ក្រោយអ្នកទេសចរជាជនបរទេសចំនួន៣១នាក់ដែលធ្វើដំណើរកម្សាន្តនៅភ្នំពេញនិងខេត្តចំនួន៣ផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកមេរោគកូរ៉ូណាឬកូវីដ-១៩ សមត្ថកិច្ចបាននិងកំពុងបន្តស្វែងរកអ្នកដែលទាក់ទងជាមួយជនបរទេសទាំងនោះ។
កាលពីយប់ថ្ងៃអាទិត្យ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថាមនុស្ស៣១នាក់ដែលមានជនជាតិបារាំង២៩នាក់និងបុរសខ្មែរ២នាក់នៅខេត្តព្រះសីហនុត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណា។ ជនជាតិបារាំងទាំង២៩នាក់ ដែលបានធ្វើតេស្តនិងរកឃើញថាមានមេរោគកូរ៉ូណានោះ ជាអ្នកទេសចរជាក្រុមដែលមានគ្នាសរុបចំនួន៣៦នាក់។ ពួកគេត្រូវបាននាំយកទៅធ្វើតេស្ត ក្រោយជនជាតិបារាំងពីរនាក់ទៀតស្ថិតក្នុងក្រុមរបស់ពួកគេធ្វើតេស្តមានមេរោគកូរ៉ូណាកាលពីថ្ងៃសៅរ៍។ ចំណែកបុរសជនជាតិខ្មែរពីរនាក់នោះជាមគ្គុទេសក៍ទេសចរណ៍។
បើតាមក្រសួងសុខាភិបាល អ្នកដែលផ្ទុកមេរោគកូវីដ-១៩ទាំង៣៣នាក់ ត្រូវបានដាក់ឲ្យស្ថិតក្នុងសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ដែលពួកគេបានស្នាក់នៅពេលមកលេងក្នុងខេត្តជាប់មាត់សមុទ្រនេះ។
មគ្គុទេសក៍ទេសចរណ៍មួយរូបលោក ហៃ ដែលកំពុងផ្ទុកមេរោគកូវីដ-១៩ប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា លោកនិងមគ្គុទេសក៍ម្នាក់ទៀតព្រមទាំងក្រុមអ្នកទេសចរទាំងជាង៣០នាក់ កំពុងស្ថិតក្នុងបន្ទប់ដាច់ដោយឡែកគ្នា ក្នុងសណ្ឋាគារតារាឯករាជ្យដែលជាសណ្ឋាគារអ្នកទេសចរទាំងនោះស្នាក់នៅចុងក្រោយ។ លោកបន្តថា ក្រុមអ្នកទេសចរជនជាតិបារាំងទាំងនោះ គ្រោងហោះពីប្រទេសបារាំង ប៉ុន្តែត្រូវប្តូរជើងយន្តហោះដោយសារបារាំងបិទ ហើយពួកគេបានហោះមកពីប្រទេសអាល្លឺម៉ង់ជំនួសវិញ ដោយប្តូរជើងយន្តហោះនៅប្រទេសសិង្ហបុរី។ ពួកគេបានស្នាក់នៅប្រទេសឡាវពីរយប់ មុននឹងបន្តដំណើរមកខេត្តសៀមរាប។
មគ្គុទេសក៍ទេសចរណ៍ វ័យ៣៣ឆ្នាំរូបនេះ បន្ថែមថា លោកចាប់ផ្តើមនាំក្រុមអ្នកទេសចរនេះនៅថ្ងៃទី១៨ ខែមីនា និងចាប់ផ្តើមមានអាការៈថប់ដង្ហើម នៅថ្ងៃទី១៩ ទើបចាប់ផ្តើមឈឺសាច់ដុំ ក្អក និងឈឺពេញខ្លួន រហូតលោកទៅធ្វើតេស្ត នៅថ្ងៃទី២១ ខែមីនា។
លោក ហៃ មានប្រសាសន៍ថា៖ «ពេលដឹងលទ្ធផលហើយយប់ថ្ងៃម្សិលមិញនេះ ខ្ញុំផ្តាសាយហើយឡើងកម្តៅក្តៅខ្លាំង ឈឺច្រមុះ ឈឺក្បាល ឈឺសាច់ដុំ ឈឺពេញខ្លួនពេញប្រាណទៅ។ ហើយខ្ញុំក៏ទូរស័ព្ទសួរពេទ្យ។ ពេទ្យថា ឲ្យលេបថ្នាំបញ្ចុះកម្តៅសិនទៅ ដូចប៉ារ៉ាសេតាម៉ុលអី។ ខ្ញុំលេបប៉ារ៉ាសេតាម៉ុលទៅ ក៏វាគ្រាន់បើទៅ។ ព្រឹកមិញនៅក្តៅ ហើយខ្ញុំលេបប្រហែល៦ម៉ោងម្តង។ ដល់ពេលថ្ងៃនេះ ខ្ញុំហាត់ប្រាណផង ងូតទឹកផងអីផង ទៅលេបថ្នាំផង ទៅក៏វាត្រជាក់វិញមក។ តែវានៅរៀងឈឺក ឈឺច្រមុះ និងឈឺក្បាលតិចតួច»។
