ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​ស្តីទី​បក្ស​ប្រឆាំង​ផ្ញើ​សារ​ «ដូរ​ឬ​មិន​ដូរ?» តទល់​នឹង​​សារ​នយោបាយ​របស់​បក្ស​កាន់អំណាច


លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។

លោក​ កឹម​ សុខា​ មិនបាន​និយាយ​ចំៗ​ទៅ​ដល់​អ្នក​នយោបាយ​រូប​ណា​ដែល​ប្រើ​សារ​បង្កប់​ន័យ​គំរាម​កំហែង​នោះ​ទេ។

បន្ទាប់​ពី​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​ការ​រិះគន់​ចំណុច​អវិជ្ជមាន​របស់​គណបក្ស​កាន់​អំណាច ​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ដែល​នឹង​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្ញើ​សារ​នយោបាយមួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកកាល​ពី​ថ្ងៃ​ពុធ​ ដោយ​ពន្យល់​ពី​ភាព​ខុស​គ្នា​នៃសារ​នយោបាយ​ «ដូរ ឬ មិន​ដូរ?»​ របស់​លោក​ តទល់​នឹង​សារ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។ លោក​ កឹម សុខា បាន​ហៅ​សារ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​នោះ ថា​មាន​លក្ខណៈគំរាម​កំហែង​ និង​បំភិតបំភ័យ។

លោក​ កឹម​ សុខា​ មិនបាន​និយាយ​ចំៗ​ទៅ​ដល់​អ្នក​នយោបាយ​រូប​ណា​ដែល​ប្រើ​សារ​បង្កប់​ន័យ​គំរាម​កំហែង​នោះ​ទេ តែ​សារ​នយោបាយ​របស់​លោក​ ធ្វើ​ឡើង​ចំ​ថ្ងៃ​តែ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ផ្ញើ​សារ​នយោបាយ​មួយជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ឃោសនា​នយោបាយ​ ទាក់​ទិន​ការ​ផ្លាស់​ប្តូរ ​ដែល​អាច​ស្រដៀង​គ្នា​នឹង​ការ​ផ្លាស់​ប្តូរ​នយោបាយ​ក្នុង​សម័យ​ ប៉ុល ពត​ និង​ការ​ផ្លាស់​ប្តូរ​នយោបាយ​ដែល​កំពុង​កើតឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា។​

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ពន្យល់​ពី​ទស្សនៈ​នយោបាយ​ «ដូរ ឬ​មិន​ដូរ?»​ យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​ កឹម សុខា​ ជា​អ្នក​ដាក់​ចេញ​នូវ​សារ​ន​យោ​បាយ​ «ដូរ ឬ មិន​ដូរ?» ​នេះ​ ជូន​គណបក្ស​ប្រើ​សម្រាប់​ឃោសនា​បោះ​ឆ្នោត​ តាំង​តែ​ពី​ខ្ញុំ​នៅ​ជា​ប្រធាន​គណបក្ស​ សិទ្ធិ​មនុស្ស​ រហូត​មកដល់​ពេល​ដែល​ខ្ញុំ​ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ដែល​ពេល​នេះ​ ខ្ញុំ​ជា​ប្រធាន​ស្តី​ទី​ គណបក្ស​សង្គ្រោះ​ជាតិ​ផង។​ ខ្ញុំ​ពេញចិត្ត​នឹង​សារ​ន​យោ​បាយ​នេះ​ណាស់​ ព្រោះ​ខ្ញុំ​យល់​ថា​ វា​មាន​ន័យ​ ខ្លី​ ខ្លឹម​ ខ្លាំង​ មិន​ខ្លៅ​មិន​គួរ​ខ្លាច​ បើ​ប្រជា​ពលរដ្ឋ​ឃ្លាន​ហើយ​នោះ។​ ម្យ៉ាង​ទៀត​សារ​នយោបាយ​នេះ ​គ្រាន់​ជា​សារ​សម្រាប់​ដាក់​ជូន​ម្ចាស់​ឆ្នោត​ពិចារណា​ ដោយ​មិន​បង្ខិត​បង្ខំ​ មិន​គំរាម​កំហែង ដូច​សារ​ដែល​អ្នក​នយោបាយ​ខ្លះ​ដាក់​ចេញ​ក្នុង​រូប​ភាព​ គំរាម​កំហែង​នោះ​ទេ»។

អ្នក​គំាទ្រ​បក្ស​ប្រឆាំង ​បាន​ប្រើ​សារ​«ដូរ​ ឬ​មិន​ដូរ?»​ នេះ ​ជា​ញឹក​ញាប់ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ដែល​ពេល​នោះ តំណាងរាស្រ្ត​បក្ស​ប្រឆាំង​មិន​ព្រម​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​ បាន​ចោទ​ថា​ លទ្ធផល​នេះ ​ត្រូវ​បាន​គៃ​បន្លំ។​

សារ «ដូរ​ ឬ​មិន​ដូរ?» ទំនង​ជា​បាន​ឮដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ផង​ដែរ​ ពី​ព្រោះ​ក្រុម​អ្នក​តវ៉ា​លទ្ធ​ផល​ឆ្នោត​ បាន​ហែរ​ក្បួន​ដោយ​ការ​ជិះ​ម៉ូតូ​ និង​ម៉ូតូ​កង់​បី​កាត់​តាម​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រីនា​ពេល​នោះ។​ ទោះបី​ជា​ក្រុម​ប្រឆាំង​ប្រឹង​ស្រែកខ្លាំងៗ​ជាមួយ​ពាក្យ​ «ដូរ​ ឬ​មិន​ដូរ?»​នេះ​ក៏ដោយ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ក្តាប់​អំណាច​ជាង​៣​ទសវត្សន៍​ បាន​សម្ងំ​ស្ងៀម និង​មិន​បាន​តបត​អ្វី​ទេ។​

ប៉ុន្តែ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​វិល​មក​រក​សភាព​ដើម​របស់​លោក​វិញ​ក្នុង​ការ​ប្រើ​សារ​នយោបាយគំរាម​កំហែង​ បន្ទាប់ពី​គណបក្ស​កាន់​អំណាច​របស់​លោក​ បាន​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤​ ដោយ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ។​

ចាប់តាំង​ពី​ពេល​នោះ​មក​ លោក​នាយក​រដ្ឋមន្ត្រី​ ដែល​ស្ថិត​ក្នុង​តំណែង​ជាង​៣០​ឆ្នាំ​ ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ នឹង​មិន​ប្រណី​ដល់​ការប៉ុនប៉ង​ណា​មួយ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ ហើយ​ក៏បាន​ចំអក​ដល់​សារ​នយោបាយ​ «ដូរ ឬ​មិន​ដូ?» របស់​លោក ​កឹម​ សុខា ​ផង​ដែរ។​ ​

ក្រោយ​ពី​បញ្ចប់​ពហិការ​ប្រជុំ​សភា បក្ស​ប្រឆាំង ​ពុំ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​អ្វី​ច្រើន​ ក្រៅ​តែ​ពី​បាន​ប្តូរ​មុខ​ដំណែង​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​សភា​ជាតិ និង​ស្ថាប័ន​បោះ​ឆ្នោត។​

សារ​នយោបាយ​គំរាមកំហែង​របស់​លោក​នាយករដ្ឋមន្រ្តី​ កាន់​តែ​ខ្លាំង​ឡើងៗ​ទៅ​ នៅ​គ្រា​ដែល​ក្រុម​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​ក្រុម ​ចាប់​ផ្តើម​សើរើ​បញ្ហា​ផែនទី​ និង​ព្រំដែន​ជាមួយ​វៀតណាម​ឡើងវិញ រហូត​ដល់​លោក​ថ្លែង​ថា​ បើ​គណបក្ស​ផ្សេង​ឡើង​កាន់កាប់​អំណាច​ ប្រទេស​កម្ពុជា​នឹង​ជួប​សង្គ្រាម​ក្នុង​ស្រុក​ផង​ និង​សង្គ្រាម​ជាមួយ​ប្រទេស​ក្បែរ​ខាង​ផង។​

