មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិបានឱ្យដឹងថាការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរាមដែលត្រូវបានស្ថាបនាដោយអ្នកជំនាញ និងកងទ័ពចិន ជិតបញ្ចប់ហើយ ក្រោយបើកការដ្ឋានសាងសង់ជាងមួយឆ្នាំ។
ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថាអាចប្រើប្រាស់ ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ទប់ទល់នឹងអាមេរិក។ ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់។
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធនេះថាលោកគ្រាន់តែដឹងថាការងារធ្វើទំនើបកម្មជិតបញ្ចប់ ប៉ុន្តែការបើកសម្ពោធនៅថ្ងៃណា លោកមិនទាន់ដឹងនៅឡើយទេ។ អ្នកនាំពាក្យរូបនោះមិនអាចបញ្ជាក់ថាតើការស្ថាបនាមូលដ្ឋានរាម ក្រោមជំនួយរបស់ចិន ចំណាយថវិកាប៉ុន្មាននោះទេ ដោយថានេះជា«កិច្ចការសម្ងាត់យោធា»របស់ប្រទេសកម្ពុជា។
លោក ឈុំ សុជាត បន្ថែមថាការអភិវឌ្ឍនេះ គឺដើម្បីធ្វើទំនើបកម្ម ដោយសារកម្ពុជាខ្វះខាត ដូចជាការធ្វើឱ្យទឹកជ្រៅ ដើម្បីអាចចតបាននាវាធំៗបាន។ លោកបានច្រានចោលការលើកឡើងនានាថាមូលដ្ឋានទ័ពនេះនឹងត្រូវប្រើប្រាស់ដោយកងទ័ពចិនផ្តាច់មុខ។
លោកបញ្ជាក់ថា៖ «ខ្ញុំមានការសោកស្តាយដែរចំពោះព័ត៌មានមានការលើកហើយលើកទៀតចំពោះការពិត។ ប្រទេសយើងតូចតាចណាស់។ គេមានបំណងចេតនាមិនល្អចំពោះប្រទេសយើងបាទ»។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនោះបន្តថារដ្ឋាភិបាលកម្ពុជាស្វាគមន៍នាវារបស់ប្រទេសផ្សេងៗចូលចត ដោយមិនលាក់បាំងនោះទេ។ ប៉ុន្តែលោកថារឿងអនុញ្ញាតឱ្យប្រទេសណាទៅធ្វើទស្សនកិច្ចគឺជាសិទ្ធិរបស់រដ្ឋាភិបាលកម្ពុជា។
រូបភាពថតពីលើអាកាសដោយក្រុមហ៊ុនពាណិជ្ជកម្មមួយរបស់អាមេរិកឈ្មោះ BlackSky ដែលបានឃ្លាំមើលការកសាងមូលដ្ឋានកងទ័ពជើងទឹករាមនេះ បង្ហាញថាផែនៅមូលដ្ឋានទ័ពរាមមានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងផែយោធាដែលគាំទ្រដោយចិននៅប្រទេសDjibouti នៅភាគខាងកើតនៃទ្វីបអាហ្វ្រិក ដែលនាវាដឹកយន្តហោះអាចចូលចតបាន។ នេះបើតាមសេចក្តីប្រកាសមួយរបស់Blackskyចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា។
ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរាមបានក្លាយជាចំណុចនៃភាពរកាំរកូសមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកអស់។
កាលពីខែមិថុនា ឆ្នាំ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពរាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក ចៅ ភិរុញ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិបាននៅឡើយទេ។លោក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានបដិសេធមិនអត្ថាធិប្បាយ ពេលវីអូអេទាក់ទងទៅ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថាបញ្ហាមូលដ្ឋានទ័ពរាម គឺជារឿងរស៊ើបដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាមានឆន្ទៈពិតប្រាកដនៅក្នុងការជម្រះមន្ទិល ក្រោយមានការសង្ស័យពីសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «បើគ្រាន់តែការថ្លែងតាមបណ្តាញសារព័ត៌មានសារនយោបាយអី វាមិនអាចដោះស្រាយ ឬក៏លុបបំបាត់ការសង្ស័របស់សហរដ្ឋអាមេរិកបានទេ។ អ៊ីចឹងគួរតែមានយន្តការផ្សេងឬគេហៅថាពង្រឹងនូវទំនាក់ទំនងការទូត ឬក៏ទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិកហ្នឹង លាងជម្រះអាភាពសង្ស័យគ្នាឱ្យបាត់ ទើបវាជាដំណោះស្រាយ»។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាធ្លាប់ប្រាប់វីអូអេថាការផ្តល់សិទ្ធិផ្តាច់មុខសម្រាប់វត្តមានកងទ័ពចិន«អាចគំរាមដល់ស្វ័យភាពរបស់កម្ពុជានិងធ្វើឱ្យចុះអន់ខ្សោយនៃសន្តិសុខតំបន់»។ អ្នកនាំពាក្យស្ថានទូតបញ្ជាក់ថាសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗក្នុងតំបន់បានបង្ហាញក្តីព្រួយបារម្ភអំពីកង្វះតម្លាភាពនៃគោលបំណងនៃការធ្វើទំនើបកម្មលក្ខណៈនិងទំហំនៃគម្រោងមួយនេះ និងតួនាទីរបស់យោធាចិនក្នុងការស្ថាបនា និងការប្រើប្រាស់របស់ចិនលើសំណង់ទាំងនោះ៕