ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូតចិន៖ កិច្ចសហការ​ចិន-កម្ពុជា មិន​អាច​អត់​ឱន​ឡើយ​ចំពោះ​ការជ្រៀតជ្រែក​ពី​ក​ម្លាំង​ខាងក្រៅ


រូបឯកសារ៖ ស្ថានទូត​ចិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថត​កាលពី​ឆ្នាំ២០០៨។
រូបឯកសារ៖ ស្ថានទូត​ចិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថត​កាលពី​ឆ្នាំ២០០៨។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​លើ​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ទាក់ទង​នឹងគម្រោង​អភិវឌ្ឍន៍​ដែល​ជា​ជំនួយ​របស់​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាត់​ទុក​ថា​ នេះ​ជា​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង ​ដែល​ប្រទេស​ទាំង​ពីរ​មិន​អាច​អត់​ឱន​បាន​ឡើយ។​

នៅ​ក្នុង​សារ​អ៊ីម៉ែល​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​បាន​លើក​ឡើង​ថា ​ប្រទេស​ចិន​តែង​តែ​ប្រឆាំង​នឹង​«ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី» ​និង​«អំណាច​យុត្តាធិការ​ហួស​ព្រំដែន»​របស់​សហ​រដ្ឋ​អាមេរិក។ ​ស្ថានទូត​បន្ថែម​ថា​ ចិន​ក៏​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ដែរ។​

ស្ថានទូតនេះបញ្ជាក់​ថា៖​ «កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ស្មើភាព ​និង​ផ្ដល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ចិន​និង​កម្ពុជា​មិន​អាចអត់ឱន​ឡើយ​ចំពោះ​ការ​ជ្រៀតជ្រែ​កពីក​ម្លាំង​ខាង​ក្រៅ»។​

​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន ​ចិន​និង​កម្ពុជា​ ជា​«មិត្ត​ល្អ» ​ហើយ​បាន​សហការ​គ្នា​យ៉ាង​សកម្ម​លើ​ផ្នែក​ជាច្រើន​ ក្នុង​នោះ​ ក៏​មាន​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម ​(BRI) ​«ក្នុង​ស្មារតី​ស្អាត​ស្អំ ​បៃតង ​និង​ដោយ​ចំហ» ​ដែល​មិន​ត្រឹម​តែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ទេ ​ប៉ុន្តែ​វា​ថែម​ទាំង​ចូលរួម​ចំណែក​ដល់​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំទីក្រុង​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។ ​

ប៉ុន្តែ​កាល​ពី​កន្លង​ទៅ ​លោក ​Chad Roedemeier​ អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ធ្លាប់​បាន​អត្ថាធិប្បាយ​ថា​ ការ​វិវឌ្ឍ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម​ ​បាន​គំរាម​កំហែង​ដល់​ទាំង​ផល​ប្រយោជន៍​សន្តិសុខ​របស់​សហ​រដ្ឋ​អាមេរិក ​និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា។​

កាល​ពី​សប្តាហ៍​មុន ​ក្រសួង​ហិរញ្ញវត្ថុ​សហ​រដ្ឋ​អាមេរិក ​និង​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ប្រកាសបញ្ចូល​ឈ្មោះ​របស់​ឧត្តមសេនីយ៍​ពីរ​រូប ​គឺ​នាយ​ឧត្តមសេនីយ៍​ ចៅ ភិរុណ ​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ និង​នាយ​ឧត្តម​នាវី ​ទៀ វិញ ​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​ឲ្យ​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ​និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា។​

នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ខាងឆ្វេង និង នាយ​ឧត្តមនាវី​ ទៀ វិញ ខាងស្តាំ ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក។ (Facebook/General Department of Materials and Techniques/General Tea Vinh)
នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ខាងឆ្វេង និង នាយ​ឧត្តមនាវី​ ទៀ វិញ ខាងស្តាំ ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក។ (Facebook/General Department of Materials and Techniques/General Tea Vinh)

ចំណាត់​ការ​របស់​សហ​រដ្ឋ​អាមេរិក​លើ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើការ​អភិវឌ្ឍ​តំបន់​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការវាយ​បំផ្លាញ​ចោល​អគារ​ដែល​ជា​ជំនួយ​របស់​ខ្លួន។ ​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​ចោទប្រកាន់​កម្ពុជា​ថា ​អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ទីនោះ​ ប៉ុន្តែ​កម្ពុជា​ បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ ទៀ វិញ​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ភ្លាមៗ ​ពេល​វីអូអេ​ទាក់ទង​តាម​ទូរស័ព្ទ។ ​វីអូអេ​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ចៅ ភិរុណ ​បាន​នៅ​ឡើយ​ទេ។​