បើតាមលោក ហៃ ក្រុមអ្នកទេសចរជនជាតិបារាំងទាំងនោះ បានពិសាបាយជុំគ្នា និងតែងជជែកគ្នាបែបស្និទ្ធស្នាលជាញឹកញាប់។ លោកសង្ស័យថា លោកឆ្លងមេរោគនេះពីក្រុមអ្នកទេសចរជនជាតិបារាំងទាំងនោះ។
«ខ្ញុំគិតថា មិនមែនឆ្លងមកពីមុនទេ ព្រោះអីភ្ញៀវដែលខ្ញុំជូនពីមុនៗគាត់ទៅស្រុកគាត់ ដោយសុវត្ថិភាពហើយខ្ញុំក៏នៅមានទំនាក់ទំនងខ្លះជាមួយគាត់ និងជាមួយក្រុមហ៊ុន ហើយសម្រាប់ដែលចប់ដូចទៅហើយដូចជាគ្មានអ្នកណាមានដំណឹងអាក្រក់ដែរ។ ដូច្នេះបានខ្ញុំគិតថា ការដែលខ្ញុំឆ្លងគឺឆ្លងពីគាត់ហ្នឹងឯង»។
លោក ហៃ ដែលធ្វើការនៅក្រុមហ៊ុនទេសចរណ៍ Angkor et Nature Voyage ដែលជាក្រុមហ៊ុននាំក្រុមអ្នកទេសចរបារាំងទាំងនេះដើរកម្សាន្ត បានឲ្យដឹងថា ក្រុមហ៊ុនបានទទួលគម្រោងនាំក្រុមពួកគេជាច្រើនខែកន្លងមកហើយ។ លោកបន្តថា ក្រុមទេសចរទាំងនេះបានចូលមកកម្ពុជានៅមុនពេលដែលរដ្ឋាភិបាលកម្ពុជាបានហាមមិនឲ្យជើងយន្តហោះមកពីបារាំង អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត ចូលមកកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា។
ក្រុមអ្នកទេសចរជាង៣០នាក់នោះ បានធ្វើដំណើរតាមជើងយន្តហោះពីប្រទេសឡាវមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមីនា។ ពួកគេបានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ តាមរថយន្តក្រុងរបស់ក្រុមហ៊ុន ជា លន។
អ្នកស្រី ជិន សុវណ្ណារី អ្នករៀបចំឡានឲ្យក្រុមហ៊ុនជាលនប្រាប់ VOA ថា អ្នកទេសចរទាំងជាង៣០នាក់នោះ បានធ្វើដំណើរជុំវិញខេត្តសៀមរាប ក្នុងតំបន់អង្គរ និងទៅកាន់តំបន់កម្សាន្តមួយចំនួនទៀត មុនទៅកាន់ខេត្តបាត់ដំបង។ អ្នកស្រីថា នៅខេត្តបាត់ដំបង ពួកគេបានទៅជិះឡូរីលេងកម្សាន្ត ប៉ុន្តែពួកគេមិនបានចូលលេងបុណ្យទន្លេ ដែលប្រារព្ធឡើងក្នុងពេលដែលពួកគេកំពុងនៅខេត្តបាត់ដំបងនោះទេ។ អ្នកស្រីបន្តថា នៅភ្នំពេញពួកគេបានចូលលេងវត្តភ្នំតែមួយកន្លែងប៉ុណ្ណោះ។
អ្នកស្រី ជិន សុវណ្ណារី បន្ថែមថា តៃកុងឡានបីនាក់ដែលបានបើកជូនអ្នកទេសចរបារាំងទាំងនោះ បានធ្វើតេស្តរកមេរោគកូរ៉ូណានេះ ដោយតៃកុងឡានម្នាក់នៅខេត្តព្រះសីហនុ មានលទ្ធផលអវិជ្ជមាន។ចំណែកតៃកុងឡានពីរនាក់ទៀត ដែលកំពុងនៅខេត្តសៀមរាប ទើបតែបានទៅធ្វើតេស្តនៅថ្ងៃច័ន្ទនេះ និងរង់ចាំលទ្ធផល។
«ពេលយើងឆ្លុះមើលហើយដឹងលទ្ធផលយប់មិញ គាត់អត់មានបានឆ្លងទេឆ្លងតែ មគ្គុទេសក៍ពីរនាក់។អ៊ីចឹងខ្ញុំឲ្យគាត់គេងនៅក្នុងឡានក៏បាន ឬក៏នៅឯណាក៏បានឲ្យនៅដាច់ដោយឡែកពីគេទៅហើយខ្ញុំចង់ឲ្យគាត់ឆ្លុះមើលម្តងទៀត»។
បន្ទាប់ពីរកឃើញអ្នកទេសចរទាំងជាង៣០នាក់នេះមានផ្ទុកមេរោគកូរ៉ូណា អាជ្ញាធរចាប់ផ្តើមចុះទៅសាកសួរពីតាមសណ្ឋាគារ ដែលពួកគេបានស្នាក់នៅដូចជាសណ្ឋាគារអង្គរហូលីដេ ខេត្តសៀមរាបសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង និងសណ្ឋាគារពូលូវៃ ក្នុងរាជធានីភ្នំពេញ។
អ្នកទទួលភ្ញៀវនៃសណ្ឋាគារទាំងបីនោះប្រាប់ថា មន្រ្តីសុខាភិបាលនិងមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធមួយចំនួនដែលបានចុះសួរនាំពួកគេនិងពិនិត្យបុគ្គលិកនៅតាមសណ្ឋាគារទាំងនោះ។ ពួកគេលើកឡើងថាបុគ្គលិកដែលមានរោគសញ្ញាដូចជាក្តៅខ្លួនក្អក ផ្តាសាយជាដើម ត្រូវនាំយកទៅពិនិត្យរកមេរោគកូវីដ-១៩ ហើយឲ្យសម្រាកនៅផ្ទះ។
កញ្ញា សារី សូលីដា អ្នកទទួលភ្ញៀវនៃសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបងប្រាប់ VOA ថា បន្ទប់ជាង២០ដែលជនជាតិបារាំងទាំងនោះបានស្នាក់នៅ គឺត្រូវទុកចោលបណ្តោះអាសន្ន មិនជួលឲ្យភ្ញៀវផ្សេងទៀតស្នាក់នៅនោះទេ។ កញ្ញាបន្ថែមថា មន្រ្តីសុខាភិបាលបានមកពិនិត្យសណ្ឋាគារនៅថ្ងៃអាទិត្យ តែមិនបានធ្វើអ្វីនោះទេ ដោយគ្រាន់តែយកបុគ្គលិករបស់សណ្ឋាគារចំនួន៦នាក់ ទៅពិនិត្យរកមេរោគនៅព្រឹកថ្ងៃច័ន្ទ។
«អ្នកខ្លះគាត់ថាផ្តាសាយអ៊ីចឹងទៅ។ អ្នកខ្លះគាត់ថា ឈឺក។ អ្នកខ្លះគាត់ថារៀងហត់ អស់កម្លាំងតិចៗអីអ៊ីចឹងទៅ។ គាត់ចេះតែខ្លាច។ ហើយដោយសារខាងក្រសួងគាត់ចុះមកអ៊ីចឹងទៅ ឲ្យតែអ្នកណាមានអាការៈអីប្លែក គឺគាត់ឲ្យធ្វើតេស្តហើយ»។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អ្នកដែលត្រូវបានរកឃើញថាផ្ទុកវីរុសកូរ៉ូណានោះ កំពុងស្នាក់នៅសណ្ឋាគារក្នុងខេត្តព្រះសីហនុ ហើយអាជ្ញាធរកំពុងរកអ្នកដែលបានទាក់ទងជាមួយពួកគេ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងលោក ងី មានហង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញបានទេ។
VOA ក៏មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានដែរ។
គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាបានកើនឡើងដល់៨៦នាក់ ក្នុងនោះមានជនបរទេសចំនួន៥១នាក់ និងពលរដ្ឋកម្ពុជាចំនួន ៣៥នាក់៕