ចំណាត់ការនាពេលថ្មីៗនេះពីសំណាក់រដ្ឋាភិបាលកម្ពុជាក្នុងការបង្រ្កាបបណ្តាញផ្សព្វផ្សាយឯករាជ្យ ដែលរួមមានវិទ្យុ និងសារព័ត៌មាន ត្រូវបានក្រុមអ្នកវិភាគ និងក្រុមសកម្មជនយល់ឃើញថា ជាចំណាត់ការចម្បងមួយរបស់រដ្ឋាភិបាល ដើម្បីពង្រឹងការគ្រប់គ្រងនៅមុនការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨។
ចំណាត់ការយ៉ាងមុតមាំដោយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេលជាងបីទសវត្សរ៍មកនេះ កើតឡើង បន្ទាប់ពីមានការកើនឡើងការគាំទ្របក្សប្រឆាំង ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង។
ការចោទប្រកាន់ពីយុទ្ធនាការរដ្ឋាភិបាលប្រឆាំងនឹងក្រុមសកម្មជនសិទ្ធិមនុស្ស
ក្រុមសកម្មជនសិទ្ធិមនុស្សក៏បានលើកឡើងពីយុទ្ធសាស្រ្តទូលំទូលាយមួយ របស់រដ្ឋាភិបាលប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយ និងក្រុមសកម្មជនសិទ្ធិមនុស្ស។
អង្គការវេទិកាអាស៊ានដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ បានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះប្រឆាំងនឹងអង្គការសង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយ។
អង្គការវេទិកាអាស៊ាននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«វិធានការគាបសង្កត់ទាំងនេះកើតឡើងនៅចំចំណុចរបត់សំខាន់មួយសម្រាប់កម្ពុជា និងបានប៉ះពាល់យ៉ាងខ្លាំងទៅលើភាពស្របច្បាប់ និងយុត្តិធម៌នៃការបោះឆ្នោតនៅឆ្នាំក្រោយ»។
អង្គការនេះក៏បានលើកឡើងពីការបាញ់សម្លាប់សកម្មជនមួយរូប គឺលោកកែម ឡី ក្នុងខែកក្កដា កាលពីឆ្នាំមុនផងដែរ ក៏ដូចជា ការឃុំខ្លួនអ្នកនយោបាយបក្សប្រឆាំងដទៃទៀត និងបានបន្ថែមថា «វប្បធម៌ភាពភ័យខ្លាចកំពុងតែរីករាលដាលពេញផ្ទៃប្រទេស»។
យុទ្ធនាការបង្រ្កាបក្នុងទម្រង់ខុសៗគ្នា
យុទ្ធនាការបង្រ្កាបបណ្តាញផ្សព្វផ្សាយ រួមមានការទាមទារឲ្យបង់ពន្ធក្នុងទឹកប្រាក់ ៦,៣ លានដុល្លារពីកាសែតជាភាសាអង់គ្លេស The Cambodia Daily ដែលបានចេញផ្សាយចាប់តាំងពីឆ្នាំ ១៩៩៣មក ដោយបង្ខំឲ្យកាសែតនេះបញ្ឈប់ដំណើរការ ប្រសិនបើមិនបង់ប្រាក់ត្រឹមថ្ងៃទី០៤ ខែកញ្ញាខាងមុខនេះ។
គោលដៅនៃការបង្រ្កាបដទៃទៀត រួមមានវិទ្យុក្នុងស្រុកមួយចំនួននៅកម្ពុជា ដែលផ្សព្វផ្សាយព័ត៌មានពី វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដោយរដ្ឋាភិបាលបានអះអាងថា វិទ្យុទាំងពីរនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងចោទប្រកាន់ថា ការិយាល័យវិទ្យុទាំងពីរ «មិនបានចុះបញ្ជី» ត្រឹមត្រូវជាមួយអាជ្ញាធរ។
នៅចុងខែសីហា ក្រសួងការបរទេសនៅកម្ពុជា បានបញ្ជាឲ្យបិទវិទ្យាស្ថានប្រជាធិបតេយ្យជាតិ (NDI) ដែលជាអង្គការអន្តរជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យមួយ ដោយបញ្ជាឲ្យបុគ្គលិកបរទេសរបស់អង្គការនេះចាកចេញពីប្រទេសកម្ពុជា មុនចុងខែសីហានេះ។