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ ​ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​«អំណាច​យុត្តាធិការ​ហួស​ព្រំដែន»​របស់​សហ​រដ្ឋអាមេរិក​មក​លើ​មន្ត្រី​កម្ពុជា​ក្រោម«​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ដែល​ធ្វើ​ឡើង​ដោយ​ហេតុ​ផល​ភូមិសាស្រ្ត​នយោបាយ»។ ​ក្រសួង​ការ​បរទេស​កម្ពុជា​បន្ថែម​ថា​ ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​បង្ហាញ​«ការ​មាក់​ងាយ​ទាំង​ស្រុង​ដល់​ឯករាជ្យ​ភាព​ និង​ជា​ការ​ជ្រៀត​ជ្រែក​យ៉ាង​ធ្ងន់​ធ្ងរ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង​ទៀត»។​

រូបភាព​ពី​ផ្កាយរណប បង្ហាញ​ពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ​ខេត្តព្រះសីហនុ នៅមុន​និង​ក្រោយ​ការវាយកម្ទេច មូលដ្ឋាន​ទ័ព​ចាស់​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាព​ពី​ផ្កាយរណប បង្ហាញ​ពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នៅ​ខេត្តព្រះសីហនុ នៅមុន​និង​ក្រោយ​ការវាយកម្ទេច មូលដ្ឋាន​ទ័ព​ចាស់​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

លោក​ មាស នី ​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ ថ្លែង​ថា ​លោក​បារម្ភ​ថា​ កម្ពុជា ​ធ្លាក់​ចូល​ក្នុង​ភូមិ​សាស្រ្ត​នយោបាយ ​ដោយ​មិន​បាន​គិត ​ឬ​ក៏​មិន​មាន​ជម្រើស ​ហើយ​ប្រទេស​មហា​អំណាច​ទាញ​កម្ពុជា​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។​ លោក​បន្ថែម​ថា​ ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ដោយ​សារ​ការ​ធ្លាក់​ចុះ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​អាច​លាយ​ឡំ​ជាមួយ​ភូមិ​សាស្រ្ត​នយោបាយ​ផង​ដែរ​ នៅ​ពេល​ខាង​មុខ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា៖​ «ទណ្ឌ​កម្ម​ចុង​ក្រោយ​នេះ ​វា​ជា​ឧទាហរណ៍​មួយថា ​វា​នឹង​អាច​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន​ទៀត ​ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ភូមិ​សាស្រ្ត​នយោបាយ​នេះ»។ ​

លោក អៀ សុផល​ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា ​និង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យា​ល័យ​រដ្ឋ ​Arizona ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​សុក្រ​ថា ​ការ​ប្រើ​ពាក្យ​ពេចន៍​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន ​ដូច​គ្នា​នឹង​សេចក្តី​ថ្លែង​ការណ៍​ប្រតិកម្ម​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ដែល​លោក​សំដៅ​លើ​ពាក្យ​«អំណាច​យុត្តាធិការ​ហួស​ព្រំដែន» ​ឬជា​ភាសា​អង់​គ្លេស​ថា «long-arm jurisdiction»។​ លោក​បាន​រំឭក​ដល់​ព្រឹត្តិ​ការណ៍​ប្រជុំ​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០១២​ ដែល​ពេល​នោះ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ​ ហើយ​លើក​ឡើង​ថា​ អាស៊ាន​មិន​ត្រូវ​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​បញ្ហា​ពហុអន្តរ​ជាតិ។​

លោក​បន្ថែម​ថា​ ​គម្រោង​ផ្លូវ​ក្រវាត់ពាណិជ្ជកម្ម​របស់​ចិន​ ឬ ​BRI​ មាន​គុណ​សម្បត្តិ ​និង​គុណ​វិបត្តិ ​ប៉ុន្តែវា​នៅ​តែ​ជា​ចម្ងល់​ខ្លាំង​សម្រាប់​រូប​លោក​ចំពោះ​ការ​លើក​ឡើង​ថា​ គម្រោង​ BRI ​នាំ​មក​នូវ​ភាព​បៃតង ​និង​ភាព​ស្អាត​ស្អំ ដែល​លោក​ថា ​វា​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​នោះ។​

លោក អៀ សុផល បន្ថែម​ថា​ ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​គ្រាន់​តែ​ជា​ដំណាក់​កាល​ដំបូង​នៃ​វិធាន​ការ​របស់​អាមេរិក ​ដោយ​លោក​ថា ​ឈ្មោះ​ជា​ច្រើន​ទៀត​ នឹងត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​នៅ​ពេល​អនាគត ​ហើយ​ប្រហែល​ជា​រាប់​រយ​នាក់​ទៀត​ផង។ ​លោក​បន្ថែម​ថា​ ហើយក៏​នឹង​មាន​ចំណាត់​ការ​ស្រួច​ស្រាល់ពី​សភា​អាមេរិក​ផង​ដែរ​ លើ​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG