើរ​ស្រែក​តវ៉ា​តាម​ផ្លូវទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​ នៅគ្រា​នោះ​ ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​ ជាពិសេស​គឺ​អ្នក​រស់​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​ បាន​ស្តាប់​ឮ​សម្រែក «​ដូរ​ឬមិន​ដូរ» ​និង​ពាក្យ​ថា​ «ហ៊ុន សែន​អើយ​ចុះចេញ​ទៅ»​ ខណៈដែល​លោក​នាយក​រដ្ឋមន្រ្តី​រក្សា​ភាព​ស្ងៀមស្ងាត់។​

ការ​ស្រែក​តវ៉ា​និង​ការធ្វើបាតុកម្ម​នានា​របស់​បក្សប្រឆាំង​បាន​បញ្ចប់​ទៅនៅថ្ងៃ​ទី​១៥ ខែកក្កដា​ឆ្នាំ​២០១៤ ​គឺ​នៅ​ពេល​ដែល​បាតុករ​នៃ​បក្ស​ជំទាស់​ព្រលះគ្នា​ជាមួយ​ក្រុម​សន្តិសុខ​ជួល​ដោយ​សាលា​ខណ្ឌ​ដូន​ពេញ​នៅ​ឯទីលាន​ប្រជាធិបតេយ្យ​ បង្ក​ឲ្យ​សន្តិសុខ​ជាច្រើន​រងរបួស​នឹងមានការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្រ្ត​នៃ​បក្សជំទាស់។​ ទីបំផុត​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី​ដែល​លោក​សម រង្សី​ មេបក្ស​ជំទាស់​បាន​ហៅ​ថា ជា​អ្នក​មាន​យុទ្ធសាស្រ្តនយោបាយ​យ៉ាង​ចំណាន​នោះ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​មាន​ភាព​ស្រប​ច្បាប់​ពេញទី ​រីឯទីលាន​ប្រជាធិបតេយ្យ​ក៏ក្លាយ​ទីលាន​ស្ងប់​ស្ងាត់​គ្មាន​សម្រែក​ទៀត​ដែរ។​ ក្រុម​អ្នក​វិភាគ​ថា​បដិវត្តន៍​ផ្កាម្លិៈ​ដែល​កើត​នៅ​ប្រទេស​ទុយណេស៊ី​ ប្រហែល​នឹង​មិន​មកដល់​ប្រទេស​កម្ពុជា​នោះ​ទេ ប្រសិនជា​ប្រជាពលរដ្ឋ​ខ្មែរឈប់​កើត​ទុក្ខ​មិនសុខ​ចិត្ត​នឹង​វិបត្តិ​សង្គម​សព្វ​ថ្ងៃ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG