ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​រារាំង​បាតុករ​មិន​ឱ្យ​បោះ​ជំរំ​ក្បែរ​សាលា​ក្រុង


ស្ត្រី​ម្នាក់​ពី​សហគមន៍​បឹងកក់​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រារាំង​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​សុក្រ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
ក្រុម​ប្រជាពលរដ្ឋ​អតីត​អ្នក​ភូមិ​បឹង​កក់បាន​បរាជ័យក្នុង​គម្រោង​ការ​បោះជំរំ​ដើម្បី​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បន្ទាប់​ពី​មាន​ការ​រារាំង​ពី​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​និង​កងសន្តិសុខ។​

មនុស្ស​ប្រមាណ​៥០​នាក់​ដែល​សុទ្ធសឹង​ជា​អតីត​អ្នក​ភូមិ​បឹងកក់​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​មាន​សំណង​តិចតួច ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​សំណង​បន្ថែម​ចំនួន​២ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ក្រោយ​ពី​ពួកគេ​ទទួល​សំណង​រួច​ម្តង​ហើយ​ចំនួន​៨.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​កាល​ពី​បីឆ្នាំ​មុន។

​ក្រុម​ជន​រងគ្រោះ​ទាំង​នេះ​គ្រោង​នឹង​បោះ​ជំរំ​តវ៉ា​រយៈ​ពេល​បីថ្ងៃ​ជាប់​គ្នា ​ប៉ុន្តែ​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​និង​កង​សន្តិសុខ​ដែល​យាម​កាម​នៅ​ទី​នោះ ​បាន​រឹប​អូស​សម្ភារៈ​របស់​ពួក​គេ​ដូចជា​បដា ចាន ​ឆ្នាំង ​តង់ ​និង​កន្ទេល ​ជា​ដើម​ ខណៈ​ដែល​បាតុករ​ទាំង​នោះ​ព្យាយាម​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ នៅ​ចំហៀងជាប់​របង​សាលារាជធានី​ភ្នំពេញ​ផ្នែក​ខាងត្បូង។

អ្នកស្រី​ សយ កុឡាប ​អាយុ​៥៨​ឆ្នាំ ​ជា​អតីត​អ្នក​ភូមិ​បឹងកក់​ម្នាក់ ​និង​បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង ​ក្នុង​ខណ្ឌ​សែនសុខ ​ជាយ​ក្រុង​ភ្នំពេញ។

អ្នកស្រីថ្លែង​ថា​ពួក​អ្នកស្រី​មក​តវ៉ា​ដើម្បី​ទាមទារ​សំណង​បន្ថែម​នេះ​ដោយសារ​សំណង​កាល​ពី​ពេល​មុន​ស្ថិត​ក្រោម​ការ​គាប​សង្កត់។

«គេ​ចាប់​យក​មាន​បដា ​មាន​តង់ ​កន្ទេល ​ចាន​ឆ្នាំង ​ចាប់​យក​ទៅ​អស់​ហើយ។ ប្រុង​ថា​មក​ដេក​នៅ​ទី​ហ្នឹង។ ពេល​អ៊ុំ​ជួប​គេ អ៊ុំ​នឹង​សួរ​ថា​ចាប់​របស់​អ៊ុំ​យក​ធ្វើ​អ្វី?​ នេះ​ជា​សម្ភារៈ​របស់​អ្នក​ក្រ​ទេ ​គាត់​សុទ្ធ​តែ​ជា​អ្នក​មាន​តើ​គាត់​ចាប់​យក​ទៅ​ធ្វើ​អ្វី?»

