ក្មួយប្រុសបង្កើតរបស់ប៉ុល ពត ដែលជាមេស្ថាបនិករបបកម្ពុជាប្រជាធិបតេយ្យបាននិយាយនៅថ្ងៃចន្ទនេះថា លោកគាត ឈន់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្ថិតនៅក្នុងរដ្ឋបាលរបស់ក្រសួងការបរទេសនៃរបបខ្មែរក្រហម។
ប៉ុល ពត មានឈ្មោះដើមគឺ សាឡុត ស។ ក្មួយប្រុសរបស់គាត់លោក សាឡុត បាន ឆ្នាំនេះមានអាយុ៦៧ឆ្នាំ និងធ្លាប់ធ្វើជាអគ្គលេខាធិការក្រសួងការបរទេសដែលត្រូវបានកាន់កាប់ដោយអៀង សារី ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោក សាឡុត បានបានថ្លែងចំនួនពីរដងពីឈ្មោះរបស់លោក គាត ឈន់ ក្រោមការចោទសួររបស់សហព្រះរាជអជ្ញារងជាតិ និងអន្ដរជាតិក្នុងការកាត់ទោសដោយអង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០២។
សាក្សីដដែលបានបញ្ជាក់ដោយមិនចាំឆ្នាំច្បាស់លាស់ថា លោកបានអមដំណើរទៅក្រៅប្រទេសជាមួយអៀង សារី ហើយក្នុងនោះក៏មានរូបលោកគាត ឈន់ ផងដែរ។
«គណៈប្រតិភូមានលោក គាត ឈន់ លោក ជួន ប្រសិទ្ធ លោកចាន់ យូរ៉ាន់ និយាយរួមអ្នកនៅក្រសួងការបរទេសទៅតាមលោកអៀង សារី តាមមុខងាររបស់គេ»។
អតីតសហចៅក្រមស៊ើបអង្កេតអន្ដរជាតិនៃសាលាក្ដីខ្មែរក្រហម លោក ម៉ាកសែល ឡឺម៉ុង ធ្លាប់បានធ្វើដីកាកោះអញ្ជើញមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនដែលកំពុងកាន់អំណាចក្នុងពេលបច្ចុប្បន្ន
ចំនួនប្រាំមួយរូបឲ្យចូលផ្តល់សក្ខីកម្មក្នុងសំណុំរឿង ០០២នេះ ដែលក្នុងនោះក៏មានរូបលោក គាត ឈន់ ផងដែរ។ ក៏ប៉ុន្ដែរដ្ឋាភិបាលបានជំទាស់។
លោក សាឡុត បានគឺជាអតីតកងការពារ ឬអង្គរក្សរបស់ ប៉ុល ពត មុនពេលពួកខ្មែរក្រហមឡើងកាន់អំណាច។
លោកលើកឡើងថា លោក គាត ឈន់ បានចូលរួមប្រជុំនានាក្នុងជាមួយកម្មាភិបាលខ្មែរក្រហមដទៃទៀតក្នុងក្រសួងការបរទេស។
«ពេលខ្លះមានការប្រជុំជាមួយគណៈនេះទៅ គណៈនោះទៅ។ មានបងគាត ឈន់ មានបងសួង ស៊ីគឿន មានឈ្មោះសូ សែ។ ខ្ញុំចាំឈ្មោះមិនអស់ទេ»។
មេដឹកនាំគណបក្សជំទាស់ លោកសម រង្ស៊ី ធ្លាប់បានចោទប្រកាន់ថា មេដឹកនាំជាន់ខ្ពស់មួយចំនួនក្នុងស្ថាប័ននីតិបញ្ញត្តិ និងក្នុងរដ្ឋាភិបាល គឺជាអតីតកម្មាភិបាលខ្មែរក្រហមដែលក្នុងនោះលោកបានលាតត្រដាងអត្តសញ្ញាណមិនបញ្ចេញឈ្មោះចំៗ ដែលសំដៅទៅរកលោក គាត ឈន់ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសបច្ចុប្បន្ននេះ។ លោកប្រមុខការទូត ហោ ណាំហុង បានប្តឹងប្រឆាំងលោក សម រង្ស៊ី ប៉ុន្ដែលោកគាត ឈន់ បានសម្រេចចិត្តមិនធ្វើការប្ដឹងផ្តល់តបតនឹងលោកសម រង្ស៊ី នោះទេ។
នៅក្នុងការផ្ដល់សក្ខីកម្មនៅថ្ងៃនេះ ក្មួយប្រុសរបស់ប៉ុល ពត លោក សាឡុត បាន ក៏បានបញ្ជាក់ដែរថា មុនបានកាន់អំណាចពួកខ្មែរក្រហមបានដើរតាមនយោបាយសម្របសម្រួលជាមួយអតីតព្រះមហាក្សត្រសម្តេចឪ នរោត្តម ស៊ីហនុ ហើយគោលដៅសំខាន់គឺវាយប្រហារតបតទៅនឹងសហរដ្ឋអាមេរិក។
«មុនឆ្នាំ ១៩៧៥ គឺគាំទ្រនយោបាយអព្យាក្រិតរបស់សម្ដេចតា។ ឲ្យតែសម្ដេចតាប្រឆាំងនឹងអ្នកណាគឺគាំទ្រ»។
សហព្រះរាជអាជ្ញារងជាតិ និងអន្ដរជាតិនៅថ្ងៃនេះ បានចោទសួរដេញដោលសាក្សីខាងលើពីតួនាទីនិងការសម្រេចការងាររបស់ជនជាប់ចោទទាំងបី នួន ជា អៀង សារី ខៀវ សំផន ផងដែរ។ ប៉ុន្ដែសាក្សី បានបញ្ជាក់ថា ដឹងខ្លះ និងមិនដឹងខ្លះជាពិសេសទាក់ទងនឹងកិច្ចការស៊ីជម្រៅក្នុងការសម្រេចចិត្ត៕