ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​ សែន​ទៅ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀតណាម


លោកហ៊ុន​ សែន​និង​លោកនាយករដ្ឋមន្ត្រី​វៀតណាម​Ngyen Tan Dung
លោកហ៊ុន​ សែន​និង​លោកនាយករដ្ឋមន្ត្រី​វៀតណាម​Ngyen Tan Dung
ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​ប្រាំបួន​ជាមួយ​គ្នាក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ចំនួន​បីថ្ងៃ។

​ទស្សនកិច្ច​នេះចាប់​ផ្តើម​នៅថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែធ្នូ​នេះ​ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៨​ខែធ្នូ។

លោក​ស្រ៊ី ​ថាមរង្គ​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទីក្រុង​ភ្នំពេញ​ថា​កិច្ចព្រមព្រៀង​ទាំងនោះ​ផ្តោត​លើ​វិស័យ​ព័ត៌មាន ​សន្តិសុខ​ ពាណិជ្ជកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ។

«គឺ​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការផ្លាស់​ប្តូរ​ទំនិញ ​ទី២​កិច្ច​សម្រប​សម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​ ទី៣​គឺ​សន្ធិ​សញ្ញាបត្យា​ប័ន​ផ្លាស់​ប្តូរ​អ្នកទោស ​ទី៤​សហ​ប្រតិបត្តិការ​ស្តីពី​ព័ត៌មាន​ឆ្នាំ​២០១៤-២០១៥ ​ទី៥​គឺ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្រាប់​សាងសង់​ស្ពាន​ជ្រៃធំ ​ផែនការ​សកម្មភាព​លើ​វិស័យ​អប់រំ ​ទី​៧​ផែន​ការ​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា​និង​វៀតណាម ​ទី​៨ផែនការ​សហប្រតិបត្តិការ​រវាង​បណ្ណសារ​ដ្ឋាន​ជាតិ​នៃ​សាកលវិទ្យាល័យ​កិច្ចការ​ផ្ទៃក្នុង​ទីក្រុង​ហាណូយ​ជាមួយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​ទី៩​គឺ​កិច្ចព្រមព្រៀង​ទិញជី​កសិកម្ម»។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នឹង​ជួបសន្ទនា​ជាមួយ​សមភាគី​របស់​លោក​គឺ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ​ង្វៀន តាន់ហ្ស៊ុង​(Ngyen Tan Dung) ​ជួប​ជាមួយ ​ប្រធាន​ រដ្ឋសភា​លោក ង្វៀន ស៊ីនហុង ​ជួប​ជាមួយ​ប្រធានរដ្ឋ​លោក​ត្រឿង តាន់​សាង ​និង​លោក​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម។

​លោកហ៊ុន សែន ​នឹង​ត្រូវ​ជួប​ជាមួយ​សមាគម​វិនិយោគិន​វៀតណាម​នៅ​កម្ពុជា​និង​ជួប​ជាមួយ​សមាគម​មិត្តភាព​វៀតណាម​កម្ពុជា​ផងដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​មុន​នឹង​ប្រទេស​កម្ពុជា​រំលឹក​ខួបទី​៣៥ឆ្នាំ​នៃ​ការផ្តួល​រំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​៧​មករា ​ក្រោម​ជំនួយ​ពី​កងទ័ព​វៀតណាម​ដែល​ក្រោយមក​ប្រទេស​វៀតណាម​ទទួល​រង​ការចោទ​ប្រកាន់​ថា​បាន​ជួយ​កម្ពុជា​ដោយ​មិនសុទ្ធចិត្ត​និង​បាន​លុកលុយ​ប្រទេស​កម្ពុជា។

​លោកស្រ៊ី ថាមរុង្គ ​អះអាង​ថា​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​គ្រោង​នឹង​ជួប​អតីត​កងទ័ព​វៀតណាម​ដែល​បាន​ចូលរួម​ប្រតិបត្តិការ​សឹក​នៅ​កម្ពុជា​ផង​ដែរ។

«សម្តេច​ក៏​មាន​កម្មវិធី​ជួប​ជាមួយ​អតីត​យុទ្ធជន​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ចូលមក​រំដោះ​យើង​ពីព្រោះ​ថា​នៅ​មិន​ដល់​កន្លះ​ខែ​ទៀត​ទេ​ដល់ថ្ងៃ​៧មករា​ដែលជាថ្ងៃ​យើងបាន​រស់​រាន​មាន​ជីវិត​ឡើងវិញហើយ​បើកុំតែ​បាន​ការជួយឧបត្ថម្ភ​តាម​ការស្នើសុំ​របស់​រណសិរ្ស​យើង​ក៏យើង​រស់​មិន​បាន​មក​ដល់​ថ្ងៃ​នេះ​ដែរ»។

អម​ដំណើរ​ក្នុងគណ​ប្រតិភូ​នេះមាន​រដ្ឋ​មន្ត្រី​ការបរទេស ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​និង​ ទេសរដ្ឋមន្ត្រីមួយ​ចំនួន។

ការ​បំពេញ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ធ្វើឡើង​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ដោះ​មិនចេញ​ចាប់តាំងពី​ការបោះឆ្នោត​ខែកក្កដា​មកម្ល៉េះ។

គណបក្ស​ជំទាស់​កំពុង​ដឹកនាំ​ការតវ៉ា​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ភាព​ជាប់គាំង​នេះ។
​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ដឹកនាំ​បាតុកម្ម​ក្រុមកម្មករ​ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រមុខ​រដ្ឋាភិបាល​គឺជា​ដំណើរ​ទស្សនកិច្ច​ប្រឹក្សា​យោបល់។

«លោកហ៊ុន សែន ​ទៅ​ប្រទេស​វៀតណាម។​គាត់​មាន​ការព្រួយ​បារម្ភ។​គាត់​ទៅ​សួរ​ចៅហ្វាយ​នាយ​គាត់​សួរ​ចៅហ្វាយ​នាយ​គាត់​ថា​ធ្វើម៉េច​ឥឡូវ​ហ្នឹង»។

ក៏ប៉ុន្តែ​លោកខៀវ កាញ៉ារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​បានថ្លែង​ប្រាប់​អ្នកកាសែត​មុន​នឹង​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​វៀតណាម​ថា​លោក​សម រង្ស៊ី ​ចង់ដុត​កំដៅ​នយោបាយ​នៅ​កម្ពុជា៕
XS
SM
MD
LG