ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​បាញ់​សម្លាប់​នៅ​ស្ពាន​ក្បាល​ថ្នល់​រង់ចាំ​យុត្តិធម៌


ពិធីបុណ្យ​​៧ថ្ងៃនៃ​សព​​លោក​ម៉ៅ សុខចាន់​ជន​រងគ្រោះ​​នៃ​គ្រាប់​កាំភ្លើង​​​ដែល​គេជឿ​ថា ប៉ូលិស​បាញ់។​​
ក្រុម​គ្រួសារ​នៃ​សព​លោក​ម៉ៅ សុខចាន់ ​ដែល​ត្រូវ​បាន​បាញ់​ស្លាប់នៅក្នុង​ពេល​ផ្ទុះ​អំពើ​ហិង្សា​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅម្តុំ​ស្ពាន​ច្បារ​អំពៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ កំពុង​រង់​ចាំ​យុត្តិធម៌​យ៉ាង​អន្ទៈសារ ។​ ភរិយា​របស់​ជនរងគ្រោះ​គឺ​អ្នកស្រី​ជាវ សុខវី​និយាយ​ថា​ អ្នក​ស្រី​ចង់​ឃើញ​ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន​និង​នាំ​យក​ទៅ​កាត់​ទោស​ឲ្យ​បាន​ឆាប់។​

ក្រុម​គ្រួសារ​សពលោក​ម៉ៅ សុខចាន់ ​នៅ​ថ្ងៃ​សុក្រ​ទី​២០​ខែ​កញ្ញា​នេះ ​បានធ្វើ​ពិធី​បុណ្យ​៧​ថ្ងៃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក ​ហើយ​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​វែកមុខ​និង​ចាប់​ខ្លួន​ជន​ដៃ​ដល់​យកទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់​បំផុត។​

កម្មករ​សំណង់វ័យ​២៩​ឆ្នាំ​គឺ​លោក​ម៉ៅ សុខចាន់បានស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ត្រូវ​ចំ​កណ្តាលថ្ងាស់​នៅក្នុង​ពេល​ផ្ទុះ​អំពើ​ហិង្សា​មួយរវាង​ក្រុម​ប្រជា​ពលរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ ​នៅម្តុំ​ស្ពាន​ច្បារ​អំពៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​កាល​ពីយប់ថ្ងៃ​អាទិត្យ។ ​នៅ​ពេល​នោះ ​កង​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​បើក​ការ​បាញ់​ទៅលើ​ក្រុម​បាតុករ​មួយ​ក្រុម​ដែល​បាន​គប់​ដុំថ្ម​ទៅលើ​ពួកគេ ​ដោយសារតែ​ក្រុម​បាតុករទាំង​នោះ​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ចំពោះ​ការដាក់​របាំងឃាំងផ្លូវ​មិន​ឲ្យប្រជា​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន។​
អ្នក​ស្រី​ជាវ សុខវី​គឺ​ជា​ភរិយា​របស់សព​លោក​ម៉ៅ សុខចាន់។

«ខ្ញុំ​សំណូមពរ​ទៅស្ថាប័ន​ទាំងអស់ជួយ​រកយុត្តិធម៌​ឲ្យប្តីខ្ញុំផង។ ចង់​ឲ្យរក​ជនដៃ​ដល់ដែល​បាញ់សម្លាប់​ប្តីនាងខ្ញុំ»។

អ្នក​ស្រី​សុខវី​និយាយ​ថា ​ប្តី​របស់​អ្នក​ស្រី​មិនមែន​ជា​បាតុករ​នៅពេល​ផ្ទុះ​អំពើ​ហិង្សា​នោះ​ទេ។ អ្នកស្រី​អះអាង​ថា ​លោក​គ្រាន់​តែ​ជា​អ្នក​ឈរ​មើល​ម្នាក់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​បាន​កើងឡើងនៅ​ពេលនោះ​តែ​ប៉ុណ្ណោះ។

«ខ្ញុំ​មានការសោកស្តាយណស់​ ទៅដល់ឃើញគាត់ស្លាប់​នៅក្នុងថ្លុកឈាមឡើងដាប»។

ហេតុ​ការណ៍ ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​លោក​ម៉ៅ សុខចាន់ ​និង​របួស​ពលរដ្ឋ​ប្រមាណ​១០​នាក់​ផ្សេង​ទៀត​នោះ ​បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃ​ទី​១​នៃ​មហា​បាតុកម្ម​រយៈ​ពេល​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​រៀបចំ​ឡើង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​

ប៉ុន្តែ​គណបក្ស​នេះ​បាន​ច្រាន​ចោល​ការ​ទទួល​ខុសត្រូវ​ណា​មួយ​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើតឡើង​នៅ​ពេល​នោះ។​

អ្នក​ស្រី​មួរ សុខហួរ​គឺ​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

«ហេតុអ្វី​បាន​ជាបាំង​ ឃាំង​របារ​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​គាត់​ប្រើ​ផ្លូវ​ ដើម្បី​ទៅ​ផ្ទះ​គាត់។ ​គាត់​ទៅ​ណា​ក៏ដោយ។ តែ​បើ​យើង​មើល​ជា​បច្ចេក​ទេស ​វាខុស​ទៅ​ហើយ។ ​ដូច្នេះ​យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​ ដែល​ជា​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​អព្យា​ក្រិត្យ​ កុំឲ្យ​ធ្វើ​ដូច​រឿង​ស្ពាន​នៅ​កោះពេជ្យ​នោះ។ ​បញ្ហា​នេះ​ដូច​បញ្ហា​នៅ​កោះពេជ្រ​អញ្ចឹង»។​

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ​អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ហើយ ។​

លោក​ប្រាក់​ សុខុន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​នៅក្រោយ​កិច្ច​ប្រជុំ​កំពូល​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្សទាំង​ពីរ​កាល​ពី​ដើម​សប្តាហ៍​នេះ។​

«ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង...​រហូត​ទៅ​មាន​ការ​ស្លាប់​របស់​ជនម្នាក់។​ យើង​មិនដឹង​ថា ​ជន​នោះ​ជា​បាតុករ ​ឬ​ក៏ជា​អ្នកណា​ទេ​ ក៏​ប៉ុន្តែ​គឺ​យើង​ធ្វើការ​ស៊ើប​អង្កេត​ដើម្បី​រក​ខុស​ត្រូវ»។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​របាយ​ការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​នៅ​ឡើយ​ទេ។​

ការ​ស្លាប់​របស់​លោក​ម៉ៅ សុខចាន់​បាន​បន្សល់​ទុក​នូវ​កូន​ស្រី​តូចៗ​ចំនួន​៤នាក់​និង​អ្នកស្រី​ជាវ សុខវី ​ដែល​ធ្វើការងារជា​កម្មការិនី​រោងចក្រ​កាត់​ដេរ។​

អស់​ពី​ប្តី​ទៅ ​អ្នក​ស្រី​និយាយ​ថា ​អ្នក​ស្រី​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​គ្រួសារ​ទាំង​មូល​ដែល​រួមមាន​ទាំង​ឪពុក​ចាស់​ជរា​ និង​មាន​ជម្ងឺ​ប្រចាំកាយ​ក្រោក​ពី​កន្ទេល​មិន​រួចផង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG