ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​ត្អូញត្អែរ​ខ្លាច​​​អាមេរិក​ជួយ​កម្មវិធី ​Let Girls Learn មិន​​ចប់​ចុង​ចប់​ដើម


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។

ទោះជា​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​គាំទ្រ​ដល់​គម្រោង​ផ្តួច​ផ្តើម​របស់​ លោកស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ ​បារ៉ាក់​ អូបាម៉ា​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​សិស្សស្រី​មែន​ តែ​លោក​បាន​ត្អូញត្អែរ​អំពី​ជំនួយ​ខាង​ការ​អប់រំ​របស់​ស.រ.អា.ក្រោយ​ដំណើរទស្សនកិច្ច​របស់​លោកស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា. ហើយ​លោក​ទទូច​ថា ​គម្រោង​ផ្តល់​ឱកាស​ដល់សិស្ស​ស្រី​បាន​សិក្សា​ Let Girs Learn ​ក្នុង​ប្រទេស​កម្ពុជា​នៅថ្ងៃ​ខាង​មុខ​ គួរ​ត្រូវ​រៀបចំ​ឲ្យ​បាន​ប្រាកដ​ប្រជា។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចង់​ឃើញ​ស.រ.អា.បង្កើន​ការ​ជួយ​ពី​៦​ឆ្នាំ​ដល់​១០​ឆ្នាំ​ដល់​សិស្ស​ស្រី​គឺ​មាន​ន័យ​ថា ​រហូត​ដល់​ពួក​គេ​បាន​រៀនចប់​មហាវិទ្យាល័យ​ ឬ​បង្កើន​ជំនួយ​របស់​ស.រ.អា.តាម​រយៈ​អង្គការ ​Peace Corps ​និង​អង្គការ ​USAID ដែល​ជួយ​បណ្តុះ​បណ្តាល​និង​គាំទ្រ​ការ​រៀន​សូត្រ​របស់​សិស្ស​ស្រី​កម្ពុជាដល់​មហា​វិទ្យាល័យ។​

«អញ្ចឹង​ទេ​ សុំ​ឲ្យ​គាត់​ជួយអី​ជួយ​ឲ្យ​ប្រាកដ​ កុំ​លេង​ម៉ាឈុលៗ​អញ្ចឹង។ ​និយាយ​ អញ្ចឹង​មិនមែន​បាន​សេចក្តី​ថា ​លោក​ជំទាវ ​ Michelle Obama ​គាត់ទៅ​បាត់​ហើយ​ បាន​និយាយ​តាម​ក្រោយ​ទេ។​ ខ្ញុំ​ទើប​នឹង​ភ្ញាក់​ខ្លួន​ពី​ម្សិល»។​

លោក​ហ៊ុន សែន​ថ្លែង​យ៉ាង​ដូច្នេះ ​ដោយ​ខ្លាច​ថា​ មាន​ការ​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល​របស់​លោកនៅ​ពេល​ដែល​មាន​ការ​រើស​សិស្ស​ស្រី​ឲ្យ​រៀន​ដល់​វិទ្យាល័យ​នៅ​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត​ ហើយ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ជា​អ្នក​ទទួលខុស​ត្រូវ​ក្នុង​ការ​ផ្តត់ផ្គង់​បន្ត​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ ដែល​លោក​ចាត់​ទុក​ថា​ ជា​បន្ទុក​ធ្ងន់​សម្រាប់​រដ្ឋាភិបាល​របស់​លោក។​

«និយាយ​អញ្ចឹង​សុំទោស!​ សុំ​ទោស​មិត្តភក្តិ​អាមេរិក។​ គ្រាន់​តែ​ថា ​សុំ​បញ្ជាក់​ថា​ រឿង​ហ្នឹង​ជួនកាល​គឺ​ថា​វ័ន​ក​អ្នក​ម្ចាស់​ផ្ទះ​តែ​ម្តង។​ ប៉ុន្តែ​យុទ្ធនាការ​ហ្នឹង​ជា​ទូទៅ​ ល្អ​ ព្រោះ​យើង​បាន​ឃើញ​អញ្ចេះ។​ ស្ថានភាព​នៃ​ការ​បោះបង់​ចោល​ការ​សិក្សា​របស់​ក្មេងស្រី​គឺ​មាន​ច្រើន​ជាង​ក្មេង​ប្រុស។ ​អញ្ចឹង​ទេ​បាន​ជា​មាន​យុទ្ធនាការ​នេះ​ឡើង។​ ហើយ​យុទ្ធនាការ​នេះ​ទាមទារ​ឲ្យមាន​ភាព​ប្រាកដ​ប្រជា​ ដាក់​ចេញ​នូវគោល​ដៅ​ ប្រាកដ​ប្រជា​មួយ។​ តើត្រូវ​ហ្វឹក​ហាត់​ពួក​គេ​ដល់​ណា? ​បើ​មិន​អញ្ចឹង​ទេ​ អ្នក​រើស​ តម្រង់​ទិស​បញ្ចប់​មហា​វិទ្យាល័យ​ក្នុង​ពេល​ដែល​អ្នក​រើស​អត់​ជួយ​ផ្គត់ផ្គង់។ ​អញ្ចឹង​អ្នក​ណា​អ្នកដោះ​ស្រាយ?​ យូរៗ​វា​ទៅ​ជា​បរិបទ​នយោបាយ​មួយ​ទម្លាក់​កំហុស​ ​ការ​ទទួល​ខុសត្រូវ​ឲ្យ​រាជរដ្ឋាភិបាល»។​

