ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា លោកនឹងវាយបំបាក់ ហើយទប់ស្កាត់រាល់សកម្មភាព និងល្បិចកលក្រោមស្លាក«លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបម្រើផលប្រយោជន៍នយោបាយរបស់បុគ្គល ឬក្រុមមនុស្សមួយក្តាប់តូច» ដើម្បីថែរក្សាសន្តិភាពនៅក្នុងប្រទេស។
សកម្មជនសិទ្ធិមនុស្ស និងអ្នកវិភាគសង្គមនៅប្រទេសកម្ពុជាយល់ថា កម្ពុជាអាចមានសន្តិភាពតាមរយៈការត្រៀមវាយបំបាក់នេះ តែពួកគេថា សន្តិភាពដែលបានមកពីមធ្យោបាយនេះមិនមែនជាសន្តិភាពពិតនោះទេ។ ពួកគេថា អស្ថិរភាពក្នុងសង្គមអាចកើតមាន ប្រសិនបើរដ្ឋាភិបាលមិនធ្វើការផ្លាស់ប្តូររបៀបគ្រប់គ្រង មិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទំនាស់ដីធ្លី និងការចាប់ចងពីអាជ្ញាធរមានសមត្ថកិច្ចជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងសារលិខិតមួយថា រដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសន្តិភាពដល់ប្រជាពលរដ្ឋកម្ពុជា ដោយការកម្ចាត់ចលនាបម្រើនយោបាយតាមរយៈការយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាខែល និងបន្តអនុវត្តវប្បធម៌សន្ទនា ដែលកើតចេញពីកិច្ចព្រមព្រៀងនយោបាយចុះនៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅចំថ្ងៃនៃការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិលើកទី១៣» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ។
នៅក្នុងលិខិតរបស់លោកចុះនៅថ្ងៃច័ន្ទទី២១ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបានសរសេរថា៖ «ទន្ទឹមនឹងការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ការលើកស្ទួយនីតិរដ្ឋ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្សក៏កំពុងមានដំណើរការល្អនៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ច្បាប់ប្រទេសជាតិ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ដើម្បីធានាជូនប្រជាពលរដ្ឋគ្រប់រូបនូវសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការរួមចំណែកការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី និងការអភិវឌ្ឍប្រទេសជាតិ»។
លោកសង្កត់ធ្ងន់ថា៖ «ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានការប្តេជ្ញាខ្ពស់ផងដែរ ក្នុងការវាយបំបាក់ និងទប់ស្កាត់រាល់សកម្មភាព និងល្បិចកលក្រោមស្លាក«លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» ដែលបម្រើផលប្រយោជន៍នយោបាយរបស់បុគ្គល ឬក្រុមមនុស្សមួយក្តាប់តូច»។
ទាក់ទិនវប្បធម៌សន្ទនា លោកនាយករដ្ឋមន្ត្រីសរសេរថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិ ព្រមទាំងអង្គការអន្តរជាតិ និងសង្គមស៊ីវិលទាំងអស់នៅកម្ពុជា សូមបន្តពួតដៃគ្នាអនុវត្ត និងគាំទ្រស្មារតី«ទិវាសន្តិភាពអន្តរជាតិនេះ» និងបន្តអនុវត្ត«វប្បធម៌សន្ទនា»ឲ្យបានខ្ជាប់ខ្ជួន និងបន្តខិតខំថែបំប៉ន ពង្រឹង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹងអំពីគ្រឹះមូលដ្ឋានទ្រទ្រង់សន្តិភាព ដែលមានជាអាទិ៍ ការលើកកម្ពស់វប្បធម៌អហិង្សា ការអត់ធ្មត់ ការយោគយល់ ការអធ្យាស្រ័យ ការសន្តោសប្រណីរាប់អានគ្នាជាភាតរៈនៅក្នុងសង្គមជាតិយើង»។
