ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីថា លោក គាត ឈន់ និង​លោក ហោ ណាំហុង​ជា​កម្មាភិបាល​ខ្មែរ​ក្រហម


​លោក​ ហោ ​ណាំហុង​ រដ្ឋមន្ដ្រី​ការបរទេស
​លោក​ ហោ ​ណាំហុង​ រដ្ឋមន្ដ្រី​ការបរទេស
លោក​ រចឹម​ ទន់​ សក្សី​សក្ដានុពល​មួយ​រូប​បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក ​គាត​ ឈន់​ រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​និង​លោក​ ហោ ​ណាំហុង​ រដ្ឋមន្ដ្រី​ការបរទេស​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ជា​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម។ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទាំងពីរ​រូប​ក៏មាន​តួនាទី​ជា​ឧបនាយក​រដ្ឋមន្ដ្រី​ផង​ដែរ។

លោក​រចឹម ​ទន់​ បញ្ជាក់​យ៉ាង​ដូច្នេះ​ដោយ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហ​មេធាវី​អន្តរជាតិ​របស់ ​នួន​ ជា ​គឺ​លោក​ អ៊ែនឌ្រូ អ៊ានូហ្ស៊ី (Andrew​ Iannuzzi) ​ក្នុង​សវនាការ​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​។

«សំណួរ៖​ តើ​លោក​គាត ​ឈន់​ មាន​តំណែង​ជា​អ្វី​កាល​នោះ? ចម្លើយៈ ​កាល​នោះ​គាត់​ទទួល​សរសេរ​សុន្ទរកថា។ គាត់​ទទួល​មួយ​ផ្នែក​ដែរ។ ពេល​មាន​ប្រតិភូ​អញ្ជើញ​មក​ គាត់​មាន​ភារកិច្ច​ក្នុង​ការចូល​ចរចា​និង​កំណត់​ហេតុ​គឺ​នៅ​លើ​គាត់។ ដូចជា​ពាក់ព័ន្ធ​ប្រតិភូ​មក​ពី​ប្រទេស​ចិន​ ពាក់ព័ន្ធនឹង​ស្ថានទូត អគ្គ​រដ្ឋទូត​នៅ​កម្ពុជា​នេះ​គាត់​បញ្ចេញ​មុខ»។

លោក​រចឹម ទន់​ គឺ​ជា​អតីត​អ្នកនាំសារ​របស់​ប៉ុល ពត​និងអៀង​ សារី ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​មន្ទីរ​ប ១ ដែលគ្រប់គ្រង​រដ្ឋបាល​និង​ពិធីការ។ លោក​រចឹម ​ទន់ ​បញ្ជាក់​បន្ថែម​ថា សុន្ទរកថា​ដែល​លោក​គាត​ ឈន់​ តែង​នោះ​មាន​ជាអាទិ៍​សម្រាប់​មេដឹកនាំ​ខ្មែរក្រហម​ថ្លែង​នៅ​ក្នុង​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​និង​ក្នុង​កិច្ចប្រជុំ​នៃ​បណ្តា​ប្រទេស​មិនចូល​បក្ស​សម្ពន្ធ័​ជាដើម។

«គាត់​ជា​កម្មាភិបាល​ជាន់ខ្ពស់​មួយ​រូប​ដែរ​នៅ​ក្នុង​ក្រសួង​នោះ​ពិសេស​គឺ​ខាង​កិច្ចការ​នយោបាយខាងក្រៅ​គាត់​មាន​ពិសោធន៍​ច្រើន»។

កាលពី​ថ្ងៃ​ចន្ទសក្សី​ដដែល​បាន​ឲ្យ​ដឹង​ថា ​លោក ​ហោ ​ណាំហុង​ គឺ​ជា​អតីត​អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​គុក​បឹង​ត្របែក។ ដោយឡែក​លោក​រចឹម ទន់​ បាន​អះអាង​ឡើង​វិញ​នៅ​ថ្ងៃ​នេះ។

«សំណួរ៖ ​តើ​នេះ​ជា​ចម្លើយ​ត្រឹមត្រូវ​ដែរ​ឬ​ទេ​ដែល​ថា ​លោក ​ហោ​ ណាំហុង​ បាន​ចំណាយ​ពេល​ធ្វើការ​នៅ​បឹង​ត្របែកយូរ។ ចម្លើយ៖ ​បាទ​ ពិតជា​អញ្ចឹង​ហើយ​ព្រោះ​គាត់​នៅ​នឹង​បឹង​ត្របែក​នោះ​យូរ។ សំណួរៈ​ តើ​គាត់​ជា​ប្រធាន​ឬ​អនុ​ប្រធាន​នៅ​បឹងត្របែក​នោះ? ​ចម្លើយ៖ ​កាលពី​ទទួល​គាត់​កាល​នោះ​ក្នុង​នាម​គាត់​គ្រប់គ្រង​បឹង​ត្របែក​នោះ​ដែរ»។

