ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាជន​ចែក​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រគ្រោះ​ក្នុង​ឧបទ្ទវហតុ​បុណ្យ​អុំទូក


យុវជន​ខ្មែរ​កាន់​បដា​​ចូល​រួម​មរណៈទុក​កាល​ពី​ថ្ងៃ​ពុធ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ក្រោយ​មាន​ការ​ផ្អើល​រត់​ជាន់​គ្នា​ដ៏​ធ្ងន់​បំផុត​ក្នុង​ពិធី​បុណ្យ​អុំ​ទូកនៅ​ក្រុង​ភ្នំពេញ។
យុវជន​ខ្មែរ​កាន់​បដា​​ចូល​រួម​មរណៈទុក​កាល​ពី​ថ្ងៃ​ពុធ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ក្រោយ​មាន​ការ​ផ្អើល​រត់​ជាន់​គ្នា​ដ៏​ធ្ងន់​បំផុត​ក្នុង​ពិធី​បុណ្យ​អុំ​ទូកនៅ​ក្រុង​ភ្នំពេញ។

មហាជន​គ្រប់​ទិស​ទី រួម​ទាំង​លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហ៊ីឡារី គ្លីន​តុន (Hillary Clinton) បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ជន​រងគ្រោះ​ស្លាប់​ និង​របួស​សរុប​ចំនួន​ជាង​១.១០០​នាក់​នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏អាក្រក់​ដែល​កើត​ឡើង​នៅ​កោះ​ពេជ្រ​នា​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ចន្ទ័​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០ ដែល​ជាថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​អុំ​ទូក​ដ៏មាន​ប្រជាប្រិយភាព​រយៈពេល​បី​ថ្ងៃ។

គ្រោះ​កំណាច​នេះ​ដែល​បណ្ដាល​មក​ពី​ការ​ដើរ​ប្រជ្រៀត​ជាន់​លើ​គ្នា​យ៉ាង​អាក្រក់​នៅ​លើ​ស្ពាន​ដ៏​តូច​មួយ​នៅ​មណ្ឌល​កំសាន្ដ​កោះពេជ្រ​នេះ។ ក្នុង​សារ​ទៅ​កាន់​ជន​រួមជាតិ ​លោកនាយករដ្ឋមន្ដ្រី​ខ្មែរ ហ៊ុន សែន​ អតីត​ព្រះមហាក្សត្រ​ នរោត្តម សីហនុ ​ព្រះមហាក្ស​ត្រសម្ដេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ សុទ្ធ​តែ​បាន​ចូល​រួម​រំលែក​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ។

ភ្លាមៗ​នោះ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ថវិកា​ចំនួន៥លានរៀល​ ឬ​ស្មើនឹង​ជាង​១.០០០​ដុល្លារអាមេរិក​ដល់​គ្រួសារ​ជនរង​គ្រោះដែល​បាន​បាត់​បង់ជីវិត។​ ចំណែក​ឯ​អតីត​ព្រះមហាក្សត្រ​ និង​ព្រះ​មហាក្សត្រ ​បាន​ព្រះរាជទាន​ថវិកា​រៀង​ព្រះកាយ​ចំនួន​២០០​ ដុល្លារ​ចំពោះ​គ្រួសារ​សព​និមួយៗ ​និង​ចំនួន​ ១០០ ​ដុល្លារ​ដល់​ក្រុមគ្រួសារ​នៃ​ជន​រងគ្រោះ​ដែល​មាន​របួស។ ជាមួយ​គ្នា​នេះ​ដែរ ​រដ្ឋាភិបាល​ ក៏​បាន​បង្កើត​ឲ្យ​មាន​អនុ​គណកម្មការ​មួយ ដើម្បី​ស្រាវជ្រាវ​ពី​មូលហេតុ​នៃ ​សោកនាដកម្ម​ដ៏​ប្រល័យ​នេះ​ដោយ​ជម្រុញ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ចូល​រួម​ផ្ដល់​ដំណឹង​នានា​ដែល​មាន​ប្រយោជន៍​ដល់ការ​ស៊ើប​អង្កេត។