អ្នកស្រី​ សយ កូឡាប ​អះអាង​ថា​ប្រាក់​ដែល​ក្រុមហ៊ុន​បង្ខំ​ឱ្យ​ពួក​អ្នកស្រី​ទទួល​យក​មាន​ចំនួន​តិច​តូច​មិន​គ្រប់​សម្រាប់​សង់​លំនៅដ្ឋាន​ថ្មី​នោះ​ឡើយ ​ហើយ​អ្នក​ភូមិ​ភាគ​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​បន្ថែម​ពី​ធនាគារ។ អ្នកស្រី​ កូឡាប​បាន​បាត់បង់​មុខ​របរ ​ហើយ​ចៅ​របស់​គាត់​ពីរ​នាក់​បាន​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា​ដោយ​សារ​សាលារៀន​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ។

កាល​ពី​ឆ្នាំ​២០០៧ ​រដ្ឋាភិបាល​បាន​ជួល​តំបន់​បឹង​កក់​ទាំង​មូល​ទៅ​ឱ្យ​ក្រុមហ៊ុន​សូកាគូអ៊ីន​របស់​ឧកញ៉ា ឡៅ ម៉េងឃីន ​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​៩៩​ឆ្នាំ​ក្នុង​តម្លៃ​៧៩​លាន​ដុល្លារ។ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៤.០០០​គ្រួសារ​មាន​ប្រមាណ​៣.០០០​គ្រួសារ​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញជាមួយ​សំណង​ទឹក​ប្រាក់​ប្រមាណ​៨.៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ។

លោក ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ ​បាន​ការពារ​ចំណាត់ការ​របស់​កងកម្លាំង​មាន​សមត្ថកិច្ច​ថា​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ។

«ជា​ការ​ធម្មតា ​យើង​រៀបចំ​សណ្តាប់ធ្នាប់។ មិន​អាច​ឱ្យ​អ្នក​ណា​ម្នាក់​មក​ធ្វើ​អ្វី​ខុស​ច្បាប់ ​ដូចជា​ដាំបាយ​ដាំ​ទឹក​នៅ​លើ​ផ្លូវ​សាធារណៈ​អញ្ចឹង​យ៉ាង​ម៉េច​កើត។ ដូច្នេះ​យើង​មិន​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​អញ្ចឹង​ទេ»។

លោក ឡុង ឌីម៉ង់ ​អត្ថាធិប្បាយ​បន្ថែម​ថា​ការ​ផ្តល់​សំណង​បន្ថែម​ដល់​បាតុករ​ជា​អតីត​អ្នក​ភូមិ​បឹងកក់​ទាំង​នោះ​គឺ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន។

លោក ណៃ វង់ដា ​អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដហុក​ថ្លែង​ថា​សំណង​ដែល​ក្រុមហ៊ុន​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​នា​ពេល​កន្លង​មក​មាន​ចំនួន​តិចតួច​និង​មាន​ចរិត​ចាប់​បង្ខំ ដូច្នេះ​ការ​ទាមទារ​សំណង​បន្ថែម​ជា​ការ​សមហេតុ​សមផល។

«សំណង​កន្លង​មក​គឺ​មិន​បាន​សមស្រប ​ហើយ​ផ្ទះ​ដែល​ពួកគាត់​ទទួល​បាន​គឺ​ធ្លុះធ្លាយ​ដំបូល។ ហើយ​គាត់​គ្មាន​ប្រាក់​ដើម្បី​ជួសជុល​ដោយ​សារ​គាត់​បាត់​មុខ​របរ​អាជីព ​ហើយ​ការ​រស់​នៅ​របស់​គាត់​ឆ្ងាយ​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ភ្នំពេញ ​ដូច្នេះ​គាត់​មាន​ការ​ខ្វះខាត​ជីវភាព។ ដូច្នេះ​ប្រាក់​ដែល​គាត់​ទាមទារ​នេះ​ប្រហែល​ជា​អាច​ជួយ​គាត់​ជួសជុល​ផ្ទះ ​និង​សង​បំណុល​គេ»។

លោក ណៃ វង់ដា ​បន្ថែម​ថា​ខាង​ភាគី​សាលាក្រុង​មិន​មាន​លទ្ធភាព​ផ្តល់​សំណង​បន្ថែម​នេះ​បាន​ទេ ប៉ុន្តែ​ខ្លួន​អាច​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​រវាង​ពលរដ្ឋ​រងគ្រោះ​និង​ភាគី​ក្រុមហ៊ុន​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​សំណង​បន្ថែម​នេះ​បាន៕
XS
SM
MD
LG