ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​យុទ្ធនាការ​លុបបំបាត់​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នៅ​វៀតណាម


ព្រះតេជគុណ ដាញ់ តូន បង្ហាញ​រូបថត​លោក​សង្ឃ​បី​អង្គ​ដែល​នៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម។ (រូបថត​ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ)
ព្រះតេជគុណ ដាញ់ តូន បង្ហាញ​រូបថត​លោក​សង្ឃ​បី​អង្គ​ដែល​នៅ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម។ (រូបថត​ដោយ ម៉ែន គឹមសេង វីអូអេ ខ្មែរ)
ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​បាន​ប្រកាស​បើក​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការធ្វើ​ទារុណកម្ម​អ្នក​ទោសនៅក្នុង​ប្រទេស​វៀតណាមដែល​ក្នុង​នោះ​មាន​អ្នក​រងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោមដែលទទួលរងការធ្វើ​ទុក្ខបុក្ខម្នេញ​ពី​រដ្ឋាភិបាល​កំម្មុយនិស្ត​វៀតណាម​ដោយ​សារ​តែ​ជំនឿសាសនានិង​សិទ្ធិ​ដីធ្លីរបស់​ពួកគេ​។

តាម​របាយការណ៍​ស្តី​ពី​«ការធ្វើ​ទារុណកម្ម​និង​ការធ្វើ​ទុកបុកម្នេញ​អ្នក​ទោស​នយោបាយបាយ​និង​ជំនឿ​សាសនានៅ​ប្រទេស​វៀតណាម​» ដែល​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​ក្នុង​មន្ទីររដ្ឋ​សភាជាតិ​សហរដ្ឋ​អាមេរិកដែល​ជាផ្នែក​មួយ​នៃ​យុទ្ធនាការនេះ​ បាន​លើក​យក​ករណី​នៃ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​ដោយ​ការ​ឆក់​ខ្សែភ្លើង ការ​វាយ​តប់ ការ​ជ្រមុជ​ទឹក​និង​ការដាក់​ឃុំ​ក្នុង​គុក​ងងឹត​ជាដើម។ របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ពី​ករណី​សិក្សា​លើ​សកម្មជន​សិទ្ធិ​ដីធ្លី​ខ្មែរ​កម្ពុជា​ក្រោម​និង​ពលរដ្ឋ​កម្ពុជា​ដែល​ជួយ​ដល់​អ្នក​រត់​មក​សុំ​សិទ្ធិ​ជ្រក​កោន​ផងដែរ។

ព្រះតេជគុណ​ដាញ់ តូន បច្ចុប្បន្ន​គង់​នៅ​រដ្ឋ​ផេនស៊ីវេនៀ សហរដ្ឋអាមេរិក​ ធ្លាប់​ត្រូ​វបាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​បួនឆ្នាំ​កាលពីថ្ងៃទី​៨​ខែ​កុម្ភៈ​ឆ្នាំ​២០០៧​ដោយ​សារ​តែ​បាន​ដឹកនាំ​ព្រះសង្ឃចំនួន​២០០​អង្គ​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​គោរពសាសនា​និង​សិទ្ធិ​មនុស្ស​បាន​ថ្លែង​បា្រប់​ដល់​សន្និសីទ​សារព័ត៌មាន​ថា​ក្នុងរយៈ​ពេល​នៃ​ការ​ឃុំ​ឃាំង​នោះ​ព្រះ​អង្គបាន​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្នុងរយៈ​ពេល​៦​ខែ​ជាប់​ៗ​គ្នា​ដោយ​មិន​ឱ្យ​ក្រុម​គ្រួសារ​ដឹង​ដំណឹង​អ្វី​ទាំងអស់។​

ព្រះ​អង្គបាន​រៀបរាប់​ឡើងវិញ​ពី​ស្ថាន​ភាព​នោះ ថា៖

«នៅ​ក្នុង​ពេល​ដែល​អាត្មា​ត្រូវ​យក​ចម្លើយ​គឺ​ពេល​ដែល​ចេញ​យក​ចម្លើយ​ម្តងៗ​អាត្មាទទួល​ធ្វើ​ទារុណកម្ម​ជារៀងរាល់​ថ្ងៃ​មាន​ការ​វាយ មានការ​ចងដៃ​ចងជើង​ មាន​ការ​ចាក់​ថ្នាំ​មាន​ការ​ឱ្យ​លេប​ថ្នាំ​សន្លប់​ជាដើម​ ហើយ​ការ​យក​ចម្លើយ​ទៀត​សោត​គឺ​មិន​បាន​យក​ពេល​ថ្ងៃ​ទេ​គឺ​យក​ពេល​កណ្តាល​អាធ្រាត​ម៉ោង​១២​យប់​។ បើ​និយាយ​អំពី​ការរស់​នៅ​ប្រចាំ​ថ្ងៃ​គឺ​រស់​នៅ​ក្នុង​គុកងងឹត​តូច​មួយប្រហែលជា​បីម៉ែត្រ​បណ្តោយ​និង​ទទឹង​មួយ​ម៉ែត្រ​កន្លះ​។ កន្លែងដែល​ដេក​នៅ​គឺអត់​មាន​មុង​អត់​មាន​កន្ទេល​អត់​មាន​ខ្នើយហើយ​យើង​នៅ លើ​ព្រលាន​គឺ​ពិបាក​នឹង​រស់​ពិបាក​នឹង​ស៊ូទ្រាំ​ណាស់»។​

មាន​អ្នក​ផ្តល់​សក្ខីកម្ម​ពីរនាក់​ផ្សេង​ទៀត​ដែល​ជា​អតីតអ្នក​ទោស​និង​ម្នាក់​ទៀត​ជា​ម្តាយ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូបដែល​កំពុងជាប់​ពន្ធនាគារ​ក៏​បាន​មក​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ធ្វើ​ទារុណ​កម្ម​នៅ​ប្រទេស​វៀតណាម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាល។​

មាន​អ្នក​ទោស​មនសិការ​ប្រហែល​៦០០​នាក់​នៅ បន្ត​រង​ការ​ធ្វើ​បាប​ក្នុង​ពន្ធនាគារ​នានា​នៅ​ប្រទេស​វៀតណាម។ នេះ​បើតាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​អនុគណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក។

លោក​ថាច់​ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានប្រាប់​វីអូអេថា​ទម្រង់​នៃ​ការ​ធ្វើ​ទារុណកម្ម​ចំពោះ​អ្នក​ទោស​ជា​ខ្មែរ​កម្ពុជា​ក្រោម​គឺ​របៀបជា​គំនុំ​ពូជសាសន៍ហើយ​មាន​លក្ខណៈ​ខុស​ពី​អ្នក​ទោស​ជន​ជាតិ​វៀតណាម​។

លោក​បាន​បន្ថែម​ថា៖​

«យើង​ឃើញ​ថា​ការនេះ​គឺ​ជា​របៀបគំនុំ​ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់ថា​ជាការ​ប្រកាន់​ពូជសាសន៍​ទោះ​បី​ជា​ខាង​គណៈ​កម្មការ​អន្តរជាតិ​ក៏​បាន​គូស​បង្ហាញ​ជាច្រើន​លើក​ច្រើន​សារ​ថា​រដ្ឋាភិបាល​វៀតណាម​ការ​ធ្វើ​អ្វី​ទៅ​លើ​មនុស្ស​ដែល​មិន​មែន​ជា​ជន​ជាតិ​វៀតណាម​គឺ​ធ្វើ​របៀប​លក្ខណៈ​ប្រកាន់​ពូជសាសន៍»។​

លោក​បាន​ពន្យល់​បន្ថែម​ថាពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ធ្វើ​ខុស​បន្តិច​បន្តួច​គឺ​ប្រឈម​នឹង​ទារុណកម្ម​វាយធ្វើ​បាប​លើ​រាងកាយ​ភ្លាម​នៅ​ពេល​ដែល​អាជ្ញាធរ​ចាប់​បាន​ដោយមិន​មាន​ការ​សួរនាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​សិន​ទេ។​

​កាលពីថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​ ​វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ចុងក្រោយ​គេ​បង្អស់​ដែល​ចុះហត្ថលេខាលើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​។

លោកស្រី​ សារ៉ា ខុម អ្នក​ស្រាវជ្រាវ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​បាន​ធ្វើ​ការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជាយូរ​បាន​បញ្ជាក់ថាការចុះ​ហត្ថលេខា​និង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ប្រឆាំង​នឹង​ការធ្វើ​ទារុណកម្ម​គឺ​ជា​កត្តា​សំខាន់​មួយ​ប៉ុន្តែ​នៅ មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ប្រទេស​នេះត្រូវ​ធ្វើ​។

«បញ្ហា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទប់​ស្កាត់​ការធ្វើ​ទារុណកម្ម​គឺ​ការ​បើក​ពន្ធនាគារ​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​ឯករាជ្យ​ចូល​មើល​និង​ហាម​ឃាត់​ការ​ឃុំ​ឃាំង​មនុស្ស​ក្នុង​ទីដាច់​ដោយឡែក​ដោយ​មិន​ឱ្យ​ទាក់​ទង​ក្រុម​គ្រួសារ​របស់​ពួកគេ​ក្នុងរយៈ​ពេល​យូរ​ហើយ​គ្មាន​អ្នក​តំណាង​ខាងផ្លូវ​ច្បាប់​ឱ្យ​ទៅ​ពួកគេ។ ក្នុង​ករណី​ខ្លះ​ក្រុម​គ្រួសារ​គេ​មិន​ដឹង​ថាពួកគេ​នៅ​ទីណា​ទេ»។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​និង​ធ្វើ​ការត្រួត​ពិនិត្យលើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈខាងមុខ​នេះហើយ។​

លោក​គ្រីស ស្មីត ប្រធាន​អនុគណៈកម្មការ​ អាហ្វ្រិក សុខភាព​ពិភព​លោក សិទ្ធិ​មនុស្ស​ពិភព​លោក​ និង​អង្គការ​អន្តរជាតិ​នៃ​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភាជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ប្រទេស​វៀតណា​ម​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការរក​ឃើញ​នូវ​ការធ្វើ​ទារុណកម្ម​និង​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ដែល​ប្រព្រឹត្ត​លើ​អ្នក​ទោស​នយោបាយ​និង​សាសនា​ហើយ​វា​ជា​បន្ទុក​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ចាប់​ប្រទេស​វៀតណាម​ឱ្យ​គោរព​សិទ្ធិ​មនុស្ស។

«បណ្តា​ប្រទេស​នៅក្នុង​ក្រុមប្រឹក្សា​នេះ​ក្នុង​នោះ​មាន​តំណាង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផង​ចាំ​បាច់​ត្រូវ​តែ​លើក​យក​បញ្ហា​ដែល​មាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​ការ​ធ្វើ​ទារុណកម្ម»។

យុទ្ធនាការ​ដែល​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​នេះ​ចូលរួម​ដោយ​អង្គការ​និង​សមាគម​ចំនួន​១៧​ដែល​ក្នុង​នោះ​មាន​មូលនិធិ​ខ្មែរ​ក្រោម និង​អង្គការ​សិទ្ធិ​មនុស្សរបស់​ក្រុម​ម៉ុងតាញ៉ាផងដែរ៕
XS
SM
MD
LG