ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីថា​លោក​ហោ ណាំហុង​មាន​ចំណែក​ទទួល​ខុសត្រូវ​គុក​បឹង​ត្របែក


​លោក​ ហោ​ ណាំហុង​ដែល​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​។
​លោក​ ហោ​ ណាំហុង​ដែល​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​។
ភ្នំពេញ៖ សក្សី​សក្តានុពល​មួយ​រូប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លោក​ហោ​ ណាំហុង​ គឺ​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៅ​ក្នុង​គុក​បឹង​ត្របែក។ ក៏ប៉ុន្តែ​លោក​ ហោ​ ណាំហុង​ដែល​បច្ចុប្បន្ន​ជា​ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​បាន​ច្រាន​ចោល​ជា​ញឹកញាប់​ចំពោះ​ការ​ចោទ​ប្រកាន់​ណាមួយដែល​ថា លោក​មាន​ចំណែក​ទទួលខុស​ត្រូវ​ក្នុង​មន្ទីរ​ឃុំឃាំង​បឹងត្របែក​នេះ។
លោក​រចឹម ​ទន់ ​អតីត​អ្នកនាំសារ​របស់​ប៉ុល ​ពត​ និង​អៀង​ សារី ​និង​ជា​អតីត​ប្រធាន​មន្ទីរ​ពិធីការ​របស់​ក្រសួង​ការបរទេស​ខ្មែរក្រហម​មាន​ប្រសាសន៍​ក្នុង​ការផ្តល់​សក្ខីកម្ម​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ថា ​គុក​នេះ​ត្រូវ​បាន​ផ្ទេរ​មកកាន់​ក្រសួង​ការបរទេស​នៅ​ចុង​ឆ្នាំ ​១៩៧៨ ហើយ​ដាក់​ក្រោម​មន្ទីរ​ប ១​ របស់​លោក។
«គ្រប់គ្រង​ពេល​នោះ​ គឺថា​បង​បញ្ញាជន ​(គឺ) ​បង​សេង​ អុន​ ហើយ​បន្ទាប់​មក​ទៀត​បង​ហោ ណាំហុង នៅ​ទី​នោះ​ដែរ»។
អតីត​អ្នកនាំសារ​របស់​ប៉ុល ​ពត​
មន្ទីរ​៨៧០​ គឺ​ជា​ការិយាល័យ​របស់​គណបក្ស​កុម្មុយនិស្ត​កម្ពុជា​ដែល​មាន​អំណាច​ចាត់ចែង​យ៉ាង​មាន​ឥទ្ធិពល​ក្នុង​សម័យ​ខ្មែរក្រហម។ លោក​រចឹម ​ទន់ ​បាន​ឆ្លើយ​យ៉ាងដូច្នេះ​ទៅ​នឹង​សំណួរ​របស់​ជំនួយការ​សហ​ព្រះរាជអជ្ញា​ លោក ដេល លីសាក (Dale ​Lysak)។
កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី ​បាន​ចោទ រដ្ឋមន្ដ្រី និង​ជាឧប​នាយក​រដ្ឋមន្ដ្រី​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​ក្រសួង​សេដ្ឋកិច្ច​រួម​ទាំង​ក្រសួង​ការបរទេស​ផង​ដែរ​ថា ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម និង​ជា​អតីត​ប្រធាន​គុក​បឹងត្របែក។ ការចោទ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ ហោ ណាំហុង ​ប្តឹង​ប្រឆាំង​លោក​សម ​រង្ស៊ី។
បឹងត្របែក​គឺ​ជា​ជំរុំ​កែប្រែ​ឬ​ជំរុំ​សម្រាប់​អប់រំ​ក្នុង​សម័យ​ខ្មែរក្រហម។ ជំរុំ​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​ឃុំឃាំង​និស្សិត និង​មន្រ្តី​រាជការ​ខ្មែរ​មក​ពី​បរទេស​ជាច្រើន​រយនាក់។ អ្នកជាប់ឃុំឃាំង​នៅ​ទីនេះ​មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា ត្រូវ​បាន​សម្លាប់​ចោល​ដោយ​ពួក​ខ្មែរក្រហម។
អតីត​សហចៅក្រម​ស៊ើបអង្កេត​លោក​ ម៉ាកសែល​ ឡឺម៉ុង​ បាន​កោះហៅ​លោក​ហោ ណាំហុង​និង​មន្ដ្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ឲ្យ​ចូល​ផ្តល់​សក្ខីកម្ម​នៅ​សាលាក្ដី​ខ្មែរក្រហម​ក៏ប៉ុន្តែ​មន្ដ្រី​ទាំង​នោះ​មិន​បាន​ឆ្លើយតប​នោះ​ទេ។
លោក​ រចឹម ​ទន់ ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អៀង ​សារី​ អតីត​រដ្ឋមន្ដ្រី​ការបរទេស​ខ្មែរក្រហម​បាន​អំពាវ​និង​ប្រមូល​បញ្ញវន្ត​ខ្មែរ​ទាំង​ពី​ក្រៅ​និង​ក្នុង​ប្រទេស​ឲ្យ​ចូល​មក​ធ្វើការ​ជាមួយ​ពួក​ខ្មែរក្រហម​រួច​បន្ទាប់​មក​ពួក​គេ​ភាគច្រើន​ត្រូវ​ប្រមូល​យក​មក​ដាក់​ក្នុង​គុក​បឹងត្របែក។
នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះដែរ​លោក​រចឹម ​ទន់​ ដើម​កំណើត​ជាជនជាតិ​ចារ៉ាយ​បាន​អះអាង​ថា អៀង សារី​ គឺជា​អ្នក​បញ្ជា​ឲ្យ​ចាប់​បុគ្គលិក​ក្នុង​ក្រសួង​ការបរទេស​តាម​ការស្នើ​របស់​មន្ទីរ​៨៧០​បន្ទាប់ពី​មាន​ចម្លើយ​សារភាព​របស់​អ្នក​ទោស​នៅ​គុក​ទួលស្លែង​ឆ្លើយ​ដាក់។
«បើ​ថា ត្រូវ​ចាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​គឺ​មន្ទីរ​៨៧០ ​គេ​មក​យក។ ខ្លះ​ក៏​ពាក់ព័ន្ធ​នឹង​សេអ៊ីអា​ ខ្លះ​ពាក់ព័ន្ធ​នឹង​កាហ្ស៊េបេ ​ខ្លះ​ក៏​ពាក់ព័ន្ធ​នឹង​អា​ខ្មាំង​យួន​ឈ្លានពាន។ បើ​ចាប់​ទៅ​ហើយ​មិន​ឃើញ​ត្រឡប់​ក្រោយ​វិញ​ទេ»។
សាលាក្ដី​ខ្មែរក្រហម​កំពុង​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​បី​នាក់​គឺ​អៀង សារី ​ខៀវ ​សំផង​ និង​នួន​ ជា​ ក្នុង​សំណុំរឿង​ ០០២ ​ទាក់ទង​ទៅ​នឹង​ការចោទប្រកាន់​ចំពោះ​ការបង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាងតិច​១,៧ ​លាន​នាក់​ក្នុង​អំឡុង​ពេល​នៃ​ការគ្រប់គ្រង​អំណាច​របស់​ពួក​គេ​ពី​ឆ្នាំ ​១៩៧៥​ដល់​ឆ្នាំ ​១៩៧៩។
ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​លោក ​រចឹម ​ទន់​ លើក​ឡើង​ថា ប៉ុល ​ពត ​នួន ​ជា ​និង​ខៀវ ​សំផន​ តែងតែ​ជួប​ប្រជុំគ្នា​ជា​ញឹកញាប់​នៅ​ឆ្នាំ​១៩៧១៕
XS
SM
MD
LG