ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន​ សែន៖ ​មិនមាន​ការ​ដាក់​ទោស​នរណាម្នាក់​ទេចំពោះ​ការស្លាប់​នៅ​កោះ​ពេជ្រ


លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា។

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទថា ​គ្មាន​នរណាម្នាក់​ត្រូវបាន​ទទួល​កំហុស និង​ផ្តន្ទា​ទោសចំពោះ​ឧបទ្ទវហេតុ​រត់ជាន់​គ្នា​នៅលើ​កោះពេជ្រ​កាលពី​យប់​ថ្ងៃទី២២​នោះទេ​ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សារភាព​ថា​ ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នេះ​ បាន​កើត​ចេញ​ពីការ​ធ្វេស​ប្រហែស​ និង​ការវាយ​តម្លៃ​សភាព​ការណ៍​ខុស ហើយ​សោក​នាដ​កម្ម​នេះ​ គឺជា​កំហុសរួម​។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​និយាយថា​ អ្នក​ទទួល​ខុស​ត្រូវ​រៀបចំ​ពិធីបុណ្យ​ជាតិ​ត្រូវ​លាលែង​ចេញ​ពី​តំណែង​។

ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​កាលពី​សប្តាហ៍មុន បាន​សម្លាប់​មនុស្ស ​៣៥១នាក់​និង​រង​របួស​៣៩៥នាក់​។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោ​ធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អាគារ​ទីស្តីការ​ក្រសួង សង្គមកិច្ច​ អតីត​យុទ្ធ​ជន ​និង​យុវ​នីតិ​សម្បទា​ថា ​កំហុស​ធំ​បំផុត​របស់​យើង​នោះ​ ​គឺការ​វាយ​តម្លៃ​សភាពការណ៍មិន​បាន​គ្រប់​ជ្រុងជ្រោយនឹក​ស្មានមិនដល់ ​និង​មាន​ការធ្វេស​ប្រហែស​។

«គ្មាន​នរណា​មួយ​ត្រូវ​ទទួល​យក​កំហុស​នេះទេ​។ នេះ​ជា​កំហុស​រួម​មួយ​ដែល​ទាំង​អស់​គ្នា​ស្មាន​មិន​ដល់ ម៉ោង​នេះ​មិន​ទាន់​មាន​មន្រ្តី​ណា​មួយ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ជន​រួម​ជាតិ​ថា គ្មាន​នរណាមួយ​ត្រូវ​ទទួល​ទណ្ឌកម្ម​នៅក្នុង​ហេតុការណ៍​នេះទេ​»។

លោក​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី​ ​បាន​ថ្លែងយ៉ាង​ដូច្នេះ​ថា៖

«បើមាន​ការធ្វេសប្រហែសឬ​ក៏​អសមត្ថភាព​របស់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការរៀបចំ​បុណ្យជាតិ​ គឺ​អ្នក​ទាំងអស់​នោះ​ត្រូវ​តែ​លា​ចេញ​ពី​តំណែងដើម្បី​បង្ក​ឱ្យ​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ទៅលើ​ស្ថាប័ន​ជាតិ​។ បើ​មិន​ដូច្នេះទេ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ​មិនអាច​ទៅកាន់​សុគតិភព​ទេ»។

ខិត្តប័ណ្ណ​ជាច្រើន​សន្លឹក​ត្រូវបាន​បាច​នៅ​ក្នុង​ទីក្រុង​ប៉ោយប៉ែត​ដោយ​សរសេរថាឧបទ្ទវហេតុ​នេះជា ផែនការ​របស់​រដ្ឋាភិបាលដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​បញ្ជាក់​ថា​ហេតុការណ៍​កើត ឡើង​ទាក់ទងនឹង​ការទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ហេតុអ្វី​បាន​ចោទ​រដ្ឋាភិបាល​ថាមាន​ផែនការ​គ្រោង​ទុក​ជាមុន​ក្នុង​ការសម្លាប់​មនុស្ស។

អ្នក​រងរបួស​ពី​ឧបទ្ទវហេតុនេះកំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​។ លោក​នាយក រដ្ឋ​ មន្ត្រី​ ហ៊ុន ​សែន​បាន​ថ្លែង​ថា​ បើ​អ្នក​រងរបួស​ណា​នៅតែ​មាន​អាការៈ​ធ្ងន់ធ្ងរ ​យើង​ត្រូវ​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​ពូកែៗ​នៅ​ប្រទេសវៀត​ណាម ​ដើម្បី​ជួយ​ព្យាបាល​ ហើយ​រដ្ឋាភិបាល​ត្រូវ​ទទួលខុស​ត្រូវ​ទាំងស្រុង​ ចំពោះ​ការចំណាយ​ទាំងអស់ ​ដើម្បី​ព្យាបាល​ពួកគេ​។

«ការព្យាបាល​ដោយ​យកចិត្ត​ទុកដាក់​ រាប់ទាំង​ពិនិត្យ​លទ្ធភាព​អ្នក​មាន​អាការៈ​ធ្ងន់ធ្ងរ​ដូចជា​ អ្នក​ខ្លះ​ទាក់ ទង​នឹង​ក្រលៀន ​ យើង​អាច​ទាក់ទង​ទៅ​មន្ទីរពេទ្យ​ពូកែៗ​របស់​ប្រទេស​វៀតណាម​ ដើម្បី​ដឹក​បញ្ជូន​ទៅ ព្យាបាល​នៅ​ទីនោះ​។ នេះ​ជាការទទួលខុស​ត្រូវ​របស់​យើង​ចំពោះ​ជនរងគ្រោះ​»។

ពិធីបុណ្យ​អុំ​ទូក​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា បាន​បញ្ចប់​ដោយ​សោកនាដ​កម្ម​កាលពី​យប់​ថ្ងៃច័ន្ទ ​បន្ទាប់​ពីអ្នក​ដើរ​កម្សាន្ត​ច្រើន​រាប់​ពាន់​នាក់​ បាន​រត់ជាន់​លើគ្នា​នៅលើ​ស្ពាន​កោះពេជ្រ​ដោយ​មាន​មនុស្ស​ណែន ណាន់​តាន់​តាប់​ដែល​តភ្ជាប់​ដី​កោះ​ជាមួយ​ដីគោក​នោះ​។

អ្នក​បាន​បាត់​បង់​ជីវិតភាគ​ច្រើន​ជាស្ត្រីនិង​មាន​សំណួរ​ជា​ច្រើន​ត្រូវ​បាន​លើកឡើង​ថានរណា​ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​សោកនាដ​កម្ម​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​បញ្ជាក់​ថា​ សោកនាដ​កម្ម​នេះ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ ការវាយ តម្លៃ​សភាព​ការណ៍​ខុសនិង​បាន​ចាត់ទុក​ឧបទ្ទវ​ហេតុ​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ថា​ជា​មហា​វិនាស​កម្ម​និង​សោកនាដ​កម្ម​ដ៏​ធំមួយ​ចាប់​តាំងពី​ការ​កាប់​សម្លាប់​របស់​របប​ប៉ុល​ ពត នៅ​ក្នុង​ទសវត្សរ៍ ១៩៧០​៕

XS
SM
MD
LG