មន្រ្តីអាជ្ញាធរ និងមន្ត្រីផ្លូវការរបស់សាលាក្តីខ្មែរក្រហមបាននិយាយធានាទៅដល់អតីតកងទ័ពខ្មែរក្រហមនៅក្នុងស្រុកអន្លង់វែង នៅថ្ងៃព្រហស្បតិ៍នេះថា នឹងពុំមានការចាប់ខ្លួនជនសង្ស័យបន្ថែមទៀតទេ។
អតីតកងយោធាខ្មែរក្រហមមួយចំនួនបានសម្តែងកង្វល់ចំពោះការចាប់ខ្លួនជនសង្ស័យជាបន្តទៀត ដែលទាក់ទងទៅនឹងអំពើព្រៃផ្សៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត។ កង្វល់ដែលលាតត្រដាងនៅក្នុងវេទិកាសាធារណៈដែលរៀបចំដោយសាលាក្តីខ្មែរក្រហមនៅផ្ទះតាម៉ុក នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ផ្ទះនេះបានក្លាយទៅជារមនីយដ្ឋានប្រវត្តិសាស្ត្រមួយ។
លោក សាន រឿន បានថ្លែងនៅក្នុងចំណោមអ្នកដែលចូលរួមនៅក្នុងវេទិកានេះប្រមាណជាង២០០នាក់។
«ការកាត់ទោសមេខ្មែរក្រហមជាន់ខ្ពស់ទាំងនោះ មានតែប៉ុន្មានរូបទេ។ ក៏ប៉ុន្តែទស្សនៈមហាជន គឺមិនស្រួលទេ។ មិនស្រួលៗ មាន០១០ មាន០២០តៗទៀត គឺនៅតែមានការភ័យខ្លាចតែអញ្ចឹង។ ខ្ញុំឡើងមកនេះចង់សួរថាតើមានទោសប៉ុន្មានទៀតសម្រាប់ទៅថ្ងៃមុខទៀត»។
លោក សាន រឿង បច្ចុប្បន្នអាយុ៦០ឆ្នាំ គាត់បានចូលក្នុងចលនាតស៊ូទ័ពព្រៃជាមួយនឹងពួកកុម្មុយនិស្តខ្មែរក្រហមនៅឆ្នាំ១៩៧២។ គាត់បានបាត់បង់ជើងឆ្វេងម្ខាងនៅក្នុងអំឡុងពេលសង្គ្រាម។
លោក សាន រឿង គាំទ្រការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងជំរុញឲ្យមានការពន្លឿនការកាត់ទោសពួកគេ។ ក៏ប៉ុន្តែលោកបានស្នើសុំឲ្យសាលាក្តីខ្មែរក្រហមពិចារណាការកាត់ទោសជនទាំងនេះមុននឹងសម្រេចផ្តន្ទាទោសពួកគេ។
«ជាគុណវិបត្តិរបស់គាត់ដែលគាត់បានប្រព្រឹត្តប្រល័យពូជសាសន៍។ ក៏ប៉ុន្តែជាគុណសម្បត្តិរបស់គាត់កន្លងមក គាត់ណែនាំថាយើងត្រូវសាមគ្គីគ្នា។ បើអញ្ចឹងជាគុណសម្បត្តិគាត់ កុំកប់ចោល យើងត្រូវតែលើកយកមកនិយាយ ដើម្បីឲ្យមតិសាធារណជន អង្គការសហប្រជាជាតិគាត់មើលឃើញការការពារទឹកដី ការពារព្រៃឈើ ការពារបរិស្ថាន។ ជំនាន់យើងនៅ បងប្អូនអើយធ្វើដំណើរពីភ្នំដងរែកទៅស្រុកខ្មែរ ជួបតែដំរី ជួបតែអណ្តើក ជួបតែសត្វ ជួបតែព្រៃឈើ គ្មានទេវាល។ ប៉ុន្តែបច្ចុប្បន្នព្រៃឈើ វាអស់ហើយ»។
សាលាក្តីខ្មែរក្រហម បានផ្តន្ទាទោសឌុច អតីតប្រធានគុកទួលស្លែង ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះការរកឃើញទោសកំហុសទាក់ទងទៅនឹងការធ្វើទារុណកម្មយ៉ាងឃោរឃៅ និងការសម្លាប់អ្នកទោសយ៉ាងតិច១២,៣៨០នាក់។
ដោយឡែកសំណុំរឿង០០២ ដែលមានជនជាប់សង្ស័យអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស នួន ជា អតីតប្រធានសភា និងខៀវ សំផន អតីតប្រមុខរដ្ឋ។ សំណុំរឿងនេះកំពុងឋិតនៅក្នុងដំណើរការកាត់ទោសនៅឡើយ ហើយសាលាក្តីខ្មែរក្រហមកំពុងតែរៀបចំសំណុំរឿង០០៣ និង០០៤ ជាបន្តទៀត។ ក៏ប៉ុន្តែសំណុំរឿងនេះ ដែលមានជនជាប់សង្ស័យចំនួនប្រាំនាក់បានក្លាយជាប្រធានបទយ៉ាងចម្រូងចម្រាសយ៉ាងខ្លាំងរវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិនៅក្នុងសាលាក្តីខ្មែរក្រហម។ នៅក្នុងចំណោមជនជាប់សង្ស័យទាំងនេះ អ្នកស្រី អ៊ឹម ចែម អតីតជំទប់ឃុំមួយរូប នៅស្រុកអន្លង់វែងនេះ ត្រូវគេជឿថាគឺជាជនជាប់សង្ស័យម្នាក់ដែរ។ ក៏ប៉ុន្តែលោកនេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាបញ្ជាក់ថា ជនជាប់ចោទដែលត្រូវបានលើកឈ្មោះនៅក្នុងសំណុំរឿង០០៣ និង០០៤ នៅមិនទាន់ទៅជាផ្លូវការដែលសម្រេចដោយសាលាក្តីខ្មែរក្រហមនៅឡើយទេ។
អ្នកចូលរួមវេទិកាម្នាក់ចោទសួរបន្ថែមថា តើអាចនឹងមានការចាប់ខ្លួនជនសង្ស័យលើសពីចំនួនជនសង្ស័យដែលមានស្រាប់សរុបចំនួន១០នាក់ នៅក្នុងសំណុំរឿងទាំងបួននេះដែរ ឬទេ?
«ខ្ញុំមានសំណួរចង់សួរថា តើសាលាក្តីខ្មែរក្រហមនៅមានសំណុំរឿងចំនួនប៉ុន្មានទៀត នឹងយកមកអនុវត្តនៅក្នុងសាលាក្តីខ្មែរក្រហម»។
លោក សេង ប៊ុនឃៀង សហព្រះរាជអាជ្ញារងកម្ពុជាបានថ្លែងធានាដល់ការព្រួយបារម្ភយ៉ាងនេះ។
«រាល់ប្អូនទាំងឡាយដែលគ្រាន់តែជាសាច់ញាតិ ឬជាបងប្អូន ឬក៏ជាកូនចៅជំនិត នោះមិនឋិតនៅក្នុងយុត្ថាធិការអង្គជំនុំជម្រះវិសមញ្ញនោះទេ។ អញ្ចឹងសូមបងប្អូនកុំមានការព្រួយបារម្ភចំពោះករណីនេះ»។
ជាមួយគ្នានេះ លោក ឡាស អលសិន មន្ត្រីទំនាក់ទំនងផ្នែកកិច្ចការច្បាប់នៃសាលាក្តីខ្មែរក្រហមបញ្ជាក់ថានឹងពុំមានសំណុំរឿងលើសពីបួនសម្រាប់ការកាត់ទោសនោះទេ។
«ដូច្នេះគឺយើងពុំមានសំណុំរឿងឯណាបន្ថែមលើសំណុំរឿងដែលមានស្រាប់ លើសំណុំរឿង០១, ០២, ០៣ និង០៤នោះទេ»។
ថ្លែងក្នុងពិធីខាងលើនេះដែរ លោក លាង សូដា អភិបាលរងខេត្តឧត្តរមានជ័យពន្យល់ថាការមិនមានចាប់ខ្លួនជនសង្ស័យបន្ថែមគឺជាផ្នែកមួយនៃការគោរពគោលការណ៍ផ្សះផ្សារជាតិ ដែលត្រូវបានធានា និងសន្យាសម្រាប់ការចុះចូលរបស់ពួកខ្មែរក្រហមនៅក្នុងតំបន់អន្លង់វែងនេះ។
«កុំឲ្យមានការព្រួយបារម្ភទាក់ទងទៅនឹងការចោទប្រកាន់ និងចាប់ខ្លួនបងប្អូនប្រជាពលរដ្ឋ។ គោលនយោបាយផ្សះផ្សារជាតិ ស្ថិតនៅជាធរមាននៅឡើយសូមបងប្អូនចងចាំថា មានតែជនដែលបានប្រព្រឹត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរតែប៉ុណ្ណោះ ដែលត្រូវកាត់ក្តីនៅក្រោមច្បាប់ដែលមានចែងនៅក្នុងសាលាក្តីពិសេសនេះ»។
មានការចោទសួរមួយចំនួនទាក់ទងទៅនឹងការដាក់ទោសទណ្ឌជនជាប់ចោទដែលមានវ័យកាន់តែចាស់។ រីឯអ្នកចូលរួមខ្លះទៀត ដែលត្រូវបានចោទសួរបានបង្ហាញពីភាពសោះអង្គើយចំពោះយុត្តិធម៌សម្រាប់សមាជិកនៃក្រុមគ្រួសាររបស់ពួកគេ ជាពិសេសសមាជិកគ្រួសាររបស់ពួកគេដែលបានចូលតស៊ូជាមួយពួកខ្មែរក្រហម៕