ភ្នំពេញ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិបានដាក់ឱសានវាទសម្រាប់ការត្រូវរ៉ូវគ្នាផ្នែកនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងយូរបំផុតត្រឹមថ្ងៃទី២២ខែកញ្ញានេះ បើពុំនោះទេតំណាងរាស្ត្រគណបក្សជំទាស់នឹងមិនចូលប្រជុំសភានោះទេ។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះដោយបញ្ជាក់ថាកិច្ចប្រជុំសភាដំបូងនឹងធ្វើឡើងនៅថ្ងៃទី២៣ខែកញ្ញានៅវេលាម៉ោង៨ព្រឹក ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់បាតុករប្រមាណជាងមួយម៉ឺននាក់នៅល្ងាចថ្ងៃអង្គារនេះដែលជាថ្ងៃចុងក្រោយនៃមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃថាគណបក្សរបស់លោកនឹងបន្តធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជាតទៅទៀតប៉ុន្តែបើសិនជាការចរចាមិនអាចឈានដល់ចំណុចត្រូវគ្នាក្នុងរយៈពេលប្រាំថ្ងៃទៀតទេនោះក្រុមតំណាងរាស្ដ្រគណបក្សជំទាស់នឹងមិនចូលប្រជុំសភានោះថ្ងៃដំបូងនោះទេ។
«ពីថ្ងៃនេះដល់ថ្ងៃទី២២ បើថ្ងៃទី២២អត់ចេញទេ(លទ្ធផល) យើងតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមិនចូលប្រជុំសភាជាដាច់ខាត»។
កាលពីព្រឹកថ្ងៃអង្គារនេះគណបក្សប្រជែងគ្នាទាំងពីរបានផ្តើមចរចាគ្នាបន្តពីថ្ងៃម្សិលមិញទៀត។ ប៉ុន្តែមិនមានការជឿនលឿនណាមួយច្រើនដែលលេចឮដល់បណ្តាញផ្សព្វផ្សាយព័ត៌មានក្រៅពីគណបក្សទាំងពីរបានប្រកាសរួមគ្នាថាមានសុទិដ្ឋិនិយមចំពោះដំណោះស្រាយវិបត្តិនយោបាយនិងមានការជជែកអំពីការកែទម្រង់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដូចដែលត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទដែរ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានរៀបរាប់ដ៏តិចតួចពីលទ្ធផលនៃកិច្ចចរចានេះដែលលោកឃើញថាមិនមានអ្វីជឿនលឿនទៅមុខច្រើនជាងលទ្ធផលកាលពីថ្ងៃម្សិលមិញនោះទេ។
លោកសម រង្ស៊ី ក៏បានបញ្ជាក់ស្របគ្នាជាមួយលោកកឹម សុខា ដែរ។
«ទាល់តែយើងទទួលបានលទ្ធផលរកដំណោះស្រាយត្រឹមត្រូវដែលការពារឆន្ទៈប្រជារាស្ដ្រខ្មែរទើបយើងសុខចិត្ត។ បើមិនបានលទ្ធផលត្រឹមត្រូវទេយើងនៅតែទាមទារជានិច្ចដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត»។
លោកកឹម សុខា បានព្រមានថានឹងធ្វើមហាបាតុកម្មនៅទូទាំងប្រទេសប្រសិនបើការចរចារវាងគណបក្សឈ្នះឆ្នោតទាំងពីរពុំបានជោគជ័យនោះទេ។
យ៉ាងណាក៏ដោយទាំងមន្ត្រីរដ្ឋាភិបាលទាំងមន្ត្រីសង្គមស៊ីវិលសុទ្ធតែមានសុទិដ្ឋិនិយមសម្រាប់គណបក្សទាំងពីរនេះ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាលោកជឿថាគណបក្សទាំងពីរអាចនឹងរកឃើញដំណោះស្រាយនៅមុនថ្ងៃទី២៣ខែកញ្ញាដែលជាថ្ងៃប្រជុំសភាដំបូងជាផ្លូវការ។
«ទោះជាយ៉ាងណាខ្ញុំនៅតែមានសង្ឃឹមចាប់តាំងពីថ្ងៃទី១ដែលសម្តេចហ៊ុន សែន ចាប់ដៃញញឹមដាក់គ្នាទៅវិញទៅមករវាងឯកឧត្តមសម រង្ស៊ី ដែលលោកជាប្រធានគណបក្សសង្គ្រោះជាតិ»។
ដោយឡែកលោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំងមើលការបោះឆ្នោតមួយហៅថាខុមហ្វ្រែលគិតថាគណបក្សទាំងពីរនៅមានរយៈពេលប្រាំថ្ងៃទៀតនៅឡើយ។
«បើសិនជាមានការប្រឹងប្រែងជជែកគ្នាអាចត្រូវគ្នា។ បញ្ហាស្នូលធំបំផុតគឺត្រូវបង្កើតគណៈកម្មការចំរុះឬយន្តការចំរុះយ៉ាងណាដើម្បីបង្ហាញទៅម្ចាស់ឆ្នោតថាតើបញ្ហានៃការបោះឆ្នោតកន្លងមកមានបញ្ហាអ្វីខ្លះហើយមានផលប៉ះពាល់ដល់ការបោះឆ្នោតដែរឬអត់។ នេះជាបញ្ហាសំខាន់»។
នៅថ្ងៃនេះក្រោយពីលោកសម រង្ស៊ី ប្រកាសរំសាយមហាបាតុកម្មភ្លាម ក្រុមបាតុករដែលភាគច្រើនគឺជាអ្នករាជធានីភ្នំពេញបានធ្វើដំណើរទៅកាន់ផ្ទះរៀងៗខ្លួន៕