ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គាំទ្រ​ចំពោះ​គម្រោង​លើក​កម្ពស់​ការ​អប់រំ​ស្ត្រី​របស់​លោកស្រី​ Michelle Obama


ប្រទេស​កម្ពុជា​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​លោកស្រី Michelle Obama ចំពោះ​ការ​ផ្តល់​ការ​លើក​ កម្ពស់​សិស្ស​ស្រី​បាន​ទទួល​ការ​សិក្សា។ កម្ពុជា​និង​សហរដ្ឋ​អាមេរិក​នឹង​មាន​ការ​រៀបចំ​ គម្រោង​រួម​គ្នា​លើ​គំនិត​ផ្តួចផ្តើម​របស់​សេតវិមាន​ដែល​អនុវត្ត​ផ្ទាល់​ដោយ​កម្មវិធី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត ​Peace Corps របស់​រដ្ឋាភិបាល​អាមេរិក​នេះ។

កម្មវិធី​«ផ្តល់​ឱកាស​ឲ្យ​សិស្ស​ស្រី​បាន​សិក្សា» ឬ​ Let Girls Learn របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ការ​គាំទ្រ​ក្នុង​ពេល​លោកស្រី​បំពេញ​ ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្រុម​មន្ត្រី​កម្ពុជា​បាន​គាំទ្រ​ គំនិត​របស់​លោក​ស្រី​អូបាម៉ា Let Girls Learn នេះ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លោក​បណ្ឌិត ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​អំពី​ គម្រោង​សម្រាប់​ការ​អប់រំ​នៅ​ថ្ងៃ​អនាគត​ខ្លះ​ ដែល​សហរដ្ឋ​អាមេរិក​និង​ កម្ពុជា​នឹង​រៀបចំ​រួម​គ្នា​ថា៖ «ក្រសួង​អប់រំ​ យុវជន​និង​កីឡា​ជាមួយ​នឹង​អង្គការ USAID នឹង​រៀបចំ​ធ្វើ​គម្រោង​ដើម្បី​បន្ត​ លើក​កម្ពស់​ផ្តល់​ឱកាស​ទៅ​ដល់​កុមារី​ ក៏ដូច​ជា​សិស្សស្រី​និង​និស្សិត​ស្រី​របស់​យើង​ដើម្បី​ អនុវត្ត​ជាក់ស្តែង​តែ​ម្តង​ចំពោះ​គំនិត​ផ្តួចផ្តើម Let Girls Learn នេះ»។

លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពេល​ដែល​លោក​អម​ដំណើរ​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ជូន​ដំណើរ​អញ្ចើញ​ត្រឡប់​ទៅ​វិញ​របស់​លោកស្រី Michelle Obama ក្រោយ​ពេល​លោកស្រី​អូបាម៉ា​បញ្ចប់​ទស្សនកិច្ច៥​ថ្ងៃ​ទៅ​តំបន់​អាស៊ី​ គឺ​ប្រទេស​ជប៉ុន​និង​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំពុំ​បាន​បញ្ជាក់​លម្អិត​ថា​នោះ​ជា​គម្រោង​យ៉ាង​ណា​ទេ។ លោកស្រី​ អូបាម៉ា​វិញ​បាន​អរគុណ​និង​កោត​សរសើរ​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ Peace Corps របស់​សរអា​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​អង្គការ​នេះ​ដែល​បាន​ជួយ​ដល់​សិស្សស្រី​នៅ​កម្ពុជា​ ទាំង​ការ​អប់រំ​ ទាំង​សុខភាព​នៃ​ការ​រស់​នៅ​ ទាំង​សកម្មភាព​ក្នុង​សង្គម​ផ្សេងៗ។

លោកស្រី​មាន​ប្រសាសន៍​តាម​ខ្លឹមសារ​ដើម​ថា៖ «អ្នក​សឹង​តែ​គ្រប់​គ្នា​បាន​បម្រើ​ជា​ជន​គំរូ​ដល់​សិស្ស​ស្រី​ទាំង​នេះ។ អ្នក​ទាំង​អស់​បាន​បង្ហាញ​ពួកគេ​ពី​អ្វី​ជា​អត្ថន័យ​ដែល​ស្ត្រី​មាន​អំណាច​ ស្ត្រី​មាន​ភ័ព្វ​សំណាង​ និង​ជា​ស្ត្រី​មាន​ការ​សិក្សា​ខ្ពស់»។

លោកស្រី Carrie Hessler-Radeletនៃ​អង្គការ Peace Corps ថ្លែង​ថា ជោគជ័យ​នៃ​កិច្ចការ​លើក​កម្ពស់​ការ​អប់រំ​សិស្ស​ស្រី​អាច​ធ្វើ​បាន​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ការ​សហការ​រវាង​អង្គការ​និង​សិស្ស​ស្រី។ ហើយ​ទស្សនកិច្ច​របស់​លោកស្រី​ភរិយា​ប្រធានាធិបតី​នៅ​កម្ពុជា​ជា​ការ​បង្កើន​ កិច្ច​សហការ​ខ្លាំង​ថែម​ទៀត​រវាង​សរអា​និង​កម្ពុជា។