នៅថ្ងៃនេះ​ដែរ ​លោកស្រី​សហ៊ីលឡារី គ្លីនតុន​ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​អាមេរិក​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ក្នុង​ជំហរ​តំណាង​ឲ្យ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាមា ​និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ថា លោកស្រីសូម​សម្តែង​សេចក្តី​ទុក្ខសង្រៀង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បាត់បង់​ជីវិត ​និង​របួស​ប្រកប​ដោយ​សោកនាដកម្ម​ខាងលើ​នោះ។ លោកស្រី ​គ្លីនតុន ​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា ​លោកស្រី​បាន​ឃើញ​ភាព​ខ្លាំង​របស់​ពួកគេ​ដោយ​ផ្ទាល់​ និង​ស្មារតី​រឹងប៉ឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោកស្រី​កាលពី​ពេលថ្មីៗ​នេះ​ ហើយ​លោកស្រី​រំពឹងថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ប្រឹង​ប្រែង​តស៊ូ​រួមគ្នា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។

ក្រុម​និស្សិត​មកពី​សកលវិទ្យាល័យ​ក្នុង​រាជធានីភ្នំពេញ​ចំនួន​ដប់​ក៏បាន​ប្រមូល​ផ្ដុំ​គ្នា​រៀបចំ​ផែនការ​សម្រាប់​ធ្វើ​ការ​រៃអង្គាស​ប្រាក់​ និង​សម្ភារៈ​នានា​សម្រាប់​ជួយ​រំលែក​ទុក្ខលំ​បាក ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះផង​ដែរ។ លោកទូច ណូរិន​ តំណាង​ក្រុម​និស្សិ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​និស្សិត​ក៏​នឹង ​ចូល​រួម​ដង្ហែរ​ក្បួន​ឆ្ពោះ​ទៅ​ធ្វើ​ការ​ប្រារព្ធវិញ្ញាណក្ខន្ធ​នៃ​ជនរងគ្រោះ​ផង​ដែរ ​នៅ​ថ្ងៃព្រហស្បតិ៍ ដែល​រដ្ឋាភិបាល​កំណត់​ថា ​ជា​ទិវាជាតិ​កាន់​មរណទុក្ខ។ លោក​ណូរិន ថ្លែង​ថា៖

«កាលពី​ម្សិលមិញ ​គឺមាន​សោកនាដកម្ម​គួរ​ឲ្យរន្ធត់​មួយ។ ក្នុង​នាម​យុវជនខ្មែរ​ទាំងអស់​គ្នា ​ខ្ញុំគិត​ថា ​យើងគួរតែ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​អ្នករងគ្រោះ​ទាំងអស់​នោះ ព្រម​ទាំងគ្រួសារ​របស់​គាត់​ផង​ដែរ។​ ដូច្នេះ​បាន​ជា​យើង​បង្កើត​ជា​ក្រុម​មួយ​ដែល​មានឈ្មោះ​ថា ​ក្រុម​យុវជន​មូលនិធិ​ថ្ងៃ​២២ វិច្ឆិកា​ ដើម្បីរៃ​អង្គាស​មូលនិធិ​ជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ​ ក៏ដូចជា​យើង​នឹងរៀបចំ​ពិធី​ដើរព្យុហ​យាត្រា ​ដើម្បី​ទៅ​រំលឹក​វិញ្ញាណ​ក្ខន្ឋ​ដល់​អ្នកស្លាប់»។

ក្រុម​គណបក្ស​ជំទាស់ ​គឺ​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម រង្ស៊ី ​ក៏​បាន​ចេញ​លិខិត​រំលែក​ទុក្ខ​ រៀងៗ​ខ្លួន​ដល់​ជន​រងគ្រោះ​ក្នុង​សោកនាដកម្ម​កាលពី​ថ្ងៃ​ចន្ទ័​ដែរ។ រីឯ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​លោក​ អ៊ូ វិរៈ ​បាន​ប្រកាស​បិទទ្វារ​សម្រាប់​ទិវា​កាន់មរណៈទុក្ខ​នៅ​ថ្ងៃព្រហស្បតិ៍។ គណកម្មការ​ សិទ្ធិមនុស្ស​អាស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ ហុងកុង ​ក៏បាន​ចែក​រំលែក​ទុក្ខសោក​ដល់​ក្រុមគ្រួសារ​ ជនរងគ្រោះ​ ក៏ប៉ុន្ដែ​គណកម្មការ​នេះ​ បាន​ឆ្លៀត​រិះគន់​ថា ​ទីក្រុង​ភ្នំពេញ​មិនបាន​ត្រៀម​បំរុង​សម្រាប់ ដោះស្រាយ​គ្រោះ​មហន្ដរាយ​ទ្រង់ទ្រាយ​ធំ​ណា​មួយ​នោះ​ឡើយ៕

XS
SM
MD
LG