អ្នកកាន់ទុក្ខច្រើនរាប់ពាន់នាក់មកពីសាច់ញាតិសាកសព អ្នកមានសមាណចិត្ត មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងរាស្ត្រដែលមានទឹកមុខក្រៀមក្រម អារម្មណ៍ក្តុកក្តួល និងសម្រែកយំ បានចូលរួមនៅក្នុងទិវាកាន់មរណៈទុក្ខនៅថ្ងៃព្រហស្បតិ៍ជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមនុស្ស៣៤៧នាក់បានស្លាប់ និង៣៩៥នាក់បានរងរបួសដោយការជាន់លើគ្នានៅលើកោះពេជ្រកាលពីយប់ថ្ងៃច័ន្ទទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានយំក្តុកក្តួល ខណៈដែលលោកបានអុចទាន ធូប និងដាក់ផ្កាមួយបាច់នៅគល់ស្ពានកោះពេជ្រដែលជាកន្លែងកើតមានឧបទ្ទវហេតុ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានចូលរួមជាមួយភរិយារបស់លោក សមាជិកជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងរាស្ត្រ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៃសង្គម។
សាច់ញាតិសាកសពរាប់រយនាក់បាននាំយកបាច់ផ្កាតូចៗ ផ្លែចេក ផ្លែមាន និងផ្លែប៉មជាដើម ព្រមទាំងរូបថតរបស់អ្នកស្លាប់ដាក់ក្នុងចាននៅតាមដងទន្លេជាប់នឹងស្ពាន ហើយពួកគេបានអុចធូកទានឧទ្ទឹសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ឱ្យមកទទួលយកផ្លែឈើ និងរបស់របរផ្សេងៗ និងបួនសួងឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះទៅកាន់សុគតិភព ឱ្យឆាប់បានចាប់ជាតិ និងកុំឱ្យអារម្មណ៍វិលវល់នៅលើស្ពាននេះ។ អ្នកមានសមាណចិត្តរាប់សិបនាក់បានមកចូលរួមរំលែកទុក្ខ សេចក្តីក្រៀមក្រម ការសោកស្តាយ និងការអាណិតអាសូរចំពោះអ្នកស្លាប់ទាំង៣៤៧នាក់នៅក្នុងសោកនាដកម្មដ៏រន្ធត់នៅស្ពានកោះពេជ្រនេះ។
អ្នកស្រី ស៊ុំ សុភាព អាយុ៤៧ឆ្នាំ នៅខណ្ឌមានជ័យ ក្រុងភ្នំពេញដែលមានកូនប្រុសម្នាក់ស្លាប់នៅក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រនេះ បានថ្លែងយ៉ាងដូច្នេះថា៖
«ខ្ញុំមកអុចធូកគោរពវិញ្ញាណក្ខន្ធកូនខ្ញុំ និងអ្នកមរណៈភាពទាំងអស់សូមឱ្យទៅកាន់សុគតិភព និងឆាប់បានចាប់ជាតិគ្រប់ៗគ្នា កុំឱ្យវិលវល់នៅទីនេះ និងសូមឱ្យអ្នកទាំងអស់គ្នាមានអាយុវែងនៅជាតិក្រោយៗទៀត»។
អ្នកស្រី អ៊ឹម សារាវី អាយុ៤៣ឆ្នាំ នៅសង្កាត់អូឫស្សី២ ខណ្ឌ៧មករា ក្នុងដៃមានកាន់ធូប បាននិយាយថា៖ អ្នកស្រីគ្មានសាច់ញាតិស្លាប់ទេ ប៉ុន្តែអ្នកស្រីមកទីនេះ ដើម្បីចូលរួមកាន់ទុក្ខអ្នកស្លាប់នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់ដែលអ្នកស្រីមិនដែលបានជួបប្រទះពីមុន។ អ្នកស្រីមានអារម្មណ៍តក់ស្លត់ និងភ័យខ្លាចយ៉ាងខ្លាំង។
លោក អ៊ិន សាក់ អាយុ៣៣ឆ្នាំ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននាំយកផ្កាមួយបាច់តូច ផ្លែចេក ផ្លែប៉ម ផ្លែមាន និងរូបបងជីដូនមួយរបស់លោកដែលបានស្លាប់មកដាក់បន់ស្រន់នៅច្រាំងទន្លេក្បែរស្ពានកោះពេជ្រ ដោយ បញ្ជាក់ថា ស្ពាននេះគឺជាផ្លូវដែលប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ ពីព្រោះមនុស្សជាច្រើនរយនាក់បានស្លាប់។ លោកមានការស្អប់ខ្ពើមស្ពាននេះណាស់ ហើយលោកមិនចង់ដើរជាន់លើស្ពាននេះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានថ្លែងនៅស្ពានកោះពេជ្រនៅថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា៖
«យើងស្នើសុំឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ រកមូលហេតុឱ្យបានត្រឹមត្រូវ និងរកកំហុសឆ្គងប្រាកដប្រជា ដើម្បីចាត់វិធានការរកយុត្តិធម៌ជូនជនរងគ្រោះ។ មនុស្សស្លាប់ដល់ទៅ
ជាង៤០០នាក់គឺមិនអាចគ្មានអ្នកទទួលខុសត្រូវបានទេ ហើយអ្នកទទួលខុសត្រូវនោះ គឺជាអ្នកទទួលបន្ទុកក្នុងការរៀបចំបុណ្យជាតិ ក៏ដូចជាអ្នកទទួលខុសត្រូវក្នុងការរៀបចំសន្តិសុខផងដែរ»។
លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ បានថ្លែងនៅថ្ងៃព្រហស្បតិ៍នៅកន្លែងកើតហេតុយ៉ាងដូច្នេះថា៖
«នេះជាមេរៀនដ៏ធំមួយសម្រាប់ខ្លួនខ្ញុំផង និងអាជ្ញាធរខ្ញុំផង ក្នុងការរៀបចំពិធីធំៗទៅថ្ងៃខាងមុខ។ នេះជារឿងចៃដន្យដែលយើងមិនចង់បាន»។
លោកឱម យិនទៀង សមាជិកនៃគណៈកម្មការស៊ើបអង្កេត បានបញ្ជាក់ថា មនុស្សជិត១ម៉ឺននាក់បានឈរនៅលើស្ពាន់កោះពេជ្រដែលតភ្ជាប់កោះនិងដីគោក។ លោកថ្លែងដូច្នេះថា៖
«ស្ពានតូចមានមនុស្សឈរជិត១ម៉ឺននាក់។ វាហួសហេតុពេក»។
លោកឱម យិនទៀង បានបញ្ជាក់ថា ការស៊ើបអង្កេតជាផ្លូវការនៅក្នុងឧបទ្ទវហេតុបន្តជាមួយរបាយការណ៍ចុងក្រោយ នឹងត្រូវបានគ្រោងចេញផ្សាយនៅសប្តាហ៍ក្រោយ៕