ទោះជាយ៉ាងណា​លោក​ឧបនាយក​រដ្ឋមន្ដ្រី ​ហោ ​ណាំហុង​ បាន​ច្រានចោល​ជាច្រើន​លើក​ច្រើន​សារ​ពី​ការជាប់​ពាក់ព័ន្ធរបស់​លោក​ជាមួយ​នឹង​ការគ្រប់គ្រង​មន្ទីរ​ឃុំឃាំង​បញ្ញាជន​នៅ​បឹង​ត្របែក​នេះ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៊ី ​បាន​ចោទ​ថា​មាន​រដ្ឋមន្ដ្រី​និង​ជាឧប​នាយក​រដ្ឋមន្ដ្រី​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​ក្រសួង​សេដ្ឋកិច្ច​រួម​ទាំង​ក្រសួង​ការបរទេស​ផង​ដែរ​ថា ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​និង​ជា​អតីត​ប្រធាន​គុក​បឹងត្របែក។ ការចោទនេះ​បាន​ធ្វើ​ឲ្យ​លោក​ ហោ ណាំហុង ​ប្តឹង​ប្រឆាំង​លោក​សម ​រង្ស៊ី។

បឹងត្របែក​គឺ​ជា​ជំរុំ​កែប្រែ​ឬ​ជំរុំ​សម្រាប់​អប់រំ​ក្នុង​សម័យ​ខ្មែរក្រហម។ ជំរុំ​នេះ​ត្រូវ​ប្រើ​សម្រាប់​ឃុំឃាំង​និស្សិត​និង​រាជការ​ខ្មែរ​មក​ពី​ក្រៅ​ប្រទេស​ជាច្រើន​រយនាក់។ អ្នកជាប់​ឃុំឃាំង​នៅ​ទីនេះ​មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា ត្រូវ​សម្លាប់​ចោល​ដោយ​ពួក​ខ្មែរក្រហម។

អតីត​សហចៅក្រម​ស៊ើបអង្កេត​លោក​ ម៉ាកសែល​ ឡឺម៉ុង​ បាន​កោះហៅ​លោក​ហោ ណាំហុង​និង​មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ក្នុងនោះមាន​លោកឧបនាយក​រដ្ឋមន្រ្តី​គាត ឈន់ ផងដែរ​ដើម្បីឲ្យមន្ដ្រីទាំងនោះ​ចូល​ផ្តល់​សក្ខីកម្ម​ដល់​សាលាក្ដី​ខ្មែរក្រហម​ក៏ប៉ុន្តែ​មន្ដ្រី​ទាំង​នោះ​មិន​បាន​ឆ្លើយតប​នោះ​ទេ។

សហ​មេធាវី​បាន​សួរដេញដោល​ពី​មូលហេតុ​ដែល​រដ្ឋមន្ដ្រី​ទាំង​ពីរ​រូប​មិន​ព្រម​បង្ហាញ​ខ្លួន​ផ្តល់​សក្ខីកម្មតាម​ការអញ្ជើញ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ទៅ​លើ​សក្សី។ ប៉ុន្តែ​លោក ​និល​ ណុន​ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង ចាត់ទុក​ថា សំណួរ​នេះ​មិន​មែន​ជា​សំណួរ​ស្វែងរក​ការពិត​សម្រាប់​ការ​កាត់ក្តី​ក្នុង​ពេល​នេះ​ទេ។

«សក្សី​មិន​បាច់​ឆ្លើយ​តប​ទេ​ មិនមែន​ជា​ភារកិច្ច​របស់​សក្សី​ក្នុងការ​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ។​វា​អត់​នាំ​ទៅ​រក​ការពិត​នៃ​រឿង​ក្តី»។

ជំនួយការ​សហ​ព្រះរាជ​អជ្ញា​ មេធាវី​នាំមុខ​តំណាង​ឲ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​និង​លោក​ចៅក្រម​និល ណុន ​បាន​ជំទាស់​មិន​ឲ្យ​សហ​មេធាវី​បរទេស​របស់​នួន ​ជា​ សួរ​ដេញដោល​បន្ថែម​ជាច្រើន​លើ​សក្សី​ដោយ​សំអាង​ថា សំណួរ​ទាំងនោះ​ដែល​ដេញ​ដោល​តែ​លើ​មន្ដ្រី​រដ្ឋាភិបាល​ទាំងពីរ​រូប​នោះ​មិន​សមស្រប​សម្រាប់​សវនាការ​នៅ​ពេល​នេះ៕
XS
SM
MD
LG