នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសជាសាធារណៈសាជាថ្មីថា កងទ័ពចិននិងកងទ័ពប្រទេសផ្សេងទៀត នឹងមិនអាចឈរជើងនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាមកម្ពុជាបានទេ។ លោកអះអាងថា ការអភិវឌ្ឍកំពង់ផែសមុទ្រនៅក្នុងតំបន់មូលដ្ឋាននោះ គឺដើម្បីលើកកម្ពស់សមត្ថភាពការពារខ្លួន និងទប់ស្កាត់បទល្មើសផ្សេងៗតាមដែនសមុទ្រ។
ថ្លែងនៅឯពិធីចែកសញ្ញាបត្រដល់និស្សិតមួយកន្លែងក្នុងទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុ ន សែន បានប្រាប់ប្រទេសជាមិត្តកម្ពុជា ដោយមិនបានសំដៅចំឈ្មោះប្រទេសណានោះថា កំពង់ផែនៅតំបន់មូលដ្ឋានទ័ពជើងទឹករាម ដែលកំពុងស្ថិតក្នុងដំណាក់កាលកែលម្អបានប្រសើរជាងមុននោះ នឹងបើកចំហឱ្យនាវាប្រទេសជាមិត្តកម្ពុជាចូលចត ហើយអាចធ្វើសមយុទ្ធយោធារួមគ្នា ក្រោយបញ្ចប់ការធ្វើទំនើបកម្ម។
លោកថ្លែងថា៖ «អ៊ីចឹងសូមជូនសារត្រឡប់ទៅវិញ មិនចាំបាច់ធ្វើយុទ្ធនាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាទេ កម្ពុជាមានសិទ្ធិគ្រប់គ្រាន់អនុវត្តនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ការពារទឹកដីរបស់ខ្លួន។ ហើយកម្ពុជាសូមបញ្ជាក់សាជាថ្មីមិនមានវត្តមានកងទ័ពចិន ឬកងទ័ពបរទេសណានៅកម្ពុជាទេ។ បន្ទាប់ពីការសាងសង់រួច កម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ ចូលចតនាវាមកក្នុងកំពង់ផែកម្ពុជា។ ហើយយើងអាចធ្វើសមយុទ្ធជាមួយគ្នា»។
លោក ហ៊ុន សែន ឱ្យដឹងទៀតថា រាល់ការអភិវឌ្ឍនានាក្នុងកំពង់ផែរាម គឺមានលក្ខណៈបើកចំហ និងមិនមែនជារឿងសម្ងាត់នោះទេ ហើយវាក៏ជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពនៃកំពង់ផែយោធាកម្ពុជា ដែលនឹងអាចទទួលនាវាចម្បាំងធំៗឱ្យចូលចតផងដែរ។
លោកថែ្លងថា៖ «ម៉េចក៏ចាំបាច់ថា អាហ្នឹងជាព័ត៌មានចារកម្ម បើគេបើកម៉ាចំហហើយចំាបាច់ស្អី។ លើកលែងតែអ្នកឯងចង់រករឿងខ្ញុំ។ កំពុងពង្រឹងសមត្ថភាពកំពង់ផែយោធារបស់កម្ពុជាមានអីខុស ទឹកដីនេះ ជាទឹកដីកម្ពុជា។ កម្ពុជាមានសិទ្ធិនឹងធ្វើពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ជម្រៅទឹកដើមរបស់យើង ត្រឹមតែ ២,៧ម៉ែត្រទេ។ ពេលនេះត្រូវតែបូមវាឱ្យជ្រៅ និងធ្វើមូលដ្ឋានកងទ័ពឱ្យច្បាស់លាស់។ អត់មានទៅគំរាមកំហែងអ្នកណាទេ»។
កាលពីដើមខែមិថុនា ឆ្នាំ ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានរាម ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិន។ យ៉ាងណាក្តី ការសាងសង់សំណង់ថ្មី និងការធ្វើទំនើបកម្មផ្សេងៗក្នុងមូលដ្ឋានទ័ពជើងទឹករាមនេះបានក្លាយជាបញ្ហាចម្រូងចម្រាសមួយ ដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាមេរិកថា ចិននឹងប្រើប្រាស់មូលដ្ឋាននេះសម្រាប់ពង្រីកអំណាចរបស់ខ្លួន។ ប៉ុន្តែទាំងភាគីចិន និងកម្ពុជាអះអាងជាបន្តបន្ទាប់ថា នឹងមិនអាចមានរឿងដូច្នេះកើតឡើងនោះទេ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃ ព្រហស្បតិ៍ដដែលនោះ កំពង់ផែសមុទ្ររាម ក្រោយការកែម្អនឹងមិនអាចបម្រើឱ្យការចូលចតនៃនាវាផ្ទុកយន្តហោះប្រតិកម្មរបស់ចិន ដូចប្រព័ន្ធផ្សព្វផ្សាយខ្លះបានលើកឡើងទេ។ លោកក៏បញ្ជាក់ទៀតថា កម្ពុជាក៏មិនឆោតរហូតបើកដៃឱ្យចិនមកគ្រប់គ្រងខ្លួនដែរ។
