នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិក ដែលមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន បានលើកឡើងអំពីក្តីបារម្ភពីមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា នឹងអាចប្រើប្រាស់ជាមូលដ្ឋានកងទ័ពចិន។ លោក Biden ក៏បានជំរុញឲ្យកម្ពុជាដោះលែងសកម្មជន និងបើកចំហសេរីភាពស៊ីវិល និងនយោបាយ នៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានអាមេរិក ចេញផ្សាយនៅថ្ងៃសោរ៍នេះ។
នៅក្នុងជំនួបនោះ លោក Biden បានលើកឡើងអំពីបញ្ហាតំបន់ និងពិភពលោកទៅកាន់លោក ហ៊ុន សែន មុននឹងលើកឡើងអំពីបញ្ហានៅក្នុងប្រទេសកម្ពុជា។ លោក Biden បានថ្លែងអំណរគុណដល់កម្ពុជាដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងអរគុណកម្ពុជាដែលបានចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ លោកក៏បានលើកឡើងអំពីវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។
ទាក់ទងនឹងបញ្ហាក្នុងប្រទេសកម្ពុជា សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «លោកប្រធានាធិបតីបានលើកឡើងអំពីការព្រួយបារម្ភទាក់ទងនឹងស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងសង្កត់ធ្ងន់ពីសារៈសំខាន់នៃតម្លាភាពពេញលេញអំពីសកម្មភាពរបស់យោធាចិននៅមូលដ្ឋានកងទ័ពរាម»។ សេចក្តីប្រកាសបន្ថែមថា៖ «លោកប្រធានាធិបតីបៃដិនក៏បានជំរុញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលម្ហសេរីភាពស៊ីវិល និងនយោបាយ នៅមុនការបោះឆ្នោតឆ្នាំ២០២៣។ លោកក៏អំពាវនាវឲ្យមានការដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួន ក្នុងនោះមានកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរអាមេរិកាំង។
លោក Biden បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញារបស់អាមេរិកចំពោះប្រជាជនកម្ពុជា និងការចង់បានរបស់ពួកគេឱ្យប្រទេសមានភាពឯករាជ្យ ប្រជាធិបតេយ្យ និងរីកចម្រើន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា នេះជាការចោទរបស់លោក បៃដិន ហើយកម្ពុជាបានបកស្រាយរួចទៅហើយអំពីបញ្ហាទាំងនេះ។
លោកថ្លែងថា៖ «គាត់ចោទជាក្តីកង្វល់របស់គាត់ ប៉ុន្តែការណ៍ពិតជាក់ស្តែង កម្ពុជាបានលាតត្រដាងរួចហើយ។ ត្រង់ថា រឿងគាត់ជឿ ឬមិនជឿ អាហ្នឹងជារឿងគាត់»។
លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក Biden ជារឿង«វោហោសាស្រ្តនយោបាយ»នៅក្នុងសង្គមប្រជាធិបតេយ្យសេរី ដែលតែងតែមានទស្សនៈផ្ទុយគ្នាខ្លះ។
ក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃសៅរ៍នេះ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាអ្នកនាំពាក្យរបស់កិច្ចប្រជុំអាស៊ាន ថ្លែងថា កម្ពុជាមិនមានអ្វីលាក់បាំងនោះទេចំពោះការអភិវឌ្ឍនៅរាម ដូច្នេះគួរតែមានការ«វាយតម្លៃដោយយុត្តិធម៌ និងស្មោះត្រង់»ចំពោះបញ្ហានេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានរាម ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ ប៉ុន្តែការសាងសង់សំណង់ថ្មី និងការធ្វើទំនើបកម្មផ្សេងៗក្នុងមូលដ្ឋាននេះក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា ចិននឹងប្រើប្រាស់មូលដ្ឋាននេះសម្រាប់ពង្រីកអំណាចរបស់ខ្លួន។
កាលពីកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានរាម ដែលលោកថា ជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។ ប៉ុន្តែលោកច្រានចោលការចោទប្រកាន់ថា ការធ្វើទំនើបកម្មនេះមិនមែនធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ដល់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ឡើយ៕