លោក Billy Chai-Lung Tai អ្នកវិភាគឯករាជ្យផ្នែកសិទ្ធិមនុស្ស និងការគ្រប់គ្រងគម្រោង និយាយថា ចំណាត់ការប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយព័ត៌មាន បានធ្វើឲ្យមានការកាត់ផ្តាច់កាន់តែខ្លាំងរវាងរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៏ដូចជា ការតស៊ូមតិជាសាធារណៈ។
អ្នកវិភាគនិយាយថា ចិនជាកត្តានៅពីក្រោយមួយ
លោក Chai-Lung Tai បានលើកឡើងក្នុងសារអេឡិចត្រូនិច (អ៊ីម៉ែល) មួយមកកាន់ VOA ថា៖ «ជាក់ស្តែងគឺថា ការវាយប្រហារដើម្បីប្រយោជន៍កំពុងកើតមានហើយ»។ លោកបានបន្ថែមថា រដ្ឋាភិបាលក៏លែងសូវមានការសម្របខ្លួនដូចមុន ចំពោះការរក្សា «រូបភាពគាំទ្រសិទ្ធិមនុស្ស ដើម្បីបង្ហាញទៅ ប្រទេសផ្តល់ជំនួយបរទេសតទៅទៀតហើយ»។
កម្ពុជាកំពុងតែថមថយក្នុងការពឹងផ្អែកលើជំនួយអភិវឌ្ឍន៍បរទេសពីបស្ចឹមប្រទេស នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលសេដ្ឋកិច្ចប្រទេសនេះបានរីកចម្រើន ហើយរដ្ឋាភិបាលកម្ពុជាបានពង្រឹងចំណងកាន់តែជិតដិតជាមួយនឹងប្រទេសចិន។
ការលើកឡើងផ្សេងៗដែលថា រដ្ឋាភិបាលព្រួយបារម្ភពីការបោះឆ្នោត
លោក Nathan Thompson ប្រធានក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) បាននិយាយថា ការបោះឆ្នោតឆ្នាំ ២០១៨ ជាហេតុផលចម្បងនៅក្រោយការបង្រ្កាបទៅលើបណ្តាញផ្សព្វផ្សាយ។
លោក Thompson បានប្រាប់ VOA តាមសារអេឡិចត្រូនិច (អ៊ីម៉ែល) ថា៖ «គណបក្សកាន់អំណាចព្រួយបារម្ភយ៉ាងខ្លាំងអំពីការចាញ់ការបោះឆ្នោតនៅឆ្នាំ ២០១៨ ដូច្នេះហើយបានជាពួកគេធ្វើការបង្រ្កាបលើគ្រប់សំឡេងប្រឆាំង»។ លោកក៏បានលើកឡើងពីការទទួលបានសំឡេងឆ្នោតយ៉ាងច្រើនរបស់បក្សប្រឆាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ ដោយនិយាយថា លទ្ធផលពីការបោះឆ្នោតឃុំសង្កាត់ «ត្រឹមតែធ្វើពួកគេព្រួយបារម្ភកាន់តែខ្លាំងឡើងប៉ុណ្ណោះ»។
លោកបាននិយាយថា ក៏មានការព្រួយបារម្ភថា រដ្ឋាភិបាលកម្ពុជាប្រហែលត្រូវពង្រឹងច្បាប់ទិដ្ឋាការ និងអាជ្ញាប័ណ្ណការងារ ដោយការណ៍នេះនឹងធ្វើឲ្យកាន់តែងាយស្រួលចំពោះរដ្ឋាភិបាលក្នុងការបដិសេធទិដ្ឋាការសម្រាប់ទាំងអ្នកសារព័ត៌មានមិនក្រោមអង្គភាពណាមួយ និងទាំងអ្នកឆ្លើយឆ្លងព័ត៌មានបរទេស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សចោទប្រកាន់រដ្ឋាភិបាលថា ចង់បង្រ្កាបក្រុមអ្នករិះគន់
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សលោក Phil Robertson បាននិយាយថា រដ្ឋាភិបាលកំពុងតែបង្ហាញភាពផ្តាច់ការ ដើម្បីគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយ និង «កម្ចាត់» មេដឹកនាំនានាក្នុងជួរបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល ដែលរិះគន់មកលើខ្លួន តាមរយៈ «ការចោទប្រកាន់ពីបទឧក្រិដ្ឋមិនពិត ដែលត្រូវវិនិច្ឆ័យដោយចៅក្រម ជិតដិតនឹង [លោកនាយករដ្ឋមន្រ្តី]»។
លោក Robertson បាននិយាយថា យុទ្ធសាស្រ្តរបស់លោកហ៊ុន សែន គឺ «បន្ទុចបង្អាក់គ្រប់បណ្តាញផ្សព្វផ្សាយឯករាជ្យ ដែលនៅសេសសល់នានា មិនថាជា វិទ្យុ ឬសារព័ត៌មាន មុនពេលធ្វើយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨»។
