ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖​ «វប្បធម៌​សន្ទនា»​ រវាង​លោក​ សម រង្ស៊ី​ និង​លោក​ហ៊ុន សែន​គ្រាន់តែ​ជា​ការ​ស្អំ​កម្តៅ​នយោបាយ


នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុង​​ការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារ​​អ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​​អាទិត្យ​​ទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)
នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុង​​ការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារ​​អ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​​អាទិត្យ​​ទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)

កាល​ពីខែ​កក្កដា​ឆ្នាំ​២០១៤​កន្លង​ទៅ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​ និង​អ្នក​តំណាងរាស្រ្ត​គណបក្ស​ជំទាស់​ពាក់​មុខ​យក្ស​ដាក់​គ្នា​អំពី​រឿង​ទីលាន​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​ដាក់​កង​កម្លាំង​មាន​សមត្ថកិច្ច​ព័ទ្ធ​ជុំវិញ​មិន​ឲ្យ​មាន​មនុស្ស​ចេញ​ចូល​អស់​រយៈ​ពេល​ប្រមាណ៨​ខែ។​

ការ​ពាក់​មុខយក្ស​ដាក់​គ្នា​នេះ​ធ្វើ​ឲ្យ​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​នៅ​ក្បែរ​សួន​ប្រជាធិបតេយ្យ។​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពុំ​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ និង​ក្រុម​សន្តិសុខ​ដែល​ជួល​ដោយ​សាលា​ខណ្ឌ​ដូនពេញ​ បាន​បង្ក​ឲ្យ​មនុស្ស​ជាង​៤០​នាក់​រង​របួស​ ដែលភាគ​ច្រើន​នៃ​អ្នក​រង​របួស​គឺ​ជា​កង​សន្តិសុខ។​

ប៉ុន្តែ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៥​នេះ​ មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ីបែរ​ជា​ងាក​មក​ស្និទ្ធ​ស្នាល​នឹង​គ្នា​វិញ កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បានទទួល​ទាន​អាហារ​ជា​លក្ខណៈគ្រួសារ​ដែល​កម្រមាន​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ។​ ជំនួប​នេះ​ត្រូវ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ហៅ​ថា​ ជា​ការ​ពង្រឹង​និង​ពង្រីក​«វប្បធម៌​សន្ទនា»។​

លោក ស្រី មូ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ការ​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក ស្រី មូ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ការ​ប្រឈម​មុខ​ជាមួយ​សមត្ថកិច្ច​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥។

អ្នក​វិភាគ​សង្គម​និង​នយោបាយ​បាន​មើល​ឃើញ​ភាព​សិ្នទ្ធ​ស្នាល​នេះ​ថា​ ​ជាគុណ​វិបត្តិ​សម្រាប់គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ស្នៀត​នយោបាយ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​កាន់អំណាច​បាន​យូរ​បន្ត​ទៅទៀត។​

ពួក​គេ​និយាយ​ថា​ វប្បធម៌​សន្ទនា​នេះ​មិន​អាចឋិតថេរ​យូរ​អង្វែង​បាន​ទេ​ ​ពីព្រោះ​គណបក្ស​ទាំងពីរ​នៅ​តែ​ចិញ្ចឹម​ចិត្ត​កាន់​កាប់​ប្រទេស​កម្ពុជា​ដែល​សម្បូរ​ដោយ​អំពើ​អយុត្តិធម៌​សង្គម​ អំពើ​ពុករលួយ​នៅ​គ្រប់​ស្ថាប័ន​ ខណៈ​ដែលស្ថាប័ន​តុលាការ​នៅ​ជា​ឧបករណ៍​នយោបាយ​មួយ​សម្រាប់​បំបិទ​មាត់​អ្នក​ជំទាស់។​

លោក​ អ៊ូ វីរៈ ​ប្រធាន​អង្គការវិភាគ​ និង​ស្រាវ​ជ្រាវ​គោល​នយោបាយ​មួយ​ឈ្មោះ​ Future Forum (វេទិកា​អនាគត) ​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ថា វប្បធម៌​នេះ​នឹង​មិន​មាន​អាយុកាល​យូរ​អង្វែងនោះ​ទេ​ ពីព្រោះ​វប្បធម៌​នេះ​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។​

«ខ្ញុំ​គិត​ថា​ ជា​រឿង​បណ្តោះ​អាសន្ន​ទេ​ភាព​ល្អូក​ល្អិន​ហ្នឹង ​ព្រោះ​អីចុង​បញ្ចប់​ ​ចង់​ មិន​ចង់ ​គណបក្ស​ពីរ​នេះ​ផ្ទុយ​គ្នា​ ខុស​គ្នា​ហើយ​ដណ្តើម​អំណាច​គ្នា។​ តួនាទី​របស់​គណបក្ស​កាន់​អំណាច​ គាត់​ត្រូវ​ថែ​រក្សា​អំណាច​របស់​គាត់។​ គាត់​ចង់​ធ្វើ​ម៉េច​ឲ្យ​គាត់​នៅ​បន្ត​អំណាច។​ ​តួនាទី​របស់​គណបក្ស​ប្រឆាំង​គឺ​ធ្វើ​ម៉េច​ដើម្បី​ទម្លាក់​គណបក្ស​អំណាច​ដើម្បី​ខ្លួន​ហ្នឹង​ឡើង​ឈាន​ទៅ​ដល់​ការកាន់​អំណាច។​ ដូច្នេះ ​វាត្រូវ​ទៅ​ជា​រឿងមួយ​មិន​អាច​ល្អូក​ល្អិន​គ្នា​រហូតអញ្ចឹង​ទេ»។​

លោក​យល់​ឃើញ​ថា​ គណបក្ស​ជំទាស់​នឹង​បាត់​បង់​ការ​គាំទ្រ​របស់​ខ្លួន​ ​ប្រសិន​បើ​មេ​ដឹកនាំ​នៃ​គណ​បក្ស​នេះ បន្ត​អនុវត្តវប្បធម៌​សន្ទនា ដែល​លោក​អះអាងថា​ វប្បធម៌សន្ទនា​នេះ​ពុំ​បាន​ផ្តល់​ផ្លែផ្កា​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​ រួមមាន​អំពើ​ពុក​រលួយ​ និង​និទណ្ឌភាព​ជាដើម។​

«ហ្នឹង​ហើយ​មិន​ទាន់​មាន​លទ្ធផល​អី​ធំដុំ​ទេ។ រឿង​ព្រំដែន​នៅ​ជា​រឿង​ព្រំដែន។​ ខ្ញុំ​គ្រាន់​តែ​ថា​ រឿង​ព្រំដែន​ រាង​ហាក់ដូច​មាន​ការ​សហការ​ជាង​មុន​បន្តិច។​ ប៉ុន្តែ​ប្រសិន​បើជា​រឿង​អំពើ​ពុក​រលួយ​ រឿង​និទណ្ឌភាព​ រឿង​តុលាការ​មិន​ឯករាជ្យ​ រឿង​ដីធ្លី​មិន​ទាន់​មាន​លទ្ធផល​អី​ទេ។ ដូច្នេះ​ គណបក្ស​ប្រឆាំង​គាត់​មិន​អាច​នៅ​ល្អូកល្អិន​ទៀត​ទេ​ ​ហើយបើ​គាត់​អត់​តវ៉ា​ទេ​ ខ្ញុំ​មើល​ទៅ​ ប្រជា​ពលរដ្ឋ​លោកថា​ "ជ្រុល ​មិន​តវ៉ា​ដដែល​ បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​តែ​ម្តង​ទៅ"។​ ប៉ុន្តែ​ជារឿង​មួយ​បាត់បង់​ប្រជា​ប្រិយភាពរបស់​គណបក្ស​ប្រឆាំង​ផង​ដែរ។​ ​ ខ្ញុំ​មើល​ទៅ​គណបក្ស​ប្រឆាំង​មិនអាច​នៅ​ល្អូក​ល្អិន​នេះ​បាន​យូរ​ទេ»។​

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មេ​គណបក្ស​ជំទាស់​រូប​នេះ​បាន​បង្ហោះ​រូបភាព​អំពី​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​រវាង​ក្រុម​គ្រួសារ​លោក ​និងក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដោយ​បាន​សរសេរ​ផង​ដែរ​ថា៖​

«បំណង​របស់​យើង​គឺ​ចង់​ពង្រីក​វប្បធម៌​សន្ទនា​ទៅ​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ និង​សមាជិក​ សមាជិកា​គ្រប់រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ក៏​ចង់​ឲ្យ​វប្បធម៌​សន្ទនា​នេះ​បន្ត​ទៅ​ដល់​កូន​ចៅ​យើង​ និង​ខ្មែរ​ជំនាន់​ក្រោយ​ជាទូទៅ។ ​វប្បធម៌​សន្ទនា​នេះ​ធានា​ឲ្យ​ជនជាតិ​ខ្មែរ​ទាំង​អស់​បាន​សុខ​ជានិច្ច​ ទោះ​ជា​មាន​ការ​ប្រែ​ប្រួល​នយោបាយ​យ៉ាងណា​ក៏ដោយ ​នៅ​ពេល​អនាគត»។

លោក​សម រង្ស៊ី​បាន​ពន្យល់​ថា​ វប្បធម៌​សន្ទនា​នេះ​បាន​ផ្តល់​ផ្លែផ្កា​មួយ​ចំនួន​ ដូចជា​ការ​បង្កើត​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​ថ្មី​មួយ​ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ អាច​នឹង​ធ្វើ​បាន​ត្រឹម​ត្រូវ។​ លោក​បន្ត​ថា​ វប្បធម៌​នេះ​បាន​បងើ្កត​នូវ​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត​ ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ដោយ​ពួក​គេ​ត្រូវ​បាន​រំដោះ​ពី​អារម្មណ៍​ភ័យ​ខ្លាច​ បន្ទាប់​ពី​អំពើ​ហិង្សា​នយោបាយ​ ការ​គំរាម​កំហែង​ និង​ការ​បំភិត​បំភ័យ​គ្រប់​បែបយ៉ាង​ត្រូវ​បាន​បញ្ចប់។​

ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​កាល​ពី​ថ្ងៃ​អាទិត្យ​រវាង​ក្រុម​គ្រួសារ​លោក​សម រង្ស៊ី​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​មាន​ការ​ចូល​រួម​ពី​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធានទី​១​នៃ​រដ្ឋសភា​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ប្រភព៖ VOA/Reuters)
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធានទី​១​នៃ​រដ្ឋសភា​ជាតិ (ឆ្វេង) និង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (ប្រភព៖ VOA/Reuters)

លោក​ កែម​ ឡី ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ មើល​ឃើញ​ថា ភាព​ល្អូក​ល្អើន​គ្នា​នេះ​នឹង​បង្ក​ឲ្យ​មានការ​អាក់​អន់ចិត្ត​គ្នា​រវាង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ពីព្រោះ​ស្ទើរ​រាល់​លើក​នៃ​ការ​ជួប​ជុំ​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​សម​ រង្ស៊ីពុំ​ដែល​ឃើញ​មាន​ការ​ចូល​រួម​របស់​លោក ​កឹម សុខា​ នោះ​ទេ។​

«ជាទូទៅ​ យើង​ឃើញ​អញ្ចឹង ​ពេល​ដែល​មាន​បញ្ហា​តឹង​តែង​ឡើង​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនហើយ​និងសម រង្ស៊ី​តែង​តែ​ជួប​គ្នា​ហើយ​ព្រមាន​ទៅ​សមភាគី​ម្ខាង​ទៀត​គឺ​លោក​ កឹម សុខា។​ ​ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​គឺ​វា​មិនមែន​ជា​ដំណោះ​ស្រាយ​ទេ​ គ្រាន់​តែ​ជា​ល្បិច​នយោបាយ​ទៅ​វិញ​ទៅ​មក​ ដើម្បី​ទាញ​ទម្លាក់​ប្រជា​ប្រិយភាព​គណបក្ស​ប្រឆាំង​ឲ្យ​វា​ធ្លាក់​ទៅ​ក្រោម។​ ​ បើ​សិន​ជា​ការ​ជួប​គ្នា​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ អា​ហ្នឹង​វា​មិន​អី​ទេ​ណា៎។​ ប៉ុន្តែ​កន្លង​មក​ យើង​ឃើញ​អញ្ចឹង​ឯង។​ យើង​ឃើញ​ជាន់​មែក​ឈើ​មួយ​ ហើយ​លោត​ទៅ​ជាន់​មែក​ឈើ​មួយ​ទៀត​ ហើយ​ធាក់​មែក​ឈើ​មួយ​ទម្លាក់​មក​ក្រោម​ នៅ​ពេល​ដែល​ខ្លួន​បាន​តោង​មែក​ឈើ​មួយ​ទៀត។​ យើង​ឃើញ​អញ្ចឹង​ឯង​កន្លង​មក»។

