ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អនុម័ត​គម្រោង​ថវិកា​ឆ្នាំ​២០១៦ ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​​


រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា/ VOA)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា/ VOA)

សភា​បាន​អនុម័ត​គម្រោង​​ការ​ចំណាយ​ថវិកា​ជាង​៤.៣០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចាយ​វាយ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ដែល​កើន​ជាង​១៦%​ បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥។​

ខណៈ​ដែល​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​សភា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ តំណាងរាស្រ្ត​៦៦​រូប​នៃ​គណបក្ស​កាន់​អំណាច​បាន​បោះឆ្នោត​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​ថវិកា​ឆ្នាំ​២០១៦​ជា​ឯកច្ឆ័ន្ទ​ ដោយ​គ្មាន​ការ​ជជែក​ដេញ​ដោល។​ ថវិកា​ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​តាម​ច្បាប់​នេះ​នឹង​កើន​ដល់​ទៅ​ជាង​៤.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥។​

សភាជាតិ​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​អនុម័ត​គម្រោងការ​ចំណាយ​ថវិកា​ជាង​៤.៣០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចាយ​វាយ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ដែល​កើន​ជាង​១៦%​ បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥។​

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ជាង​២​ម៉ោង​ ​ដោយ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប​ ដោយ​មិន​មាន​ការ​ជជែក​សួរ​ដេញ​ដោល​នោះ​ទេ​ ខណៈ​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​ក្នុង​សភា។​

ការ​សម្រេច​ដំឡើង​ការ​ចំណាយ​ដល់ទៅ​ជាង​៤.៣០០​លាន​ដុល្លារ​អាមេរិក​នេះ​ក៏​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ខ្ចី​ប្រាក់​ផង​ដែរ​ ដោយ​រដ្ឋាភិបាល​គ្រោង​ដំឡើង​ការ​ខ្ចី​ពី​កម្រិត​៦០០​លាន ​SDR ​(ឬ​ប្រមាណ​ជា​៨៤០​លាន​ដុល្លារ​អាមេរិក)​នៅ​ឆ្នាំ​២០១៥​ទៅ​ដល់​៧០០​លាន​ SDR ​(ឬ​ប្រមាណ​ជា​ ៩៨០​លាន​ដុល្លារ​អាមេរិក) ​នៅ​ឆ្នាំ​២០១៦​ខាងមុខ​នេះ។​ ​ ការ​ដំឡើង​ប្រាក់កម្ចី​នេះ​ធ្វើ​ឡើង​ជាលើក​ទី​មួយ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ។

លោក ​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ការពារ​ការ​ខ្ចី​ប្រាក់​បន្ថែម​នេះ​ថា​ ជា​ការ​ខ្ចី​ដែល​នឹង​មិន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជួប​ការ​លំបាក​នោះ​ទេ​ តែ​ជា​ការ​ខ្ចី​ដែល​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច។​

លោក​បញ្ជាក់​ថា៖​ «ការ​ខ្ចី​នេះ​គឺ​ជាការ​ខ្ចី​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ មិនមែន​ជាការ​នាំ​ឲ្យ​ប្រទេស​ជាតិ​ក្លាយ​ទៅ​ជា​ជំពាក់​បំណុល​វ័ណ្ឌ​ក​នោះ​ទេ»។​

លោក​ពន្យល់​ថា​ កម្រិតអភិវឌ្ឍ​ខ្ពស់​ ដែល​កម្ពុជា​ទទួល​បាន​នេះ ​ធ្វើ​ឲ្យ​ដៃ​គូ​អភិវឌ្ឍន៍​បន្ថយ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ឥត​សំណង ​ហើយ​ងាក​មក​ផ្តល់​ឥណទាន​សម្បទាន និង​ម៉្យាង​ទៀត​ប្រទេស​ដែល​ធ្លាប់​ជួយ​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលវិបាក​ផ្ទាល់​ខ្លួន។​

«ការ​បង្កើនពិដាន​នៃ​ការ​ខ្ចី​ថ្មី​បន្ថែម​នេះ​គឺ​ដើម្បី​ប៉ះប៉ូវ​ផង​ដែរ​ដល់​ការ​ធ្លាក់​ចុះ​នៃ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ដៃគូ​អភិវឌ្ឍន៍»។​

