កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីមន្ត្រីប្រទេសលោកខាងលិចមួយចំនួនថា ចិនកំពុងសាងសង់ទីតាំងកងទ័ពជើងទឹករបស់ខ្លួនមួយដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ផ្ដាច់មុខឱ្យកងទ័ពរបស់ខ្លួន ប៉ុន្តែប្រទេសទាំងពីរបានបដិសេធជុំវិញរឿងនេះនិងបានចាត់វិធានការសំខាន់ផ្សេងៗទៀតដើម្បីបិទបាំងនូវប្រតិបត្តិការរបស់ខ្លួន។
កាសែតនេះបានរាយការណ៍បន្តទៀតថា ការសាងសង់ទីតាំងយោធាចិននេះ នឹងត្រូវធ្វើឡើងនៅផ្នែកខាងជើងក្នុងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ របស់កម្ពុជាហើយពិធីសម្ពោធការចាប់ផ្តើមនៃការសាងសង់ទីតាំងនេះ នឹងត្រូវធ្វើឡើងនៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមមន្ត្រីនៃប្រទេសលោកខាងលិចទាំងនោះដែលបាននិយាយប្រាប់កាសែត The Washington Post ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែវាជាបញ្ហាដ៏រសើប។
ក្រុមមន្ត្រីទាំងនោះបានបញ្ជាក់ប្រាប់កាសែតអាមេរិកនេះទៀតថា ការបង្កើតមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅក្នុងប្រទេសកម្ពុជាដែលជាប៉ុស្តិ៍យោធាជួរមុខនៅក្រៅប្រទេសរបស់ចិនទី២ហើយជាប៉ុស្តិ៍ជួរមុខទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់របស់ខ្លួននោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបង្កើតបណ្តាញទីតាំងយោធានៅជុំវិញពិភពលោក ដើម្បីគាំទ្រគោលបំណងរបស់ខ្លួនក្លាយជាអំណាចពិភពលោកមួយដ៏ពិតប្រាកដ។
មូលដ្ឋានកងទ័ពជើងទឹកចិននៅក្រៅប្រទេសទី១នាពេលនេះគឺស្ថិតនៅក្នុងប្រទេសជីប៊ូទី (Djibouti) នៃទ្វីបអាហ្រ្វិកខាងកើត។ កាសែត Washington Post បានដកស្រង់ប្រភពមន្ត្រី និងអ្នកវិភាគមួយចំនួនដែលបញ្ជក់ថា ការបង្កើតទីតាំងយោធាដែលមានសមត្ថភាពទទួលការចូលចតនាវាធំៗរបស់កងទ័ពជើងទឹកសម្រាប់ភាគខាងលិចនៃតំបន់សមុទ្រចិនខាងត្បូងនោះ គឺជារឿងដ៏សំខាន់មួយនៃមហិច្ឆតាពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់និងជាការពង្រឹងវត្តមានរបស់ខ្លួននៅជិតទីតាំងតំបន់សមុទ្រអាស៊ីអាគ្នេយ៍។
មន្ត្រីប្រទេសលោកខាងលិចមួយរូបបាននិយាយប្រាប់កាសែត The Washington Post ថា៖ «យើងវាយតម្លៃថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជាទីតាំងដ៏សំខាន់សម្រាប់មេដឹកនាំនៃប្រទេសចិនដែលបានមើលឃើញតំបន់នេះថា ជាទីតាំងប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវនិងស្ថិតនៅក្នុងរង្វង់កណ្តាលជាប្រវត្តិសាស្រ្តសម្រាប់ការពង្រីកឥទ្ធិពលរបស់ខ្លួន។ គេមើលឃើញការពង្រីកខ្លួនរបស់ចិននៅក្នុងតំបន់នោះ ជាផ្នែកមួយនៃនិន្នាការជាសាកលដើម្បីឆ្ពោះទៅរកពិភពលោកដែលមានប៉ូលចម្រុះដែលប្រទេសមហាអំណាចនានា នឹងដាក់បញ្ចូលផលប្រយោជន៍របស់គេដើម្បីពង្រីកនូវឥទ្ធិពលរបស់ខ្លួន»។
កាលពីចុងសប្តាហ៍កន្លងទៅនេះ មន្ត្រីចិនមួយរូបនៅក្នុងទីក្រុងប៉េកាំងបានប្រាប់កាសែត The Washington Post ថា ផ្នែកមួយនៃមូលដ្ឋានកងទ័ពជើងទឹករាមនេះ នឹងត្រូវប្រើប្រាស់ដោយកងទ័ពចិន។ មន្ត្រីចិនរូបនេះបានបដិសេធថា មូលដ្ឋាននេះនឹងមិនត្រូវបានប្រើប្រាស់ផ្តាច់មុខដោយកងទ័ពចិននោះឡើយ ហើយថាក្រុមអ្នកវិទ្យាសាស្ត្រក៏នឹងប្រើប្រាស់ទីតាំងនោះផងដែរ។ មន្ត្រីចិនរូបនេះក៏បានបន្ថែមទៀតថា ចិននឹងមិនពាក់ព័ន្ធក្នុងសកម្មភាពណាមួយ នៅផ្នែកម្ខាងទៀតនៃមូលដ្ឋានកងទ័ពជើងទឹកនេះ ដែលគ្រប់គ្រងដោយដោយកម្ពុជានោះឡើយ។
នៅពេលសួរជុំវិញបញ្ហានេះ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់កាសែត The Washington Post នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន«បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ស្ថានទូតកម្ពុជាក៏បានបន្ថែមផងដែរថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសឬវត្តមានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះឡើយ»៕