លោកស្រី Michelle Obama និង​លោកស្រី​ប៊ុន រ៉ានី បាន​ទៅ​ដល់​វិទ្យាល័យ​ហ៊ុន សែន ប្រាសាទ​បាគង ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​នៅ​ថ្ងៃសៅរ៍​ទី២១ ខែមីនា ឆ្នាំ២០១៥ ដើម្បី​ចាប់ផ្តើម​«គម្រោង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា» 'Let Girls Learn'។
លោកស្រី Michelle Obama និង​លោកស្រី​ប៊ុន រ៉ានី បាន​ទៅ​ដល់​វិទ្យាល័យ​ហ៊ុន សែន ប្រាសាទ​បាគង ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​នៅ​ថ្ងៃសៅរ៍​ទី២១ ខែមីនា ឆ្នាំ២០១៥ ដើម្បី​ចាប់ផ្តើម​«គម្រោង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា» 'Let Girls Learn'។

លោក​និយាយ​យ៉ាង​ដូច្នេះ ​ដោយ​យោង​ថា​ សិស្ស​ស្រី​១០​នាក់​ក្នុង​ខេត្ត​សៀមរាប​ មិន​ត្រូវ​អង្គការ​ស.រ.អា.ជួយ​ដល់​ចប់​មហា​វិទ្យាល័យ​ទេ​គឺ​ជួយ​ត្រឹម​វិទ្យាល័យ​ដែល​រដ្ឋាភិបាល​លោក​ត្រូវ​ផ្តល់​ការ​ផ្គត់ផ្គង់​ទៅ​ថ្នាក់​មហា​វិទ្យាល័យ​ទៀត។​ លោក​ហ៊ុន សែន​អះអាង​ថា ​លោក​នឹង​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ពិនិត្យ​មើល​អំពី​គម្រោង​កម្ពុជា និង​ស.រ.អា.នេះ។​

លោក​យ៉ែម ​បុញ្ញរិទ្ធ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ត្រូវ​មាន​ផែនការ​ខ្លួន​ឯង ​និង​ត្រៀម​ការ​ជួយ​ឧបត្ថម្ភ​ការ​សិក្សា​ដល់ សិស្សស្រី​កម្ពុជា ​ទោះ​ជា​គ្មាន​ជំនួយ​ពី​បរទេស​ក្តី។​

«ក្នុង​នាម​ពាក្យ​ថា​ ជំនួយ​គឺ​គេ​ជា​អ្នក​សម្រេច។​ ដូច្នេះ​គេ​ជួយ​ ឬ​មិន​ជួយ​ជា​រឿង​ មួយ​ តែខ្ញុំ​តែងតែ​ចាត់​ទុក​ថា ​ជា​របស់​នៅ​ក្នុង​ដៃ​គេ។​ ​សំណួរ​សួរ​ថា ​របស់​នៅ​ក្នុងដៃ​យើង ​តើ​យើង​មាន​វិធាន​ការណ៍​បែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​យើង​ ជួប​ប្រទះ?​ ដូច្នេះ​រឿង​វិស័យ​អប់រំ​ហ្នឹង យើង​ស្នើ​សុំ​យ៉ាង​ទទូច​ សុំ​ឲ្យ​មាន​កញ្ចប់​ ថវិកាគ្រប់គ្រាន់​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ពិតប្រាកដ​ដើម្បី​ឲ្យ​ការ​អប់រំ​នេះ​មាន​ គុណភាព»។​