លោកថ្លែងថា៖ «ហើយយើងត្រូវការធ្វើអី កងទ័ពចិនយកមកធ្វើអី ហើយឆោតអីឆោតថា ហ្ន៎មានអាកាសែតមួយនោះថា កន្លែងរាមនេះ អាចដាក់នាវា ចុះយន្តហោះចិនបានរហូតដល់ពីរគ្រឿង។ អ្ហូ៎ចិន! ល្ងង់ដល់ប៉ុណ្ណឹង! ចិនល្ងង់រហូតដល់យក អានាវាចុះយន្តហោះយកមកដាក់នៅកំពង់ផែស្រុកខ្មែរ។ ចុះសមុទ្រចិនខាងត្បូងម៉េចក៏មិនដាក់។ រួចបើគង់តែមកចុះយន្តហោះដែរ ចុះអាព្រលានកងកេងម៉េចក៏មិនចុះតាហ្មងទៅ។ ម៉េចឆ្កួតចាំបាច់យកអាហ្នឹងមក»។
លោកបន្ថែមថា៖ «ទេ កុំបបួលខ្មែរឆ្កួត ហើយកុំបបួលចិនឆ្កួត បើឆ្កួតខ្លួនឯង សូមអញ្ជើញឆ្កួតខ្លួនឯងទៅ។ ខ្មែរក៏មិនល្ងង់ដល់ថ្នាក់ឱ្យចិនមកកាន់កាប់ស្រុកខ្មែរនោះទេ ហើយចិនក៏មិនល្ងង់ដល់ថ្នាក់មកកាន់កាប់កំពង់ផែស្រុកខ្មែរ ហើយយកទាំងអានាវាដឹកយន្តហោះមកដាក់នៅហ្នឹង»។
លោក ហ៊ុន សែន អះអាងទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាននោះ គឺជាផ្នែកមួយនៃការកសាងសមត្ថភាពកងទ័ពកម្ពុជាឱ្យខ្លាំងជាងមុនផង និងដើម្បីទប់ទប់និងឆ្លើយតបបទល្មើសក្នុងដែនសមុទ្រកម្ពុជាផងដែរ។
មេដឹកនាំកម្ពុជារូបនេះក៏បានថ្លែងរិះគន់ប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ខ្លះថាមិនយល់ពីបំណងកម្ពុជា តែបែរប្រឹងជំរុញឱ្យកម្ពុជាយល់ពីបំណងខ្លួន ពាក់ព័ន្ធនឹងផែនការដាក់ឱ្យចរាចរនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែល ជាតំបន់មិនគាំទ្រដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែ។
លោកលើកឡើងថា៖ «ថ្ងៃមុន ខ្ញុំនិយាយជាមួយទូតអូស្ត្រាលីយ៉ាងច្បាស់ ខ្ញុំថា ខ្ញុំយល់ខ្ញុំថា អាហ្នឹងមិនមែនអាវុធនុយក្លេអ៊ែទេ គឺនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ ខ្ញុំយល់ដែរ។ ប៉ុន្តែហេតុអីបានពួកអ្នកឯងអត់ព្រមយល់ពីខ្ញុំវិញ នូវការដែលខ្ញុំពន្យល់ថាខ្ញុំមានការចាំបាច់ ដើម្បីកសាងសមត្ថភាពកងទ័ពជើងទឹកដើម្បីការពារអធិបតេយ្យប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ ឬឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងសមុទ្ររបស់កម្ពុជា»។
ក្រុមសម្ពន្ធមិត្តត្រីភាគី ដែលហៅកាត់ថា Aukus រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី បានព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះលើគម្រោងដាក់ឱ្យមានការប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីតទល់នឹងឥទ្ធិពលរបស់ចិន។ បើតាមគម្រោងនេះ សហរដ្ឋអាមេរិកអាចដាក់ពង្រាយនាវាប្រភេទនេះចំនួនយ៉ាងហោចណាស់បីគ្រឿង។ នេះបើតាមបណ្តាញព័ត៌មាន BBC របស់ប្រទេសអង់គ្លេស។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តខ្លួន រួមមានប្រទេសអូស្ត្រាលីជារឿយៗ បានបង្ហាញក្តីបារម្ភអំពី លទ្ធភាពដែលចិនអាចយកកម្ពុជាជាមូលដ្ឋាន ក្នុងការរំកិលឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបន្ថែមថា៖ «តំបន់អាស៊ាននេះ បើយើងមើលជាក្នុងមុំភូមិសាស្ត្រនយោបាយ តំបន់អាស៊ានគឺជាតំបន់ដែលប្រឈមដោយផ្ទាល់ជាមួយនឹង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសអូស្ត្រាលី។ បើសិនជាចិនអាចពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ហើយចិនអាចមានមូលដ្ឋានទ័ពដោយ ប្រើប្រាស់ប្រទេសណាមួយ ជាទីតាំងនៅក្នុងការពង្រីកឥទ្ធិពលទ័ពនោះ គឺមានន័យថា ចិនអាចរំកិលឥទ្ធិពលរបស់ខ្លួនបានកាន់តែកៀកជាមួយនឹង ឬក៏ប្រឈមជាមួយនឹងប្រទេសដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចអូស្រា្តលីជាដើម»។
បើតាមលោក សេង សារី ខណៈកម្ពុជាបានប្រឹងប្រែងពន្យល់អស់លទ្ធភាពថា ខ្លួនគ្មានចេតនាប្រែក្លាយមូលដ្ឋានកងទ័ពជើងទឹកបម្រើឱ្យមហិច្ឆតាយោធារបស់ប្រទេសណាមួយហើយ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តខ្លួនមិនព្រមជឿនោះ គឺមានតែពេលវេលា ដែលនឹងអាចលាតត្រដាងការពិតបាន។
លោកថ្លែងថា៖ «បើយើងសួរថា បញ្ហានេះនឹងលាងជម្រះដោយរបៀបណានេះ គឺកម្ពុជា មិនបាច់លាងជម្រះអ្វីនោះទេ។ គឺសំខាន់ថា តើកម្ពុជានឹងប្រើប្រាស់កំពង់ផែរាមនេះនៅក្នុងគោលបំណងស្អី។ បើសិនជាក្នុងគោលបំណងនៅក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ក្នុងគោលបំណងដើម្បីពង្រីកសេវាពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ខ្លួនអាហ្នឹងពេលវេលាជាអ្នកបង្ហាញសម្រាប់ពិភពលោកឬក៏សម្រាប់ប្រទេសមហាអំណាចរបស់ពិភពលោកហ្នឹងអំពីជំហររបស់កម្ពុជា»។
នៅក្នុងបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមនេះ លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិក ដែលមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ បានលើកឡើងអំពីក្តីបារម្ភចំពោះមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា នឹងអាចប្រើប្រាស់ជាមូលដ្ឋានកងទ័ពចិន។ ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅពេលនោះ លើកឡើងថា កម្ពុជាបានបកស្រាយការសង្ស័យនោះរួចហើយថា រឿងនោះមិនអាចទៅរួចទេ ហើយបើអាមេរិកជឿ ឬមិនជឿនោះ គឺនៅលើអាមេរិកខ្លួនឯង។
ទោះបីមានការបកស្រាយបែបណាពីភាគីកម្ពុជាយ៉ាងណាក្តី មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រហៅកាត់ថា (CSIS) បានបន្តចេញរបាយការណ៍ជាបន្តបន្ទាប់ ដោយមានភ្ជាប់នឹងរូបភាពផ្កាយរណបអំពីទិដ្ឋភាពនៃការវិវឌ្ឍនានានៅមូលដ្ឋានកងទ័ពជើងទឹករាម ជាពិសេសតំបន់កំពង់ផែរ។ ហើយគេក៏មិនទាន់ដឹងច្បាស់ថា អ្វីទៅជាបំណងពិតប្រាកដរបស់មជ្ឈមណ្ឌលនេះដែលខិតខំតាមដានសកម្មភាពសាងសង់ផ្សេងៗនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជានោះ។
គួររំឭកថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការធ្វើទំនើបកម្មបញ្ជាការដ្ឋានរាម ដែលលោកថា ជាផ្នែកមួយនៃការទប់ទល់នឹងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយផងដែរ។ ប៉ុន្តែលោកច្រានចោលការចោទប្រកាន់ថា ការធ្វើទំនើបកម្មនេះមិនមែនធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ដល់ការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ឡើយ៕