ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិកាំង​​បង្កើន​សម្ពាធ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​


រូប​ឯកសារ៖ លោក​ Lindsey Graham ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ ​South Carolina ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​វិមាន​សភា Capitol Hill កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧។
រូប​ឯកសារ៖ លោក​ Lindsey Graham ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ ​South Carolina ថ្លែង​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​វិមាន​សភា Capitol Hill កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ សេតវិមាន​បាន​ប្រកាស​ផ្តាច់​ជំនួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។

ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការជា​បន្តបន្ទាប់​ដើម្បី​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា ​ហើយ​បាន​ស្នើ​ដល់​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ (Donald Trump) ​ឱ្យ​ចាត់​វិធានការ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​នៅ​ឯកា​ប្រសិនបើ​មិន​កែប្រែ​ស្ថានការណ៍​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ទេ។

បន្ទាប់ពី​វិធានការ​ទន់ភ្លន់​កាលពី​ឆ្នាំ​កន្លង​ទៅ​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះ​មួយ​ជំហាន​ទៀត​ដោយចាត់​វិធានការ​ក្តៅ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ តាម​រយៈ​ការស្នើ​ឡើង​នូវ​ច្បាប់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​«ច្បាប់​ស្តី​ពី​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា​និង​ធ្វើ​ឱ្យ​ការ​វិនិយោគ​ត្រឡប់​ដូច​ដើម​វិញ‍»​ហៅ​កាត់​ថា​ CARI។

សេចក្តី​ព្រាង​ច្បាប់​ CARI ​ដែល​ស្នើ​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥​រូប​មាន​គោលបំណង​រឹតត្បិត​ជំនួយ​ដល់​រដ្ឋាភិបាលកម្ពុជា​និង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​ក្នុង​នោះ​មាន​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ហាមឃាត់​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​មាន​នៅ​សហរដ្ឋ​អាមេរិក​រហូត​ទាល់តែ​ប្រទេស​កម្ពុជា​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា។​

លោក​ Lindsey Graham ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ ​South Carolina ​ដែល​ជា​អ្នក​ផ្តើម​គំនិត​ធ្វើ​ច្បាប់​នេះ​បាន​បញ្ជាក់​ថា៖

«បច្ចុប្បន្ន​នេះ​លទ្ធិប្រជាធិបតេយ្យ​បាន​ស្លាប់​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារតែ​រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​និង​ឥទ្ធិពល​របស់​ចិន‍»។

លោក ​Graham​ បាន​បន្ថែម​ថា ​ការណ៍​នេះ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលាយ​គណបក្ស​ប្រឆាំង​និង​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​នឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ហើយតុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

​លោក​ Ted Cruz ​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ​តិចសាស់​ដែល​ចូលរួម​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះដែរបាន​បន្ថែម​ថា​ ច្បាប់ ​CARI ​នេះ​គឺ​ជា​វិធានការ​«សមស្រប‍» ​ដើម្បី​ឆ្លើយតប​នឹង ​«ការ​ដឹកនាំ​ផ្តាច់ការ​ដ៏​យូរ​របស់​លោក​ ហ៊ុន សែន​ និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»។

កាល​ពី​ចុង​ខែ​មករា​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ចំនួន​៨​នាក់​ដែល​មាន​លោក​ Linsey Graham លោក​ John McCain លោក​ Dick Durbin ​លោក ​Marco Rubio លោក​ Benjamin L. Cardin លោកEdward J. Markey លោក​ Cory Gardner និង​លោក​ Patrick J. Leahy ​ក៏​បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​រួមគ្នា​មួយ​ទៅ​លោកស្រី​ Nikki Haley ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​និងសម្ព័ន្ធមិត្ត​របស់​អាមេរិក​ដើម្បី«ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឯកា‍»​និង​«ទាញ​ប្រទេស​កម្ពុជា​វិល​មក​ស្ថានភាព​ដើម​វិញ‍»​ បើ​មិន​ដូច្នេះ​ទេ ​គឺ​មិន​ត្រូវ​ផ្តល់ភាព​ស្រប​ច្បាប់​ដល់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ទេ។

លិខិត​នោះ​បាន​បន្ថែម​ថា៖

«យើង​ខ្ញុំ​ក៏​ទទូច​ឱ្យ​លោកស្រី​ឯកអគ្គរដ្ឋទូត​ពិចារណា​ប្រើប្រាស់​សំឡេង​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ក្រាបនៅ​កម្ពុជា​ដោយសារតែក្រុមប្រឹក្សា​នេះ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​តាក់តែង​ដំណោះស្រាយ​នយោបាយ​កម្ពុជា​កាលពី​ដើម​ទសវត្សរ៍​១៩៩០​ក្នុង​ពេល​មាន​សង្គ្រាម​ស៊ីវិល​និង​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម‍»។​

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ក៏​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កម្មវិធី​នានា​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ដោយ​គូស​បង្ហាញ​ពី​តួនាទី​របស់​ប្រទេស​ចិន​ក្នុង​ការបំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា​កាលពី​ទសវត្សរ៍​១៩៧០​ដើម្បី​ជា​ការ​រំលឹក​ដល់​ពលរដ្ឋ​កម្ពុជា​កុំ​ឱ្យ​ប្រវត្តិសាស្ត្រ​ជូរចត់​វិល​ត្រឡប់​មក​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាជិក​ព្រឹទ្ធសភា​ដែល​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ CARI។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ សេតវិមាន​បាន​ប្រកាស​ផ្តាច់​ជំនួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ៕

XS
SM
MD
LG