កញ្ចប់​ថវិកា​សម្រាប់​វិស័យ​អប់រំ​មាន​តិចតួច​ បើប្រៀប​ធៀប​នឹង​កញ្ចប់​ថវិកា​ សម្រាប់​វិស័យ​សន្តិសុខ។​

លោក ​Jay Raman ​អ្នកនាំពាក្យ​ស្ថានទូត​ស.រ.អា.នៅ​កម្ពុជា ​បាន​ថ្លែង​ថា ​ចាប់​តាំងពី​ឆ្នាំ​២០០៣​មក​ រដ្ឋាភិបាល​ស.រ.អា.បាន​ផ្តល់​ថវិកា​ជាង​៤០​លាន​ដុល្លារ​ស.រ.អា.​ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ក្នុង​ប្រទេស​កម្ពុជា។​ ហើយ​លោក​បញ្ជាក់​ថា ​គំនិត​ផ្តួចផ្តើម​ផ្តល់​ឱកាស​ដល់​សិស្ស​ស្រី​បាន​ទទួល​ការ​សិក្សា​គឺ​ Let Girs Learn​ នេះ​គឺ​មិនមែន​ជា​កម្មវិធី​ផ្តល់​អាហារូបករណ៍​ទេ។​

«គំនិត​ផ្តួចផ្តើម​ផ្តល់​ឱកាស​ដល់​សិស្ស​ស្រី​បាន​ទទួល​ការ​សិក្សា​ Let Girls Learn គឺ​ជា​កិច្ច​ប្រឹងប្រែង​ដ៏​ទូលំ​ទូលាយ​របស់​រដ្ឋាភិបាល​ស.រ.អា.ពាក់ព័ន្ធ​នឹង​អង្គការ​ Peace Corps​ និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​របស់​ស.រ.អា.គឺ​ USAID ​ ក្រសួង​ការ​បរទេស ​និង​ដៃគូធ្វើ​ការ​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​បរិច្ចាគ​ទៅ​កាន់​សហគមន៍ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​វាសនា​របស់​គេ»។​

លោក​ថ្លែង​ថា​ កម្មវិធី ​Let Girs Learn ​នេះ​ជួយ​នៅ​កម្រិត​ថ្នាក់​បឋមសិក្សា ​ហើយ ពង្រីក​ការ​ជួយ​ដល់​សិស្ស​ស្រី​ជំទង់ៗ​ឲ្យ​សិក្សា​បាន​ខ្ពង់ខ្ពស់។​

នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​លោក​ស្រី​នៅ​ប្រទេស​ជប៉ុន​ និង​កម្ពុជា ​លោកស្រី ​Michelle Obama ​និង​ស្វាមី​គឺ​លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ​បាន​ថ្លែង​ថា ​ការណ៍​ដែល​ក្មេងស្រី​ប្រមាណ​៦២​លាន​នាក់​មិនមាន​លទ្ធភាព​ទៅ​សាលារៀន​នៅ​ជុំវិញ​ពិភពលោក​នោះ​គួរ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់ស.រ.អា.។ ​លោក​ប្រធានាធិបតី​ Obama​ និង​និង​លោកស្រី ​Michelle​ ថ្លែង​ដូច្នេះ ​ដោយ​យោង​ថា​ នៅ​ពេល​មាន​នារី​រាប់​សិបលាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​គ្រប់គ្រាន់​គឺ​មិន​ត្រឹមតែ​ជា​«ការ​ខ្ជះខ្ជាយ​សក្តានុពល​របស់​មនុស្ស​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជា​ទីបំផុត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​វិស័យ​សុខាភិបាល​សាធារណៈ ​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ព្រម​ទាំង​វិបុល​ភាព​ពិភពលោក​ធ្លាក់​ចុះ ​និង​ជា​ការ​គំរាម​ទៅ​លើ​សន្តិសុខ​នៃ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក»។

លោកស្រី​ Michelle​ Obama ជា​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែង​ដំបូង​គេ​ ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ចុង​សប្តាហ៍​កន្លងទៅ។​ លោកស្រី​បាន​ជួប​ជាមួយ​សមភាគី​ខ្មែរ​ គឺ​លោកស្រី​ប៊ុន រ៉ានី ​ភរិយា​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ហើយសំណេះ​សំណាល​ជាមួយ​សិស្ស​ និង​ពួកអ្នក​ស្ម័គ្រ​ចិត្ត ​ហើយនឹង​មើល​កម្មវិធី​ក្នុង​សហគមន៍​ខ្លះ ​ដែល​គេ​និយាយ​ថា ​បាន​ពង្រីក​ឱកាស​ខាង​អប់រំ​ដល់​នារី៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG