អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានដាក់ចំណាត់ថ្នាក់កម្ពុជាស្ថិតក្នុងប្រទេសដែលមាន«នីតិរដ្ឋ» តិចតួចក្នុងចំណោមប្រទេស១១៣ នៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០១៧-២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងយុត្តិធម៌ពិភពលោកដែលបានចេញផ្សាយឲ្យដឹងពីសន្ទស្សន៍នីតិរដ្ឋកាលពីចុងខែមករា ឆ្នាំ២០១៨។
កម្ពុជាបានទទួលចំណាត់ថ្នាក់១១២ ដែលជាចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក។បើធៀបនឹងចំណាត់ថ្នាក់ដែលកម្ពុជាបានទទួលកាលពីឆ្នាំ២០១៦គឺប្រទេសកម្ពុជាបានឈរនៅលើប្រទេស វ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ ដែលទទួលបានចំណាត់ថ្នាក់១១៣។ ប្រទេសវ៉េណេស៊ុយអេឡា នៅឆ្នាំ២០១៧-២០១៨ នេះនៅបន្តទទួលបានចំណាត់ថ្នាក់១១៣ ដដែលគឺបន្តស្ថិតក្រោមប្រទេសកម្ពុជា។
ការផ្តល់ចំណាត់ថ្នាក់របស់ អង្គការគម្រោងយុត្តិធម៌ពិភពលោកត្រូវបានធ្វើទៅតាមកត្តាចំនួន៨ ដែលរួមមាន ការដាក់កំហិតលើអំណាចរដ្ឋាភិបាល អវត្តមាននៃអំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិមូលដ្ឋានផ្សេងៗ សណ្តាប់ធ្នាប់និងសន្តិសុខ ការអនុវត្តបទបញ្ញត្តិ យុតិ្តធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។
លោក William Neukom ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក ត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖
«នីតិរដ្ឋដែលមានប្រសិទ្ធភាពគឺជាមូលដ្ឋាននៃសង្គមដែលមានសមធម៌ ឱកាស និងសន្តិភាព»។
លោកបានបញ្ជាក់ឲ្យដឹងបន្ថែមថា ពុំមានប្រទេសណាមួយអាចធ្វើឲ្យមាននីតិរដ្ឋល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែសន្ទស្សន៍នីតិរដ្ឋនេះគឺជាជំហានដំបូងដើម្បីកំណត់ខ្នាតគោល និងបញ្ជាក់ពីកំណែទម្រង់នានា ក៏ដូចជាចែកលក្ខខណ្ឌសម្រាប់កម្មវិធីផ្សេងៗ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃគ្រឹះនីតិរដ្ឋ។
ក្នុងការដាក់ចំណាត់ថ្នាក់នីតិរដ្ឋដោយអង្គការគម្រោងយុត្តិធម៌ពិភពលោកនេះ យុត្តិធម៌ស៊ីវិលនៅប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់ទី១១៣ក្នុងចំណោម១១៣ប្រទេស ពោលគឺគ្មានការប្រែប្រួលទេ បើធៀបនឹងសន្ទស្សន៍នីតិរដ្ឋកាលពីឆ្នាំ ២០១៦-២០១៧។
របាយការណ៍ស្តីពីសន្ទស្សន៍នីតិរដ្ឋរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោកក៏បានឲ្យដឹងដែរថា ប្រទេសដាណឺម៉ាក ប្រទេសន័រវែស និងប្រទេសហ្វាំងឡង់ បានស្ថិតក្នុងចំណាត់ថ្នាក់ទី១ ទី២ និងទី៣ បន្តបន្ទាប់គ្នា ខណៈដែលប្រទេសបីផ្សេងទៀតបានចំណាត់ថ្នាក់ទាបជាងគេ រួមមានប្រទេសអាហ្វហ្គានីស្ថាន កម្ពុជា និងប្រទេសវ៉េណេស៊ុយអេឡា ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១១១ ទី១១២ និងទី១១៣បន្តបន្ទាប់គ្នា។
ការឱ្យចំណាត់ថ្នាក់របស់អង្គការគម្រោងយុត្តិធម៌ពិភពលោកមួយនេះធ្វើឡើងក្រោយពីការបង្ក្រាបដ៏ធ្ងន់ធ្ងរដល់គណបក្សជំទាស់ អង្គការសង្គមស៊ីវិល និងអង្គភាពព័ត៌មានដែលមិនចំណុះឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន។ មេដឹកនាំគណបក្សជំទាស់ សកម្មជននយោបាយ បរិស្ថាន សិទ្ធិមនុស្ស រួមទាំងអ្នកសារព័ត៌មានផងដែរកំពុងស្ថិតក្នុងការឃុំឃាំង ក្រោមរូបភាពការប្រើប្រាស់ប្រព័ន្ធតុលាការនិងច្បាប់។
VOA មិនទាន់អាចទាក់ទងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេនៅថ្ងៃអង្គារនេះ។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានច្រានចោលរបាយការណ៍នេះ។
លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៖
«យើងខ្ញុំ ក្នុងនាមជាប្រជាជនកម្ពុជានេះ មិនយកតួលេខ មិនយកចំណាត់ថ្នាក់ដាក់លេខ១០០ប៉ុន្មាន លេខ២០០ប៉ុន្មានទេ អត់មានយកអាហ្នឹងទេ។ បញ្ហាសំខាន់ កត្តាកំណត់ វានៅលើសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។ បើគាត់និយាយពីសិទ្ធិមនុស្សថា វាធ្លាក់ដុនដាប តាមពិតសិទ្ធិមនុស្សនៅកម្ពុជា វាមិនធ្លាក់ដុនដាបទេ។ លទ្ធិប្រជាធិបតេយ្យ គាត់ថា ងាប់បាត់ទៅហើយ ក៏ប៉ុន្តែបើលទ្ធិប្រជាធិបតេយ្យងាប់បាត់ទៅហើយ ប្រជាពលរដ្ឋយើងរស់នៅម៉េចកើត? ១៥លាននាក់ជាង ឥឡូវជិត១៦លាននាក់ គេរស់ឲ្យសម្បូរសប្បាយ។ តើលទ្ធិប្រជាធិបតេយ្យស្លាប់ទៅម៉េចកើត? អាហ្នឹងវាអីចឹងហើយ។ អីចឹងបានយើងខ្ញុំមិនយកតួលេខចំណាត់ថ្នាក់ពីអង្គការណាមួយទេ»។
អង្គការគម្រោងយុត្តិធម៌ពិភពលោក ដែលជាស្ថាប័នឯករាជ្យ ធ្វើការដើម្បីឲ្យមានវឌ្ឍនភាពនៃការកសាងនីតិរដ្ឋនៅពាសពេញពិភពលោក បានពន្យល់ថា នីតិរដ្ឋដែលមានប្រសិទ្ធភាពរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយ ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ជំងឺ និងការពារប្រជាពលរដ្ឋពីទម្រង់តូចធំនៃអំពើអយុត្តិធម៌ទាំងឡាយ។ វាគឺជាមូលដ្ឋានគ្រឹះ ដែលនាំឲ្យមានរដ្ឋាភិបាលមានការទទួលខុសត្រូវ និងមានការគោរពសិទ្ធិមនុស្សជាមូលដ្ឋានផងដែរ៕