លោក​ កែម ឡី ​បាន​សម្តែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​វប្បធម៌​សន្ទនា​នេះ​ ដោយ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ ​«ខ្ញុំ​មើល​ទៅ​គ្មាន​ប្រយោជន៍​អ្វី​ទាំង​អស់​ វា​លែង​តែ​យើង​រៀបចំ​យន្តការ​ធនធាន​មនុស្ស​ហើយ​នឹង​កែ​ប្រែ​វប្បធម៌​តាំង​ពី​លើ​រហូត​ដល់​ក្រោម​ ហើយ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាប្រចាំ​ ឲ្យ​មាន​យន្តការ​ដោះ​ស្រាយ​បញ្ហា​សង្គម។ អាហ្នឹង​បាន​អាច​ទទួល​បាន​ជោគ​ជ័យ។​ ​ បើ​គ្រាន់​តែ​ជួប​មនុស្ស​ពីរ​នាក់​ ដោះ​ស្រាយ​បញ្ហា​សង្គម​បាន​ហ្នឹង​ ប្រទេស​នានា​គេ​មិន​បាច់​ធ្វើ​អី​ទេ​ គេ​ហៅ​តែ​ពីរ​នាក់​ប្រជុំ​ ហើយ​គ្រាន់​តែ​ដាក់​ពាក្យ​«វប្បធម៌​សន្ទនា»​ ហើយ​អាច​ដោះស្រាយ​បញ្ហាសង្គម​បាន​នោះ ​អាហ្នឹង​គឺ​គេ​មិន​បាច់​ទៅ​សិក្សា​ថែម​ច្រើន​ទេ»។​

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក ​សុខ ឦសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ការពារ​ជំនួបនេះ​ ដោយ​សារ​តែ​ជំនួប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ខិត​ជិត​គ្នា​ដើម្បី​ជជែក​ពិភាក្សា​ទល់​មុខ​គ្នា​ ដែល​ជា​រឿង​ពុំ​ធ្លាប់​មាន​កាល​ពី​អតីតកាល។​

«វា​ធ្លាប់​តែ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ហ្នឹង​គឺ​ថា មើល​មុខ​គ្នា​ដូច​ជា​ខ្មាំង​សត្រូវ​ មិន​និយាយ​រក​គ្នា។​ ​ឥឡូវ​យើង​ឃើញ​ហើយ​ថា​ វាប្រែប្រួល​ពី​ដក​មក​បួក។​ អា​ហ្នឹង​យើង​ឃើញ​ថា​ យើង​មាន​ការ​រីករាយ។​ ​យើង​មាន​សង្ឃឹម​ថា ​សភាព​ការណ៍​នយោបាយ​នឹង​ប្រែ​ប្រួល​ទៅ​មុខ​ទៀត​ ឲ្យ​កាន់​តែ​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​លោក​មាន​ការនឹង​ន​ក្នុង​អារម្មណ៍​ដែរ​ ជាពិសេស​អ្នក​រកស៊ី​ផ្សេងៗ​គឺ​គេ​សប្បាយ​ចិត្ត»។​

លោក​បញ្ជាក់​ថា​ អ្នក​នយោបាយ​ចាស់​ទុំ​ពីរ​រូប​នេះនឹង​យក​វប្បធម៌​សន្ទនា​ដើម្បី​ដោះ​ស្រោះ​បញ្ហា​ប្រឈម​ក្នុង​សង្គម ​ដូច​ជា​បញ្ហា​ព្រំដែន​ អំពើ​ពុក​រលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋ ​និង​ប្រព័ន្ធ​តុលាការ​ដែល​រង​ការ​ចោទ​ថា​ មិន​ទាន់​មាន​ឯករាជ្យ​ភាព​នៅ​ឡើយ។​

ទិដ្ឋភាព​ក្រុង​ភ្នំពេញ​ក្នុង​អំឡុងរដ្ឋ​ប្រហារ​យោធា​ដែល​ធ្វើ​ឡើង​ដោយ​កម្លំាង​ទ័ព​ស្មោះ​នឹង​ព្រះ​អង្គមា្ចស់​នរោត្តម​រណឫទ្ធិ ​និង​កម្លំាង​ទ័ព​ស្មោះ​នឹង​លោក​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី​៥​ ទី៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។
ទិដ្ឋភាព​ក្រុង​ភ្នំពេញ​ក្នុង​អំឡុងរដ្ឋ​ប្រហារ​យោធា​ដែល​ធ្វើ​ឡើង​ដោយ​កម្លំាង​ទ័ព​ស្មោះ​នឹង​ព្រះ​អង្គមា្ចស់​នរោត្តម​រណឫទ្ធិ ​និង​កម្លំាង​ទ័ព​ស្មោះ​នឹង​លោក​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី​៥​ ទី៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។

គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​ខែ​កក្កដា​នេះ ​រឿង​រ៉ាវនយោបាយ​ជា​ច្រើន​បាន​កើត​ឡើង​ក្នុងប្រទេស​កម្ពុជា ​ចាប់​ពី​ក្រោយ​ការ​បោះ​ឆ្នោត​លើក​ដំបូង​កាល​ពី​១៨​ឆ្នាំ​មុន។​ ​ ប្រជា​ពល​រដ្ឋ​ខ្មែរនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក៏​នៅ​ចាំ​មិន​ទាន់​ភ្លេច​ដែរ​ ចំពោះ​រដ្ឋ​ប្រហារ​យោធា​ដែល​ធ្វើ​ឡើង​ដោយ​កម្លំាង​ទ័ព​ស្មោះ​នឹង​ព្រះ​អង្គមា្ចស់​នរោត្តម​រណឫទ្ធិ ​និង​កម្លំាង​ទ័ព​ស្មោះ​នឹង​លោក​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី​៥​ ទី៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧។​

កាល​ពី​ពីរឆ្នាំ​កន្លង​ទៅ​ ក្រុម​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិផ្តើម​ដឹក​នាំ​បាតុកម្ម​អស់​រយះ​ពេល​ជិត​មួយ​ឆ្នាំ ​ហើយការ​ធ្វើ​បាតុកម្ម​នេះ​បាន​កើត​ឡើង​ចាប់ពី​ចុងខែ​កក្កដា​ឆ្នាំ​២០១៣។ បាតុ​កម្ម​នា​ពេល​នោះ​តវ៉ា​លទ្ធផល​ឆ្នោត​ដែល​ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា សន្លឹក​ឆ្នោត​ត្រូវ​បាន​គៃ​បន្លំ។​ នៅ​ក្នុង​ពេល​ជាប់​វក់វី​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ​ ​ លោក​សម រង្ស៊ី​ ​នៅ​គ្រា​នោះ​ដែរ ​បាន​ប្រើ​វោហាសាស្ត្រ​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញពី​អំណាច ​ដោយ​ស្រែកស្ទើរ​រាល់​ថ្ងៃ​ថា ​«ហ៊ុន សែន​អើយ​ចុះ​ចេញ​ទៅ!»។​ រីឯ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​ឆ្លើយតប​បែប​ចំ​អក​វិញ​ថា​ «ទាល់តែ​យូរ»។​

នៅ​ពេល​នេះ​ វប្បធម៌​សន្ទនា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្តី​ទៀត​ទេ។​ នេះ​គឺ​ជា​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចង់​បាន។​ ​ លោក​សម រង្ស៊ី​ក៏​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ​ហើយ​យូរៗម្តង​ លោក​លួច​និយាយ​គ្នា​ស្ងាត់ៗ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល។ ​រីឯ​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​រក្សា​ភាព​ស្ងៀមស្ថាត់​ផង​ដែរ។​ លោក ​កឹម សុខា​ជា​រឿយៗ​ត្រូវ​បានលោក​នាយករដ្ឋមន្ត្រី​ គំរាម​នៅ​រាល់​គ្រា​ដែលលោក​កឹម សុខារិះគន់​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​

ភាព​ល្អូក​ល្អើន​បន្ត​ទៀត​ឬ​យ៉ាងណា​ អាស្រ័យ​លើ​លទ្ធផល​ឆ្នោត​នា​ពេល​ខាង​មុខ។​ ​នៅ​សល់​ប្រមាណ​ពីរ​ឆ្នាំ​ទៀត​នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ហើយបី​ឆ្នាំ​ទៀត​នឹង​មានការ​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ថ្មី៕

XS
SM
MD
LG