ថ្មីៗ​នេះ​ ​លោក​ព្រមាន​ថា​ ការ​ផ្លាស់ប្តូរ​ អាច​នឹង​នាំ​ប្រទេស​កម្ពុជា​ឲ្យជួប​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​មជ្ឈិម​បូព៌ា​ប្រទេស​ បើ​គណបក្ស​របស់​លោក​ ឈប់​ដឹក​នាំ​ប្រទេស​កម្ពុជា។​ លោក​នាយករដ្ឋមន្ត្រី​ព្រមាន​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​សារ​នយោបាយ​មួយ​ដែល​លោក​បាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក និងផ្ញើ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។​

នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ នឹង​បាត់​បង់​ឱកាស​ម្តង​ទៀត​ ក្នុង​ការ​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​ និង​ការ​អភិវឌ្ឍ​សហគមន៍​របស់​ពួក​គេ​ ឬ​ក៏​ស្លាប់​បាត់​បង់​ជីវិត​ដូច​នៅ​សម័យ​ខ្មែរ​ក្រហម​ ប្រសិន​បើ​ពួក​គេ ​ជឿ​ទៅតាម​ការ​ឃោសនា​នយោបាយ​ណាមួយ​ដែល​នំា​មក​នូវ​ការ​ផ្លាស់​ប្តូរ។​ ​

ទំនង​ជា​ចង់​ឆ្លើយ​តប​ទៅ​នឹង​លោក​ហ៊ុន សែន​ លោក ​កឹម​ សុខា​ បាន​បញ្ជាក់​នៅ​ក្នុង​សារ​នយោបាយ​អំពី​ទស្សនៈ​ដូរ​ ឬ​មិន​ដូរ?​ របស់​លោក​យ៉ាង​ដូច្នេះ​ថា៖​ «​កន្លងមក​ខ្ញុំ​សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ សូម្បី​តែ​ក្មេងៗ​មិន​ទាន់​គ្រប់​អាយុ​បោះ​ឆ្នោត ​ក៏​ចងចាំ​ ចូលចិត្ត​សារ​នយោបាយ​នេះ​ដែរ។​ ដោយឡែក​ មាន​តែ​អ្នកដឹកនាំ​ខ្លះ​តែ​ប៉ុណ្ណោះ​ ដែល​ប្រឆាំង​ទាំង​ទទឹង​ទិស​ នូវ​សារ​នយោបាយ​នេះ​ ទោះ​បី​ជា​ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ បញ្ជាក់​ទៀត​ថា​ ខ្ញុំ​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ តាមរយៈ​ ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​។ យើង​មិន​ធ្វើ​តាម​មធ្យោបាយ​ហិង្សា​ មិន​ធ្វើ​បដិវត្តន៍​ មិន​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​ជា​ដាច់​ខាត​ក៏ដោយ»។​

ដោយឡែក ​អ្នក​តាម​ដាន​ការ​វិវត្ត​នយោបាយ​ខ្មែរ​យ៉ាង​ដិតដល់ ហៅ​ការ​ផ្ញើ​សារ​នយោបាយ​ឌឺដង​ដាក់​គ្នា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ថា​ជា​ការ​អត់​ប្រយោជន៍​សម្រាប់​ការ​កែ​លម្អ​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​សង្គម​ខ្មែរ​ដ៏​ក្រីក្រ​មួយ​នេះ​ ដោយ​សារ​បក្ស​ម្ខាង​ទាល់​ច្រក​ក្នុង​ការ​រក​ផ្លូវ​ដោះ​ស្រាយ​វិបត្តិ​សង្គមដែល​បាន​កើតឡើង​រាប់​សិប​ឆ្នាំ​មក​ហើយ​ ដូច​ជា​អំពើ​ពុក​រលួយ​ និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ ខណៈ​ដែល​ម្ខាង​ទៀត ​ប្រឹង​ឆ្លៀត​រក​តែ​ការ​កើន​ឡើង​ប្រជាប្រិយភាព ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ ដោយ​គ្មាន​គំនិត​គោល​នយោបាយ​ច្បាស់​លាស់​សម្រាប់​ដឹកនាំ​ប្រទេស​។

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ ​មាន​ប្រសាសន៍ប្រាប់ VOA ថា ការ​ឆ្លើយ​ឆ្លង​សារ​នយោបាយ​វាយប្រហារ​គ្នា​នេះ​ គឺ​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ តែ​ការណ៍​នេះ​បង្ហាញ​ថា​ អ្នក​នយោបាយ​ខ្មែរ ​អសមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ ដែល​កំពុង​កើត​មាន​ ដូច​ជា​ការទប់ស្កាត់​ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជាដើម។

«តាម​ពិត​ដោយ​សារ​ខាង​គណបក្ស​ប្រជាជន​នោះ​ ជាពិសេស​ គាត់​អត់​ព្រម​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ដូច​ជា​បញ្ហា​ពុករលួយ​ បញ្ហា​ដែល​គេ​រិះគន់​ច្រើន​ដោយ​សារ​គាត់​អត់​ព្រម​ គាត់​មិន​ដឹង​ឆ្លើយ​តប​របៀប​ម៉េច​ គាត់​បន្លាច​គេ​ទៅ​ គាត់​បំភ័យ​គេ​ទៅ​ គាត់​រក​រឿង​សង្គ្រាម​ឬ​មួយ​ក៏​រឿង​អស្ថិរភាព​លើក​ចុះ​លើក​ឡើង​។ ប៉ុន្តែ គណបក្ស​ប្រឆាំង ​ក៏​គាត់​អញ្ចឹង​ដែរ​ ក្នុង​ពេល​ដែល​គាត់​និយាយ​ គាត់​និយាយ​យក​ ប្រជាប្រិយភាព​ ប៉ុន្តែ​ គាត់​អត់​មានគោល​នយោបាយ​ ឬក៏​គំនិត​ច្បាស់លាស់​ដែរ​ហ្នឹង បើ​សិន​ជា​យើង​មើល​ទៅ។ ​អញ្ជឹង​ហើយ​ បាន​នយោបាយ​របស់​យើង​ហ្នឹង គឺ​អ្នក​នយោបាយ​គ្មាន​សមត្ថភាព​ក្នុង​ការ​ យក​គំនិត​ច្នៃ​ប្រឌិត​ដោះ​ស្រាយ​បញ្ហា​ជាតិ យក​មក​ប្រកួត​ប្រជែង​គ្នា​ ហើយ​ការ​បរាជ័យ​ហ្នឹង​ ការ​អត់​សមត្ថភាព​ហ្នឹង​ គឺជា​បរាជ័យ​មួយសម្រាប់​ប្រទេស​ជាតិ​យើង​ ហើយ​បរាជ័យ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ផង​ដែរ»។

លោក​បញ្ជាក់​បន្ថែម​ថា​ អ្នក​នយោបាយ​ខ្មែរ ​គួរ​យក​ការ​ប្រណាំងប្រជែង​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ មក​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ការ​យក​ពេលវេលា​មក​គិត​រិះរក​វិធី​បំភ័យ​ និង​ផ្ចាញ់​ផ្ចាល​គូ​បដិបក្ខ ហើយ​និង​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ការ​ចេញ​សារ​នយោបាយ​ឌឺ​ដង​គ្នា​នេះ​ជាដើម៕​

XS
SM
MD
LG