សកម្មជនសិទ្ធិមនុស្ស និងអ្នកវិភាគសង្គមយល់ឃើញថា ការទប់ស្កាត់សកម្មភាពនេះជាការប្រសើរមួយ ដើម្បីធានាសន្តិសុខសង្គម តែពួកគេថា រដ្ឋាភិបាលគួរធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានសុវត្ថិភាពផ្លូវចិត្ត ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរឈប់ឮពាក្យសម្តីគំរាមកំហែងពីមេដឹកនាំរបស់ពួកគេ និងបញ្ចៀសវិបត្តិនយោបាយ ដែលកើតមានក្រោយការបោះឆ្នោត។
ពួកគេថា រដ្ឋាភិបាលក៏ត្រូវដោះស្រាយវិបត្តិសង្គមដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាដែរ ក្នុងនោះរួមមានវិបត្តិដីធ្លី និងភាពនិទណ្ឌភាព ដែលមានការរើសអើងជាដើម។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ប្រាប់វីអូអេថា លោកសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបជនដែលយកស្លាកប្រជាធិបតេយ្យមកប្រើ ដើម្បីបម្រើសកម្មភាពនយោបាយ ហើយថា ប្រទេសកម្ពុជាពិតជាទទួលបានសន្តិភាព គ្មានសង្គ្រាមក្នុងស្រុកកាលពីឆ្នាំ១៩៩៨ តែចាប់តាំងពីពេលនោះមក ពលរដ្ឋកម្ពុជាតែងតែបានឃើញនូវការតវ៉ា និងការធ្វើបាតុកម្មស្ទើរតែរាល់លើក ក្រោយការបោះឆ្នោត។
លោកបញ្ជាក់ថា ការណ៍នេះមិនបានផ្តល់សន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋនោះទេ ហើយក៏មិនអាចឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាមានសន្តិភាពពេញលេញនោះដែរ។
«យើងចង់បានថា ធ្វើយ៉ាងម៉េចក៏ដោយ អ្នកនយោបាយទាំងអស់ នៅពេលដែលមានការបោះឆ្នោតហ្នឹង បានន័យថា ការបោះឆ្នោតហ្នឹងប្រកបដោយសេរីយុត្តិធម៌ និងត្រឹមត្រូវ ហើយក្រោយពេលបោះឆ្នោតគឺគ្រប់គណបក្សនយោបាយទាំងអស់ បានន័យថា ទទួលស្គាល់ មិនមានការធ្វើការជំទាស់តវ៉ារហូតទៅដល់មានការបង្ក្រាប ធ្វើឲ្យប៉ះពាល់ទៅដល់អាយុជីវិត ឬក៏រាងកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋនោះទេ។ អាហ្នឹងបានជាសុខសន្តិភាពពេញលេញ»។
លោក កែម ឡី អ្នកវិភាគសង្គម និងជាអ្នកតាមដាននយោបាយយ៉ាងដិតដល់ យល់ឃើញថា ភាពវឹកវរក្នុងសង្គមកម្ពុជាអាចនឹងកើតមានឡើងដោយជៀសមិនរួច ប្រសិនបើរាជរដ្ឋាភិបាលនៅរក្សារបៀបដឹកនាំ ដែលផ្តេកផ្តួលលើទស្សនៈបុគ្គលនិយម និងយកអំណាចកងទ័ពជាធំ។
«ខ្ញុំមើលទៅ ជៀសមិនផុតពីភាពវឹកវរក្នុងសង្គមទេ។ បើសិនជាគាត់មិនមានកំណែទម្រង់ច្បាស់លាស់ ជៀសមិនផុតពីបដិវត្តន៍ ការបះបោរទេ។ ប្រសិនបើបញ្ហាសង្គម ដែលកើតឡើងរាល់ថ្ងៃ វាទៅជារ៉ាំរ៉ៃ វាទៅមហារីក ឧទាហរណ៍ ការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ឬក៏បំណុលពលរដ្ឋរាល់ថ្ងៃនេះ អាចបង្កឲ្យមានបដិវត្តន៍។ ប្រសិនជាគាត់មិនព្យាយាមដោះស្រាយ ឬក៏មូលហេតុនៃបញ្ហា និងឬសគល់នៃបញ្ហា ហើយគាត់ព្យាយាមរើសទ័ព ពង្រឹងកម្លាំងទ័ព ដើម្បីបង្ក្រាបបញ្ហា វាអត់ទទួលបានជោគជ័យយូរអង្វែងទេ។ វាគ្រាន់តែទទួលបានជោគជ័យមួយរយៈណាណាស់»។
នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ សកម្មភាពតវ៉ា និងការធ្វើបាតុកម្មបានកើតឡើងជាបន្តបន្ទាប់។ ការតវ៉ា និងការធ្វើបាតុកម្មនាពេលនោះទទួលបាននូវការឆ្លើយតបយ៉ាងហិង្សាពីកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។
ព្រឹត្តិការណ៍បង្ក្រាបដ៏ហិង្សាពីក្រុមសមត្ថកិច្ចបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅលើស្ពានក្បាលថ្នល់។ នៅក្នុងព្រឹត្តិការណ៍នោះ មនុស្សម្នាក់បានស្លាប់ និងយ៉ាងតិច១០នាក់ផ្សេងទៀតត្រូវកងកម្លាំងមានសមត្ថកិច្ចបាញ់ឲ្យរងរបួស។ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សយ៉ាងហោចណាស់ប្រាំនាក់បានស្លាប់ និង២៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងព្រឹត្តិការណ៍បង្រ្កាបបាតុកម្ម ដោយការបាញ់រះមួយពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សហកម្មកាត់ដេរកាណាឌីយ៉ាក្នុងទីក្រុងភ្នំពេញ។
ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជាពុំបានរកឃើញជនបង្កហេតុនៅក្រោយហេតុការណ៍ទាំងនោះទេ ទោះបីជាមានការបង្កើតគណៈកម្មាការស៊ើបអង្កេតក៏ដោយ។ នេះបើតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស។
ដោយឡែក នៅថ្ងៃដដែលនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយលោកស្រី រ៉ូណា ស្មីត (Rhona Smith) នៅឯវិមានសន្តិភាព ដើម្បីធ្វើការពិភាក្សាស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រី រ៉ូណា ស្មីត (Rhona Smith)គឺជាអ្នករាយការណ៍របស់អ.ស.ប.អំពីសិទ្ធិមនុស្សនៅកម្ពុជា ដែលមកជំនួសលោកសូរិយា ប្រាសាទស៊ូប៊េឌី។
លោក អៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ជំនួបនោះថា លោកស្រី រ៉ូណា ស្មីត បានសម្តែងការបេ្តជ្ញាចិត្តដើម្បីការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកស្រី រ៉ូណា ស្មីត ស្វែងរកចំណុចរួមមួយក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដោយផ្អែកលើករណីជាក់ស្តែងនីមួយៗ។ ជំនួយការលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ថ្លែងថា លោកស្រីនឹងបំពេញការងាររបស់លោកស្រី ដោយឈរលើតុល្យភាពនៃប្រភពព័ត៌មានមកពីគ្រប់ភាគីពាក់ព័ន្ធ ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស សម្រាប់ការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
«ច្បាប់របស់អ្នកធ្វើរបាយការណ៍គឺធ្វើយ៉ាងណាមិនឲ្យមានការប៉ះពាល់ទៅដល់អធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីនៃប្រទេសមួយដែរ។ ក្នុងន័យនេះ លោកស្រីបានមានប្រសាសន៍ថា លោកស្រីនឹងធ្វើការជាមួយនឹងស្ថាប័ន និងបុគ្គលពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលឲ្យបានគ្រប់សព្វនូវភស្តុតាងទាំងឡាយ ដើម្បីធ្វើការសន្និដ្នាននៅក្នុងរបាយការណ៍របស់លោកជំទាវ ដែលរបាយការណ៍ទាំងនោះ គឺមានភស្តុតាងជាក់លាក់តែម្តង មិនឲ្យមានការខ្វះខាតទេ»។
លោក សុរិយា ប្រាសាទ ស៊ូប៊េឌី ដែលបានកាន់ការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមុនលោកស្រី រ៉ូណា ស្មីត បានបញ្ចប់បេសកកម្មរយៈពេល៦ឆ្នាំរបស់លោក កាលពីចុងខែមករា ដោយលោកបានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរនៅត្រង់ថា ប្រជាពលរដ្ឋខ្មែរមានភាពក្លាហានក្នុងការហ៊ានប្រឆាំងនឹងអំពើអយុត្តិធម៌ ខណៈដែលយុវជនមានសេចក្តីក្លាហានច្រើនក្នុងការចូលរួមសកម្មភាពសង្គម។
ប៉ុន្តែលោក សុរិយា ប្រាសាទ ស៊ូប៊េឌី យល់ថា ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិនៅពុំទាន់មានភាពល្អប្រសើរនៅឡើយទេ រីឯស្ថាប័នតុលាការក៏ពុំទាន់បានផ្តល់យុត្តិធម៌តាមការទាមទាររបស់ប្រជាពលរដ្ឋកម្ពុជាដែរ។
សកម្មជនសិទ្ធិមនុស្សបញ្ជាក់បន្ថែមថា លោកស្រី រ៉ូណា ស្មីត អាចនឹងបង្កើនកិច្ចសហការឲ្យបានកាន់តែច្រើនជាមួយនឹងរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្នុងវិស័យសិទ្ធិមនុស្ស សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលញំាញីដោយទំនាស់ដីធ្លី និងនិទណ្ឌភាព។ ពួកគេថា ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយទេ នោះសន្តិភាពពិតបា្រកដក៏ពុំមាននោះដែរ នៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ៕