នៅក្នុងសេចក្តីអធិប្បាយកាលពីខែឧសភា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាបានកេងចំណេញពី «វោហារសាស្ត្រ និងគោលនយោបាយគឃ្លើនជាងមុន» របស់រដ្ឋបាលប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិក ទៅលើបណ្តាញផ្សព្វផ្សាយ (នៅសហរដ្ឋអាមេរិក)។
សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA) បាននិយាយថា រដ្ឋាភិបាលគួរបញ្ជាក់ឲ្យច្បាស់ពីនិយ័តកម្មថ្មីពីដើមឡើយ «ជាជាងធ្វើការបង្រ្កាបភ្លាមៗជាចំណាត់ការដំបូង»។
លោក Edgardo Legaspi ប្រធានសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ បានហៅគោលនយោបាយរបស់រដ្ឋាភិបាលថាជា «ការវាយប្រហារជាប្រព័ន្ធ» នៅក្នុងការបំបិទសំឡេងបណ្តាញផ្សព្វផ្សាយ និងបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធលើរដ្ឋាភិបាលជុំវិញការបង្ក្រាបលើបណ្តាញផ្សព្វផ្សាយនាពេលថ្មីៗនេះ។
លោក Legaspi បានប្រាប់ VOA ថា៖ «វាជាការសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការបង្ហាញក្តីបារម្ភរបស់ពួកគេជុំវិញព្រឹត្តិការណ៍នាពេលថ្មីៗនេះ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលកម្ពុជា ឲ្យប្រកាន់យកចំណាត់ការសមហេតុផលជាងនេះ ចំពោះការព្រួយបារម្ភ ដែលមានភ្លាមៗ របស់ពួកគេអំពីពន្ធដារ ឬរាយការណ៍ពីវិទ្យុ (បរទេស) ដែលទិញម៉ោងចាក់ផ្សាយ»។
លោកបាននិយាយថា៖ «យើងត្រូវស្នើសុំឲ្យដាក់បញ្ចូលឡើងវិញជាបន្ទាន់នូវកម្មវិធីវិទ្យុ ដែលត្រូវបានលុបចោល»។
ចំណាត់ថ្នាក់ «សេរីភាពសារព័ត៌មាន» នៅកម្ពុជា នៅទាប
កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ទាបនៅឡើយ ចំពោះសេរីភាពសារព័ត៌មាន ដោយអង្គភាពឃ្លាំមើលបណ្តាញផ្សព្វផ្សាយ Freedom House បានចាត់ទុកបណ្តាញផ្សព្វផ្សាយនៅកម្ពុជាថា «មិនសេរី» ខណៈដែលនៅក្នុងឆ្នាំ ២០១៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចាត់ថ្នាក់កម្ពុជានៅក្នុងចំណាត់ថ្នាក់ទី១២៨ ក្នុងចំណោមប្រទេសចំនួន ១៨២ សម្រាប់សេរីភាពសារព័ត៌មាន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថា អ្នកសារព័ត៌មានបានក្លាយជា «ជនរងគ្រោះនៃការវាយដំលើរាងកាយ ការបៀតបៀនតាមផ្លូវតុលាការ និងថែមទាំងការសម្លាប់ផងដែរ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានលើកឡើងផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩៤មក អ្នកសារព័ត៌មានចំនួន ១៤នាក់ ត្រូវបានសម្លាប់នៅកម្ពុជា ដោយការសម្លាប់ភាគច្រើន ត្រូវបានធ្វើឡើង «ដោយនិទណ្ឌភាពទាំងស្រុង» ហើយការណ៍នេះបានបង្កឲ្យមាន «បរិយាកាសភ័យខ្លាចនៅក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកអធិប្បាយផ្នែកនយោបាយនៅកម្ពុជា»។
រដ្ឋាភិបាលកម្ពុជាមិនបានឆ្លើយតបនឹងសំណើសុំសេចក្តីអធិប្បាយទេ៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា