ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋមន្ត្រី​វៀតណាម​គ្រោង​ទស្សន​កិច្ច​នៅ​កម្ពុជា​ខណៈ​នយោបាយ​តានតឹង


លោក ​​ង្វៀន តាន់យុង ​(Nguyen Tan Dung)​ នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រ៊ុយណេ ខែ​មសា ឆ្នាំ​២០១៣។
ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​និយាយ​ថា​ ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​ ប្រទេស​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​នយោបាយ​កាន់​តែ​ ឡើង​កម្តៅ។​ ការ​រិះគន់​នានា​ ជាពិសេស​ទៅលើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​វៀតណាម​ នឹង​អាច​កម្រើកឡើង។

លោក ង្វៀន តាន់យុង ​(Nguyen Tan Dung)​ នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​ខែ​មករា​ ចំ​ពេល​ដែល​ ប្រទេស​កម្ពុជា​កំពុង​មាន​ការ​ជាប់គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ​និង​ភាព វឹកវរ​នយោបាយ​ផ្ទៃ​ក្នុង។​ ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​និយាយ​ថា​ ទស្សន​កិច្ច​នេះ​អាច​ ធ្វើឲ្យ​មាន​កំដៅ​នយោបាយ​កាន់តែ​ខ្លាំង​ដោយ​សារ​អ្នក​នយោបាយ​កម្ពុជា​មិន​ ទាន់​អាច​រក​ការ​សម្រប​សម្រួល​ណា​មួយ​បាន​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​ដំណើរ​ នយោបាយ​ចាប់​តាំងពី​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​មក។​

ប្រទេស​វៀតណាម​ត្រូវ​ពលរដ្ឋ​ជា​ច្រើន​ចោទ​ប្រកាន់​ថា ​មាន​ទំនាក់​ទំនង​ស្និទ្ធ ស្នាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ត្រូវ​ក្រុម​មេ​ដឹកនាំ​គណបក្ស​ ជំទាស់​ចាត់ទុក​ថា​ ជា​អ្នក​រំលោភ​បំពាន​ និង​ឈ្លានពាន​ទឹកដី​កម្ពុជា​ទៀត​ផង​ ទោះ​បី​រឿង​នេះ​វៀតណាម​ធ្លាប់​បដិសេធ​ក្តី។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ បាន​អះអាង​ថា​ ទស្សនកិច្ច​ របស់​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​ទំនង​ជា​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ កម្ពុជា​សព្វថ្ងៃ​ទេ​ ហើយ​ក៏​មិន​មាន​ការ​ស្វាគមន៍​ទូលំទូលាយ​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែរ។​

«ទស្សន​កិច្ច​នេះ​ជាបញ្ហា​រស៊ើប​មួយ​នៅ​ប្រទេស​កម្ពុជា ​មិនមែន​សម្រាប់​រដ្ឋាភិបាល​ទេ​គឺសម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ទាំងអស់​ដែរ​ ជាពិសេស​គឺអ្នក​ដែល​កំពុងតែ​ធ្វើ​ការ​តវ៉ា​សព្វ​ថ្ងៃ»។​

លោក​ថ្លែង​បន្ត​ថា​ ទស្សន​កិច្ច​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទោះជា​កម្ពុជា​មាន​វិបត្តិ​នយោបាយ​រវាង​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​គណបក្ស​ជំទាស់​យ៉ាង​ណា​ក្តី​ ​តែ​កម្ពុជា​នៅតែ​មាន​ប្រក្រតីភាព​ក្នុង​ការ​ទំនាក់​ទំនង​ក្នុង​និង​ក្រៅ​ប្រទេស​ដដែល។​

លោក​អ៊ូ គីមហួត ​អ្នកវិភាគ​ម្នាក់​ក្នុងរដ្ឋ​ភេស៊ីលវីនៀ ​(Pennsylvania)​ ស.រ.អា.​បាន​ថ្លែង​ថា​ ទស្សនកិច្ច​របស់​វៀតណាម​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធំ​ទៅ​ បើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​សាស្ត្រ។​

«មិនមែន​ជារឿង​ល្អ​ទេ​ ព្រោះ​ច្រើន​តែពួក​អ្នក​ធំ​យួន​ហ្នឹង​មក​ទស្សន​កិច្ច​នៅស្រុក​ខ្មែរ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​ផ្សេងៗ​ហ្នឹង​ ច្រើន​តែ​ធ្វើ​ឲ្យ​វិបត្តិ​ហ្នឹង​រិតតែ​ធ្ងន់ធ្ងរ​ទៅ»។​

ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា​ គេ​គួរ​រង់ចាំ​មើល​ដែរ​ ថា​តើ​ប្រវត្តិសាស្ត្រ​នឹង​វិល​ត្រឡប់​មក​វិញ​ឬ​យ៉ាងណា។​ លោក​ពុំបាន​បញ្ជាក់​ថា បញ្ហា​ពី​អតីតកាល​នោះ​ជា​រឿង​អ្វី​ខ្លះ​ទេ។ ​តែ​លោក​បាន​បន្ថែម​ថា​ ទស្សន​កិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នេះ​មិន​អាច​ទប់ស្កាត់​ការ​រិះគន់​ពី​ពលរដ្ឋ​កម្ពុជា​ដែល​ខឹង​សម្បារ​នោះ​បាន​ទេ។​

«វៀតណាម​ហ្នឹង​បាន​ធ្វើអ្វី​ខ្លះ​គួរ​ជាទី​ស្រឡាញ់​ដល់​ខ្មែរ​នោះ​គឺ​ថា​ វៀតណាម​បាន​ ពង្រីក​យក​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ហើយ​មក​យក​កោះត្រល់​គេហ្នឹង​ ​រួច​យើង​ បញ្ជូន​មនុស្ស​មក​ឲ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង ​ធ្វើ​ចំការ​កៅស៊ូ ​(ដី​សម្បទាន)​ ដល់​ទៅ​៩៩​ឆ្នាំ​ដែល​គួរ​ជាទី​ភិតភ័យ​ដល់​គេ​ហ្នឹង​គឺថា​ អាហ្នឹង​វាជា​ធម្មតា​ចំពោះ​ ការ​ទិតៀន​របស់​ពលរដ្ឋ​ខ្មែរ។ ​វាមិន​មាន​អ្វី​ប្លែក​ទេ។​ ដូច្នេះ​ចំពោះ​ខ្ញុំ​ ដែល​ទៅ​ទប់ ស្កាត់​គេ​មិន​ឲ្យ​ទិតៀនអំពើ​អាក្រក់​របស់​យើង​ ខ្ញុំ​ថា ​វា​ជា​ការ​មិន​សមរម្យ​ ជា​ការ​ មួយ​ខ្វះ​យុត្តិធម៌។ ​ដូច្នេះ​នេះ​ជាការ​មួយ​ដែល​មនុស្ស​មិន​អាច​ទទួល​បាន​ទេ»។​

លោក​កឹម​ សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ពុំបាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះទស្សន​កិច្ចនេះ​ទេ​ តែ​បាន​បញ្ចេញ​ប្រតិកម្ម​តិចតួច​របស់​លោក​ថា៖​ «យើង​ដឹង​ហើយ​ថា ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​វៀតណាម​ហ្នឹង​ គេ​ទំនាក់​ទំនង​គ្នា​រហូត។​ គេ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក»។​

ប្រតិកម្ម​ទៅ​នឹង​ការ​រិះគន់​អំពី​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋន្ត្រី​វៀតណាម​នេះ​ លោកផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ បាន​អះអាង​ថា​ ទស្សន​កិច្ច​នេះ​ ជា​រឿង​ដាច់ដោយ​ឡែក​ពី​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ហើយ​ជា​ប្រក្រតី​ភាព​ របស់​កម្ពុជា​ជា​ប្រជាជាតិ​មួយ​របស់​សមាគម​អាស៊ាន។​

«ប្រជាជាតិ​អាស៊ាន​ហ្នឹង​យើង​មិន​យក​អ្នក​ណា​ជា​សត្រូវ​ទេ​ ដែល​នយោបាយ​ អាស៊ាន​ហ្នឹង​ខុស​ដាច់​ចេញ​ពី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ មើល​យួន​ជា​សត្រូវ។​ រឿងនេះ​វា​ប្រឆាំង​នឹង​របត់​នៃ​នយោបាយ​របស់​អាស៊ាន»។​

ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ង្វៀន តាន់យុង​នេះ​គឺ​តាម​ការ​អញ្ជើញ​ របស់​លោក​នាយក​រដ្ឋន្ត្រី​ហ៊ុន​ សែន​ដែល​បាន​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ វៀតណាម​កាលពី​សប្តាហ៍​ថ្មីៗ​នេះ។​ លោកតាន់យុង​គ្រោង​នឹង​ចូលរួម​ក្នុងកិច្ច​ប្រជុំ​សន្និសីទស្តីពី​បញ្ហា​វិនិយោគ​នៅ​កម្ពុជា៕
XS
SM
MD
LG