ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ដី​សម្បទាន​នៅ​ព្រៃឡង់


អ្នក​ភូមិ​កម្ពុជា​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។
អ្នក​ភូមិ​កម្ពុជា​​បាន​រង​ប៉ះពាល់​ដោយ​ការ​បាត់បង់​ដីធ្លី​នៅ​ព្រៃ​ឡង់ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស បន់ស្រន់​នៅ​ទីសក្ការៈ​បូជា​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១១។
ភ្នំពេញ៖ បន្ទាប់​ពី​បានចុះ​ទៅ​មើល​ឃើញ​ទិដ្ឋភាព​ផ្ទាល់​ភ្នែក​ក្នុង​ខេត្តកំពង់​ធំ​កាលពី​ដើម​សប្តាហ៍​នេះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យបញ្ឈប់​ជាបន្ទាន់​នូវ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល​៩៩​ឆ្នាំ​នៅ​តំបន់​ព្រៃឡង់​ទៅ​ឱ្យក្រុម​ហ៊ុន​បរទេស​ប្រយោជន៍​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពី​ក្រុម​ហ៊ុន​មក​ពី​បរទេស។

លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​តំបន់​ព្រៃឡង់​មាន​ព្រៃឈើ​ធំៗ​ត្រូវ​បាន​កាប់​រំលំ​សម្រាប់​នាំ​ចេញចំណែក​ឯឈើតូចៗ​ក្រុម​ហ៊ុន​បាន​ដុត​បំផ្លាញ​ចោល។ ​លោក​បាន​បញ្ជាក់​ថា​បើ​មិន​ការ​ទប់​ស្កាត់​ទេ​ព្រៃឈើ​កម្ពុជា​នឹង​ត្រូវ​បាត់​បង់​តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទៅ​ឱ្យប្រទេស​វៀតណាម។

លោក​និយាយ​ថា៖​«​ពាក់​ព័ន្ធ​ព្រៃ​ឡង់​ ទី​មួយ​យើង​សុំ​បញ្ឈប់​ឱ្យការ​កាប់​ព្រៃ​ឈើ​ជាបន្ទាន់​ពី​ព្រោះ​គេ​បំផ្លាញ​ព្រៃ​ឈើ​យើង​ចោល។ ​ទី​២​សុំ​ឱ្យបញ្ឈប់​ការ​ផ្តល់​ដី​ទៅ​ឱ្យក្រុម​ហ៊ុន​បរទេស​ជាពិសេស​ប្រទេស​ជិត​ខាង​ហ្នឹង​យ៉ាង​សន្ធឹក​សន្ធាប់​រយៈ​ពេល​វែង​ហើយ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​កាន់​អំណាច​យើង​នឹង​សើរើ​កិច្ច​សន្យា​ហ្នឹង​ឡើង​វិញ»។

ព្រៃឡង់​គឺជា​ព្រៃ​ក្រមុំ​នៅ​តំបន់​អាស៊ី។ ​ព្រៃ​នេះ​មាន​ព្រំប្រទល់​ជាប់​នឹងបួន​ខេត្ត​ក្នុង​ប្រទេស​កម្ពុជាគឺ​ខេត្ត​ស្ទឹង​ត្រែង ​ក្រចេះ​ ព្រះវិហារ​ និង​ ខេត្ត​កំពង់​ធំ។

លោក​កឹម សុខា​បាន​អះអាង​ទៀត​ថា​បច្ចុប្បន្ន​នេះ​តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល​៩៩​ទៅ​ឱ្យក្រុម​ហ៊ុន​វៀតណាម​នៅ​តំបន់​ព្រៃឡង់។​វៀតណាម​មិន​ត្រឹម​តែ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​នៅទី​នោះទេ​គឺថែម​ទាំង​បាន​នាំ​ពលរដ្ឋ​របស់​ខ្លួន​មក​តាំង​ទី​លំនៅ​និង​បង្កើត​កូន ​ពូន​ជាចៅ​នៅ​ទីនោះ​ទៀត​ផង។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំង​ពីរ​គឺ​ លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ បាន​ដឹក​នាំ​មន្ត្រី​គណបក្ស​កាលពី​ថ្ងៃ​ពុធ​ចុះ​ទៅ​តំបន់​ព្រៃឡង់​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឱ្យចេះ​ការ​ពារ​ព្រៃឈើ។​

យោង​តាម​របាយការណ៍​របស់​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ជាអង្គការ​មួយ​ទើបបង្កើត​ថ្មី​ដើម្បី​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​កម្ពុជា​បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ សម្បទាន​ព្រៃឈើ​ និង​ សម្បទាន​រ៉ែ​ រយៈពេល​៩៩​យ៉ាង​តិចដល់​ក្រុម​ឯកជនចំនួន​៣៤​នៅ​តំបន់​ព្រៃឡង់។ ​ភាគច្រើន​ក្រុម​ហ៊ុន​ទាំង​នោះ​មក​ពី​ប្រទេស​វៀតណាម។​

