ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​​បិទ​ច្រក​ព្រំដែន​ នាំ​ឲ្យ​ព្រួយ​បារម្ភ​​លទ្ធភាព​​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​បន្ថែម​ទៀត


មនុស្ស​ម្នា​ពាក់ម៉ាស់​ទិញ​ថ្នាំ​នៅ​ឱសថស្ថានមួយ ក្នុង​រាជធានី​ភ្នំពេញ​ នៅពេល​ដែល​វីរុស​កូរ៉ូណាកំពុង​ផ្ទុះ​​ឡើ​ងទូទាំង​សាកលលោក ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
មនុស្ស​ម្នា​ពាក់ម៉ាស់​ទិញ​ថ្នាំ​នៅ​ឱសថស្ថានមួយ ក្នុង​រាជធានី​ភ្នំពេញ​ នៅពេល​ដែល​វីរុស​កូរ៉ូណាកំពុង​ផ្ទុះ​​ឡើ​ងទូទាំង​សាកលលោក ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

រដ្ឋាភិបាល​ថៃ​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចាប់​ផ្តើម​បិទ​ច្រក​ព្រំដែន​កម្ពុជា​ថៃ​សំខាន់ៗ ដែល​នាំ​ឲ្យ​ពលករ​ និង​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ធ្វើ​ដំណើរ​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ដែល​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ខ្ពស់​នៃ​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា។

បើ​តាម​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ប្រទេស​ថៃ ច្រក​ព្រំដែន​សរុប​ចំនួន​១៩ ក្នុង​នោះ​មាន​ច្រក​ធំៗ​ចំនួន​២ ដូច​ជា​ច្រកអន្តរជាតិប៉ោយ​ប៉ែត និង​ច្រក​ល្បៀង​ចំនួន​១៧​ទៀត ត្រូវ​បិទ​ចាប់​ពី​ថ្ងៃ​ទី​២៣ មីនា ​ដល់​ថ្ងៃ​ទី​៥ ខែមេសា ដើម្បី​ទប់​ស្កាត់​នឹង​វីរុស​កូរ៉ូណា។ កាសែត​បាងកកប៉ុស្តិ៍លើក​ឡើង​ថា អ្នក​ធ្វើ​ដំណើរ​ និង​រថយន្ត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចូល ​និង​ចេញ​គ្រប់​ច្រក​ទាំង​នេះ​ទេ លើកលែង​តែ​រថយន្ត​ និង​រទេះ​ដឹក​អីវ៉ាន់ និង​អ្នក​បើក​រថយន្ត ដឹក​ទំនិញ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ចន្ទនេះ អាជ្ញាធរ​របស់​ប្រទេស​ថៃ​បាន​រាយការណ៍​ថា​ខ្លួន​បាន​រក​ឃើញ​១២២​ករណី​ទៀត​នៃ​វីរុស​កូរ៉ូណា ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ឡើង​ដល់​៧២១​រហូត​មក​ដល់​ពេល​នេះ។

មុន​ថ្ងៃ​ចន្ទ​នេះ ពលរដ្ឋ​ខ្មែរ​បាន​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់។

លោក ម៉េង ហ៊ុយ អាយុ​៤៣​ឆ្នាំ​ ជា​អាជីវករ​ម្នាក់​នៅ​ក្នុង​ផ្សាររ៉ុងក្លឿនៅ​ព្រំដែនថៃ​និង​កម្ពុជា មាន​ប្រសាសន៍​ថា លោក​ និង​ភរិយា បាន​ចាក​ចេញ​ពី​ផ្សារ​នេះ​ កាលពី​ថ្ងៃពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ពីការ​បិទ​ច្រក​ព្រំដែន។ លោក​មាន​ប្រសាសន៍​ថា ​លោក​ជឿជាក់ថា​លោក​ និង​ភរិយា ​មិន​មាន​ផ្ទុកវីរុស​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ​លោក​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ពី​ទីក្រុង​បាងកក​នៃ​ប្រទេស​នេះ​។

លោក​បាន​ថ្លែង​ប្រាប់​VOAតាម​ទូរសព្ទ​ថា៖ «ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​តែ​អ្នក​ដែល​មក​ពី​បាងកក ឬ​ក៏​គាត់​មក​ពី​ខាង​ណា​ផ្សេងទៀត​ មកពី​ប្រទេស​ចិន​ឬថៃ​អ៊ីចឹង​ទៅ​ខ្លាច​គាត់​ចូល​មក។​ យើង​ព្រួយ​បារម្ភ​តែប៉ុណ្ណឹងទេ។ ប៉ុន្តែ​ដូច​គ្រួសារ​ខ្ញុំ មិន​ព្រួយ​បារម្ភ​ទេ ​ព្រោះ​ចេញ​ពេល​ព្រឹក ល្ងាច​ចេញ​មក​វិញ ហើយ​មាន​ការ​វាស់កម្តៅ​មានអី​ត្រឹម​ត្រូវ​ពីអាជ្ញាធរ​មូលដ្ឋាន​អ៊ីចឹង​ណា៎ ទាំង​ខាង​ថៃ​ និង​ខាងខ្មែរ»។

ក្រោយ​ឃើញ​ការ​វិល​ត្រឡប់​របស់​ពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ថៃ ដោយ​មិន​មាន​ការ​ពិនិត្យ​សុខភាព​រក​វីរុស​កូរ៉ូណា​ពី​អាជ្ញាធរ​កម្ពុជា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ខេត្តទាំង​អស់ណែនាំ​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​នោះ ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ការ​ចម្លង​វីរុស​កូរ៉ូណា។