លោកស្រី ​Michelle Obama ​និង​ស្វាមី ​គឺ​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​បាន​ថ្លែង​ថា ​ការណ៍​ដែល​ក្មេងស្រី​ប្រមាណ​៦២​លាន​នាក់​មិន​មាន​លទ្ធភាព​ទៅ​សាលារៀន​នៅ​ជុំវិញ​ពិភពលោក​គួរ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការបរទេស។ ​ការ​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ នៅ​ពេល​មាន​នារី​រាប់​សិប​លាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​គ្រប់គ្រាន់​ គឺ​មិន​ត្រឹមតែ​ជា​«ការ​ខ្ជះខ្ជាយ​សក្តានុពល​របស់​មនុស្ស​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជា​ទី​បំផុត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​វិស័យ​សុខាភិបាល​សាធារណៈ​ ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ព្រម​ទាំង​វិបុលភាព​ពិភពលោក​ធ្លាក់ចុះ ​និង​ជា​ការ​គំរាម​ទៅ​លើ​សន្តិសុខ​នៃ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក»។

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បាន​គាំទ្រ​គំនិត​របស់​លោកស្រី​និង​លោក​ប្រធានាធិបតី​អូបាម៉ា​ ចំពោះ​ការ​លើក​កម្ពស់​ស្រី​ឲ្យ​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ផង​ដែរ។

«ចំពោះ​មីង​គឺ​សុំ​គាំទ្រ​ជំហរ​ដែល​ឯកឧត្តម​អូបាម៉ា​ក៏​ដូច​ជា​លោក​ជំទាវ​ដែរ ដែល​បាន​ លើក​ឡើង​គម្រោង​នេះ​ គឺ​មាន​មីង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ ចំពោះ​មីង​ក៏​ដូច​ជា​ក្មួយៗ​ដែរ។ ប៉ុន្តែ​សំខាន់​គឺ​ក្មួយៗ​ត្រូវ​យក​ចំណេះ​វិជ្ជា​នេះ​ឲ្យ​បាន​ល្អ​ រៀន​ឲ្យ​បាន​ល្អ​ កូន​សិស្ស​ល្អ មិត្ត​ល្អ​ នៅ​ក្នុង​ថ្នាក់​ជា​គំរូ​គេ»។

ថ្លែង​ដូច្នេះ​របស់​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ សិស្សស្រីៗ​ក្នុង​វិទ្យាល័យ​ ហ៊ុនសែន បាគង ក្នុង​ខេត្ត​សៀមរាប​ទី​ដែល​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សរអា​បាន​អញ្ចើញ​ទៅ​ស្តាប់​ផ្ទាល់​នូវ​ទុក្ខ​លំបាក​របស់​សិស្សស្រី​ កម្ពុជា​និង​លើក​ទឹក​ចិត្ត​ដល់​ពួកគេ។

ការ​លំបាក​មួយ​ចំនួន​សម្រាប់​សិស្សស្រី​នៅ​ខេត្ត​សៀមរាប​ដែល​ពួកគេ​បាន​បញ្ជាក់​ឲ្យ​លោកស្រី​ភរិយា​មេដឹកនាំ​ប្រទេស​អាមេរិក​និង​កម្ពុជា​បាន​ដឹងនោះ គឺ​ការ​ជិះ​កង់​ទៅ​សាលារៀន​ឆ្ងាយ​ សម្ពាធ​កិច្ចការ​សាលា កិច្ចការ​ផ្ទះ​ ភាពក្រីក្រ ការ​ផ្តល់​តម្លៃ​ដល់​សិស្ស​ប្រុស​និង​កត្តា​ផ្សេងៗ​ ទៀត​ដែល​សិស្ស​ស្រី​មាន​ការ​ប្រឈម​មុខ។

លោកស្រី​អូបាម៉ា​បាន​ជំរុញ​ឲ្យ​សិស្ស​ស្រី​នៅ​កម្ពុជា​បាន​តស៊ូ​ក្នុង​ការ​សិក្សា​ ដូច​ជា​ការ​តស៊ូ​ របស់​លោកស្រី​នៅ​ពី​ក្មេង​នៅ​ក្នុង​ការ​សិក្សា​ក្នុង​មហាវិទ្យាល័យ​ដែរ៕

ប្រិយមិត្ត​អាចទទួល​ព័ត៌មាន​ទាំង​អស់​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ​របស់​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សរអា​នៅ​កម្ពុជា​ក្នុង​ទំព័រ​ពិសេស​របស់ VOA ត្រង់​នេះ www.khmer.voanews.com/MichelleObama

XS
SM
MD
LG