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៣៤​ ​ក្រុមហ៊ុន ​សម្បទាន​ព្រៃឈើ​មាន​ចំនួន​៥​ ដែល​គ្រប​ដណ្តប់​ផ្ទៃដី​ប្រមាណជាង​៧៤ម៉ឺន​ហិកតា​ ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន​១៥​ គ្រប​ដណ្តប់​ផ្ទៃដីចំនួន​ជាង​១៥ម៉ឺន​ហិកតា​ និង​ក្រុម​ហ៊ុន​ក្រុម​ហ៊ុន​ សម្បទាន​រ៉ែ​មាន​ចំនួន​១៤ដែលបាន​គ្រប​ដណ្តប់​ផ្ទៃដី​ចំនួន​ជាង​២៨ម៉ឺន​ហិកតា។

ផ្ទៃដី​សរុប​ទាំង​៣៤​ក្រុម​ហ៊ុន​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល​៩៩​ឆ្នាំនៅ​តំបន់​ព្រៃឡង់​មាន​ផ្ទៃដី​សរុប​ចំនួន​ជាង​១លាន​និង​៤ម៉ឺន​ហិកតា។

លោក​ អ៊ូច ឡេង​ ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឱ្យដឹង​ថា​ព្រៃឡង់​ដែល​នៅ​សល់​សព្វថ្ងៃនេះ​មាន​តែជាង​១៨​ម៉ឺន​ហិចតា​តែប៉ុណ្ណោះ​ដែល​ជាចំនួន​ដ៏តិច​តួច​បំផុត​និង​គួរ​ឱ្យព្រួយ​បារម្ភ។

លោក​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ សម្បទាន​សេដ្ឋកិច្ច​ទាំង​៣៤​ក្រុម​ហ៊ុន​មាន​ប្រមាណ​៨០%​ជាក្រុម​ហ៊ុន​មកពី​ប្រទេស​វៀតណាម​ហើយ​ឥឡូវ​នេះ​តំបន់​ព្រៃឡង់​ប្រជាពលរដ្ឋ​នាំគ្នា​ថា​ជាទី​ក្រុង​ទី​ សៃហ្កនពីរ​«ជាឈ្មោះ​ទី​ក្រុង​មួយ​ក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ន»។

លោក​និយាយ​ថា​៖​«​ប្រជាពលរដ្ឋ​គាត់​យល់​ថា​ជាទី​ក្រុង​សៃ ហ្កន​ ២​នៅ​ប្រទេស​វៀតណាម​និង​នៅ​ប្រទេស​កម្ពុជា​គេអាច​អញ្ចឹង​នេះ​គោល​ការណ៍​គេ​ប៉ុន្តែ​នយោបាយ​ថ្ងៃ​មុខទៀត​យ៉ាង​ម៉េច​យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ទេ។​ប៉ុន្តែ​នៅ​តំបន់​នៅ​សុទ្ធតែ​ក្រុម​ហ៊ុន​របស់​វៀតណាម​ទាំង​អស់។ ក្រុម​ហ៊ុន​ចំការ​កៅស៊ូ​នៅ​តំបន់​ព្រៃឡង់​ហ្នឹង»។

លោក​ Trang Van Thong ​អ្នកនាំ​ពាក្យស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​ដែល​និយាយ​ភាសារ​ខ្មែរ​យ៉ាង​ច្បាស់​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​«ជា​ការ​មួល​បង្កាច់»។

លោក​បាន​និយាយ​ថា​ក្រុម​ហ៊ុន​របស់​វៀតណាម​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​គោល​បំណង​បង្កើន​សេដ្ឋកិច្ច​នៅ​ប្រទេស​ដែល​មានភូមិ​ផង​របង​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖​«​វៀតណាម​តាំង​ពីពេល​មុន​មក​គ្មាន​គោល​បំណង​ហ្នឹងទេ។ ​វៀតណាម​គ្រាន់​តែ​ជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយ​កម្ពុជា​ ជិត​ខាង​ជាមួយ​កម្ពុជា​ហើយ​ការ​វិនិយោគ​ទុន​គឺជា​រឿង​ធម្មតា​ទេ។​វៀត​ណាម​ក៏វិនិយោគ​ទុន​ក្រៅ​ពី​នៅ​កម្ពុជា​ដែរ​និង​ប្រទេស​មួយ​ចំនួន​ទៀត»។​

លោក​ ផៃ ស៊ីផាន​អ្នក​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថារាល់​ការ​វិនិយោគ​ទុន​ទាំង​ឡាយ​របស់​ក្រុម​ហ៊ុន​ឯកជន​គឺ​ត្រូវ​គោរពច្បាប់​របស់​ប្រទេស​កម្ពុជា​ហើយ​រដ្ឋាភិបាល​តាម​ឃ្លាំមើល​ជានិច្ច​នូវ​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ឯក​ជន​បន្ទាប់ពី​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG