ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ៖ ​កំហឹង​ជាតិ​សាសន៍​បណ្តាល​ឱ្យ​ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង លោក Nguyen Tan Dung ពិភាក្សា​គ្នា​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣។ បញ្ហា​ជាតិ​សាសន៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​បាន​កក្រើក​ឡើង​​យ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​​នៃ​​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ដោយ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ការ​ដឹកនាំ​យ៉ាង​យូរ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ទឹកដី​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម ​និង​ចោទ​ប្រកាន់​ថា​ក្រុម​ហ៊ុន ​ជាច្រើន​របស់​ប្រទេស​វៀតណាម​បាន​ចូលមក​វិនិយោគ​លើ​វិស័យ​ព្រៃ​ឈើ​និង​បំផ្លាញ​ធនធាន​ខ្មែរ​ព្រម​ទាំង​បង្ក​ការ​រំលោភ​ដល់​សិទ្ធិ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដែល​ប៉ះពាល់។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង លោក Nguyen Tan Dung ពិភាក្សា​គ្នា​នៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៣។ បញ្ហា​ជាតិ​សាសន៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​បាន​កក្រើក​ឡើង​​យ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​​នៃ​​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ដោយ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ការ​ដឹកនាំ​យ៉ាង​យូរ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ទឹកដី​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម ​និង​ចោទ​ប្រកាន់​ថា​ក្រុម​ហ៊ុន ​ជាច្រើន​របស់​ប្រទេស​វៀតណាម​បាន​ចូលមក​វិនិយោគ​លើ​វិស័យ​ព្រៃ​ឈើ​និង​បំផ្លាញ​ធនធាន​ខ្មែរ​ព្រម​ទាំង​បង្ក​ការ​រំលោភ​ដល់​សិទ្ធិ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដែល​ប៉ះពាល់។
ជាង​ឈើ​ម្នាក់​ត្រូវ​បាន​ក្រុម​ពលរដ្ឋ​ដែល​មាន​កំហឹង​វាយ​រហូត​ដល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្រោយ​ពី​មានគ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​ ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ព្រួយ​បារម្ភថា​ជា​សញ្ញា​មួយ​បង្ហាញ​នូវ​កំហឹង​ជាតិ​សាសន៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​បុរស​រូប​នោះ​ដែល​មាន​ដើមកំណើត​វៀតណាម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អាជ្ញាធរ​និង​មន្ត្រី​សិទ្ធិ​មនុស្ស។

ង្វៀន វ៉ាន់​ជៀន (Nguyen Van Chyen) ​អាយុ​២៨​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ពី​ក្រោយ​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​នាវេលាម៉ោង​៩:៣០​នាទី​យប់​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤​បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​របស់​ខ្លួន។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​រាលដាល​ទៅ​ជា​ការ​ប្រវាយ​ប្រតប់​គ្នា​ក្រោយ​ពី​ម៉ូតូ​របស់​ជន​រងគ្រោះ​រូប​នោះ​បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​របស់ភាគី​មួយ​ផ្សេង​ទៀតដែល​ជិះមកតាម​ក្រោយ​ហើយ​បុក​បន្ត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​ពីរត្រង់​ចំណុច​សង្កាត់​ចាក់​អង្រែលើ​ខណ្ឌ​មាន​ជ័យ។​

អាជ្ញាធរខណ្ឌ​មាន​ជ័យ​បាន​ប្រាប់​វីអូអេ​ថា​មាន​បុរស​ម្នាក់​ឈ្មោះ​ ប៊ុន ចាន់​រដ្ឋា ​ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ក្រុ​ងភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ចោទ​ប្រកាន់​ទាក់​ទង​នឹង​ការ​សម្លាប់​បុរស​វៀតណាម​រូប​នោះ។

លោក​ម៉េង ហេងទិត្យ​អធិការ​រង​ប៉ូលិស​ខណ្ឌ​មាន​ជ័យ​បានបញ្ជាក់​ថា​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​រូប​នោះ​ហើយ​ក្រោយ​ពី​ចោទ​ប្រកាន់​ជា​ផ្លូវការ៖

«តុលាការ​គេ​ចោទ​ហើយ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស»។
សាក្សី​នានា​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា​អ្នក​ដែល​ឃើញ​ហេតុការ​ណ៍​ខ្លះ​បាន​ចូល​រួម​ជួយ​នៅ​ពេល​ដែល​ឮសម្រែក​ថា​ «យួន​វាយ​ខ្មែរ»។ ​

គេ​ពុំ​ទាន់​ឃើញ​មាន​ការ​បញ្ជាក់​ពី​ជន​ជាប់​ចោទ​ឬ​មេធាវី​របស់​គាត់​អំពី​ដំណើរ​រឿង​នេះ​នៅ ឡើយ​ទេ ​ហើយ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កំពុង​ព្យាយាម​ស្វែង​រក​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​នៅ​ឡើយ។

លោក​គួច ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​បាន​បញ្ជាក់​ថា​ការរើសអើង​ជាតិសាសន៍​ជា​ផ្នែក​មួយ​នៃ​អំពើ​ហិង្សា​នេះដែល​ឈាន​ទៅ​ការវាយតប់​គ្នា​ផ្តូរផ្តាច់​រហូត​មាន​មនុស្ស​ស្លាប់​ដូច្នេះ។

«កន្លង​ទៅ​អ្នកនយោបាយ​ក៏​បាន​និយាយ​យ៉ាងច្រើន​បែប​ការ​រើសអើង​ជាតិ​សាសន៍​ម៉្លោះ​ហើយ​ការ​បណ្តុះ​មនោគមវិជ្ជា​អញ្ចឹង​វា​តែង​តែ​វាមាន​ឥទ្ធិពល​អញ្ចឹង។ នៅ​ថ្ងៃ​ហ្នុង​នៅ​ពេល​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ចាប់​ផ្តើម​កើត​ឡើង​ហើយ​ក៏​វាមានការ​ស្រែក​បន្លឺ​ឡើង​អញ្ចឹង​ថា«យួន​វាយ​ខ្មែរ» អញ្ចឹង​ទៅ​វាបាន​បង្ក​ទៅ​ជា​អំពើ​ហិង្សា​រហូត​ដល់​បណ្តាល​ឱ្យ​គាត់​ស្លាប់​អញ្ចឹង»។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ដែល​បាន​តាមដាន​ហេតុការណ៍​នេះ​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅលើ​គ្រោះថ្នាក់​ដូចនេះ​ដោយ​យល់​ថា​ពលរដ្ឋ​គ្រប់​រូប​មិន​ថា​ជាតិសាសន៍​ណា​ត្រូវ​តែ​ទទួលការ​ការពារ​និង​គោរព​តាម​គោលការណ៍​នៃ​សិទ្ធិ​មនុស្ស​ដែលមាន​ជា​សាកល។

លោក​ចាន់ សូវ៉េត ​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិ​មនុស្ស​អាដហុក​បាន​បញ្ជាក់​ថា៖​ «សង្គម​ស៊ីវិល​ក៏​អត់​ចង់​ឱ្យ​ក្នុង​ស្រុក​យើង​កើត​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ដែរ។ យើង​ចង់​ឱ្យ​ស្ថានភាព​ការគោរព​ច្បាប់​ទម្លាប់​មិន​ថា​ជន​ជាតិ​ណា​ទេ​ត្រូវ​តែ​គោរព​ច្បាប់​ទម្លាប់​ទាំង​អស់​គ្នា​ហើយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ស៊ើបអង្កេត​រឿង​ហ្នឹង​ឱ្យ​បាន​ច្បាស់​លាស់​ថា​តើ​ហេតុផល​បណ្តាល​មក​ពី​អ្វី​ខ្លះ​ដែល​បណ្តាល​ឱ្យ​មាន​ការ​វាយ​គ្នា​រហូត​ដល់​ស្លាប់​អញ្ចឹង?»។​

បញ្ហា​ជាតិ​សាសន៍​រវាង​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​បាន​កក្រើក​ឡើងយ៉ាង​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេលនៃការ​បោះឆ្នោត​ឆ្នាំ​២០១៣​ដោយ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ការ​អាក់​អន់​ចិត្ត​នឹង​ការ​ដឹកនាំ​យ៉ាង​យូរ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​មាន​ការព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ទឹកដី​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម ​និង​ចោទ​ប្រកាន់​ថា​ក្រុម​ហ៊ុន ​ជាច្រើន​របស់​ប្រទេស​វៀតណាម​បាន​ចូលមក​វិនិយោគ​លើ​វិស័យ​ព្រៃ​ឈើ​និង​បំផ្លាញ​ធនធាន​ខ្មែរ​ព្រម​ទាំង​បង្ក​ការ​រំលោភ​ដល់​សិទ្ធិ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដែល​ប៉ះពាល់។

លោក​សែម ជី ​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ-វៀតណាម​នៅ​ព្រះរាជាណាចក្រកម្ពុជា​បាន​បញ្ជាក់​ថា ​បើ​ទោះ ​បី​ជា​ជន​រងគ្រោះ​មាន​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម​ ប៉ុន្តែ​ជា​អ្នក​ដែល​បាន​កើតនៅ​ខេត្ត​ពោធិ៍សាត់​និង​មាន​ប្រពន្ធដែល​ជា​ជន​ជាតិ​ខ្មែរ​កើត​នៅ​ខេត្ត​ស្វាយរៀង​ហើយកំពុង​មាន​ទម្ងន់​ជិត​គ្រប់​ខែ។

លោក​បាន​បន្ថែម​ថា​ខាង​សមាគមកំពុង​តែប្រមូល​ភស្តុតាង​ដើម្បី​ដាក់​ទៅ​អាជ្ញាធរ​កម្ពុជា​ទាមទារឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ការ​សម្លាប់​ជន​រងគ្រោះ​រូប​នោះ​ដោយ​លោក​យល់​ថា​វា​ជា​ការ​រើស​អើង​ពូជសាសន៍​ជាជាង​ហិង្សា​ដែល​កើត​ឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​តែ​មួយ​មុខ។

«យើង​ខ្ញុំ​នឹង​មាន​លិខិត​មួយ​ដើម្បី​ស្នើ​ដល់​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ដើម្បី​ស៊ើបអង្កេត​ករណី​ខាងលើ​ហ្នឹង​ជនណា​ដែល​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​ញុះញង់​ប្រកាន់​ពូជសាសន៍​ហ្នឹង​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

អាជ្ញាធរ​មាន​សមត្ថកិច្ច​បានឱ្យ​ដឹងថា​ប៉ូលិស​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត៕
XS
SM
MD
LG