ពហិការ​ក្នុង​ពេល​កន្លង​មក៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)
ពហិការ​ក្នុង​ពេល​កន្លង​មក៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​រដ្ឋសភា​ អំពី​ការ​ដក​លោក​ កឹម សុខា​ ពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាកាល​ពី​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៥​ (ហ៊ាន សុជាតា​/ VOA)

ថវិកា​ដែល​បាន​អនុម័ត​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​នឹង​ត្រូវ​ចំណាយលើ​ការ​កែ​ទម្រង់​ដល់​ការ​បោះ​ឆ្នោត​ ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិ​ធម៌​ ​ការ​ពង្រីក​ការ​ទទួល​បាន​សេវា​អប់រំ​ និង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ។​ ​ថវិកា​ដែល​គ្រោង​ចាយ​ក្នុង​ឆ្នាំ​២០១៦​នេះ​គឺ​កើន​លើសពី​ចំនួន​៣.៨០០​លាន​ដុល្លារ​អាមេរិក​ដែល​បាន​ចាយ​នៅ​ក្នុង​ឆ្នាំ​២០១៥។

លោក ​សុន ឆ័យ​ សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ និង​ជា​អនុប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ​នៃ​សភា​ជាតិ​ ថ្លែង​ប្រាប់​ VOA ​ថា​ បំណុល​ដែលកម្ពុជា​បាន​ជំពាក់​បរទេស​គឺ​បាន​កើន​ដល់១០.០០០​លាន​ដុល្លារ​អាមេរិក​គិត​ចាប់​តាំង​ពី​១៩៩៣​មក​រហូត​មកទល់​នឹង​ដើម​ឆ្នាំ​២០១៥។​ បំណុល​ទាំងនោះ​គឺ​ជា​បំណុល​ដែល​ខ្ចី​រវាង​ប្រទេស​និង​ប្រទេស​ និង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដូច​ជា​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជាដើម។​ លោក​បាន​សម្តែងក្តី​បារម្ភ​ចំពោះ​ប្រាក់​បំណុល​ដែល​បាន​បន្ត​កើន​ឡើង​នេះ​ យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​បារម្ភ​ថា​ យើង​អា​ច​នឹង​ត្រូវ​រង​គ្រោះ​ពី​ការ​ដែល​យើង​ត្រូវ​សង​គេ​ សងជំពាក់​គេ​នេះ​មិន​អាច​ឲ្យ​យើង​មាន​ធនធាន​សម្រាប់​កសាង​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាតិ​យើង​ កសាង​វិស័យ​សំខាន់ៗ​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ ​សេដ្ឋកិច្ច​ប្រទេស​ឲ្យ​ទៅ​មុខ​ទៀត​បាន»។​

VOA ​បាន​ព្យាយាម​ទំនាក់​ទំនង​លោក​វង្សី​ វិសុទ្ធ ​អគ្គលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដើម្បី​សុំការ​អធិប្បាយ​នៅ​ថ្ងៃ​ច័ន្ទនេះ​ តែ​នៅ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ។​

ការ​អនុម័ត​ថវិកា​ជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ពីរ​លើក​មក​ហើយ​ គិត​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

អ្នក​ជំនាញ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ និង​អភិបាល​កិច្ច​ល្អ​បាន​ចាត់​ទុក​ថា​ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដោយ​គណបក្ស​តែ​មួយ​ដោយ​គ្មាន​ការ​ជជែក​ និង​សួរដេញដោល​គ្នានេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​កង្វះ​ខាត​អភិបាល​កិច្ច​ល្អ​ បើ​ទោះ​ជា​ការ​អនុម័ត​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​សំឡេងភាគ​ច្រើន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ក៏​ដោយ។​

លោក​ព្រាប កុល​ នាយក​ប្រតិបតិ្ត​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ថ្លែង​ថា​ តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ និង​អភិបាល​កិច្ច​ល្អ​ ការ​ចូលរួម​ពី​គណបក្ស​ដែល​ស្ថិត​នៅ​ក្រៅ​រដ្ឋាភិបាល​គឺ​មាន​ភាព​ចាំបាច់​នៅ​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នានា​ ហើយ​ធានា​បាន​នូវ​អភិបាលកិច្ច​ល្អ។​

«ការ​ខ្វះ​ការ​ជជែក​ ខ្វះ​ការ​ពិភាក្សា ​និង​សួរ​នាំ​ដោយ​ភាគី​នៃ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ ហើយ​ដំណើរ​ការ​នៃ​ការ​តាក់​តែង​ច្បាប់​ថវិកា​ ឬ​ក៏​ច្បាប់​ផ្សេងៗ​ទៀត​ហ្នឹង​ ពុំ​សូវ​មាន​ការ​ចូលរួម​ពី​មហាជន​ ពី​សង្គម​ស៊ីវិល​ ឬ​ក៏​តួអង្គ​ដទៃ​ទៀត​នៅ​ក្នុង​សង្គម​ហ្នឹង​ គឺ​ឆ្លុះ​បញ្ចាំង​ថា​ មិន​ទាន់​គោរព​ទៅ​តាមក្រិត្យ​ក្រម​នៃ​អភិបាល​កិច្ច​ល្អ​ ហើយ​មិន​សូវ​មាន​ការ​ពេញចិត្ត​ទទួល​យក​ពី​គ្រប់​ភាគី​ទាំង​អស់​ទេ​បាទ»។​

ដោយ​ឡែក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដ៏​មាន​ឥទ្ធិពល​ មិន​បាន​ផ្តល់​ការ​អធិប្បាយ​ទៅ​លើគម្រោងនៃ​ការ​ចាយ​វាយ​ដែល​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​នោះ​ទេ​ តែ​លោក​បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ច្បាប់ថវិកា​ជាតិ​ឆ្នាំ​២០១៦​នឹង​ដំឡើង​បៀវត្ស​ជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​ជាប់​កិច្ច​សន្យា​ និង​និវត្តន៍ជន។​ លោក​ថា​ ច្បាប់​នេះ​នឹង​លុប​ចោល​ពន្ធ​តាម​របប​ម៉ៅ​ការ​ ដើម្បី​សម្រួល​ដល់​អាជីវករ​តូចតាច​ ហើយ​ច្បាប់​នេះ​នឹង​លុប​ចោល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះ​មួយ​ចំនួន​ ដូច​ជា​ទោចក្រ​យានយន្ត​ ត្រី​ចក្រ​យាន​យន្ត​ ត្រាក់ទ័រ​ គោយន្ត​និង​ជលយាន​តូចៗ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ និង​លើក​កម្ពស់ជីវភាព​ប្រជាជន។​

ទាក់ទិន​ម៉ាក្រូ​សេដ្ឋ​កិច្ច​ លោក​ថ្លែង​ថា៖​

«ស្ថិរភាព​នយោបាយ​ និង​ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ ជាចុង​ខ្សែ​ពីរ​នៃ​ចំណង​មួយ​ដើម្បី​ធានា​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​និង​អតិផរណា​ទាប។​ យើង​បាន​និង​កំពុង​មាន​សន្តិភាព​ និង​ស្ថិរភាពខាង​នយោបាយ​ល្អ​ដែល​ជាមូល​ដ្ឋាន​សម្រាប់​ការ​លូត​លាស់​ខាង​សេដ្ឋកិច្ច​សង្គម​ដែល​យើង​ត្រូវ​ប្រឹង​ប្រែង​រួមគ្នា​ដើម្បី​សម្រេច​គោល​ដៅ​ដែល​យើង​បាន​ដាក់​ចេញ»។​

បន្ទាប់​ពី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ អ្នក​សារព័ត៌មាន​ត្រូវ​បាន​រារាំង​មិន​ចូល​ទៅ​កៀក​តំណាង​រាស្រ្ត​ ឬ​មន្ត្រី​រដ្ឋាភិបាល​ដែល​មក​ការពារ​សេចក្តី​ព្រាងច្បាប់​នេះ​ទេ។​ អ្នក​សារ​ព័ត៌មាន​បាន​ត្រឹម​តែ​ស្រង់​ព័ត៌មាន​ពី​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​សភា​ជាតិ​ប៉ុណ្ណោះ៕

XS
SM
MD
LG