លោក​ ស ខេង មាន​ប្រសាសន៍​ថា៖ «កុំ​ឲ្យ​ប៉ះ​ពាល់​ជាមួយ​អ្នកដទៃ​នៅក្នុង​ផ្ទះ​គាត់​ហ្នឹង សូម្បី​តែ​គ្រួសារ​ ក៏​កុំ​ឲ្យ​ប៉ះ​ដែរ។ ល្អ​មែន​ទែន​គាត់​មក​អ៊ីចឹង​មែន ឲ្យ​គាត់​នៅ​ក្នុងផ្ទះ​គាត់​ហ្នឹង​១៤ថ្ងៃ ហើយ​បើ​មាន​អីសង្ស័យ​យក​កំហាក យក​អី​មក​ធ្វើ​តេស្ត​ធ្វើអី នេះនៅប៉ាស្ទ័រ​នេះ»។

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​វិធី​ដាក់​ខ្លួន​ឯងឲ្យ​នៅ​ដាច់​ដោយ​ឡែក ក្នុង​រយៈពេល​១៤​ថ្ងៃ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​មក​ពីបរទេស ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ​១៩។

ប៉ុន្តែ​នៅ​តែ​មាន​កា​ព្រួយ​បារម្ភ​ថា​តើ​ពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ ​អាច​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​បាន​កម្រិត​ណា ហើយ​ថា​តើ​រដ្ឋាភិបាល​មាន​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ពួកគេ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​កម្រិត​ណាដែរ។​

លោក ស៊ុំ ច័ន្ទគា មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក(ADHOC)ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​VOA​នៅ​រសៀល​ថ្ងៃ​ចន្ទនេះថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​មួយ​ម៉ឺន​នាក់ ​ទាំង​ពលករ​ខ្មែរ​ និង​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​ បាន​ចូល​មក​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ ក្រោយ​មាន​ការ​ប្រកាស​ពី​ភាគី​ថៃ។ លោក​បារម្ភ​ថា​ពួកគេ​ក្នុង​ចំណោម​នោះ ​មាន​ផ្ទុក​វីរុស​នេះ ហើយ​នាំ​ឲ្យ​ឆ្លង​ទៅ​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «​បើ​សិន​ជា​ឲ្យ​នៅផ្ទះ​មែន ខ្លះ​មក​ទាំង​គ្រួសារ យ៉ាង​ណា​ដែរ​។ អ៊ីចឹង​ទាំង​អស់ហ្នឹង​សុទ្ធ​តែ​ជា​បញ្ហា ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ភ្នាក់ងារ​រដ្ឋ ដែល​ត្រូវ​បម្រើរាស្ត្រ​ហ្នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច។ ព្រោះ​អត់​បាន​រៀបចំ​ទុក​ជា​មុន ហើយ​គ្រាន់​តែប្រាប់​គ្រាន់​តែ​ថា​។ អ៊ីចឹង​យើង​ឃើញ​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​មក​ពី​ថៃ​ទាំង​អស់ហ្នឹង តើ​ត្រូវ​ទុក​ត្រង់ណា»។

VOAមិន​អាច​សុំ​ការ​អត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ និង​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទេ។ VOAក៏​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា តាម​សារ​អេឡិចត្រូនិក​បានដែរ។​

ក្នុងសារជាសំឡេង​មួយ​ដែលVOA​ ទទួល​បាន​នៅថ្ងៃ​ចន្ទ នេះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ទាំង​អស់ ​រៀប​ចំ​ត​ទឹក តភ្លើង និង​បង្គន់​អនាម័យ​នៅ​តាម​សាលា​រៀន​ ដើម្បី​ធ្វើ​ជា​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។ នេះ​ជាចំណាត់​ការ​របស់​លោក ក្រោយ​ពលរដ្ឋ​កម្ពុជា​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ប្រែក្លាយ​សាលារៀន​ទៅ​ជា​មន្ទីរ​ពេទ្យ​សិន នៅ​ក្នុង​ដំណាក់​កាល​នេះ ព្រោះ​យើង​ក៏​អត់​មាន​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​សិក្សា​ឡើង​វិញ​អី​ភ្លាមៗ​ទេ បើ​ទោះ​ជា​ត្រូវ​ពន្យារ​ពេល​វ៉ា​កង ក៏​យើង​ត្រូវ​ពន្យារ​ពេលដែរ»​។

បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ស្ថានទូត​បាន​អំពាវនាវ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ រួមមាន​ពលករ និស្សិត សិស្ស និង​អាជីវករ បើ​មិន​មានភាព​ចាំ​បាច់ ជៀសវាង​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ថៃ។

ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ មាន​ជាង​១លាន​នាក់។ គេ​មិន​ទាន់​ដឹង​ថា​តើ​នឹង​មាន​ការ​បញ្ជូន​ពលករ​ខ្មែរ​ទាំង​នោះ​មក​កម្ពុជា​វិញ ​ឬ​យ៉ាងណា​នោះទេ។ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បិទ​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​នៅ​ក្នុង​តំបន់​នោះ​ទេ លើក​លែង​តែ​ប្រជាជន​វៀតណាម​ ដែល​រដ្ឋាភិបាល​បាន​ហាម​ចូល៕

XS
SM
MD
LG